ភ្នំពេញៈ​ ក្រសួង​អប់រំ​យុវ​ជន និង​កីឡា និង​អង្គ​ការ​ដៃគូ ​ប្រកាស​ដាក់​ឱ្យ​ដំណើរ​ជា​ផ្លូវការ​នូវ​គម្រោង​បង្កើន​សមត្ថ​ភាព​ឌីជីថល​ក្នុង​វិស័យ​អប់រំ​ ២០២៣-​២០២៦ តាម​រយៈ​ការ​បំពាក់​ជំនាញ​កុំព្យូទ័រ​ជា​មូល​ដ្ឋាន​នៅ​តាម​សា​លារៀ​ន និង​ផ្តល់​ការ​សិក្សា​តាម​បែប​ឌីជី​ថល​ ដើម្បី​រួមចំ​ណែក​លើក​កម្ពស់​ធន​ធាន​មនុស្ស​នៅ​កម្ពុជា​។​

​គម្រោង​នេះ ​ត្រូវ​បាន​ប្រកាស​ដាក់​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ កាលពី​ថ្ងៃទី​២​២ ខែកញ្ញា ​កន្លង​ទៅ​ក្រោម​កិច្ចស​ហការ​រវាង​ក្រសួង​អ​ប់រំ ​ធនា​គា​រ អ៊ូ​រី (​ខេ​ម​បូ​ឌា​) ម​.​ក​, អង្គការ​ឆាល​ហ្វា​ន​កម្ពុជា ​និង​អង្គការ​បង្រៀន​ដើម្បី​កម្ពុជា ​ក្នុង​គោល​បំ​ណ​កាត់​បន្ថយ​គម្លាត​ឌីជី​ថល​ក្នុង​វិស័យ​អប់រំ​។

​តាម​រយៈ​គម្រោង​នេះ​មាន​សាលា​រៀន​ចំនួ​ន២១ ​នៅ​រាជធា​នី​ភ្នំពេញ​ ខេត្ត​កណ្តាល និ​ង​ខេត្ត​កំពង់​ធំ ត្រូ​វបាន​ជ្រើស​រើស​សម្រាប់​អនុវត្ត​ ដែល​នឹង​នាំឱ្យ​មាន​ការផ្លាស់​ប្ដូរ​គួរឱ្យក​ត់សម្គាល់​នូវ​សមត្ថ​ភាព​ឌីជីថល ​ក្នុង​សា​រៀន​នៅ​កម្ពុជា ​និង​ផ្តល់​ឱកាស​ស្មើ​គ្នា ​ដល់​សិស្សានុ​សិស្ស​សម្រាប់​អភិ​វឌ្ឍ​ខ្លួន​ក្នុង​យុគ​សម័យ​ឌីជី​ថល​។​

​បើតាម​​ក្រសួង​អប់រំ ​គម្រោង​នេះ​មាន​គោល​បំណង​បំពាក់​ជំនាញ​កុំព្យូ​ទ័រ​ជា​មូល​ដ្ឋាន​ អក្ខរកម្ម​ហិរញ្ញវ​ត្ថុ និង​ចំណេះ​ដឹង​អំពី​សុវត្ថិភា​ព​តាម​ប្រព័ន្ធ​អន​ឡាញ​ដល់​សិស្សានុ​សិស្ស​ជាង​២៤ ​០០០នាក់​និង​អ្នក​ចូលរួម​ដោយផ្ទា​ល់​សរុប​ប្រមាណ ​៦៤ ​៦១៣​នាក់ រួមមាន​គ្រូ​បង្រៀន ឪពុក​ម្តាយ និង​មន្ត្រី​រាជកា​រ​។ វិធីសាស្ត្រ​ប្រកប​ដោយ​ភាព​គ្រប់​ជ្រុង​ជ្រោយ​មួយ​នេះ​នឹង​បង្កើត​បាន​ធនធា​នម​នុស្ស​ជំនាន់​ក្រោយ​ ពោរ​ពេញ​ដោយ​ទេព​កោសល្យ ​ក្នុងការ​ត្រៀម​ខ្លួន​ចូ​លរួម ក្នុង​ពិភព​ឌីជី​ថល​។​

​រដ្ឋ​លេខាធិ​ការ​ក្រសួង​អប់រំ​ យុវជន និង​កីឡា ​លោក អ៊ឹម កុ​ច​ បាន​លើក​ឡើង​ថា នេះ​គឺជា​គម្រោង​មួយ​ដ៏​មាន​សារៈ​សំខាន់​បំផុត ស្រប​តាម​យុទ្ធ​សាស្ត្រ​បញ្ច​កោណ ស្តីពី​ការ​កសាង​សមត្ថ​ភាព​ឌីជី​ថល​។​

​លោក​បាន​ថ្លែង​ថា ៖«​សូម្បីតែ​សព្វ​ថ្ងៃ​ប្រជា​ជន​កម្ពុជា គឺ​ឈាន​មក​ដល់​បដិវត្តន៍​ឧស្សាហ​កម្ម​ ៤.០​ទៅ​ហើយ​ អ៊ីចឹង​!ខ្ញុំ​មាន​សេចក្តី​រំភើប​ដែល​ដាក់​ឱ្យ​ដំណើរ​ការ​គម្រោង​នេះ ​ម្យ៉ាង​ទៀត​អង្គការ​ឆាល​ហ្វា​ន​កម្ពុជា ​ពិត​ជា​ធ្វើការ​ប្រកប​ដោយ​លទ្ធ​ផល​ល្អ​»​។​

​លោក​បាន​បន្ត​ថា ​ក្នុង​សម័យ​កូ​វីដ​១៩ ​សិស្ស​ចាប់ផ្តើម​រៀន​តាម​រយៈ​អន​ឡាញ​ ប៉ុន្តែ​បញ្ហា​ប្រឈម​មួយ​ទៀត​គឺ​អ៊ីន​ធឺណិត​នៅ​យឺត ​ខណៈ​ឯក​សារ​ខ្លះ​មិន​ទាន់​មាន​បញ្ចូល​ឱ្យបាន​គ្រប់​គ្រាន់​ទៅ​ក្នុង​ប្រព័ន្ធ​ដែល​យើង​អាច​រៀន​តាម​រយៈ​អន​ឡាញ​បាន​ទេ ។​

​លោក ​អ៊ឹម ​កុ​ច ថ្លែង​ថា​៖ «​អង្គ​ការ​នេះ បាន​រៀបចំ​ជា​សៀវភៅ​ បណ្តុះ​បណ្តាល​ធ្វើ​ម៉េច​អប់រំ​ដល់​គ្រូ​ឱ្យចេះ​ឌីជី​ថល ដើម្បី​ទៅ​បង្រៀន​សិស្ស​ឱ្យ​ចេះ​ឌីជី​ថល​ហើយ​សាលា​វត្ត​បូព៌​នៅ​ខេត្ត​សៀម​រាប គឺ​គាត់​បាន​យ​កចិត្ត​ទុក​ដាក់​អនុវត្ត​អប់រំ​ខាង​ផ្នែក​ឌីជី​ថល ខ្ញុំ​ទៅ​មើល​ថ្ងៃ​មុន​សាលា​នេះ​បង្រៀន​សុទ្ធ​តែ​តាម​រយៈ ​LCD ទាំង​អស់។អ៊ីចឹ​ង​ទាំង​អស់​នេះ ទាំង​ហេដ្ឋា​រចនា​សម្ព័ន្ធ គ្រូ​យើង​ត្រូវ​មាន​ Tablet, Laptop ឬ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន និង​មាន​សមត្ថ​ភាព​ទប់​ទល់​កុំឱ្យ​មាន ​Hacker»​។​

​ទន្ទឹម​គ្នា​នេះ​នាយក​ប្រចាំ​ប្រទេស​អង្គការ​ឆាល​ហ្វា​ន​កម្ពុជា​លោក​ប្រា​ស្សាន វើ​ម៉ា បាន​ថ្លែង​ដែរ​ថា ហេដ្ឋា​រចនា​សម្ព័ន្ធ​បច្ចេក​វិទ្យា​ព័ត៌​មាន​និង​សារ​គមនា​គមន៍ (ICT)​របស់​សាលា​រៀននិង​ការជំរុញ​សមត្ថភាព​គ្រូបង្រៀន​​ក្នុង​ការ​ប្រើ​ប្រាស់​ធន​ធាន​ឌីជី​ថល​ ហិរញ្ញ​វត្ថុ និង​សុវត្ថិ​ភាព​តាម​ប្រព័ន្ធ​អន​ឡាញ​គឺជា​កត្តា​សំខាន់​ណាស់ ​សម្រាប់​រួម​ចំណែក​លើក​កម្ពស់​ធន​ធាន​មនុស្ស​នៅ​កម្ពុជា​។

​លោក​ថា​៖«​តាម​រយៈ​អង្គ​ការ​ ធ្វើការ​ផ្តោត​ទៅលើ​វិស័យ​អប់រំ ​ដែល​ធ្វើ​ជាមួយ​សាលា​ជាង​២០០​ ដែល​នៅ​ក្នុង​នោះ​យើង​ឃើញ​ថា​វិស័យ​អប់រំ​កូនក្មេ​ង​នៅតែ​ឃើញ​មាន​បញ្ហា​ទៅនឹង​ការ​សិក្សា​របស់​ពួកគេ​។ ចំណែក​ទាក់​ទង​ឌីជីថល គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ ដែល​អង្គការ​មើល​ឃើញ​ថា​វា​ជា​ឱកាស​មួយ​ដែល​រួមចំណែក​ក្នុង​មេរៀន​នៅ​សតវ​ត្សរ៍​ទី ២១ ក៏​បង្កើត​ជា​គម្រោង​នេះ​ឡើង​ដើម្បី​រួម​ចំណែក​ឱ្យ​កុមារ​រៀន​បន្ថែម​ទៀត​ទៅនឹង​ឌីជី​ថល​»​។​

​គួរ​សម្រាប​ថា អង្គ​ការ​ឆាល​ហ្វា​ន បាន​ធ្វើកា​រ​នៅ​កម្ពុជា​តាំងពី​ឆ្នាំ​២០០៧ ​ហើយ​ផ្តោត​ទៅលើ​​វិស័យអប់រំ​ជា​ពិសេស​នៅ​ក្នុង​តំបន់​ជនបទ​ដូចជា​នៅ​ខេត្ត​ក្រចេះ ​ស្វាយ​រៀង បាត់​ដំបង​ ព្រៃ​វែង និង​រាជធានី​ភ្នំពេញ​ជា​ដើម​៕