​លោក ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចូលជួប​សម្តែង​ការគួរសម ជាមួយ​លោក អង់​តូ​នី​ញ៉ូ ហ្គូ​ទែ​រ៉េ​ស អគ្គលេខាធិការ​អង្គការ សហប្រជាជាតិ នៅ​ថ្ងៃទី​​ ២២ ខែកញ្ញា នាទី​ស្នាក់ការ​កណ្តា​លអ​ង្គ​ការ​សហប្រជាជាតិ នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក​។

​លោក​អគ្គលេខាធិការ បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និងគណៈប្រតិភូ និង​បាន​បញ្ជាក់ថា ប្រទេស​នីមួយៗ ជាពិសេស​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប ត្រូវ​រៀបចំ​ឱ្យបាន​ច្បាស់លាស់ នូវ​ក្របខ័ណ្ឌ​គោលនយោបាយ​អភិវឌ្ឍន៍​សង្គម​-​សេដ្ឋកិច្ច តាមរយៈ​ការ​បន្ស៊ី​ជាមួយ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ចីរភាព របស់​អង្គការសហប្រជាជាតិ​។

​ក្នុងន័យនេះ លោក​អគ្គលេខាធិការ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កម្ពុជា​ក្នុងការ​រៀបចំ​យុទ្ធសាស្ត្រ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ពោលគឺ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដែល​បាន​បន្សំ ជាមួយ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។ ជាមួយគ្នា​នោះ​លោក ក៏បាន​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រទេស​កម្ពុជា ដែល​បាន​ចូលរួម និង​បញ្ជូន​មន្ត្រី​ទៅ​បំពេញការងារ​កសាង​សន្តិភាព នៅតាម​បណ្តា​ប្រទេស​មួយចំនួន​។​

​ជាការ​ឆ្លើយតប លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​រំលេច​ថា បញ្ហា​ប្រឈម​នៅ​បន្ត​មាន គ្រាន់តែ​ស្ថិតនៅក្រោម​ទម្រង់​ផ្សេងៗ​គ្នា​ប៉ុណ្ណោះ ។ ក្នុងន័យនេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានបញ្ជាក់​ពី​ការរក្សាបាន​នូវ​សន្តិភាព និង ស្ថិរភាព គឺជា​អ្វីដែល​ប្រទេស​ទាំងអស់​ចាំបាច់​ត្រូវ​សម្រេច​ឱ្យបាន​នៅក្នុង​កិច្ចដំណើរការ​អភិវឌ្ឍ សង្គម​-​សេដ្ឋកិច្ច​។

​ជាមួយនឹង​កត្តា​សន្តិភាព​នេះ​, ក្នុងនាម​ប្រជាជន និង​ប្រទេស​កម្ពុជា លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អង្គការសហប្រជាជាតិ ដែល​បានរៀបចំ​ដំណើរ​ការកសាង សន្តិភាព និង​ការរៀបចំ​ការបោះឆ្នោត​នៅ​កម្ពុជា ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៩០ ដែលនាំឱ្យ​កម្ពុ​ជាមាន​ថ្ងៃនេះ​។

​ជាមួយគ្នានេះ លោកនាយក​រដ្ឋមន្ត្រី​ក​ម្ពូ​ជា ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការចូលរួម និង​ឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​អង្គការសហប្រជាជាតិ ក្នុង​កិច្ចដំណើរការ​នៃ​ការរៀបចំ​តុលាការ​កាត់ទោស​ខ្មែរក្រហម ដែល​អនុញ្ញាតឱ្យ​កម្ពុជា​បិទ​បញ្ចប់​នូវ​ទំព័រ​ប្រវត្តិសាស្ត្រ​ដ៏​ខ្មៅ​ងងឹត ដើម្បី​ធ្វើដំណើរ​ឆ្ពោះទៅរក​អនាគត​មួយ​ដ៏​ត្រចះត្រចង់​។

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ជម្រាបជូន លោក​អគ្គលេខាធិការ​ថា រាជរដ្ឋាភិបាល​កម្ពុជា នឹង​បន្ត​នូវ​គោលនយោបាយ និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គការសហប្រជាជាតិ​ដោយ មិនមាន​ការផ្លាស់ប្ដូរ​ឡើយ​។ ជាក់ស្ដែង កម្ពុជា​បន្ត​ចូលរួម​នៅក្នុង​កិច្ចប្រតិបត្តិការ​ថែរក្សា និង​កសាង​សន្តិភាព ក្រោម​ឆ័​ត្រ​របស់​អង្គការសហប្រជាជាតិ ដោយបាន​បញ្ជូន​មន្ត្រី​ជំនាញ​ខាង​ដោះមីន និង​ជំនាញ​ផ្សេងទៀត ទៅ​បំពេញបេសកកម្ម​ក្រៅប្រទេស ដែលមាន​ចំនួន​ប្រមាណ​ជាង ៩០០០ ពាន់​នាក់ គិត​មកដល់​សព្វថ្ងៃនេះ​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិមនុស្ស កម្ពុជា​បន្ត​ការកសាង​សង្គម​មួយ ដោយ​ឈរលើ​ការ គោរព​ច្បាប់ និង​គោលការណ៍​នីតិរដ្ឋ ដូចដែល​បានចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​។ ជាងនេះទៅទៀត ក្នុងនាម​រាជរដ្ឋាភិបាល លោកនាយក​រដ្ឋមន្ត្រី បាន​ចុះហត្ថលេខា​បន្ត​សុពលភាព​អាណត្តិ​របស់​អ្នកវាយតម្លៃ​ស្ថានភាព​សិទ្ធិមនុស្ស ដែល​នេះ​ឆ្លុះបញ្ចាំង​អំពី​សុច្ឆន្ទៈ​របស់​កម្ពុជា​ក្នុងការ​កែលម្អ​ស្ថានភាព​សិទ្ធិមនុស្ស​​ ​បើទោះបីជា​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ទាំងមូល មិនមាន​ប្រទេស​ណា​អនុញ្ញាត​ឱ្យមាន​ការិយាល័យ របស់​អ្នកវាយតម្លៃ​ស្ថានភាព​សិទ្ធិមនុស្ស​ក៏ដោយ​។

​ក្នុងទិសដៅ​ឈានទៅ​សម្រេចបាន​នូវ​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​ ២០៥០ រាជរដ្ឋាភិបាល​កម្ពុជា​បានប្រកាស​ដាក់​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ ដែល​បាន​ភ្ជាប់​និង​បន្សំ​ជាមួយ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព របស់​អង្គការសហប្រជាជាតិ​។​

​ក្នុងន័យនេះ កម្ពុជា​ចង់​ទទួលបាន​នូវ​ការអភិវឌ្ឍ មួយ​ប្រកបដោយ​ចីរភាព​ជាមួយ​អង្គការសហប្រជាជាតិ និង​ក្នុង​ស្មារតី​វាយតម្លៃ​ខ្ពស់​ដល់​សុខសន្តិភាព​ពេញលេញ ដែល​កម្ពុជា​កំពុង​ទទួលបាន និង​ដែលជា​ចំណែក​នៃ​ការខិតខំ​ប្រឹងប្រែង និង​គាំទ្រ​ពី​សំណាក់​អង្គការសហប្រជាជាតិ​។​

​លោក​អគ្គលេខាធិការ អង្គការសហប្រជាជាតិ មានការ​ពេញចិត្ត​ចំពោះ​ការពន្យល់ និង​បកស្រាយ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​បានបញ្ជាក់​សាជាថ្មី​ថា កម្ពុជា​គួរ​ជឿជាក់​ចំពោះ​ប្រព័ន្ធ​អង្គការសហប្រជាជាតិ ដែល​តែងតែមាន​ការប្ដេជ្ញាចិត្ត​ខ្ពស់ ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ ការអនុវត្ត​គោលការណ៍​នីតិរដ្ឋ និង​ការគោរព​សិទ្ធិមនុស្ស ក្រោម​ស្មារតី​ឈ្នះ ឈ្នះ​។ ក្នុងន័យនេះ អង្គការសហប្រជាជាតិ​នឹង​បន្ត​គាំទ្រ និង សហការ​ជាមួយ​កម្ពុជា ដើម្បី​សម្រេចបាន​ជោគជ័យ​នៅក្នុង​មាគ៌ា​នៃ​ការរៀបចំ​គោលដៅ​អភិវឌ្ឍន៍​ប្រកប ដោយ​ចីរភាព សម្រាប់​ជា​ឧ​ត្ត​ម​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​៕​