ភ្នំពេញៈ ក្នុងន័យ​ពង្រឹង និង​លើក​កម្ពស់​ការ​ផ្តល់សេវា​សាធារណៈ​ប្រកប​ដោយ​ប្រសិទ្ធភាព អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ (អគរ) កាលពីពេល​ថ្មីៗ​នេះ​បាន​ដាក់​ចេញ​សេចក្តីណែនាំ​មួយ​ចំនួន​ទៅ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​របស់​ខ្លួន​ឱ្យ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ប្រកប​ដោយ​ភាព​ទទួលខុសត្រូវ​លើ​ការផ្តល់​សេវា​សាធារណៈ ខណៈ អគរ គឺជា​ផ្នែក​សំខាន់​មួយ​ក្នុង​ការ​រក​ចំណូល​ថវិកាជាតិ។

សេចក្តីណែនាំ​របស់ អគរ ស្តីពី​ការពង្រឹង និង​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការផ្តល់​សេវាសាធារណៈ របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា កាលពី​ថ្ងៃទី​២០ ខែកញ្ញា បាន​លើក​ឡើងថា ក្នុង​គោល​បំណង​ពង្រឹង និង​លើក​កម្ពស់​ការ​ផ្តល់សេវា​សាធារណៈ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ (អគរ) ប្រកប​ដោយ​ប្រសិទ្ធភាព អគរ សូម​ធ្វើ​ការ​ណែនាំ និង​រំឭក​ដល់​អស់​លោក លោកស្រី ជា​ថ្នាក់ដឹកនាំ និង​មន្ត្រី​គយ និង​រដ្ឋាករ រួម​ទាំង​បុគ្គលិក​ជាប់​កិច្ច​សន្យា​ទាំងអស់ ត្រូវ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់​លើ​ការងារ​ផ្តល់​សេវាសាធារណៈ ដូចជា ១. ត្រូវគោរព​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​ម៉ោង​រដ្ឋបាល​បំពេញការងារ​។ ចំពោះ​មាត់ច្រក​សំខាន់ៗ​ដែលមាន​សកម្មភាព​ទំនិញ​នាំចេញ នាំចូល ត្រូវ​ចាត់ចែង​វេន​ប្រចាំការ​បំពេញភារកិច្ច​ទាំង​ថ្ងៃ ទាំងយប់ (២៤​ម៉ោង​) និង ២, ក្នុងពេល​បំពេញការងារ​ត្រូវប្រកាន់យក​អាកប្បកិរិយា​ថ្លៃថ្នូរ រួសរាយ​រាក់ទាក់ ចៀសវាង​ឱ្យបាន​នូវ​ពាក្យសម្តី និង​សកម្មភាព​អសីលធម៌​នានា​។​

​ចំណែក​ចំណុច​ទី​៣ គឺ​រាល់​ការប្រមូល​កម្រៃ​សេវាសាធារណៈ ត្រូវធ្វើឡើង​ស្របតាម​តម្លៃ​សេវា​ដែល​បានកំណត់​ក្នុង​តារាង​ឧបសម្ព័ន្ធ និង​ហាម​ដាច់ខាត​ការប្រើប្រាស់​សិទ្ធិ​និង​តួនាទី​របស់ខ្លួន​ក្នុងការ​ប្រមូល​កម្រៃ​ក្រៅផ្លូវការ​ដោយ​ខុសច្បាប់​, ទី​៤ ត្រូវធ្វើ​ការណែនាំ និង​រំឭក​ជាប្រចាំ​ដល់​មន្ត្រី​គយ និង​រដ្ឋាករ បុគ្គលិក​ដែល​បំពេញការងារ​ក្រោម​ឱវាទ​អំពី​ការងារ​ផ្តល់​សេវាសាធារណៈ ដោយ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​តាម​បទបញ្ជាផ្ទៃក្នុង អគរ និង​ក្រមសីលធម៌ និង​កិរិយាមាយាទ​មន្ត្រីរាជកា​រ​គយ និង​រដ្ឋាករ​កម្ពុជា​, និង​ទី ៥ ត្រូវធ្វើ​ការតាមដាន​ជាប្រចាំ​នូវ​សកម្មភាព​បំពេញការងារ​ផ្តល់​សេវាសាធារណៈ របស់​មន្ត្រី​គយ​និង​រដ្ឋាករ​/​បុគ្គលិក​ជាប់កិច្ចសន្យា​ទាំងអស់​។ ក្នុងករណី​ពិនិត្យឃើញថា មន្ត្រី​គយ​និង​រដ្ឋាករ បុគ្គលិក​ជាប់កិច្ចសន្យា​ណា​ម្នាក់​បាន​ប្រព្រឹត្ត​អាកប្បកិរិយា​មិន​សមស​រម្យ​ក្នុងពេល​ផ្តល់​សេវា ត្រូវធ្វើ​ការណែនាំ​ឱ្យ​កែលម្អ​ជាបន្ទាន់ ក្នុងករណី មិនមាន​ការកែលម្អ ត្រូវធ្វើ​របាយការណ៍​មក អគរ ដើម្បី​មាន​វិធានការ​ខាង​វិន័យ​។​

​លោក ហុង វណ្ណៈ អ្នកសេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការពង្រឹង​អភិបាលកិច្ច ការអនុវត្ត​ច្បាប់ និង​ការផ្តល់សេវា​ប្រកបដោយ​ភាព​ទទួលខុសត្រូវ និង​មាន​ក្រមសីលធម៌ គឺជា​អ្វីដែល​គ្រប់គ្នា​ចង់បាន​ខណៈ​កន្លងមក​លោក​ធ្លាប់​ឮ​ការ​ត្អូញត្អែរ​ជាច្រើន​របស់​អ្ន​ជាប់​កាតព្វកិច្ច​បង់ពន្ធ​។ ការផ្តល់​សេវាសាធារណៈ​ប្រកបដោយ​វិជ្ជាជីវៈ និង​ក្រមសីលធម៌ និង​ជួយ​លើកទឹកចិត្ត​អ្នក​ជាប់ពន្ធ​ទៅ​បង់ពន្ធ​កាន់តែច្រើន​តាមច្បាប់​កំណត់​។

លោក​បន្តថា ការទាមទារ​តម្លៃ​សេវា​លើស​ច្បាប់​កំណត់ ក៏​ជា​បញ្ហា​មួយ​ដែល​ទាមទារ​ឱ្យមាន​ការយកចិត្ត​ទុ​ដាក់ និង​ត្រូវ​លុបបំបាត់​ផងដែរ​។​

​លោក​ប្រាប់ទៀតថា​៖«​ការអនុវត្ត​ការប្រមូល​ចំណូល​ពន្ធគយ​តាមច្បាប់​កំណត់ និង​ប្រកបដោយ​ភាពថ្លៃថ្នូរ​របស់​មន្ត្រី​នឹង​អាចជួយ​ឱ្យ​រដ្ឋាភិបាល​ប្រមូល​ចំណូល​បាន​កាន់តែច្រើន​។ ចំណូល​ពន្ធគយ និង​ពន្ធដារ គឺជា​ប្រភព​ថវិកា​សំខាន់​របស់​រដ្ឋាភិបាល​សម្រាប់​យកទៅ​អភិវឌ្ឍ​ប្រទេស​»​។​

​នៅក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២៣ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា (​អគរ​) ប្រមូល​ចំណូល​បាន ២ ៣០២,៩​ពាន់​លាន​រៀល (​ប្រមាណ ៥៦៤,១​លាន​ដុល្លារ​) ថយចុះ ៥,២​ភាគរយ​បើ​ធៀប​នឹង​ចំណូល​ប្រមូលបាន​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២២​។ លទ្ធផល​នេះ​សម្រេចបាន ២០,៥​ភាគរយ​នៃ​ផែន​ការដែល​កំណត់ដោយ​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២៣​។

បើ​ពិនិត្យ​ចំណូល​តាម​ប្រភេទ​ពន្ធ និង​អាករ គឺ​អាករ​លើ​តម្លៃបន្ថែម មាន​ចំនួន ៩៤៩,៨​ពាន់​លាន​រៀល ត្រូវជា ៤១,២​ភាគរយ នៃ​ចំណូល​សរុប​, អាករ​ពិសេស ៧៥២,២​ពាន់​លាន​រៀល ត្រូវជា ៣២,៧​ភាគរយ​, ពន្ធគយ ៤៥៩,៥​ពាន់​លាន​រៀល ត្រូវជា ២០,០​ភាគរយ​, អាករ​បន្ថែម​លើ​ផលិតផល​ប្រេង ៨៧,៦​ពាន់​លាន​រៀល ត្រូវជា ៣,៨​ភាគរយ និង​អាករ​នាំចេញ និង​កម្រៃ​ផ្សេងៗ​មាន​ចំនួន ៥៣,៨​ពាន់​លាន​រៀល ត្រូវជា ២,៣​ភាគរយ​។​

​កាលពី​ឆ្នាំ​២០២២ ស្ថាប័ន​នេះ​រកចំណូលបាន ១០ ៩៩៨,៩​ពាន់​លាន​រៀល (​ប្រមាណ ២ ៦៩០,៥​លាន​ដុល្លារ​) កើនឡើង ១៨,៣​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០២១៕