ភ្នំពេញៈ ក្នុងជំនួប​រវាង​លោក ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង​តំណាង​មកពី​គណបក្ស​ភ្លើងទៀន​នៅ​ថ្ងៃទី​​ ២១ ខែកញ្ញា កន្លងទៅ ក្រសួងមហាផ្ទៃ​បាន​ច្រានចោល​ការស្នើសុំ​ពី​គណបក្ស​ភ្លើងទៀន​លើ​លិខិត​ច្បាប់ដើម​ ឬ​ទុតិយតា (​សន្លឹក​បង្កាន់ដៃ​លើក​ទី​២) ដើម្បី​អនុញ្ញាតឱ្យ​គណបក្ស​មួយ​នេះ​បន្តជីវិត​នយោបាយ​រប​ស់​ខ្លួន​បន្តទៀត​។

​លោក គីម​សួរ ភិ​រិ​ទ្ធ អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​២៤ ខែកញ្ញា​ថា អ្វីដែល​គណបក្ស​ភ្លើងទៀន​ជួប​ជាមួយ​ក្រសួងមហាផ្ទៃ​លើក​នេះ មិន​ខុសពី​លើក​មុនៗ​ឡើយ គឺ​ដើម្បី​ទទួលបាន​ប្រកា​សលេខ​១៩៣ ប្រក ចុះ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​១៩៩៨ របស់ក្រសួងមហាផ្ទៃ ស្តីពី​ចុះបញ្ជី​គណបក្សនយោបាយ របស់​គណបក្ស​ភ្លើងទៀន​។

​លោក​បន្តថា ដោយសារ​ខ្លឹមសារ​នៃ​លិខិតបញ្ជាក់ លេខ​០៤៣​ប ចុះ​ថ្ងៃ​៥ ខែឧសភា ឆ្នាំ​២០២៣ របស់​ក្រសួងមហាផ្ទៃ គឺ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) មិន​ទទួលយក ហើយគ​.​ជ​.​ប តម្រូវ យកតែ​ប្រកា​សលេខ​១៩៣ ប្រក ចុះ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​១៩៩៨ របស់​ក្រសួងមហាផ្ទៃ ដែល​បញ្ជាក់​នីត្យានុកូល​កម្ម ជា​មូលហេតុ​នាំឱ្យ​គណបក្ស​ភ្លើងទៀន​ខកខាន​មិនបាន​ចូលរួម​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧​។

​លោក​បន្ថែមថា ទន្ទឹមនេះ គណបក្ស​ភ្លើងទៀន នៅតែ​បន្ត​សុំច្បាប់​ដើម ដើម្បី​យកទៅ​ថតចម្លង​នៅ​អង្គភាព​ច្រកចេញចូល​តែមួយ នៃ​រដ្ឋបាល​រាជធានី​ខេត្ត ដើម្បី​អាចឱ្យ​គណបក្ស​លោក​បាន​ចូលរួម​ការបោះឆ្នោត​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​នៅពេល​ខាងមុខ​។

​ជាមួយនេះ ប្រសិនបើ ករណីនេះ​មិនអាច​ទៅរួច គណបក្ស​ស្នើឱ្យ​ក្រសួងមហាផ្ទៃ​ធ្វើ​ទុតិយតា​នៃ​ប្រកា​សលេខ​១៩៣ ប្រក ចុះ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​១៩៩៨ របស់​ក្រសួងមហាផ្ទៃ ដោយសារ​លិខិតបញ្ជាក់​លេខ​០៤៣​ប បានបញ្ជាក់​ហើយ​ថា គណបក្ស​ភ្លើងទៀន​ជា​គណបក្ស​ស្របតាម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។​

​លោក​គីម​សួរ ភិ​រិ​ទ្ធ ថា​៖ «​ពិតណាស់​គណបក្ស​ភ្លើងទៀន​មាន​គោលដៅ​ចូលរួម​បោះឆ្នោតក្រុមប្រឹក្សា​ខេត្ត ស្រុក ឃុំ សង្កាត់​នាពេល​ខាងមុខនេះ ដូច្នេះហើយ​ទើប​ពួកយើង​ស្នើសុំ​យ៉ាងទទូច​ឱ្យ​ក្រសួងមហាផ្ទៃ​ផ្តល់​លិខិត​ដើម​មក​គណបក្ស​របស់​យើង ដើម្បី​បន្តជីវិត​នយោបាយ​ទៅមុខទៀត ក៏ប៉ុន្តែ​ក្រសួងមហាផ្ទៃ​នៅតែ​បដិសេធ​មិន​ព្រម​ប្រគល់ឱ្យ​យើង​នោះទេ ដោយលើក​ហេតុផល​ថា លើស​ដែន​សមត្ថកិច្ច​របស់​ក្រសួង​»​។

​លោក​សង្ក​ត​ត់​ធ្ងន់​ថា​៖ «​ប្រសិន​តាម​បច្ចេកទេស​នោះ​វា​គ្មាន​ឧបសគ្គ​អ្វី​ធំដុំ​នោះទេ ដែល​ក្រសួងមហាផ្ទៃ​អាច​ចេញ​លិខិត​តាម​ការស្នើសុំ​របស់​យើង ក៏ប៉ុន្តែ​វា​ពាក់ព័ន្ធ​រឿង​នយោបាយ​ទៅវិញ​ទេ​ដែលជា​ឧបសគ្គ​ក្នុងការ​ផ្តល់នូវ​ការស្នើសុំ​ទាំងនេះ​។ ខ្ញុំ​មិនអាច​លើកឡើង​នៅពេលនេះ​បានទេ ថា​តើ​ជីវិត​គណបក្ស​របស់​យើង​នឹង​វិវត្តទៅជា​យ៉ាងណា​នៅពេលនេះ ក៏ប៉ុន្តែ​ជា​គោលបំណង​របស់​យើង យើង​នៅតែ​ខំ​ធ្វើយ៉ាងណា​ឱ្យ​គណបក្ស​ភ្លើងទៀន​នៅតែ​អាច​បន្ត​ការធ្វើ​នយោបាយ​របស់ខ្លួន​ដោយ​ស្របច្បាប់​ក្នុងប្រទេស​កម្ពុជា​»​។

​ចំណែក លោក ប៊ុន ហុន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ក៏បាន​លើកឡើង​នា​ជំនួប​នោះ​ថា ក្រសួង​បានទទួល​ជួប​តំណាង​គណបក្ស​ភ្លើងទៀន​រហូតដល់​លើក​ទី​៤​មកហើយ ដែល​បង្ហាញថា មិនមែន​ក្រសួងមហាផ្ទៃ​បដិសេធ ឬ​មិន​យកចិត្តទុកដាក់​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ឱ្យ​គណបក្ស​ភ្លើងទៀន​នោះទេ ប៉ុន្តែ​ដោយសារ​ច្បាប់​ស្តីពី​គណបក្សនយោបាយ និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ មិនបាន​ផ្តល់​សមត្ថកិច្ច​ឱ្យ​ក្រសួងមហាផ្ទៃ​ចេញ​ជូន​ឯកសារ​ចុះបញ្ជី​ច្បាប់ដើម ជាថ្មី ឬ​ឯកសារ​ច្បាប់​ទុតិយតា​នៃ​ប្រកាស​ចុះបញ្ជី​ឡើយ​។​

​យោងតាម​កំណត់ហេតុ​ស្តីពី​កិច្ចប្រជុំ​រវាង​ក្រសួងមហាផ្ទៃ និង​គណបក្ស​ភ្លើងទៀន លោក​បាន​បញ្ជាក់ថា​៖ «​ក្រសួងមហាផ្ទៃ​មាន​សមត្ថកិច្ច​ក្នុងការ​អនុញ្ញាតឱ្យ​បង្កើត និង​ចុះបញ្ជី​គណបក្សនយោបាយ ស្របតាម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។ ការចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​សម្រាប់​ការបោះឆ្នោត គឺ​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត​»​។

​លោក​លោក ប៊ុន ហុន បន្តថា ៖ «​ដូច្នេះ ក្រសួងមហាផ្ទៃ​មិនអាច​ជ្រៀតជ្រែក​កិច្ចការ​របស់​ស្ថាប័ន គ​.​ជ​.​ប បានឡើយ​។ ច្បាប់​ស្តីពី​គណបក្សនយោបាយ ច្បាប់​ស្តីពី​ការបោះឆ្នោត ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ មិនមាន​បទ​ប្បញ្ញត្តិ​ចែង​កំណត់ឱ្យ​ក្រសួងមហាផ្ទៃ​ចេញ​ជូន​ឯកសារ​ចុះបញ្ជី​ច្បាប់ដើម​ជាថ្មី ឬ​ឯកសារ​ច្បាប់​ទុតិយតា​នៃ​ប្រកាស​ស្តីពី​ការចុះបញ្ជី​គណបក្សនយោបាយ ជូន​គណបក្សនយោបាយ​ដែល​បាត់ ឬ​ខូចខាត​នោះឡើយ​»​។

​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ​.​ជ​.​ប​បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​២៤ ខែកញ្ញា​ថា ប្រសិនបើ​គណបក្ស​ភ្លើងទៀន​ពុំមាន​លិខិត​ច្បាប់ដើម​ឬ​ទុតិយតា​កាន់​មក​គ​.​ជ​.​ប​នោះទេ នោះ​គណបក្ស​នេះ​នឹង​ពុំ​អាច​អនុញ្ញាតឱ្យ​ចូលរួម​បោះឆ្នោតក្រុមប្រឹក្សា​នៅ​ដើម​ឆ្នាំក្រោយ​បានទេ​។

​លោក​ថា​៖ «​យើង​នៅតែ​មិន​អនុញ្ញាត​ដដែល ដូច​កាលពី​ការបោះឆ្នោតជាតិ​ដែល​កន្លងទៅ​ថ្មីៗ​នេះ​ដូច្នេះ​ដែរ គឺថា គ​.​ជ​.​ប ទាមទារ​ឱ្យ​គណបក្ស​ភ្លើងទៀន​មាន​លិខិត​ដើម​របស់​គណបក្ស​គាត់​មក​យើង​។ យើង​មិន​ទទួលស្គាល់​ត្រឹមតែ​លិខិតបញ្ជាក់​របស់​ក្រសួងមហាផ្ទៃ ដូច​មុនពេល​បោះឆ្នោត​នោះទេ​»​។

គណបក្ស​ភ្លើងទៀន បាន​បាត់បង់​ឱកាស​ចូលរួម​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៧​កន្លងទៅនេះ ដោយសារតែ​បក្ស​នេះ​បាន​បាត់​ច្បាប់ដើម​នៃ​ការចុះបញ្ជី​គណបក្ស​៕