ភ្នំពេញៈ ក្នុងរយៈពេល ២ ថ្ងៃនៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នយ៍ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ សម្រេចបានលទ្ធផលសំខាន់ៗចំនួន ១១ ចំណុច ក្នុងវិស័យមនុស្សធម៌ ក៏ដូចជាបានពិភាក្សាពីការប្រែប្រួលអាកាសធាតុ ដើម្បីឱ្យសមាជិកនីមួយៗយកទៅអនុវត្ត ដែលជាផ្នែកមួយជួយដល់ការថែរក្សាបរិស្ថាន។
លទ្ធផលទាំងនេះត្រូវបានសម្រេចឡើងដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំនៅថ្ងៃទី២១និង ២២ ខែកញ្ញា នៅរាជធានីភ្នំពេញ ដោយផ្អែកទៅតាមរបៀបវារៈដែលបានរៀបចំឡើង ដោយបានឆ្លងកាត់ការប្រជុំក្នុងប្រទេសចំនួន៧លើក ប្រជុំតាមប្រព័ន្ធអនឡាញរវាងសមាគមជាតិទាំង១១ ចំនួន ២លើក និងប្រជុំតាមអនឡាញរបស់គណៈកម្មការរៀបចំ។
សេចក្តីប្រកាសព័ត៌មានរបស់កាកបាទក្រហមកម្ពុជាស្តីពីលទ្ធផលកិច្ចប្រជុំនេះ បានឱ្យដឹងថាលទ្ធផលសំខាន់ៗចំនួន១១ចំណុចទាំងនោះរួមមាន បានសម្រេចអំពីការផ្តល់អំណាចដល់យុវជន ក្នុងការចូលរួមសកម្មភាពមនុស្សធម៌ ព្រោះថាយុវជនគឺជាអ្នកបន្តវេនដែលមានគំនិតច្នៃប្រឌិតខ្ពស់ក្នុងការចូលរួមស្វែងរកដំណោះស្រាយថ្មីក្នុងវិបត្តិមនុស្សធម៌នាពេលបច្ចុប្បន្ននេះ។
ក្នុងនោះដែរ យុវជនបានប្តេជ្ញាចិត្តខ្ពស់ ក្នុងការពង្រឹងបណ្តាញយុវជនភូមិភាគអាស៊ីអាគ្នេយ៍ តាមរយៈឌីជីថល ឱ្យមានការផ្លាស់ប្តូរព័ត៌មាន ចែករំលែកបទពិសោធន៍ល្អៗក្នុងការអនុវត្តការងារមនុស្សធម៌។
អង្គប្រជុំបានពិភាក្សាផ្តោតលើការអនុវត្តធម្មនុញ្ញស្តីពីការប្រែប្រួលអាកាសធាតុ និងបរិស្ថាន ដែលជាប្រធានបទមួយដែលកាកបាទក្រហមកម្ពុជា បានដាក់ស្នើឱ្យមាននៅក្នុងកិច្ចពិភាក្សានេះដើម្បីបានដឹងថា អ្វីជាផែនការសម្រាប់សមាគមជាតិនីមួយៗត្រូវយកមកអនុវត្ត ហើយសមស្របទៅនឹងការងារមួយដែលកាកបាទក្រហមកម្ពុជា បាននិងកំពុងធ្វើគឺ «អព្យាក្រឹតកាបូន»។
កិច្ចពិភាក្សា ផ្ដោតលើការពង្រឹង និងបង្កើនសមត្ថភាព របស់មន្ត្រីបុគ្គលិក ក៏ដូចជាការចាប់យកកម្លាំងយុវជន និងអ្នកស្ម័គ្រចិត្តដែលជាឆ្អឹងខ្នងរបស់ចលនាអន្តរជាតិ។ អង្គប្រជុំក៏បានផ្ដោតលើការងារទេសន្តរប្រវេសន៍ និងចំណាកស្រុកនៅប្រទេសមីយ៉ាន់ម៉ា ដែលនៅតែជាបញ្ហាក្នុងភូមិភាគអាស៊ីអាគ្នេយ៍។
សេចក្តីប្រកាសបញ្ជាក់ថា៖«ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការងារមនុស្សធម៌សមាគមជាតិទាំង១១ គឺនៅតែបន្តខិតខំរួមគ្នាដើម្បីជួយដល់អ្នកដែលធ្វើចំណាកស្រុកទាំងនោះ»។
ប្រភពដដែលបន្តថា អង្គប្រជុំបានផ្ដោតលើ ដំណើរការមជ្ឈមណ្ឌលធនធានសម្រាប់ការងារសង្គ្រោះបឋម, សង្គ្រោះសុខភាពផ្លូវចិត្ត និងផ្នែកចិត្តសាស្ត្រសង្គម ដែលមជ្ឈមណ្ឌលនេះ បានបង្កើតឡើងដោយគំនិតផ្តួចផ្តើមរបស់ កាកបាទក្រហមសិង្ហបុរី ធ្វើជាទីកន្លែងសម្រាប់ទុកដាក់ឯកសារ និងបណ្តុះបណ្តាលមន្ត្រី បុគ្គលិក យុវជន និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហម និងអឌ្ឍចន្ទក្រហម នៅក្នុង ភូមិភាគអាស៊ីអាគ្នេយ៍។
អង្គប្រជុំបានពិភាក្សាលើការងារបណ្ដាញទាំង៦ នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ រួមមាន បណ្តាញស្តីពី កិច្ចគាំពារ យេនឌ័រ និងបរិយាប័ន្ន, សុវត្ថិភាព និងភាពធន់សហគមន៍, ចំណាកស្រុក, ការរកមូលនិធិ, យុវជន និងការងារអេដស៍ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិច្ចប្រជុំលោកស្រី ប៊ុន រ៉ានីហ៊ុនសែន មានប្រសាសន៍ថា៖ «វត្តមានរបស់ លោក-លោកស្រី គឺជាសក្ខីភាពនៃកម្លាំងសាមគ្គីភាពរឹងមាំ ស្មារតីនៃការចែករំលែកក្តីស្រឡាញ់រាប់អាន ការជឿជាក់លើកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំដូចសុភាសិតចែងថា «បើចង់ដើរលឿន ដើរម្នាក់ឯង, បើចង់ដើរបានឆ្ងាយ ដើរទាំងអស់គ្នា»។
ក្នុងសេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា ថ្នាក់ដឹកនាំនៃសហព័ន្ធអន្តរជាតិ, គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម និងថ្នាក់ដឹកនាំនៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំធ្វើជាម្ចាស់ផ្ទះជុំទី៣ របស់កាកបាទក្រហមកម្ពុជា។
លើសពីនេះទៅទៀត កាកបាទក្រហមកម្ពុជា ក៏ទទួលបានការវាយតម្លៃខ្ពស់ពីមជ្ឈដ្ឋានអន្តរជាតិ ក្នុងការដឹកនាំស្ថាប័នមនុស្សធម៌តាមរយៈកត្តាចម្បងដែលអាចប្រមូលកម្លាំងប្រជាពលរដ្ឋឱ្យចូលរួមធ្វើសកម្មភាពការងាការជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងអាចដោះស្រាយបានចំពោះគ្រោះមហន្តរាយតូចៗនៅតាមសហគមន៍ពិសេសការកសាងសហគមន៍ឱ្យមានភាពធន់រឹងមាំទៅនឹងគ្រោះមហន្តរាយធម្មជាតិ និងមានសមត្ថភាពក្នុងការលើកកម្ពស់សុខភាពសាធារណៈ។
ក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ កាកបាទក្រហមកម្ពុជា បាននិងកំពុងធ្វើបច្ចុប្បន្នភាពផែនការសកម្មភាពរបស់ខ្លួនទៅតាមយុទ្ធសាស្ត្រ ២០២១-២០៣០ ដោយបន្ស៊ីទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា៕