​កំពត​/​កែបៈ អង្គការ Aide et Action ទទួលបាន​សំណើ​ពី​អា​​ជីវ​ករ និង​អ្នកលក់ដូរ​ពី​តំបន់​គោលដៅ​ជាង ​១២០ ​សំណើ​ ដើម្បី​​ស្នើសុំ​ថវិកា​គាំទ្រ​ដល់​អាជីវកម្ម បន្ទាប់ពី​ប្រកាស​ផ្តល់ឱកាស​ទទួល​​បាន​ថវិកា​ខ្នាតតូច​ចាប់ពី​ ១០០ ​ដុល្លារ ដល់ ​៥០០ ​ដុល្លារ ក្នុងការ​​ផ្គត់ផ្គង់​អាជីវកម្ម​នៅតាម​តំបន់ឆ្នេរ​ក្នុង​ខេត្តកំពត និង​ខេត្ត​កែប​។​

​គម្រោង​ផ្តល់ជំនួយ​គាំទ្រ​ថវិកា​ដល់​អាជីវករ​ ឬ​អ្នកលក់ដូរ​តាម​ដងផ្លូវ​នេះ ត្រូវបាន​សហការ​អនុវត្ត​ដោយ​អង្គការ​សម្ព័ន្ធភាព​ដៃគូ ​ដើម្បី​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​ទទួលបាន​មូល​​និ​ធិ​គាំទ្រ​ពី​សហភាព​អឺរ៉ុប តាម​​រយៈ​អង្គការ Aide et Action SEA-Cambodia ក្នុង​គម្រោង “​សម្ព័ន្ធភាព​ដើម្បី​ការអភិវឌ្ឍ​ប្រ​​កប​ដោយ​ចីរភាព និង​ការគាំទ្រ​សំឡេង ដើម្បី​សមធម៌​សង្គម (CO-SAVED)”​។​

​តាម​ការប្រកាស កញ្ចប់​ថវិកាដែល​នឹង​ផ្តល់ជូន​ពលរដ្ឋ​ គឺមាន​សរុប ​១២៥ ​កញ្ចប់ ​មានទឹក​ប្រាក់​សរុប ​៣ ​ម៉ឺន​ដុល្លារ​ដោយ​បែង​​ចែកជា ​៤ ​ប្រភេទ​។ ពលរដ្ឋ​ដែល​អាច​ទទួលបាន​កញ្ចប់​ថវិកា​នេះ គឺ​ត្រូវ​បានកំណត់​ជា​ពលរដ្ឋ​ដែល​កំពុង​រស់នៅក្នុង​សង្កាត់​ ឬ​ឃុំ​មួយចំនួន​ក្នុង​ក្រុងកែប និង​ស្រុក​ដំណាក់​ចង្អើរ​នៃ​ខេត្ត​កែប និង​ឃុំ​មួយចំនួន​ក្នុងស្រុក​ទឹកឈូ និង​ស្រុក​កំពង់ត្រាច​នៃ​ខេត្តកំពត​​ដែល​កំពុង​ ឬ​ធ្លាប់​ប្រក​បរបរ​នេ​​សាទ ឬ​ជា​សមាជិកគ្រួសារ​។​

​តាម​ការប្រកាស​បានបញ្ជាក់​ថា​៖ «​ប្រភេទ​ទី​១ មាន​កញ្ចប់​ថវិកា ​១០០ ​ដុល្លារ ចំនួន ​៥០ ​កញ្ចប់ សម្រាប់​ការជំរុញ​ការ​លក់​របស់​អាជីវករ​។ ប្រភេទ​ទី​២ មាន​កញ្ចប់​ថវិកា ​២០០ ​ដុល្លារ ចំនួន​ ២៥​ កញ្ចប់ សម្រាប់​ការ​ផ្គត់​ផ្គង់​ឧបករណ៍ប្រើប្រាស់​ក្នុង​អាជីវកម្ម​។ ប្រភេទ​ទី​៣ មាន​កញ្ចប់​ថវិកា ៣០០ ​ដុល្លារ ចំនួន​ ២៥​ កញ្ចប់ សម្រាប់​ចាប់ផ្តើម​អាជីវកម្ម ​ឬ​ពង្រីក​អាជីវកម្ម និង​ប្រភេទ​ទី​៤ មាន​កញ្ចប់​ថវិកា​ ៥០០ ​ដុល្លារ ​ចំនួន ​២៥ ​កញ្ចប់ ទាក់​​ទង​នឹង​ការចាប់ផ្តើម ​ឬ​ពង្រីក​អាជីវកម្ម​»​។​

​លោក​ ថា​ន់ សាម​ឌី មន្ត្រី​គ្រប់​គ្រង​ផ្នែក​ផ្តល់​ទុនវិនិយោគ​នៃ​អង្គការ Aide et Action បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​នៅ​ថ្ងៃទី ​២៤ ខែកញ្ញា​ថា គិត​ត្រឹម​ថ្ងៃទី ​២៣ ខែកញ្ញា មាន​ពលរដ្ឋ ​១២៥ ​នាក់ ឬ​គ្រួ​សារបាន​ដាក់សំណើ​ ដើម្បី​ស្នើសុំ​កញ្ចប់​ថវិកា​ទាំងនេះ​ទៅតាម​ប្រភេទ​នីមួយៗ​។ លោក​បានឱ្យដឹងថា គម្រោង​នេះ ​គឺធ្វើឡើង​ដើម្បី​ចូលរួមចំណែក​លើក​​កម្ពស់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូល​​ដ្ឋា​ន​ក្នុង​តំបន់ឆ្នេរ​ក្នុង​ខេត្ត​កែប​និង​ខេត្តកំពត ឱ្យ​ប្រសើរឡើង​។

​លោក​ថា ពលរដ្ឋ​ដែល​បានដាក់​​សំណើ​គឺ​ត្រូវ​ឆ្លងកាត់​វគ្គប​ណ្តុះ​បណ្តាល​ ១ ​ថ្ងៃ​ជាមុនសិន មុននឹង​ក្រុមការងារ​វាយតម្លៃ​ក្នុងការ​​ផ្តល់​កញ្ចប់​ថវិកា​ដល់​ពួកគាត់​។

​លោក​ថា​៖ «​ថវិកា​យើង​នេះ​ គឺ​​មានមុខ​ព្រួញ​ដើម្បី​ជួយ​ទៅលើ​អាជីវករ​ដែល​ពឹង​ផ្អែកលើ​សេដ្ឋ​​កិច្ច​ក្រៅ​ប្រព័ន្ធ ​និង​អ្នក​ពឹង​អា​​ស្រ័យ​ទៅលើ​ផល​នេសាទ ព្រោះ​យើង​ឃើញ​មួយរយៈ​នេះ មាន​ផលប៉ះពាល់​នឹង​ការប្រែប្រួល​អាកាសធាតុ​ដែលនាំឱ្យ​ពួកគាត់​ធ្លាក់​ការរកចំណូល​...»​។​

​ទន្ទឹមនឹងនេះ លោក ថា​ន់​ សាម​ឌី ក៏​រំពឹង​ដែរ​ថា នៅពេល​អាជីវកម្ម​និង​ចំណូល​ពលរដ្ឋ ត្រូវបាន​ធានា នោះ​គ្រួសារ​របស់​ពួកគាត់​ក៏​នឹង​ធានា​ដល់​ការសិក្សា​របស់​កូនៗ​ដែល​នឹងមិន​ដាក់​សម្ពាធ​ដល់​ពួកគេ​ដែល​អាច​នឹង​បោះបង់​ការសិក្សា​។​

​លោក សុខ ឌី​ណា ជា​ពលរដ្ឋ​ម្នាក់​រស់នៅក្នុង​សហគមន៍​កែប​ដែល​បានស្នើ​កញ្ចប់​ថវិកា​ពង្រីក​​អាជីវកម្ម​បាន​ថ្លែងថា ដោយសារ​​ការលក់ដូរ​ស្ងប់ស្ងាត់ គ្មាន​ភ្ញៀវ​ចំណូល​ក៏​ធ្លាក់ចុះ​ដែរ​។ លោក​រំពឹងថា សំណើ​ដែល​លោក​ស្នើ​នេះ​នឹង​ទទួលបាន​ដើម្បី​យកទៅ​ទប់ទល់​ថ្លៃ​ចំណាយ​ដែល​កំពុង​តែមាន​ការខ្វះ​ខាត​។​

​លោក​ថា​៖ «​ខ្ញុំ​មិន​ចង់​បិទមុខ​​របរ​នេះ​ទេ ហើយ​បើ​បិទ​ទៅ ក៏​មិនដឹង​ទៅរក​ស៊ី​អ្វី​ដែរ​។ បើ​បាន​ថវិកា​ទាំងនេះ​យ៉ាងហោចណាស់​​ក៏បាន​បង្វិល​ថ្លៃដើម​បាន​បន្តិច​​បន្តួច​ដែរ​។ ខ្ញុំ​លក់​រាល់ថ្ងៃ​បាន​ចំណូល​តិច​ទៅៗ ពេលខ្លះ មិន​​បាន​ ១០​ ម៉ឺន​រៀល​ផង​។ អ៊ីចឹង​បើ​បានមក ខ្ញុំ​ក៏បាន​លុយ​បង្វិល​ទិញ​សម្ភារ​ចូល​បន្ត​»​។​

​តាម​លោក ​ថា​ន់ សាម​ឌី វគ្គបណ្តុះបណ្តាល​ពលរដ្ឋ​ដែល​ជាប់​ក្នុងការ​ដាក់សំណើ​ស្នើ​កញ្ចប់​ថវិកា នឹងធ្វើ​ឡើងទៅ​លើស​មា​​ជិ​ក​ប្រមាណ​ជិត​ពាក់កណ្តាល​នៅ​ថ្ងៃទី ​២៥ និង ​២៦ ខែកញ្ញា រីឯ​អ្នកស្នើ​ដទៃទៀត​នឹងត្រូវ​រៀប​​ចំ​ឱ្យទទួល​វគ្គ​បណ្តុះបណ្តាល​នៅ​ដើមខែ​ក្រោយ​៕