
ពុទ្ធបរិស័ទនៅរាជធានីពេលកំពុងរាប់បាត្រក្នុងពិធីបុណ្យភ្ជុំបិណ្ឌកាលពីឆ្នាំមុន ។ ហុង មិនា
ភ្នំពេញ:បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យដ៏ពិសិដ្ឋមួយ ស្ថិតក្នុងទំនៀមទម្លាប់ និងការគោរពចំពោះបុព្វបុរសមិនមែនគ្រាន់តែជាពេលវេលាសម្រាប់ការជួបជុំក្រុមគ្រួសារនិងការកសាងបុណ្យកុសលដល់បុព្វការីជនប៉ុណ្ណោះទេ។
ឱកាសដ៏វិសេសវិសាលនេះបានក្លាយជាអំពើសប្បុរសធម៌និងក្តីមេត្តា ដោយប្រជាជនភាគច្រើនដែលប្រណិប័តន៍ព្រះពុទ្ធសាសនាទូទាំងប្រទេសកម្ពុជា និងនៅជុំវិញពិភពលោក ឆ្លៀតយកឱកាសនេះផ្តល់ទាន និងសេចក្តីសប្បុរសថែមទៀត។
លោក ឈត ប៊ុនថង ប្រធាននាយកដ្ឋានវប្បធម៌ អប់រំ និងទំនាក់ទំនងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា (RAC) បានឱ្យដឹងថា ជាបឋម ពុទ្ធបរិស័ទនាំយកចង្ហាន់ បច្ច័យ និងទេយ្យទានប្រគេនព្រះសង្ឃជាសំខាន់ និងជាឱកាសមួយ ដែលកូនចៅនាំយកថវិកា ម្ហូបចំណី គ្រឿងឧបភោគបរិភោគ ជូនឪពុកម្ដាយ ជីដូនជីតា មាមីងជាដើម។
លោកប៊ុនថង បានថ្លែងថា៖ «ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាប្រភេទប្រពៃណី ដែលដូនតាខ្មែរបានបន្ដការអនុវត្ដ រហូតដល់សម័យបច្ចុប្បន្ន ដោយវាជាការកៀរគរប្រជាពលរដ្ឋចូលរួមចែករំលែក ចូលរួមកសាង និងចូលរួមកិច្ចការផ្សេងៗទៀត។ ទាំងនេះជាផ្នែកមួយនៃការបង្កលក្ខណៈឱ្យប្រជាពលរដ្ឋខ្មែរសាងអំពើល្អ»។
បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ រយៈពេល១៥ថ្ងៃ ដែលត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១៥ ខែតុលា ជាប្រពៃណីដែលប្រជាជនខ្មែរទៅវត្ត និងប្រគេនចង្ហាន់ដល់ព្រះសង្ឃ។
ជំនឿសំខាន់គឺថា តង្វាយទាំងនេះនឹងទៅដល់វិញ្ញាណនៃបុព្វការីជនរបស់ពួកគេ ផ្តល់ការសម្រាលទុក្ខដល់អ្នកដែលបានទទួលមរណភាព និងធានាបានពរជ័យសម្រាប់អ្នកមានជីវិត។
លោក សោម សកុណា នាយកនៃនាយករដ្ឋានទីផ្សារនៃក្រុមហ៊ុន លី ហួរ លីងស៊ីង កាលពីពេលថ្មីៗនេះ បានបង្ហាញពីគំនិតផ្តួចផ្តើមដ៏ស្មោះសរបស់ក្រុមហ៊ុន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំមុន។
លើសពីកិច្ចខិតខំប្រឹងប្រែងសប្បុរសធម៌របស់ក្រុមហ៊ុន អគ្គនាយក គណៈគ្រប់គ្រង និងនិយោជិតបានធ្វើដំណើរពិសេសទៅកាន់វត្តមួយក្នុងខេត្តកំពង់ស្ពឺ។
លោក សកុណា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «យើងបានប្រគេនចង្ហាន់ ថវិកា និងសម្ភារសំខាន់ៗដល់ព្រះសង្ឃគង់នៅ ជាកាយវិការនៃការគោរព និងសប្បុរស ដែលឧទ្ទិសដល់បុព្វការីជន»។
ជាទូទៅ ការប្រណិប័តន៍កម្មវិធីបុណ្យប្រពៃណី គឺជាកិច្ចការចូលរួមជួយដល់សង្គម។ លោក ប៊ុនថង បានឱ្យដឹងថា ប្រជាពលរដ្ឋវ័យចំណាស់ និងក្មេងៗក្រីក្រ មានឱកាសទទួលបានអំណោយ ក៏ដូចជាបច្ច័យ ម្ហូបចំណី និងសម្ភារផ្សេងៗ។
លោកបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «សម្រាប់ខ្ញុំ បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាបុណ្យប្រពៃណីសម្រាប់ឱ្យយើងធ្វើអំពើល្អ អំពើសប្បុរសច្រើន»។
លោកប៊ុនថន បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរនៅតែប្រកាន់ខ្ជាប់ការប្រណិប័តន៍តាំងពីដូនតាមក និងថែរក្សាទម្រង់ ក៏ដូចជាការចូលរួមពីពុទ្ធបរិស័ទច្រើនអធឹកអធមដូចសម័យដើមដែរ។
ប្រពៃណីអំពើសប្បុរសធម៌
បុណ្យភ្ជុំបិណ្ឌ មិនមែនសំដៅលើតែទឹកចិត្តប៉ុណ្ណោះទេ តែក៏ជាទង្វើនៃសេចក្តីសប្បុរស និងការផ្សព្វផ្សាយដល់សហគមន៍ផងដែរ។ ទង្វើនេះត្រូវបានអនុវត្ដបន្តដោយប្រជាជនកម្ពុជាពី ១ជំនាន់ ទៅ ១ជំនាន់ ដែលចាត់ទុកពិធីបុណ្យនេះថា ជាឱកាសមួយដើម្បីផ្តល់អំណោយដល់សង្គមរបស់ពួកគេវិញ។
ទាំងពុទ្ធសាសនិក និងព្រះសង្ឃបានវិវឌ្ឍទំនៀមទម្លាប់របស់ខ្លួន ដើម្បីផ្ដល់អត្ថប្រយោជន៍ដោយការបង្វែរតង្វាយមួយចំនួនរបស់ប្រជាជនទៅដល់ជនខ្វះខាត។
ខណៈពិធីស្នូលពាក់ព័ន្ធនឹងការប្រគេនចង្ហាន់ដល់ព្រះសង្ឃក្នុងពិធីបុណ្យដូចជាបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌ វត្តអារាមជាច្រើនបានពង្រីកលទ្ធភាពរបស់ពួកគេដើម្បីរួមបញ្ចូលជនក្រីក្រ មណ្ឌលកុមារកំព្រា មន្ទីរពេទ្យ និងសូម្បីតែពន្ធនាគារ។
ម្ហូបអាហារដ៏សម្បូរបែបនៅតាមអារាមជាច្រើន ត្រូវបានបរិច្ចាគទៅតាមសហគមន៍នានា ដើម្បីបញ្ចៀសបញ្ហាខ្ជះខ្ជាយ និងធានាថា ភាពសប្បុរសនេះបានជួយដល់ជីវិតអ្នកក្រីក្រ។
ព្រះតេជព្រះគុណ ផាត់ សុភារ័ត្ន ព្រះចៅអធិការវត្តកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង មានសង្ឃដីកាថា វត្តបានរៀបចំអាហារដល់កុមារក្រីក្រ និងផ្តល់កញ្ចប់អាហារបន្ថែមដល់ឪពុកម្តាយនៅផ្ទះ។
ព្រះចៅអធិការមានសង្ឃដីកាថា ដោយសារបុណ្យកាន់បិណ្ឌនៅវត្ដកំពង់ពពិល ដែលជាអារាមមួយក្នុងចំណោម ៥៩ ក្នុងស្រុកពារាំង ខេត្ដព្រៃវែង ពេលថ្ងៃមិនសូវមានមនុស្សច្រើនប៉ុន្មានទេ ពុទ្ធបរិស័ទដែលអញ្ជើញមកភាគច្រើនជាអ្នកកាន់វេន។ ដូច្នេះដោយសារវត្ដនេះមានព្រះសង្ឃច្រើនចំនួន៥៣អង្គ ម្ហូបអាហារមិនសម្បូរហូរហៀរទេ។ ពេលព្រះសង្ឃឆាន់រួច អ្នកស្រុក អ្នកកាន់វេនហូបវិញទៅគ្រប់គ្រាន់។
ព្រះសង្ឃ សុភារ័ត្ន ដែលធ្លាប់ចិញ្ចឹមក្មេងៗសិស្សសាលាពឹងពាក់អាស្រ័យដំបូលអារាម ចន្លោះពី២០ ទៅ៣០នាក់ មុនវិបត្ដិកូវីដ១៩ បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ក្រោយចប់ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ អាតា្មមានកម្មវិធីចែកទាន ដូចជាអង្ករ និងអាហារមិនខូចផ្អូម ដល់អ្នកក្រីក្រ ដោយមិនកំណត់លើគ្រួសារ តែទៅតាមភាពជាក់ស្ដែង»។
ចំពោះការចែកទានពីទីអារាមទៅកាន់អ្នកខ្វះខាត លោក ប៊ុនថង បានឱ្យដឹងថា វាមិនមានលក្ខណៈខុសប្លែកគ្នារវាងកាលពេលមុន និងសម័យបច្ចុប្បន្ននេះទេ ដោយគ្រាន់តែរូបភាពខ្លះមានការផ្លាស់ប្ដូរ។
លោក ប៊ុនថង បានថ្លែងថា សម័យមុន ប្រជាពលរដ្ឋវេចខ្ចប់ម្ហូបអាហារ ដែលសល់ពីព្រះសង្ឃ និងការចូលរួមបរិភោគរួមគ្នានៅទីអារាម ត្រឡប់មកផ្ទះវិញ។
ការយកម្ហូបអាហារត្រឡប់មកវិញនេះ គឺដោយសារតែពេលនោះមិនទាន់មានមណ្ឌលកុមារកំព្រា មិនទាន់មានកម្មវិធីបញ្ជូនទៅពន្ធនាគារ។ ចំពោះការចែកទានពីទីអារាមទៅកាន់អ្នកខ្វះខាត លោក ប៊ុនថង បានឱ្យដឹងថា វាមិនមានលក្ខណៈខុសប្លែកគ្នារវាងកាលពេលមុន និងសម័យបច្ចុប្បន្នទេ ដោយគ្រាន់តែរូបភាពខ្លះមានការផ្លាស់ប្ដូរ។
លោកប៊ុនថង បានបន្ដថា៖ «ចំពោះបច្ចុប្បន្ននេះ គណៈកម្មការវត្ដខ្លះ បានចែកទានបន្ដទៅកាន់អ្នកសុំទាន មណ្ឌលកុមារកំព្រា មន្ទីរពេទ្យ ឬពន្ធនាគារជាដើម។ ដោយមើលឃើញអាហារច្រើនជោរជន់ និងបារម្ភពីការឆាប់ខូចផ្អូម មានបងប្អូនយើងខ្លះច្នៃយកជាអាហារក្រៀម ដូចជា ត្រីងៀត មី ត្រីខកំប៉ុង អង្ករជាដើម សម្រាប់ព្រះសង្ឃអាចរក្សាទុកឆាន់បានយូរ»។
បញ្ហាប្រឈម និងការប្រែប្រួល
មិនមែនគ្រប់វត្តទាំងអស់មានសមត្ថភាពចែកទានបន្ដដល់ជនខ្វះខាតនោះទេ ប៉ុន្តែវាជារឿងសំខាន់ដែលត្រូវទទួលស្គាល់ថា វត្តខ្លះក៏ត្រូវការជំនួយក្នុងពិធីបុណ្យរយៈពេល ១៥ ថ្ងៃដែរ។
ព្រះតេជព្រះគុណ ព្រំ សំណាង ព្រះចៅអធិការវត្តសិរីមង្គលរាម (វត្តភ្នំក្រូច) ស្ថិតនៅភូមិក្រូច ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ បានពន្យល់ថា ដោយសារទីតាំងវត្តដាច់ស្រយាល ហើយចំនួនពុទ្ធសាសនិកនៅមានកម្រិត ក្នុងចំណោមប្រមាណ ២០០ នាក់ដែលភាគច្រើនជាមូស្លីម។
ព្រះចៅអធិការវត្ដ ដែលបច្ចុប្បន្នមានព្រះសង្ឃគង់នៅ ៣អង្គ និងប្រមាណ ១០អង្គទៀត និមន្ដទៅបន្ដការសិក្សានៅទីក្រុង និងខេត្ដសៀមរាប បានបន្ដថា ពុទ្ធបរិស័ទ ១ក្រុមត្រូវកាន់បិណ្ឌ ២ ដង ដើម្បីអាចផ្ដល់ចង្ហាន់បានគ្រប់វេនទៅតាមប្រពៃណីព្រះពុទ្ធសាសនា។
ព្រះតេជព្រះគុណ សំណាង មានសង្ឃដីកាប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ការទទួលចង្ហាន់ទាំង ១៥ថ្ងៃ ត្រឹមមួយគ្រប់សម្រាប់ព្រះសង្ឃ ៣អង្គ និងពុទ្ធបរិស័ទកាន់បិណ្ឌប៉ុណ្ណោះ។ នៅថ្ងៃធម្មតា ព្រះសង្ឃត្រូវនិមន្ដឆ្ងាយក្នុងការបិណ្ឌបាត្រ។ ដូច្នេះ បើពុទ្ធបរិស័ទឆ្ងាយៗមានសទ្ធា សូមអញ្ជើញមកកាន់បិណ្ឌនៅអារាមភ្នំក្រូច»។
គំនិតផ្តួចផ្តើមទំនើប
ក្នុងស្មារតីនៃពិធីបុណ្យភ្ជុំបិណ្ឌ អង្គការត្រូវការជំនួយបានដើរតួយ៉ាងសំខាន់ក្នុងការបញ្ជូនទេយ្យទានសប្បុរសធម៌របស់សហគមន៍ទៅកាន់អ្នកដែលត្រូវការបំផុត។
លោក ង៉ូវ ឈីវ អាយុ ៧៥ឆ្នាំ ស្ថាបនិក និងជានាយកអង្គការផ្ទះបាយកុមារ(LRDE)បានស្វាគមន៍ចំពោះការបរិច្ចាគគ្រប់ទម្រង់ចាប់ពីការបរិច្ចាគហិរញ្ញវត្ថុ ដល់គ្រឿងទេស អាហារដែលត្រៀមរួចជាស្រេច ការផ្គត់ផ្គង់ចាំបាច់ និងសម្ភារសិក្សា។
ស្ថាបនិកអង្គការ ដែលមានកុមារ ២៥០នាក់នៅក្នុងមណ្ឌល និងកុមារជាច្រើននាក់នៅតាមតំបន់ប្រមូលផ្ដុំផ្សេងៗទៀត បានថ្លែងថា អង្គការត្រូវការជំនួយនៅគ្រប់ពេលវេលា និងគ្រប់ឱកាស ជាពិសេស កម្មវិធីបុណ្យទានផ្សេងៗសម្រាប់ឱ្យកុមារខ្វះខាតទទួលបានភាពសប្បាយរីករាយ។
ថ្លែងនៅថ្ងៃដែលសប្បុរសជននាំយកអាហារចែកដល់កុមារ១៥០នាក់នៅអង្គការ LRDE លោក ឈីវ បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «យើងខ្ញុំចង់បានការឧបត្ថម្ភជាម្ហូបអាហារ សាច់បន្លែ ជាពិសេសការផ្ដល់ដល់កុមារទៅតាមសទ្ធាជ្រះថ្លា មិនថា សម្រាប់កុមារ ៥០ នាក់ ១០០ នាក់ ឬ ២០០ នាក់ យើងខ្ញុំរៀបចំជូន»។
លោក ឈីវ បានបញ្ជាក់ថា សប្បុរសជនថែមទាំងអាចរៀបចំកម្មវិធីខួបកំណើត ខួបអាពាហ៍ពិពាហ៍ និងកម្មវិធីផ្សេងៗនៅផ្ទះបាយកុមារ ដើម្បីបង្កើនបរិយាកាសសប្បាយរីករាយជាកុមារ។
ទន្ទឹមនឹងនេះ អ្នកស្រី Kate Ginn និពន្ធនាយិកាជាន់ខ្ពស់ផ្នែកទំនាក់ទំនងនៃអង្គការមូលនិធិកុមារកម្ពុជា (CCF)នឹងប្រើប្រាស់ការទទួលការបរិច្ចាគតាមរយៈគណនេយ្យធនាគារ ABA នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីឈានទៅដល់សប្បុរសជនកាន់តែទូលំទូលាយ។
អ្នកស្រីបាននិយាយថា៖«ការដាក់បញ្ចូលបច្ចេកវិទ្យា ដូចជា ABA Pay និង Mobile Banking បានធ្វើឱ្យដំណើរការនៃការបរិច្ចាគទៅកាន់សប្បុរសជនក្នុងស្រុក ដូចជា CCF សម្រាប់ប្រជាជននៅក្នុងប្រទេសកម្ពុជា»។
អ្នកស្រីបន្ដថា៖ «អ្នកឧបត្ថម្ភកុមារតាមរយៈកម្មវិធី Sponsorship របស់យើងក៏បានរួមចំណែកជាថវិកាសម្រាប់ចំណាយលើអង្ករ និងប្រាក់ឧបត្ថម្ភ និងដឹកជញ្ជូនកុមារទៅផ្ទះ។ យើងកំពុងរំពឹងថា យើងនឹងទទួលបានទានក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ដែលធ្វើឡើងនៅខែក្រោយ»៕