ភ្នំពេញៈ ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានប្រារព្ធពិធីបុណ្យជាតិ និងរំឭកខួបលើកទី៧៥ នៃកងទ័ពជាតិកូរ៉េ កាលពីថ្ងៃទី២២ ខែកញ្ញា នៅសណ្ឋាគារ Raffles Hotel Le Royal រាជធានីភ្នំពេញ ដែលនៅក្នុងពិធីនេះ លោក Park Jung-Wook ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជា បានលើកពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំរវាងប្រទេសទាំង២។
លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម លោក នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ មន្ត្រីអង្គទូតនានា ភាគីពាក់ព័ន្ធក្នុងវិស័យឯកជន និងប្រជាជនកូរ៉េប្រមាណជាង៣០០នាក់មានវត្តមានក្នុងពិធីនេះ។
លោក Park Jung-Wook ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា បានថ្លែងក្នុងពិធីនេះថា កូរ៉េ និងកម្ពុជា សម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងកិច្ចសហប្រតិបត្តិការ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតឡើងវិញក្នុងឆ្នាំ ១៩៩៧ និងបានពូនជ្រំបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ ដែលជឿទុកចិត្ត និងឈ្នះឈ្នះ នៅក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងអភិវឌ្ឍន៍។
លោកថ្លែងថា៖ «ក្នុងនាមជាមិត្តពិតរបស់កម្ពុជា កូរ៉េបានគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជាតាមរយៈជំនួយអភិវឌ្ឍន៍ផ្លូវការ(ODA)ផ្សេងៗដែលមានតម្លៃប្រមាណ ១ ពាន់ ៤០ លានដុល្លារពីឆ្នាំ១៩៨៩ ដល់ឆ្នាំ ២០២១។ ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍផ្នែកថែទាំសុខភាព ការអប់រំ កសិកម្ម តំបន់ជនបទ និងការអភិរក្សបេតិកភណ្ឌវប្បធម៌នៅកម្ពុជា»។
លោក Park Jung-Wook បានលើកឡើងថា កិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិរវាងភាគីទាំង២ ទាំងនៅកម្រិតទ្វេភាគី និងពហុភាគីមានការរីកចម្រើន។ ចាប់តាំងពីការបង្កើតការិយាល័យអនុព័ន្ធយោធាក្នុងស្ថានទូតកូរ៉េប្រចាំនៅទីក្រុងភ្នំពេញក្នុងឆ្នាំ២០១៦ មក កូរ៉េ បានធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាសម្រាប់កិច្ចសហប្រតិបត្តិការរវាងកងទ័ពសាធារណរដ្ឋកូរ៉េ និងកងយោធពលខេមរភូមិន្ទក្នុងឆ្នាំ២០២២»។
លោកឯកអគ្គរដ្ឋទូតលើកឡើងថា ទិដ្ឋភាពដ៏មានតម្លៃមួយទៀតនៃកិច្ចខិតខំប្រឹងប្រែងនេះ គឺការផ្តល់កម្មវិធីបណ្តុះបណ្តាលដល់មន្ត្រីការពារជាតិកម្ពុជានៅប្រទេសកូរ៉េ។ ក្នុងក្របខ័ណ្ឌនៃកម្មវិធីភាពជាដៃគូត្រីកោណនៃប្រតិបត្តិការរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ(UN PKO)កូរ៉េ នឹងផ្តល់វគ្គបណ្តុះបណ្តាលបរិក្ខារវិស្វកម្មលើកដំបូងដល់កងកម្លាំងរក្សាសន្តិភាពកម្ពុជាក្នុងខែវិច្ឆិកា ដោយសហការជាមួយអង្គការសហប្រជាជាតិ។
លោក Park Jung-Wook បន្តថា៖ «ខ្ញុំមានសង្ឃឹមយ៉ាងមុតមាំថា ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនយ៉ាងសកម្មរវាងកូរ៉េ និងកម្ពុជា រួមមានភ្ញៀវទេសចរ កម្មករក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ (EPS) និងនិស្សិត នឹងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀត នូវចំណងមិត្តភាព និងសហវិបុលភាពនៃប្រជាជននៃប្រទេសទាំង២»។
លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្លែងក្នុងពិធីនេះថា កូរ៉េក៏ជាម្ចាស់ជំនួយដ៏សំខាន់មួយរបស់កម្ពុជា ផងដែរ ដោយបានផ្ដល់នូវជំនួយអភិវឌ្ឍន៍ផ្លូវការដល់កម្ពុជា លើវិស័យហេដ្ឋារចនាសម្ព័ន្ធ សុខភាពសាធារណៈ ការអប់រំ ការអភិវឌ្ឍជនបទ ធនធានទឹក កសិកម្ម និងវិស្វកម្ម ជាដើម។ ជាពិសេស ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ កំពុងទន្ទឹងរង់ចាំការបើកការដ្ឋានសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលនឹងជំរុញភាពរីកចម្រើនរបស់កម្ពុជា និងជានិមិត្តរូបនៃមិត្តភាពរវាងប្រទេសទាំង២ផងដែរ។
លោកស្រីថ្លែងថា៖«ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនរបស់យើង កាន់តែមានភាពរឹងមាំ។ ទំនាក់ទំនងរបស់យើង ក៏ត្រូវបានគាំទ្រដោយការទទួលយកនិស្សិត និងកម្មកររបស់កម្ពុជាជាបន្តបន្ទាប់ដោយសាធារណរដ្ឋកូរ៉េ ការបញ្ចូនអ្នកស្ម័គ្រចិត្តកូរ៉េទៅកាន់ខេត្តផ្សេងៗនៅទូទាំងកម្ពុជា»។
លោកស្រី ចម និម្មល បន្ថែមថា ក្រៅពីក្របខ័ណ្ឌទ្វេភាគី ប្រទេសទាំង២បានគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាអន្តរជាតិ និង សហការយ៉ាងជិតស្និទ្ធ ក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោកជាច្រើន រួមទាំងយន្តការអនុតំបន់អាស៊ាន និងមេគង្គ និងវេទិកាពហុភាគីផ្សេងទៀត។
លោកស្រីថ្លែងថា៖ «ខ្ញុំមានជំនឿយ៉ាងមុតមាំថា ជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នារបស់ប្រមុខដឹកនាំទាំង២ ទំនាក់ទំនងទ្វេភាគីរបស់យើងនឹងកាន់តែស៊ីជម្រៅ និងលើកកម្ពស់ថែមមួយកម្រិតទៀត ក្នុងគោលបំណងនាំមកនូវផលប្រយោជន៍ជាក់ស្ដែងជាច្រើនទៀតសម្រាប់ប្រជាជាតិនិងប្រជាជនរបស់យើងទាំង២»៕