
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ រូបថត STPM
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំពាវនាវឱ្យពង្រឹង និងបង្កើនអំណាចកោះប្រជុំនៃប្រព័ន្ធអង្គការសហប្រជាជាតិ (អ.ស.ប.) ដើម្បីជំរុញសាមគ្គីភាពសកលឡើងវិញ និងកសាងពិភពលោកដែលមានសុវត្ថិភាព និងវិបុលភាពកាន់តែប្រសើរឡើង ខណៈលោកបានបង្ហាញកង្វល់រួមអំពីអស្ថិរភាពពិភពលោក និងការកើនឡើងនូវភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ។
ក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតលើកទី៧៨ របស់ អ.ស.ប. នៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី ២២ កញ្ញា លោក ហ៊ុន ម៉ាណែត ថ្លែងថា៖ ខ្ញុំមានកង្វល់រួមអំពីអស្ថិរភាពពិភពលោក និងការកើនឡើងនូវភាពតានតឹងផ្នែកភូមិសាស្ត្រ
នយោបាយដែលយើងទាំងអស់គ្នាកំពុងជួបប្រទះនាពេលនេះ។ ការវិវឌ្ឍកាន់តែដុនដាប នៃសង្គ្រាមនៅអ៊ុយក្រែន និងផលលំបាកដ៏ធ្ងន់ធ្ងរនៃសង្គ្រាម សបញ្ជាក់ពីការបាត់បង់ជំនឿពីរដ្ឋសមាជិក និងកង្វះទំនុកចិត្តនៅលើពហុភាគីនិយម»។
លោកបន្តថា ការប្រកួតប្រជែងរវាងប្រទេសមហាអំណាច និងបណ្តាប្រទេសមានអំណាចធំៗ បានរុញច្រានឱ្យមានការបង្វែរធនធាន យកទៅប្រើប្រាស់ក្នុងគោលដៅពង្រីកសមត្ថភាព ផ្នែកសន្តិសុខវិញ។ ប្រការនេះបានធ្វើឱ្យធនធាន ដែលត្រូវការចាំបាច់ដើម្បីដោះស្រាយផលប៉ះពាល់ ពីវិបត្តិជំងឺកូវីដ១៩ និងការខិតខំសម្រេចរបៀបវារៈឆ្នាំ ២០៣០ សម្រាប់គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព កាន់តែខ្សត់ខ្សោយទៅ។
លោកបន្ថែមថា ការប្រែប្រួលអាកាសធាតុក៏គំរាមកំហែងដល់អស្ថិរភាពនៃមនុស្សជាតិផងដែរ។ បើគ្មានសកម្មភាពប្រកបដោយមហិច្ឆតា និងបន្ទាន់ទេពិភពលោកនឹងជួបប្រទះការកើនឡើងនៃអត្រាភាពក្រីក្រ ភាពអត់ឃ្លាន ហានិភ័យនៃជំងឺរាតត្បាត និងវដ្តដ៏ជ្រាលជ្រៅនៃអស្ថិរភាព និងជម្លោះ។ ឥឡូវនេះជាវេលាចាំបាច់ដើម្បីស្តារឡើងវិញនូវទំនុកចិត្ត ផ្នែកសន្តិសុខជាយុទ្ធសាស្ត្ររវាងប្រជាជាតិទាំងអស់ និងទំនុកចិត្តទៅលើប្រព័ន្ធសកល ដែលផ្អែកលើវិធានច្បាប់។
លោកនាយករដ្ឋមន្ត្រីថ្លែងថា៖ «ការណ៍នេះ តម្រូវឱ្យរដ្ឋទាំងអស់គោរពឱ្យបានពេញលេញនូវច្បាប់ និងបទដ្ឋានអន្តរជាតិ រួមទាំងគោលការណ៍ដែលមានចែងក្នុងធម្មនុញរបស់អង្គការសហប្រជាជាតិ។ យើងត្រូវពង្រឹង និងបង្កើនអំណាចកោះប្រជុំនៃប្រព័ន្ធអង្គការសហប្រជាជាតិ ដើម្បីជំរុញសាមគ្គីភាព សកលឡើងវិញនិងកសាងពិភពលោកដែលមានសុវត្ថិភាព និងវិបុលភាពកាន់តែប្រសើរឡើងសម្រាប់ទាំងអស់គ្នា។ ការងារសំខាន់បំផុត នោះគឺត្រូវផ្តោតលើការដោះស្រាយបញ្ហាអភិវឌ្ឍន៍ និងការការពារការរីករាលដាលនៃជម្លោះដែលកំពុងកើតមាន»។
ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត ប្តេជ្ញាថា នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកទាំងអស់ ក្រោមស្ថាប័នអង្គការសហប្រជាជាតិ ដើម្បីសម្រេចបាននូវសេចក្តីប្រាថ្នារួម។ លោកបញ្ជាក់ទៀតថា៖ «ទោះបីជាយើងមានបញ្ហាប្រឈម និងអស្ថិរភាពច្រើនដ៏ដោយ យើងក៏នៅតែអាចកសាងពិភពលោកឱ្យកាន់តែប្រសើរសម្រាប់ទាំងអស់គ្នាបាន តាមរយៈការធ្វើការរួមគ្នា ឆ្ពោះទៅរកគោលដៅរួមរបស់យើងព្រមទាំងការពង្រឹងទំនុកចិត្តទៅវិញទៅមក និងសាមគ្គីភាពជាសកល»។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នាថ្ងៃទី ២៤ ខែកញ្ញាថា បច្ចុប្បន្ននេះ អ្នកវិភាគនិងអ្នកតាមដានបានមើលឃើញនូវសេណារីយោ (Scenario) នៃការចុះខ្សោយនៃក្រុមប្រឹក្សាសន្តិសុខ នៃ អ.ស.ប (UNSC) ដោយសារតែមហាអំណាចមានការប្រទាញប្រទង់គ្នាហើយបង្កើតរចនាសម្ព័ន្ធថ្មីៗ ដើម្បីទាញយកទម្ងន់នៃការប្រជែងភូមិសាស្ត្រនយោបាយ ឧទាហរណ៍សម្រាប់បស្ចិមប្រទេស គឺអង្គការណាតូ (NATO) ដែលត្រូវបានបង្កើតឡើងតាំងពីសម័យសង្គ្រាមត្រជាក់រហូតដល់បច្ចុប្បន្ននេះហើយកាន់តែមានឥទ្ធិពលបន្ថែម។
លើសពីនោះទៀតសហរដ្ឋអាមេរិកបានបង្កើតនូវសម្ព័ន្ធភាពជាដៃគូសន្ដិសុខត្រីភាគី (AUKUS) ដើម្បីដំណើរការជំរុញទម្ងន់យុទ្ធសាស្ត្រនៅឥណ្ឌូប៉ាស៊ីហ្វិក និងបង្កើតកិច្ចសន្ទនាសន្តិសុខចតុភាគី (QU-AD) រីឯខាងចិន គឺបង្កើតនូវគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ(BRI) និងរចនាសម្ព័ន្ធផ្សេងៗទៀត។
លោក យង់ ពៅ ថ្លែងថា៖ «អ៊ីចឹងយើងឃើញថា នេះជាការប្រទាញប្រទង់របស់មហាអំណាច ដើម្បីទាញយកទម្ងន់ភូមិសាស្ត្រនយោបាយរៀងៗខ្លួន ខណៈដែលមហាសន្និបាតលើកទី៧៨ នេះ ប្រមុខរដ្ឋបណ្ដាប្រទេស សមាជិកអចិន្រៃ្តយ៍ ៤ មិនបានចូលរួមប្រជុំដោយផ្ទាល់ដូចជាចិន រុស្ស៊ី អង់គ្លេស និងបារាំង។ នេះជាអ្វីមួយដែលជា សញ្ញាណមួយដែលមានការព្រួយបារម្ភទៅលើក្រុមប្រឹក្សាអចិន្រៃ្តយ៍អង្គការសហប្រជាជាតិនេះ»។
លោកថា៖ «អ៊ីចឹង ការអំពាវនាវរបស់នាយករដ្ឋមន្ត្រីកម្ពុជា គឺដោយសារមើលឃើញសញ្ញាណបែបនេះហើយសញ្ញាណបែបនេះនាំឱ្យសណ្តាប់ធ្នាប់ពិភពលោក មានការផុយស្រួយអាចនឹងចែកទៅជាពហុប៉ូលឬក៏ពហុប្លុកចែកជាប្លុកច្រើនតទៅទៀត នៅថ្ងៃខាងមុខនាំឱ្យមានការផុយស្រួយកាន់តែខ្លាំងនូវសណ្តាប់ធ្នាប់ពិភពលោក»។
ពាក់ព័ន្ធកម្ពុជា លោក ហ៊ុន ម៉ាណែត លើកឡើងថា កម្ពុជានឹងបន្តដើរលើមាគ៌ានយោបាយការបរទេស បច្ចុប្បន្នដែលឯករាជ្យ អព្យាក្រឹត ផ្អែកលើវិធានច្បាប់ គោរពគ្នាទៅវិញទៅមក ដោយស្មើភាពនិងប្រកាន់ខ្ជាប់ខ្ជួនគោលការណ៍ នៃធម្មនុញ្ញ អ.ស.ប. ដើម្បីលើកកម្ពស់ផលប្រយោជន៍ជាតិ ពង្រឹងមិត្តភាពដែលមានស្រាប់និងកសាងមិត្តភាពបន្ថែមទៀត។
លោកនាយករដ្ឋមន្ត្រីថា កម្ពុជាប្រឆាំងដាច់ខាត ចំពោះការគំរាមប្រើប្រាស់ ឬការប្រើប្រាស់កម្លាំងក្នុងទំនាក់ទំនងអន្តរជាតិ ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងការឈ្លានពានរដ្ឋឯករាជ្យណាមួយ។ កម្ពុជាមិនអនុញ្ញាតឱ្យមាន មូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ដូចមានចែងច្បាស់ក្នុងរដ្ឋធម្មនុញ្ញ។
លោកថ្លែងថា៖ «កម្ពុជាមិនអនុញ្ញាតឱ្យប្រទេសណាមួយ ឬក្រុមណាមួយ ប្រើប្រាស់ទឹកដីកម្ពុជា ប្រឆាំងនឹងប្រទេសផ្សេងទៀត។ កម្ពុជានឹងខិតខំបន្ថែមទៀត ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អជាមួយប្រជាជាតិទូទាំងពិភពលោកតាមរយៈក្របខ័ណ្ឌទ្វេភាគីតំបន់ និងអន្តរជាតិដើម្បីរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព»។
លោក ហ៊ុន ម៉ាណែត លើកឡើងទៀតថា ក្នុងនាមជាប្រទេសបញ្ជូនកងទ័ពមួកខៀវកម្ពុជាគាំទ្រពេញទំហឹង ការបង្កើនជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) សម្រាប់ទ្រទ្រង់សកម្មភាពកសាងសន្តិភាព។
កម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់ចំពោះប្រតិបត្តិការរក្សាសន្តិភាពដើម្បីរួមចំណែកដល់សន្តិភាព សន្តិសុខ និងស្ថិរភាពអន្តរជាតិ ដែលជាកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
លោកបញ្ជាក់ថា៖ «ដើម្បីរួមចំណែកបន្ថែមទៀតដល់ដំណើរការនេះ កម្ពុជាបានសម្រេចចិត្តឈរឈ្មោះជាសមាជិកនៃគណៈកម្មាធិការរៀបចំនៃគណៈកម្មការកសាងសន្តិភាព (OCPBC) សម្រាប់អាណត្តិ ២០២៥-២០-២៦។ យើងខ្ញុំសង្ឃឹមថា នឹង
ទទួលបានការគាំទ្រដ៏មានតម្លៃរបស់ ឯកឧត្តម លោកជំទាវ សម្រាប់បេក្ខជនរបស់យើងខ្ញុំនៅក្នុងស្ថាប័ននេះ»៕