ភ្នំពេញៈ មន្ត្រី​ឱ្យដឹងថា​ ចំនួន​អ្នក​មកប្រើប្រាស់​សេវា​នៅតាម​មូលដ្ឋាន​សុខាភិបាល​តាមរយៈ ប​.​ស​.​ស មានការ​កើនឡើង​ជាង ៨០ ភាគរយ ​ក្នុង​រយៈពេល​ ៦ ខែ ក្នុងឆ្នាំនេះ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ខណៈ ៤ ខែ មាន​បុគ្គល​ស្វ័យ​និ​យោ​ជ​ន៍ជិត ​៥ ម៉ឺន ​នាក់ បាន​ចុះឈ្មោះ​ចូល​ជា​សមាជិកបន្ទាប់ពី​ពួកគាត់ទទួ​ល​ស្គាល់​ពី​គុណ​​តម្លៃ​នៃ​ ប​.​ស​.​ស​។​

​ចាប់តាំងពី​ឆ្នាំ​២០១៦ នៃ​កា​រ​បង្កើត ប​.​ស​.​ស មកដល់​ឆមាស​ទី​១ ឆ្នាំ២០២៣​នេះ មាន​អ្នក​ចូលមក​ប្រើប្រាស់​សេវា​ថែទាំ​សុខភាព​នៅ​ទូទាំងប្រទេស​សរុ​ប​ជាង​ ១៤ លាន ​ករណី ក្នុងនោះ​ស្ត្រី​មាន​ជាង​ ១០ លាន ​ករណី ដែល​ចំណាយ​ថវិកា​សរុប រហូត​ ១,៧​ ពាន់​លាន​រៀល​។ នេះ​បើ​តា​ម​ការអះអាង​របស់លោកហេ​ង សុផាន់​ណា​រិ​ទ្ធ អគ្គនាយក​រងបេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​)​។​ ​

លោក​ប្រាប់​ភ្នំពេញប៉ុស្តិ៍​នៅ​ថ្ងៃទី​២៤ ខែកញ្ញា​ថា បើ​គិត​ក្នុង​រយៈពេល​ ៦ខែ ​ដើម​ ឆ្នាំ​នេះ មាន​អ្នកប្រើប្រាស់​សេវា​តាម​​​រយៈ ប​.​ស​.​ស ជាង​ ២,២ ​លាន​ករណី ដែលមាន​កំណើន​​ប្រមាណ​ ៨៣​ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០​២២​។ កំណើន​នៃ​ការចូល​ប្រើប្រាស់​សេវា​នេះ មាន​កត្តារួមផ្សំ ដោយមាន​កំណើន​នៃ​ចំនួន​សមាជិក ​ក្នុង​ពេល​​​បច្ចុប្បន្ន ដែល​បាន​ពង្រីក​វិសាលភាព​ ទៅដល់​បុគ្គល​ស្វ័យ​និ​យោជន៍ រួមផ្សំ​ទាំ​ង​​ប្រសិទ្ធភាព​នៃ​ការផ្សព្វផ្សាយ​​ឱ្យ​មាន​​​ការយល់ដឹង​ពី​សិទ្ធិ និង​ការទទួលស្គាល់​ពី​គុណ​តម្លៃ​នៃ​បណ្ណ ប​.​ស​.​ស​។​

លោកបញ្ជាក់ថា​៖​«​ហើយ​ជាពិសេស គឺ​ការទទួលបា​ន​គុណភាព​សេវា​ នៅពេល​ទៅប្រើ​ប្រាស់​សេវាបណ្ណ​សមា​ជិ​ក ប​.​ស​.​ស ដោយ​គ្មាន​ការរើស​អើ​ង​នៅតាម​មូលដ្ឋាន​សុខាភិបាល​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​នៅ​ទូទាំង​ប្រទេស​។ សមាជិក ប​.​ស​.​ស យើងគឺ​គាត់​យល់​ពី ប​.​ស​.​ស ច្បាស់ ហើយ​គាត់​ដឹង​ពី​សិទ្ធិ​ផ្ទាល់ខ្លួន​របស់គាត់​។ អ៊ីចឹ​ង​ធ្វើឱ្យ​គាត់ នៅពេល​មាន​ជំងឺ​ផ្សេងៗ គឺ​គាត់ទៅប្រើ​ប្រាស់​សេវា​ដោយ​ភ្ជាប់​មកជា​មួយ​បណ្ណ ប​.​ស​.​ស របស់​យើង​តែម្តង​»​។

ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​នៃ​ការ​មកប្រើប្រាស់​សេវា​នេះ លោ​ក​​ហេង សុផាន់​ណា​រិ​ទ្ធ ​ឱ្យដឹង​ថា ប​.​ស​.​ស នឹង​បន្ត​ពង្រី​ក​​​ដៃគូសហការ​បន្ថែម​ទៀត​ដោយ​គិត​លើ​ទីតាំង​ភូមិសាស្ត្រ និង​បច្ចេក​​ទេស​ឱ្យ​កាន់តែ​កៀកទីតាំង​នៃ​កា​រ​ប្រមូលផ្តុំ​សមាជិក​របស់ខ្លួន​។​

លោក​បញ្ជាក់ថា​៖«​បងប្អូន​ស្វ័យ​និ​យោជន៍ ដែល​ធ្វើការ​រកប្រាក់​ចំណូល​ដោយ​ខ្លួនឯង បានមក​ចុះបញ្ជីច្រើន ហើយ​គិត​ចាប់ពី​ខែមិថុនា ដល់​ខែកញ្ញា​នេះ គឺ​ចំនួន​ជិត​៥​ម៉ឺន​នាក់​ហើយ ដែល​ធ្វើឱ្យ​ចំនួន​នៃ​ការប្រើប្រាស់​សេវា​នៅតាម​មូលដ្ឋាន​សុខា​ភិបា​​ល ក៏មាន​ការ​កើន​ឡើ​ង​ច្រើនដែរ​។ ក្នុងពេល​អនាគត បេឡា​របបសន្តិសុខ​សង្គមគឺ​បា​ន​​ត្រៀមខ្លួន​ជាស្រេច​សហ​ការ​ជា​​មួយ​មូលដ្ឋាន​សុខាភិបាល និង​ដៃគូ​ពាក់ព័ន្ធដើម្បី​ពង្រឹងគុ​ណ​ភាព​សេវា​នៅ​គ្រប់​មូលដ្ឋាន​សុ​ខា​​ភិបាល​សាធារណៈ និង​ឯកជន​ទាំង​អស់​ដោយ​មិន​ឱ្យមាន​បញ្ហា​»​​។

​គិត​មកដល់ពេលនេះ ប​.​ស​.​ស បាន​ចុះកិច្ចព្រមព្រៀង​ផ្នែក​ថែទាំ​សុខភាព ជាមួយ​មូល​ដ្ឋាន​សុខាភិបាល​សរុប១ ៥២០ កន្លែង ក្នុងនោះ​មន្ទីរពេទ្យ​ថ្នាក់​ជាតិ​មាន​ចំនួន​៨កន្លែង មន្ទីរ​-​ពេទ្យបង្អែក​មាន​១៣២កន្លែង មណ្ឌល​សុខភាព​មាន ​១ ២៥៣ កន្លែង និង​មន្ទីរពេទ្យ​ឯកជន​មាន​ចំនួន​ ១៣៦ កន្លែង​។ នេះ​បើតា​ម​​លោក ហេង សុផាន់​ណា​រិ​ទ្ធ​។​

អ្នកស្រី សុខ ស្រីរ័ត្ន ជា​សមា​ជិក​ស្វ័យ​និ​យោជន៍​ ដែល​ទើប​ទៅ​ទទួល​សេវា​នៅ​មណ្ឌល​សុខា​​ភិបាល​តាមរយៈ ប​.​ស​.​ស បាន​និយាយថា អ្នកស្រី​ពេញចិត្ត​ចំពោះ​ការបម្រើ​សេវា​ដោយ​គ្មាន​ការរើសអើង ហើយ​ថែមទាំង​ផ្ត​ល់​​សេវា​​ជូន​ដោយ​មិន​គិត​រយៈ​ពេ​ល​ទៀតផង​។ អ្នកស្រី បង្ហាញ​ការធូ​រស្រាសនៅពេល​ទទួល​បាន​ កា​រ​​​ធានា​បែប​នេះ ខណៈ​អ្នកស្រី ថ្លែង​ថា កន្លងមក នៅ​​ពេល​មាន​ជំងឺ គឺ​ទៅ​ស្វែងរក​សេវា​ព្យាបាល គឺ​ចំណាយ​ច្រើនណាស់​។​

អ្នកស្រី​បញ្ជាក់ថា​៖​​«​ខ្ញុំចុះ​ឈ្មោះ​ហើយ និង​បាន​ទៅពិ​និត្យ​សុខភាព​ម្តង​ហើយ​។ កន្លែង​គេ​ទទួល​ពិនិត្យ​យើង​២៤ម៉ោង យើ​ង​ប្រើ​សេវា​នេះ គឺ​ល្អ​ម្យ៉ាង​។ ខ្ញុំក៏​អរគុណ​ដែរ នៅពេល ប​.​ស​.​ស បានធ្វើឱ្យ​ពួក​ខ្ញុំ បាន​ព្យាបាល​​ជំ​ងឹ​មិនគិតថ្លៃ។ កាលពី​ពួក​ខ្ញុំមិនទាន់​មានប្រើ​បណ្ណ ប​. ​ស​.​ស ទៅ​ពេទ្យ​ម្តងៗ​អស់​ច្រើ​ន​ណាស់​។ ពួក​ខ្ញុំ​សុទ្ធតែ​អ្នក​អត់​ដែរ ដល់​បានអ៊ី​ចឹ​ង ទៅ​ពេទ្យ​អត់​អស់​លុយ​ទេ​»​។​

​ចាប់​តាំង​ពី​ថ្ងៃទី១ ខែមេសា​មក ប​.​ស​.​ស បានប្រកាស​ចុះឈ្មោះ​ដល់​បុគ្គល​ស្វ័យ​និ​យោជន៍ ដើម្បី​មាន​សិទ្ធិ​ទទួលបាន​ការ​ធា​នា​រ៉ាប់រង​ផ្នែក​ថែទាំ​សុខភាព​ជា​មួ​យ​នឹង ​បេឡា​ជាតិ​សន្តិសុខ​សង្គម ខណៈ​ការចំណាយ​លើ​ថ្លៃ​វិភា​គ​ទាន​ប្រចាំខែ​ត្រឹមតែ ​១៥ ៦០០ រៀល​ប៉ុណ្ណោះ​ក្នុង​ ១ ​ខែ ហើយ​បន្ទាប់ពី​បង់ថ្លៃ​វិភាគទាន​ចំនួន​ ២ ខែ ​ជាប់​គ្នា ពួកគាត់​នឹង​អាច​ទទួលបាន​សេវា​ព្យាបាល​ជំងឺ​នៅ​​មណ្ឌល​សុខភាព ​ដែល​ទទួ​ល​ស្គាល់​ដោយ ប​.​ស​.​ស ក៏ដូចជា​សេវា​សម្ភព និង​សេវា​សង្គ្រោះ​បន្ទាន់​ដោយ​ឥតគិតថ្លៃ​៕