
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងប្រធានាធិបតីចិន លោក ស៊ី ជីនភីង(Xi Jinping)។ រូបថត TVK
ភ្នំពេញៈ ប្រធានាធិបតីចិន លោក ស៊ី ជីនភីង (Xi Jinping) បានចូលគាល់ពិភាក្សាការងារជាមួយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាក្នុងន័យពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីជាពិសេសការរួមគ្នាសម្រេចគោលដៅកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន។
ការចូលគាល់ពិភាក្សារបស់ប្រធានាធិបតីចិន ជាមួយព្រះមហាក្សត្រកម្ពុជា ធ្វើឡើងនៅក្រុង Hangzhou នៃខេត្ត Zhejiang ភាគខាងកើតប្រទេសចិន កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងអំឡុងព្រះមហាក្សត្រខ្មែរ យាងចូលរួមពិធីបើកការប្រកួតកីឡាអាស៊ីលើកទី១៩ដែលចិនធ្វើជាម្ចាស់ផ្ទះ។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ(Xinhua)។
តាមរយៈប្រភពដដែល ប្រធានាធិបតីចិនបានលើកឡើងថា ទំនាក់ទំនងកម្ពុជា-ចិន បង្ហាញពីគោលការណ៍ការទូតនៃមិត្តភាព ភាពស្មោះត្រង់ផលប្រយោជន៍ទៅវិញទៅមកនិងសាមគ្គីភាព ដែលលោកបានបញ្ជាក់កាលពី១ទសវត្សរ៍មុន។
លោកបន្តថា៖ «ចិនគាំទ្រកម្ពុជាក្នុងការដើរលើមាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន រក្សាស្ថិរភាព និងការអភិវឌ្ឍ និងដើរតួនាទីយ៉ាងសំខាន់លើឆាកអន្តរជាតិ និងតំបន់»។
យោងតាមការផ្សព្វផ្សាយនៅលើបណ្តាញសង្គម Facebook របស់លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិននៅថ្ងៃទី២៣ ខែកញ្ញា បានបញ្ជាក់ថា នៅក្នុងជំនួបនេះ លោកស៊ី ជីនភីង បានថ្លែងថា ចិនបានត្រៀមខ្លួនជានិច្ចក្នុងការធ្វើការជាមួយកម្ពុជាដើម្បីសម្រេចគោលដៅកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ខណៈចិនតែងគោរពចំណងមិត្តភាពពិសេសជាមួយនឹងរាជវង្សកម្ពុជា ហើយយកចិត្តទុកដាក់ជាខ្លាំងលើការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា។
យោងតាមសារព័ត៌មានចិន បានលើកឡើងដែរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានកត់សម្គាល់ថា ទំនាក់ទំនងប្រទេសទាំង២ជាទំនាក់ទំនងបងប្អូនដែលបានបង្កើតឡើងតាំងពីជំនាន់សម្តេចសីហនុជាមួយមេដឹកនាំចិនជំនាន់មុន។
ទ្រង់មានព្រះបន្ទូលថា៖ «កម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយចិនលើកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ និងកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន។ ចិនក្រោមការដឹកនាំរបស់លោកស៊ី ជីនភីងនឹងជោគជ័យលើការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ នេះ ហើយនឹងចូលរួមចំណែកថ្មីក្នុងការលើកកម្ពស់សាមគ្គីភាព និងមិត្តភាពក្នុងចំណោមប្រជាជនអាស៊ី»។
លោកស៊ឺន សម អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាលើកឡើងថា ជំនួបរវាងប្រធានាធិបតីចិនជាមួយព្រះមហាក្សត្រខ្មែរលើកនេះ ក៏ដូចជាការបង្ហាញការប្តេជ្ញាចិត្តម្តងហើយម្តងទៀតពីថ្នាក់ដឹកនាំចិនចំពោះការពង្រឹងទំនាក់ទំនងជាមួយកម្ពុជាជាការល្អ និងបង្កើនភាពស្និទ្ធស្នាលនឹងគ្នា ហើយជំនួបជាញឹកញាប់ជាការផ្តល់តម្លៃដល់គ្នា ហើយជាបង្កើនចំណងផ្លូវចិត្តរវាងប្រទេសទាំង២ ផង។
លោកប្រាប់ថា៖ «កម្ពុជាគួរសម្លឹងឃើញចំណុចខ្លាំង និងចំណុចល្អយកមកអភិវឌ្ឍខ្លួនឯងបន្ថែម ជាមួយទំនាក់ទំនងដែកថែបជាមួយចិននេះ។ ចិនកំពុងមានភាពខ្លាំងក្លាទាំងសេដ្ឋកិច្ច ទាំងយោធា ជាដើម ដូច្នេះការទាញយកផលប្រយោជន៍ពីចិនជារឿងសំខាន់»។
នាយករដ្ឋមន្ត្រីកម្ពុជានិងថ្នាក់ដឹកនាំជាន់ខ្ពស់បានទៅបំពេញទស្សនកិច្ចផ្លូវការទ្វេភាគីនៅទីក្រុងប៉េកាំង កាលពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ដោយបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំកំពូលចិន រួមមានលោកស៊ី ជីនភីង ដោយបានចុះហត្ថលេខាលើផែនការសកម្មភាពនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី និងឯកសារពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕