ភ្នំពេញៈ​​ អ្នក​រស់នៅ​ក្នុង​សហគ​មន៍​ស្មសាន​ក្នុង​ខណ្ឌ​ច្បារអំពៅ​ដែល កា​លពី​អំឡុង​ឆ្នាំ​ ១៩៩០​ នៅ​ទីនោះ​គ្រាន់​តែជា​ព្រៃកប់​ខ្មោច​ដែល​មាន​ម៉ុងខ្មោ​ច ​[ផ្នូរខ្មោ​ច] ប្រមា​ណជាង​ ១០០ ​ដ៏​ស្ងប់​ស្ងាត់ប៉ុណ្ណោះ ​ហើយក៏​គ្មាន​ផ្លូវ ​និងគ្មាន​ភ្លើង​អគ្គិសនី​សម្រាប់​ប្រើប្រា​ស់​ដែរ។

​​ក៏ប៉ុន្ដែ​បើទោះជា​កំពុង​រស់នៅ​លាយឡំ​​ជា​មួយ​ម៉ុង​ខ្មោច​នៅ​ឡើយ​ក្តី​ តែ​សហគ​មន៍​មួយ​នេះ​ត្រូវ​បាន​អភិវឌ្ឍ​ឱ្យ​មាន​ផ្លូវ​បេតុង​មាន​ភ្លើង​សូ​ឡា​បំភ្លឺ​នៅ​ពេល​យប់​ ខណៈ​បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​ជាង ​១០០ ​គ្រួសារ​កំពុងរស់នៅ​ទីនោះ​ទាំងមិនមានអារម្មណ៍ខ្លាចរអាអ្វីឡើយ។

កំពុង​អង្គុយ​លើ​កៅអី​ជ័រ​មួយដែលដាក់បន្ដុបលើកម្រាល​បេតុង​មាន​ស្លែ​កាន់​ និងពាក់អាវ​ដៃខ្លី​ពណ៌​ក្រហម​ចម្រុះ​លាយឡំនឹងផ្កា​ពណ៌​ខ្មៅ​ ដោយមានទាំងបង់ក​កន្សែង​និង​បួងសក់​ឡើងលើ​​ផង នោះ​ហើយគឺជា​ស្ត្រី​ម្នាក់​ក្នុងចំណោមប្រជាសហគមន៍​ជាង​១០០​គ្រួសារដែល​កំពុងរស់នៅ​លាយឡំ​ជាមួយ​នឹងម៉ុង​ខ្មោច។​

​អ្នក​ស្រី ​ស្រី អូន អាយុ​ ៣៤ ​ឆ្នាំ​បាន​រៀបរាប់ថា​សព្វថ្ងៃ​អ្នកស្រី​ និង​ស្វាមី​ប្រកប​របរ​លក់​នំគូឆាយ​រស់នៅ​លើ​អគារចំ​ណាស់​ ១ ខ្នង​ ជាមួយ​គ្រួសារ​ផ្សេងទៀត​នៅក្នុង​សហគមន៍​ស្ម​សាន​នៃ​ភូមិ​ដើម​ស្លែង ​១ ​សង្កាត់​ច្បារអំពៅ ​​២ ​ខណ្ឌ​ច្បារអំពៅ​។ ​អ្នក​ស្រី​ប្រាប់ថា នៅក្នុង​សហគមន៍​មួយ​នេះ​មាន​ម៉ុង​ខ្មោច​ជាច្រើន​ហើយបច្ចុប្បន្ន​​ក៏មានមនុស្ស​រស់នៅ​លាយ​ឡំ​ជាមួយ​ម៉ុង​ខ្មោច​​ច្រើន​ដែរ​។​

សម្រាប់​អ្នកស្រី​វិញ អ្នកស្រីគ្មាន​អារម្មណ៍​ខ្លាច​ខ្មោច​ទេ​ បើទោះជា​កាលពីមុន​អ្នកស្រីធ្លាប់​ត្រូវ​ខ្មោច​សង្កត់​ជា​ញឹកញាប់​ពេលកំពុងដេកលក់ក្តី​តែ​ឥឡូវ​គ្មាន​បញ្ហា​ដូចកាលនោះទៀតឡើយ​។ ​រឿងនេះ​អាច​ថា ​ប្រហែល​ពីមុន​មាន​មនុស្ស​រស់នៅ​តិច​ហើយ​សម្បូរ​ព្រៃ​ទើប​កើតមាន​រឿងបែបនេះក៏ថាបាន​។​

​អ្នកស្រី​បានពោលថា​៖ «​ពីមុន​ខ្ញុំ​ដេក​ត្រូវ​ខ្មោច​សង្កត់​ច្រើនដង​ណាស់​មិនមែន​តែម្តង​ទេ​​ខ្ញុំ​និយាយ​នេះជាការពិត​។​ ឥឡូវ​គ្មាន​អ្នកណា​គេ​ខ្លាច​ទៀត​ទេ​ ហើយ​ខ្ញុំ​ក៏​មិនដែល​ឃើញ​មានអី​ដែរ​។ ​ពួកយើង​រស់នៅ​ទីនេះ​មិន​ភ័យ​មិន​ខ្លាច​ខ្មោច​ទេ​»​។​

​រីឯស្ត្រី​ ១ រូប​ទៀត​ដែល​ស្នើសុំ​មិនបញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ ភ្នំពេញ ប៉ុស្ដិ៍ យ៉ាងខ្លី​ក្នុងពេលអ្នកស្រីកំពុងអង្គុយ​ក្នុង​អង្រឹង​យោល​នៅក្បែរ​នោះថា​ បញ្ហា​រស់នៅក្នុង​សហគមន៍នេះ ​គឺលែងមាន​អ្នកខ្លាច​ខ្មោច​ទៀតហើយ។​តែ​ជា​រៀងរាល់ខែ​មាន​ក្រុមគ្រូពេទ្យ​​ចុះមក​ពិនិត្យ​សុខភាព​ឱ្យ​អ្នកភូមិនៅ​ទីស្នាក់ការ​ភូមិ​តែ​អ្នកស្រី​ក៏មិនបានដឹងថា​គ្រូពេទ្យ​ទាំងនោះ​មកពី​ទីណា​ដែរ​​។​

​ជុំវិញ​បញ្ហា​នេះ​លោក​ខៀវ ជួង​ជា​មេភូមិ​ដើម​ស្លែង ​១ ​សង្កាត់​ច្បារអំពៅ​ ២ ​ខណ្ឌមានជ័យ​បាន​រំឭក​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ​កាលពីមុន​ឆ្នាំ ​១៩៧៥ ​កន្លែង​នេះ​ជាទី​ទួល​ ១​ ហើយ​មាន​ព្រះសង្ឃ​ធុ​តង្គ​ខ្មែរ​ ១ ​អង្គ​ គង់​សំណាក់​ធម៌​ និង​មាន​វិហារ​មួយ​ឈ្មោះថា ​(​ធម្ម​បោស​ថា​គារ​)​ កសាងឡើង​ក្នុង​ពុទ្ធសក​រាជ​ ២៥០៥​។​ លុះ​នៅ​ឆ្នាំ​ ១៩៧៩-១៩៨០ នៅ​ទីទួល​នោះ​ជា​ព្រៃស្តុក​គ្មាន​មនុស្ស​រស់នៅ​ឡើយ​។ ​ក្រោយៗ​មកទៀត​ប្រហែល​អំឡុង​ឆ្នាំ​ ១៩៨៥​ រហូតដល់​ឆ្នាំ​ ១៩៩៥​ មាន​បងប្អូន​ខ្មែរ​កាត់​ចិន​ ក៏ដូចបងប្អូន​ខ្មែរ​-​វៀតណាម​បាននាំគ្នា​យកស​ពម​កក​ប់​ធ្វើ​ម៉ុង​ជា​បន្តបន្ទាប់​។​ លុះ​ចាប់​ពី​ឆ្នាំ ​១៩៩៦ មក​គឺ​ខាង​អាជ្ញាធរ​មិន​អនុញ្ញាតឱ្យ​មានការ​យក​សាកសព​មក​បញ្ចុះនៅទីនោះទៀតឡើយ​ដោយសារ​ជា​ដី​គ្រប់គ្រង​ដោយ​រដ្ឋ​។​

​លោកបាន​ឱ្យដឹងថា លុះដល់​អំឡុង​ឆ្នាំ ​១៩៩៨​ មាន​ប្រជាពលរដ្ឋ​តែ​ជាង​ ២០​ គ្រួសារ​ប៉ុណ្ណោះ ​ដែល​មក​បោះ​តង់សង់​ជាខ្ទមរស់​នៅ​ទីនោះ​ហើយ​ការ​បញ្ចុះសព​ក៏​លែង​ឱ្យមាន​បន្តទៀត​ដែរ​។​ ក្រោយៗ​មកទៀត​ទឹកទន្លេ​ចេះតែ​ឡើង​ធ្វើឱ្យ​បាក់​ដីច្រាំង​ទើប​អ្នករស់នៅ​ជាប់មាត់​ទន្លេ​គ្មាន​ដីស​ង់​ខ្ទម​នៅ​ក៏​នាំគ្នា​មក​រស់​នៅលើ​ទីទួល​កប់ខ្មោច​លាយឡំ​ជាមួយ​ម៉ុង​ខ្មោច​រហូតទល់​សព្វថ្ងៃនេះ​។​

លោកបានបញ្ជាក់ថា បច្ចុប្បន្ន​នៅទីនោះមាន​ផ្នូរ​ខ្មោចបង​ប្អូន​ខ្មែរ​តិច​តួច​ប៉ុណ្ណោះ ឯក្រៅពីនោះ​ភាគច្រើនគឺ​ជាម៉ុង​ខ្មោចរបស់បងប្អូន​ខ្មែរ​កាត់វៀតណាម ​និង​បងប្អូន​ខ្មែរ​កាត់​ចិន​ដែលមាន​ជាង ​១០០ ​ម៉ុង​។​ ចំណែក​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ដែលកំពុងរស់នៅលាយឡំជាមួយផ្នូរខ្មោចបច្ចុប្បន្នមានជាង​ ១០០ ​គ្រួសារ​​។​

ចំពោះរបៀបរស់នៅវិញលោក ខៀវ ជួង​ បានអះអាងថា មាន​ពលរដ្ឋ​ខ្លះបាន​ធ្វើរបង​ឥដ្ឋ​ឬ​របង​ឈើ​ព័ទ្ធទាំងម៉ុងខ្មោចបញ្ចូលទៅក្នុង​បរិវេណ​ផ្ទះ​របស់គាត់​តែម្តង​ តែ​ជា​រៀងរាល់​ឆ្នាំមាន​សាច់ញាតិ​កូនចៅ​របស់​អ្នកស្លាប់​តែងតែមក​សែនព្រេន​ដូនតា​របស់​ពួកគេ​មិនដែល​ខកខាន​ឡើយ​។​

​លោក​ប្រាប់ថា​៖«​គេ​មក​សែន​រាល់​ឆ្នាំ​ឱ្យតែ​ដល់​ខែ​ឆេង​ម៉េង​ខែ​ចូលឆ្នាំ​ចិន​អីហ្នឹង​គេ​មក​ពេញៗ​ទី​ហ្នឹង​​អ្នកខ្លះ​រស់នៅ​លើដី​ម៉ុង​ហើយ​ចេះតែ​និយាយ​សុំ​គេ​យោគយល់គ្នា​រស់នៅ​បន្តទៀត​ទៅ​​ព្រោះ​ម៉ុង​ខ្លះ​នៅក្នុង​ផ្ទះ​តែម្តង​ដោយសារ​គាត់​ធ្វើ​ជញ្ជាំង​ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​របស់គាត់​តែ​ពេល​គេ​មក​សែន​ក៏​ចូល​សែន​ធម្មតា​អ៊ីចឹងទៅ​»​។​

​បើតាម​លោក មេភូមិ ខៀវ ជួង​ដោយ​មើលឃើញថា​តំបន់​នោះ​មាន​មនុស្ស​កាន់តែ​ប្រមូលផ្តុំ​រស់នៅ​ច្រើន​ទើប​​លោក​ម៉ាន់​ឈឿន​កាលពី​ជំនាន់​លោក​នៅ​ជា​អភិបាលរង​រាជធានី​ភ្នំពេញ​បាន​បង្កើត​តំបន់​នោះ​ឈ្មោះថា​សហគមន៍​ស្មសាន​។​ការបង្កើត​ជា​សហគម​ន៍​នេះ​ឡើង​គឺ​លោក​មានបំណង​ចងក្រង​គ្នា​ជា​ក្រុម​​ដើម្បី​ស្វះ​ស្វែងរក​អង្គការ​នានា​ធ្វើជា​ដៃគូ​ជួយ​ដល់​សហគមន៍​នេះ។​បច្ចុប្បន្ន​មាន​អង្គការ​នានា​រួម​នឹង​មណ្ឌល​សុខភាព​រដ្ឋ​បាន​ចុះជួយ​ពិនិត្យ​ព្យាបាល​សុខភាព​។ រីឯ​អាជ្ញាធរ​បានធ្វើ​ផ្លូវ​បេតុង​បំពាក់​អំពូល​ភ្លើង​សូ​ឡា​ប្រែក្លាយ​តំបន់​ដែល​ពីមុន​គ្មាន​ទឹក​ភ្លើង​គ្មាន​ផ្លូវ​បេតុង​​ឬប្រព័ន្ធ​ទឹកស្អាត​ឱ្យមាន​ភាពប្រសើររហូតមកទល់សព្វថ្ងៃ​ធ្វើឱ្យ​តំបន់​នោះមានសភាព​អ៊ូអរ​ ហើយអ្នករស់នៅទីនោះក៏លែង​គិត​ពីរឿង​ខ្លាចខ្មោចលង​អី​ទៀតដែរ​​។​

​លោក​បានបញ្ជាក់បន្ថែម​ថា​៖«​ឥឡូវនេះ​ជីវភាព​ពួកគាត់​ល្អ​ជាង​មុន​ព្រោះ​កាលពី​ជាង​១០​ឆ្នាំ​២០​ឆ្នាំមុន​អីគឺមានតែ​១​គ្រែៗ​ដំបូល​ស័ង្កសី​ឬ​ដំបូល​កៅស៊ូ​ទេ​​តែឥឡូវ​មានផ្ទះ​ត្រឹមត្រូវ​ជញ្ជាំង​ឥដ្ឋ​មាន​បង្គន់​មាន​បន្ទប់​ទឹកស្អាត​ហើយ​ខុស​ពីមុន​គ្មាន​ភ្លើង​គ្មាន​ទឹកស្អាត​អី​ប្រើប្រាស់​ត្រឹមត្រូវទេ​»​។​

​ពាក់ព័ន្ធ​នឹងវិស័យ​ថែទាំ​សុខភាព​វិញ​លោកខៀវ ជួង​​បានប្រាប់ថា ករណីនេះត្រូវបាន​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​យកចិត្តទុកដាក់​ធ្វើ​បណ្ណ​សមធម៌ [បណ្ណអ្នកក្រីក្រ]​ កម្រិត​ ១ ​និង​កម្រិត​ ២ ​ជូន​ពួកគាត់​អស់ហើយ​។​ដូច្នេះ​នៅពេល​គាត់​មាន​បញ្ហា​សុខភាព​ គឺ​ពួកគាត់​អាច​ទៅពិនិត្យ​សុខភាព​នៅ​មណ្ឌល​សុខភាព​ឬ​មន្ទីរពេទ្យបង្អែក​ដោយ​មិន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ឡើយ​។ លើសពីនោះ គឺក្នុង​ ១​ ខែៗ​មាន​ទាំង​ផ្នែក​សុខាភិបាល​រដ្ឋ​ និង​គ្រូពេទ្យ​អង្គការ​ចុះ​ទៅ​ពិនិត្យ​សុខភាព​ និង​ផ្តល់​ថ្នាំ​ព្យាបាល​ជូន​ពួកគាត់​ទៀតផង​ជាពិសេស​ គឺក្រុមកុមារតូចៗ​។​ ចំពោះ​ការកាន់កាប់​ដី​វិញ គឺ​ពួក​គាត់​មិន​មាន​លិខិត​អនុញ្ញាត​ឱ្យកាន់កាប់​ដី​នៅទីនោះជា​កម្មសិទ្ធិឯកជន​ឡើយ​។​

​លោក​​ សូ ជា ចៅសង្កាត់​ច្បារអំពៅ ​២ ​ខណ្ឌ​ច្បារអំពៅ​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ដែរ​ថា ​ប្រជាពលរដ្ឋនៅក្នុង​តំបន់​នោះ​ទទួលបាន​សេវា​សុខាភិបាល​សុខភាព​អនាម័យ​ និង​ផ្នែក​សង្គមកិច្ច​ពី​រាជរដ្ឋាភិបាល​កម្ពុជា​។​ ពេលនេះ​នៅក្នុង​សហគមន៍​ស្មសាន​ គឺ​ប្រជាពលរដ្ឋ​មាន​ផ្លូវ​មាន​ប្រព័ន្ធ​ទឹកស្អាត​ និង​មាន​បំពាក់​ភ្លើង​ប្រើប្រាស់​ជូន​ពួកគាត់​ប្រើប្រាស់​រួចហើយ​។​

លោកបានបញ្ជាក់ថា៖ «​ទាំង​ផ្នែក​សេវា​សុខាភិបាល​ទាំង​ផ្នែក​សង្គមកិច្ច​ គឺ​ប្រជាពលរដ្ឋ​រស់នៅក្នុង​សហគមន៍​នោះ​ទទួលបាន​អស់ហើយ​ក្នុងនោះ​ពួកគាត់​ក៏​កំពុង​ប្រើប្រាស់​បណ្ណសម​ធម៌​ព្យាបាល​ជំងឺ​ដោយ​មិន​អស់​ថវិកា​ផងដែរ​»៕