ភ្នំពេញៈ ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ កំពុង​បន្ត​ធ្វើការ​ផ្សព្វ​ផ្សាយ​ច្បាប់​ការ​ងារ និង​លិខិត​បទ​ដ្ឋាន​គតិយុត្ត​ពាក់​ព័ន្ធ​ពល​កម្ម​កុមារ​ នៅ​តាម​បណ្តា​ខេត្ត​នា​នា​ទូ​ទាំង​ប្រទេស ខណៈ​​មន្ត្រី​សិទ្ធិ​មនុស្ស ចង់​ឱ្យ​ក្រសួង​​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់ផងដែរ ​ទៅ​លើ​ជន​ដែល​ប្រើ​ប្រាស់​កម្លាំង​ពលកម្ម​កុមារ​​។

លោក កត្តា អ៊ន អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា​​ថា បច្ចុប្បន្ន​មាន​ខេត្ត​ចំនួន​៥​ហើយ ដែល​ក្រុម​ការ​ងារ​ក្រសួង​បាន​ចុះ​ផ្សព្វ​ផ្សាយ ក្នុង​នោះ​មាន​ខេត្ត​កំពង់​ចាម សៀមរាប បាត់ដំបង ត្បូងឃ្មុំ និងខេត្ត​កណ្តាល ហើយ​ក្រសួងក៏នឹ​ង​បន្ត​ចុះ​ផ្សព្វ​ផ្សាយ​នៅ​តា​ម​បណ្តា​ខេត្ត​ផ្សេង​ទៀត​ជា​បន្ត​បន្ទាប់​​។

លោក កត្តា អ៊ន បញ្ជាក់​ថា​៖ «​ការ​ផ្សព្វ​ផ្សាយ​ច្បាប់​ហ្នឹង គឺ​យើង​មាន​គោល​បំណង​ចង់​បញ្រ្ជាប​ការ​យល់​ដឹង​ដល់​និយោជក ម្ចាស់​សហគ្រាស សិប្បកម្ម ឪពុកម្តាយ និង​អាណា​ព្យាបាល​​​ ដឹង​ពី​អាយុ​នៃ​ការ​ធ្វើ​កា​រ​របស់​កុមារ លក្ខ​ខណ្ឌ​ការ​ងារ​សម្រាប់​កុមារ​ដែល​ច្បាប់​អនុញ្ញាត​ឱ្យ​ធ្វើ​ការ កត្តា​អនាម័យ និងសុខភាពជា​ដើ​ម ដើម្បី​លើក​កម្ពស់​ការ​គោរព​សិទ្ធិ​កុមារ និង​ការ​ពារ​កុមារ​ពីព​លកម្ម​ការ​ងារ និង​ការ​ជួញ​ដូរ​កម្លាំង​ពលកម្ម​កុមារ។ ទន្ទឹម​នោះ យើង​ក៏​ពង្រឹង​ការ​អនុវត្ត​​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ថែម​ទៀត​ដែរ​»​។

លោកបន្តថា នៅ​ក្នុង​ការ​ផ្សព្វ​ផ្សាយក្រសួង​តែង​តែ​ផ្តល់ជា​សម្ភារសិក្សា​ពេញ​ ១​ឆ្នាំ កង់ និង​សម្ភារ​ចាំ​បាច់​ផ្សេងៗ​ទៀ​ត​ដើម្បី​ធា​នា​ថា​ កុមារ​ដែល​ជា​កូន​របស់ក​ម្មករ​ឡឥដ្ឋ និង​ក្នុង​រោង​ចក្រ​កសិ​-​ឧស្សាហកម្ម ​ដែល​មានអា​យុ​ក្រោម​១៥ឆ្នាំ អាច​បន្ត​សិក្សា​រៀន​សូត្រ​ឡើង​វិញ​បាន​។ ដោយ​ឡែក​យុវជន​ដែល​មាន​អាយុ​១៥​ឆ្នាំ​ឡើង នឹង​ត្រូវ​ដក​ហូត​ចេញ​ពី​ចង្វាក់​ផលិត​កម្ម ​ដោយ​បញ្ជូន​ទៅ​រៀន​បច្ចេក​ទេស​វិជ្ជាជីវៈ​ដែល​មាន​រយៈ​ពេល​៤ខែ ឬ​៦ខែ​ ដើម្បី​ឱ្យ​មាន​ជំនាញ ​និ​ង​អាច​ទទួល​បាន​ឱកាស​ការ​ងារ​។

លោក​បន្ថែម​ថា ក្រោយ​ពី​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ហើយ ខាង​មន្ទីរ​ការ​ងារ​ខេត្តក្នុង​គោល​ដៅ នឹង​ស្វែ​ង​រក​ការ​ងារ​​ជូន​ដល់​សិក្ខាកាម​ដែល​បាន​រៀន​ចប់​ផង​ដែរ​។

ក្រសួង​កា​រ​ងារ​​​បា​ន​​អះអាង​ថា​ ក្រសួ​ង​បាន​ខិ​ត​ខំ​យក​ចិ​ត្តទុ​​ក​ដាក់​ខ្ពស់​ ​ក្នុ​ង​ការ​អនុ​​វត្ត​ផែន​កា​រ​សក​ម្ម​ភា​ព​ជា​តិ​ ស្តី​ពី​កា​រកា​ត់​ប​ន្ថ​យព​ល​កម្ម​កុ​មា​រ​​ និ​​ងកា​រ​លុប​បំ​បា​ត់​ទ​ម្រង់​ធ្ងន់​ធ្ង​របំ​ផុ​ត​ នៃ​ព​លក​ម្ម​កុមា​រ​ ​​តា​ម​រយៈ​គោ​លន​យោ​​​បា​យឆ្នាំ​២​០​១​៦​-២​០​២៥​ ​និ​ង​គោល​ន​យោ​បា​យជា​តិ​នា​នា​​​ ដែ​លពា​ក់​ព័ន្ធ​នឹ​ងកា​រ​ប្រយុ​ទ្ធ​ប្រ​ឆាំង​នឹ​ង​ការ​ ​ប្រើ​ប្រា​​ស់​​​ពល​កម្ម​កុ​មា​រ​ និ​ង​កា​រ​ងា​រដោយ​បង្ខំ។

ទាក់​ទង​នឹង​ការ​ផ្សព្វ​ផ្សាយ​របស់​ក្រសួង​ការ​ងារ​នេះ លោក អំ សំអាត នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូ​ទៅ នៃ​​អង្គ​ការ​ការ​ពារ​សិទ្ធិ​មនុស្ស​លី​កា​ដូ បាន​ឱ្យ​ដឹង​ថា ទោះ​បី​ជា​រាជ​រដ្ឋាភិបាល ​មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​ទប់​ស្កាត់ ឬ​​​ផ្សព្វ​ផ្សាយ​ច្បាប់​ដែល​ទាក់​ទង​នឹង​ពលកម្ម​កុមារ​ជា​ហូរ​​ហែ​មកក៏ដោយ ក៏​លោក​នៅ​តែ​មើល​ឃើញ​ថា កា​រ​ប្រើ​ប្រាស់​កម្លាំង​ពលកម្ម​កុមារ​ គឺ​វា​នៅ​បន្ត​កើត​មាន​។ ​​ជា​ពិសេស​កុមារ​ដែល​ពួក​គាត់​ធ្វើ​ការ​តាម​សិប្បកម្ម​ឡឥដ្ឋ ទោះ​បី​​ជា​តាម​ច្បាប់​ការ​ងារ ​មិន​អនុញ្ញាត​ឱ្យ​កុមារ​ធ្វើ​ការ​ក៏​ដោយ​ ប៉ុន្តែ​នៅ​តាម​សិប្បកម្ម​ឡឥដ្ឋ​មួយ​ចំនួន គឺ​អ្នក​ធ្វើ​ការ ទទួល​បាន​កម្រៃ​មិន​មែន​ជា​ប្រាក់​ខែ​​ទេ គឺ​ពួក​គាត់​ទទួល​បាន​ជា​លុយ​ថ្ងៃ ទៅ​តាម​កម្លាំង​ពលកម្ម​របស់​ពួក​គាត់​។

លោក អំ សំអាត ​បញ្ជាក់​​ថា​៖ «​អ៊ីចឹង​! គ្រួសារ​ដែល​ធ្វើ​ការ​ឱ្យ​សិប្បកម្ម​ឡឥដ្ឋ​ហ្នឹង ដើម្បី​ទទួល​បាន​កម្រៃ​ច្រើន ពួក​គាត់​នៅ​តែ​ឆ្លៀត​ប្រើ​ប្រាស់​កម្លាំង​ពលកម្ម​កូន​របស់​គាត់​ ទៅ​ធ្វើ​ការ​​នៅ​ឡឥដ្ឋ និង​ធ្វើ​ការ​នៅ​តាម​ផ្ទះ ក៏​នៅ​តែ​បន្ត​មាន។ ដូច្នេះ​​ក្រសួង​​ ត្រូវ​រឹ​ត​បន្តឹ​ងកា​រ​អ​នុ​វត្ត​ច្បា​ប់​ទៅ​លើម្ចា​ស់​សិប្ប​ក​ម្ម​ ​ដែ​លប្រើ​ប្រា​ស់ក​ម្លាំ​ងព​ល​ក​​ម្ម​កុ​មា​រ​ ​ហើយ​​​និ​ង​ដា​ក់ទោ​ស​ពួក​គា​ត់​ ទៅ​តា​មច្បា​ប់​កំណត់»។

លោក​បន្ថែម​ថា អ្វី​ដែល​ក្រសួង​ការ​ងារ​កំពុង​តែ​ធ្វើ​នេះ គឺ​​ដើម្បី​ឱ្យ​ឪពុក​​​ម្ដាយ ថៅកែ និង​អ្នក​ដែល​ធ្វើ​ការ​នៅ​សិ​ប្ប​កម្ម​ទាំង​នោះ ពួកគាត់​បាន​​ដឹង​ថា​ អ្វី​ជា​រឿង​ខុស​ច្បាប់​លើ​ការ​ប្រើ​ប្រាស់​កម្លាំង​ពលកម្ម​កុមារ​៕