ភ្នំពេញៈ​ ទីភ្នាក់​ងារ​ថាម​ពល​អា​តូ​មិ​ក​អន្តរជាតិ ​(IAEA) បាន​បង្ហាញ​លទ្ធ​ផល​នៃ​ធ្វើការ​វិភាគ​ឯក​រាជ្យ​ដំបូង​របស់ខ្លួ​ន​ទៅលើ​​ទឹក​សមុទ្រ​នៅ​ជិត​រោងច​ក្រ​ថាមពល​នុយក្លេ​អ៊ែរ​ក្នុង​តំបន់​ Fukushima​ របស់​ជប៉ុន​ ក្រោយ​ប្រទេស​នេះ​បាន​បញ្ចេញ​ទឹក​ច្រោះ​រួច​ចេញពី​រោង​ចក្រ​នេះ​ចូលទៅក្នុង​ផ្ទៃ​សមុទ្រ​ប៉ាស៊ី​ហ្វិក​កាល​ពី​ខែសីហា ហើយ​រក​ឃើញ​ថា ​សារ​ជាតិ​សំណល់​ដែល​មាន​ជាតិ​វិទ្យុ​សកម្ម​ទ្រី​ទី​យ៉ូ​ម (Tritium)​ មាន​កម្រិត​ទាប​ជាង​ការ​កំណត់​។

​មន្ត្រី​កម្ពុជា​បញ្ជាក់​ថា ក​ម្ពុជា​មិនមា​ន​ការហាមឃា​ត់​ការ​នាំ​ចូល​គ្រឿង​សមុទ្រ​ពី​ប្រទេស​ជប៉ុន​ទេ​ ដោយ​សារ​មិន​មាន​ភ័ស្ដុ​តាង​វិទ្យា​សាស្ត្រ​ណាមួយ​បង្ហាញ​ថា ​ទឹក​ដែល​ច្រោះ​រួច​​បង្ហូរ​ចូលក្នុង​សមុទ្រ​មាន​សារ​ជាតិ​ធ្វើឱ្យប៉ះ​ពាល់​ដល់​ផលិត​ផល​សមុទ្រ​​។​

​ក្រោយ​ពី​ប្រទេស​ជប៉ុន ​បាន​បញ្ចេញ​ទឹក​ដែល​ច្រោះ​រួច​នេះ​ចូល​ផ្ទៃសមុទ្រ​ប៉ាស៊ី​ហ្វិក​នេះ​មក​ បាន​ធ្វើឱ្យ​ប្រទេស​មួយ​ចំនួន​មិន​ពេញ​ចិត្ត ​ជាពិសេស​ចិន​បាន​ហាម​ឃាត់​ការ​នាំចូល​គ្រឿង​សមុទ្រ​ពី​ប្រទេស​ជប៉ុន ​និង​មាន​ការតវ៉ា​នៅ​ក្នុង​ប្រទេស​ជប៉ុន​ខ្លួន​ឯង និង​កូរ៉េខា​ងត្បូង​ផង​ដែរ​។​

IAEA បាន​លើក​ឡើង​កាលពី​ថ្ងៃទី​ ៨ ​ខែកញ្ញា​ថា​៖ «​ការចុះ​ត្រួត​ពិនិត្យ​ពី​សុវត្ថិ​ភាព​របស់​ទីភ្នាក់​ងារ ​​IAEA ទៅ​លើ​ការ​បញ្ចេញ​ទឹក​ដែល​ធ្វើ​ប្រព្រឹត្តិ​កម្ម​រួច​ចូល​ទៅ​ក្នុង​សមុទ្រ​បាន​សន្និដ្ឋាន​ថា ​វិធី​សាស្ត្រ និង​សកម្ម​ភាព​របស់​ប្រទេស​ជប៉ុន​ក្នុង​ការ​បញ្ចេញ​ទឹក​ដែល​បានធ្វើ​ប្រព្រឹត្តិ​កម្ម​រួច​បាន​អនុវត្ត​ស្របតា​ម​ស្តង់ដាសុ​វត្ថិភាព​អន្តរជាតិ​ពាក់​ព័ន្ធ​»​។​

IAEA ​លើក​ឡើង​ក្នុង​គេហ​ទំព័រ​ថា​៖ «​ការធ្វើ​សំណាក​និង​ការវិភាគ​ឯករា​ជ្យ​របស់​ទីភ្នាក់​ងារ​IAEA ទៅលើ​ទឹកសមុទ្រ​នៃ​ឆ្នេរ​សមុទ្រ​នេះ​បង្ហាញ​ពី​ភាព​ស៊ីច​ង្វាក់​គ្នា​ជា​មួយ​នឹង​របាយ​ការណ៍​វាយ​តម្លៃ​របស់​ក្រុម​ហ៊ុន​ Tokyo Electric Power Company (TEPCO) ដែល​ជា​ប្រតិបត្តិ​ករ​នៃ​រោង​ចក្រ​ដើរ​ដោយ​ថាមព​លនុយ​ក្លេអ៊ែរ​នៅ ​Fukushima ​នេះ ​និង​ក្រសួង​បរិស្ថាន​ជប៉ុន​ផង​ដែរ​។ក្រុមហ៊ុន TEPCO​ ​ផ្សព្វផ្សា​យ​លទ្ធផល​របា​យ​ការណ៍​វាយ​តម្លៃ​ជា​សាធារណៈ​ប្រចាំថ្ងៃ​​នៅលើ​គេហ​ទំព័រ​របស់​ខ្លួន​ដែល​បង្ហាញ​ថា​កំហាប់​សកម្មភា​ព tritium នៅក្នុ​ង​សមុទ្រ​ទាប​ជាង​កម្រិត​ដែល​បាន​កំណត់​ឱ្យធ្វើ​ប្រតិ​បត្តិ​ការ​»​។​

​លោក ប៉ែ​ន សុ​វិជាតិ អ្នក​នាំពា​ក្យ​ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា​បាន​ថ្លែង​ថាកម្ពុជា​ជា​សមា​ជិក​របស់​អង្គការ​ពាណិជ្ជ​កម្ម​ពិភព​លោក​(WTO)​ដែល​ចាំ​បាច់​ត្រូ​វតែ​អនុវត្ត​នូវ​កាតព្វ​កិច្ច​ផ្សេងៗរួមទាំង​ការ​ជូន​ដំណឹង​ទៅឱ្យ​ភាគី​ណាមួ​យ​ដែល​កម្ពុជា​មាន​បំណង​ចង់​បញ្ឈ​ប់ឬក៏​បន្ទច់​បង្អាក់​ការនាំ​ចូល​ពី​ប្រទេស​ផ្សេងៗ​ទៀត​ដោយ​មាន​ហេតុ​ផល​ត្រឹមត្រូវ​។​

​លោក​បន្ត​ថា ជប៉ុន​គឺជា​ប្រទេស​ទី​១​នៃ​អង្គការ​WTOដែល​មកទល់​បច្ចុប្បន្ន​កម្ពុជា​តែង​មាន​ការ​ជឿទុក​ចិត្ត និង​ជា​ភាគី​នៃ​ទីផ្សារ​មួយ​ដែល​មាន​ការ​ប្រុង​ប្រយ័ត្ន​និង​ភាព​គត់​មត់​ត្រឹម​ត្រូវ​នៅក្នុង​ការស​ម្រេច​ទាក់​ទង​នឹង​អ្វីមួយ​ដែល​មាន​លក្ខណៈ​ពាណិជ្ជ​កម្មនិ​ង​ទីផ្សារ​ក៏ដូច​ជា​ការគិត​គូរ​ពិចា​រណា​ទៅ​លើ​កិច្ចការ​សា​ធារណៈ​រួមទាំង​ការថែ​រក្សា​សុខ​ភាព​ដែល​ពាក់​ព័ន្ធ​នឹង​ទំនិញ​ផ្សេងៗ​ទៅ​លើ​ទីផ្សារ​ផង​ដែរ។​

​លោក ប៉ែ​ន សុ​វិជាតិ​ បាន​ថ្លែងថា​ បើតាម ​IAEA​ ដែល​បានជូ​នដំណឹ​ង​អំពី​ការ​បញ្ចេញ​ទឹក​សំណល់​អា​តូ​មិ​ក​ពី​តំបន់​ Fuku​shima ​នោះ​បាន​បង្ហាញ​ថា​ជប៉ុន​បាន​ធ្វើការ​ច្រោះ និង​សម្អាត​ទឹក​នេះ ហើយ​ឥទ្ធិ​ពល​នៃ​កាក​សំណល់​នេះ​សឹងតែ​គ្មាន​ឬក៏​មាន​តិច​តួច​បំផុត​ដោយ​មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​ជីវិត​សត្វ​ឬក៏​មនុស្ស​ដែល​ពាក់​ព័ន្ធ​ទៅនឹង​កា​រប្រើ​ប្រាស់​ទំនិញ ​ឬក៏​ផលិត​ផល​នេសាទ​ផ្សេងៗ​ពី​ក្នុង​តំបន់​នោះ​ឡើយ​។​

​លោ​ក​បាន​បញ្ជាក់​ថា​៖ «​ដោយ​សារ​ពុំមាន​ហេតុ​ផល​របៀ​បនេះហើយ​យើង​ជា​សមា​ជិក​នៃ​អង្គការ​ពាណិជ្ជ​កម្ម​ពិភព​លោក​និង​យោង​ទៅលើ​ប្រទេស​ផ្សេងៗ​ទៀត​នៅក្នុង​តំបន់​ដែល​ក្រៅតែពី​ចិន​និង​កូរ៉េ​យើង​ពុំមាន​ឃើញ​ប្រទេស​ណា​មួយ​ដែល​​ហាម​ឃាត់​ការនាំ​ចូល​ផលិត​ផល​សមុទ្រ​ពី​ប្រទេស​ជប៉ុន​ទេ​។ការ​និយាយ​របៀបនេះ​ក៏​មិន​មែន​បាន​ន័យ​ថា យើង​មិន​មាន​ការគិត​គូរ​[​នោះទេ​]​។យើង​នឹងតា​មដា​នដោយ​យក​ចិត្តទុ​កដាក់​អំពី​បញ្ហា​នេះ​ប្រសិន​បើ​វា​មាន​ជះឥ​ទ្ធិព​ល​អាក្រក់​ណាមួយ​ទាក់​ទង​នឹង​បញ្ហា​នេះ​»​។​

​បើតាម​អ្នក​នាំពា​ក្យ​ មិនមែន​ប្រជា​ពលរដ្ឋ​ទូទៅ ឬក៏​អ្នក​មាន​លទ្ធភាព​ល្មម​អាច​នឹង​បរិភោគ​អាហារ​ជប៉ុន​ទាំង​អស់​នោះ​ទេ​។ អ្នក​ដែល​ទទួលទា​ន​អាហារ​ជប៉ុន​មាន​ចំនួន​តិច​តួច​បើ​ធៀប​ទៅនឹង​ការប្រើ​ប្រាស់​ទូទៅ​នៅលើ​ទីផ្សារ​។ ទំនិញ​ដែល​កម្ពុជា​នាំចូល​មកប្រើ​ប្រាស់​​នៅ​ក្នុង​ភោជនីយ​ដ្ឋាន​ជប៉ុន ភា​គច្រើន​នាំចូល​ពី​ប្រទេស​ជិត​ខាង​កម្ពុជា មិន​មែន​នាំ​ចូល​ផ្ទាល់​ពី​ជប៉ុន​នោះ​ទេ​។​

​លោក​សុ​វិជាតិ​បានថ្លែងថា ​មក​ទល់​ពេល​នេះ​ពុំទាន់​មាន​ឃើញ​ទឡ្ហី​ករណ៍​វិទ្យា​សាស្ត្រ​គ្រោះ​ថ្នាក់​ណា​មួយ​ពី​ប្រទេស​ដែល​ហាម​នាំចូល​គ្រឿង​សមុទ្រ​ពី​​ជប៉ុន​ឧទា​ហរណ៍​ដូចជា​ចិន និង​កូរ៉េខា​ងត្បូ​ងដែល​ប្រកាស​ជា​សាធា​រណៈ​នោះទេ​។ IAEA ក៏​មិន​មាន​ការ​បង្ហាញ​ទឡ្ហី​ករណ៍​វិទ្យា​សាស្ត្រ​ពីគ្រោះ​ថ្នាក់​អ្វីមួយ​ដែរ​គឺ​មាន​តែ​បង្ហាញ​ថា​ ទឹក​ដែល​បញ្ចេញ​នេះ​មាន​លក្ខណៈ ​សុវ​ត្ថិភាព​សម្រាប់​ជីវិត​ជីវសាស្ត្រ​នៅ​ក្នុង​សមុទ្រ​។ ដោយ​ឡែក​ អង្គការ​WTO ក៏ដូ​ចជា​អង្គការ​សុខ​ភាព​ពិភព​លោក​(WHO)ក៏​មិន​បាន​ចេញ​ប្រកាស​ណា​មួយ​អំពី​ទឡ្ហី​ករណ៍​គ្រោះ​ថ្នាក់​ផង​ដែរ​។​

​លោក​បញ្ជាក់​ថា​៖ «​អ៊ីចឹង ជា​កាតព្វកិច្ច កម្ពុជា​យើង​គឺ​ត្រូវតែ​អនុវត្ត​ទៅតាម​អ្វី​ដែលជា​គន្លង​នៃ​ការហាមឃាត់​។​ប្រសិនបើយើង​ត្រូវហាមឃាត់​ត្រូវតែ​​ជូនដំណឹងហើយ​ការជូនដំណឹង​ទៀតសោត​គឺ​ត្រូវតែ​គោរព​ទៅតាម​ទឡ្ហី​ករណ៍​វិទ្យាសាស្ត្រ​ដូច​ខ្ញុំ​បាន​ជម្រាប​ខាងលើ​នេះដែរ​ទើប​យើង​អាចធ្វើ​ការហាមឃាត់​គេ​បាន​នៅក្នុង​ការនាំ​ចូល​»​។​

​លោក​បាន​បន្ថែ​មថា នៅក្នុង​ការនាំ​ចូល​គ្រឿង​សមុទ្រ​ពី​ជប៉ុន​នេះ កម្ពុជា​ក៏​ពុំបាន​បែង​ចែក​ពី​តំបន់​ច្បាស់​លាស់​ផង​ដែរ​នៅ​ក្នុង​ប្រទេស​ជប៉ុន ​ដែល​នាំឱ្យ​ពិបាក​ក្នុងការ​កំណត់​តើ​ថា ត្រី សាច់ ​ដែល​នាំចូល​ពី​ជប៉ុន​មាន​ប្រភព​មកពី​តំបន់​Fuku​shima​ឬក៏​តំបន់​ជិត​ខាង​Fukus​hima​។​

​លោក​សុ​វិជាតិ​បាន​បន្ថែ​មថា​៖«​អ៊ីចឹង​បើ​យើង​ហាម​ឃាត់ក៏​យើង​ពិបាក​នឹង​បង្ហាញ​នូវ​ភ័ស្តុតាង​ច្បាស់​លាស់​អំពី​បញ្ហា​នេះ​។ អ៊ីចឹង ​ល្គឹក​ណាតែ​គ្មាន​ភ័ស្ដុ​តាង​វិទ្យា​សាស្ត្រ​ពាក់​ព័ន្ធ​នឹង​បញ្ហា​ដែល​ថា ផលិត​ផល​សមុទ្រ ឬ​ក៏​ទឹក​ដែល​បង្ហូរ​ចូល​ទៅ​ហ្នឹង​មាន​សារ​ជាតិ​ធ្វើឱ្យប៉ះ​ពាល់​ដល់​ផលិត​ផ​ផល​សមុទ្រហើយ​អាច​នឹង​បង្ក​គ្រោះថ្នា​ក់​ដល់​សុខភាព​ប្រជា​ពលរដ្ឋ​យើង​នឹង​ពិបាក​នឹងហាម​ឃាត់​ការ​នាំចូល​ផលិត​ផល​[​សមុទ្រ​]​ពី​ប្រទេស​ជប៉ុន​នេះ​»​។

​លោក​នូ សុវណ្ណ​ នាយក​ប្រតិ​បត្តិ​អង្គការ​សម្អាត​ទន្លេ​ សមុទ្រ​បាន​បង្ហា​ញការ​យល់​ឃើ​ញថា​ប្រជា​ពលរដ្ឋ​កម្ពុជា​ដែល​ទទួល​ទាន​គ្រឿង​សមុទ្រ​នាំចូល​ពី​ជប៉ុន​មិន​មាន​ការព្រួយ​បារម្ភ​ជា​ដុំ​កំភួន​ទេ​ព្រោះ​អ្វីៗ​ដែល​ផលិត​បង្កើត និង​វិភាគ​ផ្សេងៗ​នៅ​ក្នុង​ប្រទេស​ជប៉ុន​គឺមាន​គុណ​ភាព​ខ្ពស់បំ​ផុត​សម្រាប់​ការ​យល់ឃើ​ញ​ពី​ប្រទេស​កម្ពុជា​។​

​លោក​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖«​ម្យ៉ាង​ទៀត​ប្រទេស​ជប៉ុន​ក៏​គាត់​មាន​ការ​ព្រួយ​បារម្ភ​សម្រាប់​ប្រទេស​[និង]ប្រជា​ពលរដ្ឋ​ខ្លួន​ដែរ​មុន​នឹង​បញ្ចេញ​សារជាតិ​សំណល់​ដែល​មាន​ជាតិ​វិទ្យុ​សកម្ម​ហើយ​រហូត​ដល់​អស់​ជាតិ​វិទ្យុ​សកម្ម​នេះ​ចូល​ទៅក្នុ​ង​សមុទ្រ​នោះ​គឺ​គេ​បានគិ​ត​ហ្មត់​ចត់​ហើយ​មាន​ការ​វិភាគ​ការ​សិក្សា​បែប​វិទ្យា​សាស្ត្រ​ច្បាស់​លាស់​។ ដូច្នេះ​សម្រាប់​ខ្ញុំ​ផ្ទាល់​ខ្ញុំ​ឃើញ​ថា​មិន​មាន​ការព្រួយបា​រម្ភ​អ្វី​ទេ​សម្រាប់​ការនាំ​ចូល​គ្រឿង​សមុទ្រ​ពី​ប្រទេស​ជប៉ុន​មក​ប្រទេស​កម្ពុជា​»​។​

​សា​រព័ត៌មា​ន​អន្តរ​ជាតិ​បាន​រាយ​ការ​ណ៍​ថា គ្រោះ​រញ្ជួយ​ដី​ក្រោយ​រលក​យក្ស​ស៊ូណាមិ​ក្នុង​ឆ្នាំ​២០២១​បាន​ធ្វើឱ្យ​ខូច​ខាត​ដល់​រោងច​ក្រ​ថាម​ពល​នុយ​ក្លេ​អ៊ែរ​នេះ​ដោយ​បំផ្លាញ​ប្រព័ន្ធ​ត្រជាក់​និង​បណ្តាល​ឱ្យ​​ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ​(Reactor)ឡើង​កម្ដៅ​និង​បំពុល​ទឹក​នៅក្នុង​ទីតាំង​នៃ​រោង​ចក្រ​នេះ ​ដោ​យមាន​សារ​ធាតុ​វិទ្យុ​សកម្ម​ខ្លាំង​។​

​ចាប់​តាំង​ពី​មាន​គ្រោះ​មហន្ត​រាយ​មក ក្រុ​មហ៊ុន TEPCO បាន​ធ្វើ​ការ​បូមទឹក​ដើម្បី​ធ្វើ​ឱ្យ​ម៉ាស៊ីនរ៉េ​អាក់ទ័​រត្រ​ជាក់​។ នេះ​មាន​ន័យ​ថា ​ជារៀ​ងរា​ល់ថ្ងៃ​ រោង​ចក្រនេះ​បាន​ផលិត​ទឹក​កខ្វក់​ ហើយ​បាន​ស្តុកទុក​ក្នុ​ងអាង​របស់​រោង​ចក្រ​នេះ បាន​ជាង​១ ​០០០ ​អាង ហើយ​បើគិ​តជាអា​ងហែល​ទឹកអូ​ឡាំ​ពិក​គឺ​ស្មើនឹ​ង​ជាង​៥០០​អាង។

​យោង​​តាម​សារព័ត៌​មាន​អន្តរ​ជាតិ​ប្រទេស​ជប៉ុន​បាន​លើកឡើ​ងថា ​ប្រទេស​នេះ​ត្រូវការ​ទីតាំង​ដី​ដែល​បាន​ដាក់​អាង​ស្តុក​ទាំង​នេះដើ​ម្បី​សាង​សង់​អគារ​ថ្មីៗ​ដើម្បី​រុះរើ​រោង​ចក្រ​នេះ​ដោយ​សុវត្ថិ​ភាព​។ជប៉ុន​ក៏បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ផង​ដែរ​អំពី​ផល​វិបាក​ ប្រសិន​បើ​អាង​ស្តុក​ទាំង​នោះ​រលំ​ដោយ​សារ​គ្រោះ​មហន្ត​រាយ​ធម្ម​ជាតិ​៕