បន្ទាប់ពីដំណើរការ​កិច្ចប្រជុំ​អស់រយៈ​ពេល ២ ថ្ងៃ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ថ្នាក់ដឹកនាំ​នៃសមាគម​ជាតិ​កាកបាទក្រហម និងអឌ្ឍចន្ទក្រហម​ទាំង១១ ភូមិភាគអាស៊ីអាគ្នេយ៍ បានចុះហត្ថ​លេខាលើ​សេចក្តីថ្លែង​ការណ៍មួយ ក្នុងគោលដៅ​ចម្បង ដើម្បីកសាង​សមត្ថភាព​សហគមន៍ ឱ្យមានភាពធន់​ទៅនឹងគ្រោះ​មហន្តរាយ។

ការចុះហត្ថលេខា​នេះ ធ្វើឡើង​នៅថ្ងៃទី ២២ខែកញ្ញា ឆ្នាំ ២០២៣ នៅ​រាជធានីភ្នំពេញ ដោយមាន​ការចូលរួម​ពី លោកស្រី ប៊ុន រ៉ានី ប្រធាន​កាកបាទក្រហម​កម្ពុជា និងជាប្រធាន​នៃកិច្ចប្រជុំ​ថ្នាក់ដឹកនាំលើក​ទី២០ នៃសមាគម​ជាតិ​កាកបាទក្រហម និងអឌ្ឍចន្ទ​ក្រហម​ភូមិភាគអាស៊ីអាគ្នេយ៍ ព្រមទាំងថ្នាក់​ដឹកនាំ និងប្រតិភូ​នៃសមាគម​ជាតិ​កាកបាទក្រហមមកពី​បណ្តា​ប្រទេសនានា។

ថ្លែងក្នុងឱកាស​បិទកិច្ចប្រជុំ​នេះ លោកស្រី ប៊ុន រ៉ានី បានថ្លែងថា កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​លើកទី២០ និងវេទិកាយុវជនលើកទី២នេះ បានប្រព្រឹត្តទៅដោយឈរលើស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរឹងមាំដើម្បីបំពេញបន្ថែមលើដំណោះស្រាយថ្មី ក្នុងវិស័យមនុស្សធម៌។

លោកស្រីបានថ្លែងថា ការគូស​បញ្ជាក់ របស់អគ្គ​លេខាធិការ​អាស៊ាន, សហព័ន្ធ​អន្តរជាតិ, អាយ.ស៊ី.អរ.ស៊ី ដែលបានថ្លែង​បន្តការគាំទ្រ និងពង្រឹង​កិច្ចសហប្រតិបត្តិការ រួមទាំងពង្រឹង​យន្តការដោះស្រាយ​រួមនៅក្នុងភូមិភាគ​អាស៊ីអាគ្នេយ៍នេះ គឺមានគោលដៅ​ចម្បង កសាង​សមត្ថភាពសហគមន៍ ឱ្យមាន​ភាពធន់ទៅនឹង​គ្រោះមហន្តរាយ។

លោកស្រីបានបញ្ជាក់​បែបនេះ​ថា៖«សេចក្តីថ្លែង​ការណ៍ ដែលយើង​ទើបតែបានចុះ​ហត្ថលេខា​រួមគ្នា គឺជាសក្ខីកម្ម​នៃការទទួល​យកនូវបណ្តា​ការងារ ដែលមានដំណោះស្រាយ​ថ្មី ក្នុងការខិតខំ​ប្រឹងប្រែង​រួមគ្នាឆ្លើយតបទៅ​នឹងបញ្ហាប្រឈម​ទាំងឡាយ ដើម្បីទទួល​បាននូវផលវិជ្ជមាន​កាន់តែធំ​ជាងមុន និងការត្រៀម​លក្ខណៈ​រួចជាស្រេចក្នុង​ការឆ្លើយតប​ទៅនឹងគ្រោះ​មហន្តរាយ ដែលបច្ចុប្បន្ន​នេះ កើតមានកាន់តែ​ញឹកញយ​ជាងមុន និងមានភាពធ្ងន់ធ្ងរ​ខ្លាំងជាងមុន និងរួមគ្នា​កសាង​សហគមន៍ និងសង្គម​ឱ្យមាន​ភាពធន់ និងប្រកបដោយ​បរិយាប័ន្ន»។

លោកស្រីប្រធាន​កាកបាទក្រហម​កម្ពុជា បានបន្តថា ការដាក់បញ្ចូល​សេចក្តីថ្លែងការណ៍​វេទិកាយុវជន ឱ្យទៅជាផ្នែកមួយ​ដ៏សំខាន់ នៃសេចក្តីថ្លែង​ការណ៍រាជធានីភ្នំពេញ​នេះ គឺជាការពង្រឹង​តួនាទី​ស្នូល​របស់​យុវជន ការបណ្តុះថ្នាលឌីជីថល សម្រាប់​យុវជន​ចូលរួមលើក​ស្ទួយការចែករំលែក ចំណេះដឹង, ការផ្លាស់ប្តូរបទ​ពិសោធន៍ និងគំនិតផ្តួចផ្តើម ច្នៃប្រឌិត​ថ្មីៗ និងជាការ​កសាង និងពង្រឹងសមត្ថភាព​យុវជន​ក្នុងការដឹកនាំ, ពង្រីកចំណេះដឹង និងការយល់ដឹង​ថ្មីៗបន្ថែមទៀត ពាក់ព័ន្ធទៅនឹង​បញ្ហាប្រឈមថ្មី​ជាសកល ដូចជា ការប្រែប្រួលអាកាសធាតុ, បរិស្ថាន, បច្ចេកវិទ្យា និងសុខភាពសាធារណៈជាដើម។

«ក្នុងវត្តមាន​របស់ ឯកឧត្តម លោកជំទាវ ប្រធានគណៈ​កម្មាធិការសាខា និងក្រុមប្រតិបត្តិ មកពី ២៥រាជធានី-ខេត្ត ក្នុងកិច្ចប្រជុំនេះ នឹងបន្តចូលរួមចំណែកក្នុងការខិតខំ​ប្រឹងប្រែងរួម​របស់កាកបាទក្រហម​កម្ពុជា ក្នុងការកសាង​សហគមន៍​ឱ្យមានភាពធន់​រឹងមាំ ទៅនឹងគ្រោះមហន្តរាយ​ធម្មជាតិ និងមានសមត្ថភាពក្នុង​ការលើកកម្ពស់​សុខភាពសាធារណៈ»។ លោកស្រី ប៊ុន រ៉ានី បានបញ្ជាក់​បន្ថែម។

គួរបញ្ជាក់ថា កាកបាទក្រហម​ឥណ្ឌូនេស៊ី នឹងត្រូវធ្វើជា​ប្រធាន​បន្តវេន​កិច្ចប្រជុំលើកទី២១ និងវេទិកាយុវជន​លើកទី៣ នៃសមាគម​ជាតិ​កាកបាទក្រហម អឌ្ឍចន្ទក្រហម​ភូមិភាគ​អាស៊ីអាគ្នេយ៍ នៅឆ្នាំ២០២៤ ខណៈដែល​សមាគមជាតិកាកបាទក្រហម​វៀតណាម ក្នុងការទទួលធ្វើ​ជាម្ចាស់ផ្ទះ​នៃសន្និសីទ​អាស៊ីប៉ាស៊ីហ្វិក លើកទី១១ ពីថ្ងៃទី ២១ ដល់ ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះ ក្រោម​ប្រធានបទ «ការត្រៀមខ្លួន​រួចជាស្រេច​មុនពេលមាន​គ្រោះមហន្តរាយនៅក្នុង​តំបន់​អាស៊ី ប៉ាស៊ិហ្វិក» ។

សូមជម្រាបថា កិច្ចប្រជុំ​របស់​សមាគមជាតិ​កាកបាទក្រហម និងអឌ្ឍចន្ទក្រហម​ទាំង១១ ភូមិភាគ​អាស៊ីអាគ្នេយ៍ បានបង្ហាញ​ពីសារៈសំខាន់ និងផ្តោតការយក​ចិត្តទុកដាក់​ខ្ពស់​លើការប្រែប្រួល​អាកាសធាតុ និងអព្យាក្រឹត្យ​កាបូន តាមរយៈ​ផែនការអភិវឌ្ឍ​បៃតង ដើម្បី​ខ្យល់បរិសុទ្ធ និងសុខុមាលភាព និងជីវភាព​កាន់តែ​ល្អប្រសើរឡើង សម្រាប់​មនុស្សជាតិ៕