ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​សហរដ្ឋ​អាមេរិក​សន្យាថា នឹង​គិតគូរ​រិះរក​មធ្យោបាយ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​អាមេរិក​ឱ្យ​ឈានឡើង​មួយកម្រិត​ទៀត ខណៈ​មន្ត្រីជាន់ខ្ពស់​​កម្ពុជា​លើកឡើងថា ទំនាក់ទំនង​កម្ពុជា​-​អាមេរិក នឹង​រឹតតែ​ប្រសើរ ប្រសិនបើ​ប្រទេស​ទាំង ​២ ​មាន​ផលប្រយោជន៍​រួម​កាន់តែ​ធំ និង​​កាន់តែច្រើន​។​

​ការសន្យា​នេះ​ធ្វើឡើង​ក្នុងជំនួប​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី វិច​​តូ​រី​យ៉ា នូ​លែ​ន (Victoria Nuland) អនុរដ្ឋមន្ត្រី​ការ​បរ​​ទេស​ស្ដីទី​សហរដ្ឋអាមេរិក នៅក្នុង​ឱកាស​នៃ​កិច្ចពិភាក្សា​ទូទៅ​នៃ​មហាសន្និបាត​លើក​ទី​៧៨ របស់​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​.) នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋ​​អាមេរិក កាលពី​ថ្ងៃទី​ ២២ ខែ​កញ្ញា ឆ្នាំ ​២០២៣​។​

​លោក ហ្ស​ង់ ហ្វ្រង់​ស័​រ​តាន់ រដ្ឋមន្ត្រី​ប្រតិភូ​​អម​នាយក​រដ្ឋ​មន្ត្រី​ទទួលបន្ទុក​កិច្ចការ​ការ​បរ​​ទេស និង​សហប្រតិបត្តិការ​អន្តរ​​ជាតិ​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​​មាន​នា​ថ្ងៃទី ​២៥ ខែកញ្ញា​ បន្ទាប់​​ពី​គណៈប្រតិភូ​រាជរដ្ឋាភិបាល​​កម្ពុជា បាន​មកដល់​កម្ពុជា ក្រោយពី​ចូលរួម​មហាសន្និបាត​នេះ​ថា ជំនួប​នេះ​ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​រាក់ទាក់​ស្និទ្ធស្នាល​និង​រីករាយ ដោយ​លោក​បញ្ជាក់ថា​៖ «​លោកជំទាវ​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​អា​មេ​រិ​ក​ស្តីទី​រូបនេះ​បាន​សន្យាថា នឹង​គិតគូរ រិះរក​មធ្យោបាយ ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​អា​មេ​រិ​ក​ឱ្យ​ឈានឡើង​មួយកម្រិត​ទៀត​»​។​

​លោក ហ្ស​ង់ ហ្វ្រងង់​ស័​រ​តាន់ ថ្លែងថា ក្នុងជំនួប​នោះ លោកស្រី​ នូ​លែ​ន បាន​នាំមក​នូវ​ដំណឹង​ល្អ​មួយ គឺ​សហរដ្ឋអាមេរិក​បានសម្រេច​ផ្តល់​ឡើងវិញ​ដល់​កម្ពុជា​នូវ​ទឹកប្រាក់ ​១៨ ​លាន​ដុល្លារ​ តាមរយៈ​ទីភ្នាក់ងារ​សហរដ្ឋ​អា​​មេ​រិ​ក ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ (USAID)​បន្ទាប់ពី​ជំនួយ​នេះ​ត្រូវបាន​ព្យួរ​ក្រោយ​ការបោះ​​ឆ្នោត​សកល​កាលពី​ខែកក្កដា​។​

​លោក​បន្តថា លោក ហ៊ុន ម៉ា​ណែ​ត បាន​ចូលរួម​ជា​អធិបតី​ក្នុង​វេទិកា​ធុរកិច្ច​សហរដ្ឋអាមេរិក​-​កម្ពុជា នៅ​ទីក្រុង​ញូវយ៉ក នា​ថ្ងៃទី​ ២២ ខែកញ្ញា ហើយ​មាន​គោលដៅ​បន្ត​បញ្ចុះបញ្ចូល​ធុរជន និង​វិនិយោគិន​អាមេរិក​ឱ្យមក​បន្ត​ដាក់ទុន​រកស៊ី​នៅក្នុង​ប្រទេស​​កម្ពុជា ខណៈ​ក្រុមហ៊ុន​អាមេរិក​ដែល​កំពុង​រកស៊ី​នៅ​ប្រទេស​​កម្ពុជា ​នៅមាន​ចំនួន​តិច​នៅឡើយ​។

លោក​ថ្លែងថា​៖ «ម្ល៉ោះ​ហើយ​សម្តេច​ធិបតី ​ហ៊ុន ម៉ា​ណែ​ត ​បាន​បន្ត​បញ្ចុះបញ្ចូល​ឱ្យ​វិ​និ​យោ​​គិ​ន​អាមេរិកាំង ឱ្យ​ធុរជន​អា​​មេ​រិ​ក​កាំ​ង​បន្ត​មក​ដាក់ទុន​រកស៊ី​នៅក្នុង​ប្រទេស​កម្ពុជា​។ ដូចដែល​ខ្ញុំ​ធ្លាប់​លើកឡើង​អ៊ីចឹង​ទំនាក់ទំនង​កម្ពុជា​-​អាមេរិក នឹង​រឹងរឹត​ពី​ប្រសើរ បើសិនជា​បណ្តើរៗ កម្ពុជា និង​អាមេរិក​មាន​ផល​ប្រ​យោជន៍​រួម​កាន់តែ​ធំ​មាន​ផល​​ប្រយោជន៍​រួម​កាន់តែច្រើន ទោះ​​ជា​ផលប្រយោជន៍​រួម​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​នយោបាយ ឬ​ភូមិ​​សាស្ត្រ​នយោបាយ​»​។​

​លោក​ថ្លែងប្រាប់​អ្នក​សារព័ត៌​មាន​ថា កម្ពុជា និង​អាមេរិក​មាន​ទំនាក់ទំនង «​ល្អ​គ្រាន់បើ​» ជា​​មួយ​គ្នា​មកទល់ពេលនេះ​។ ក្នុងជំនួប​នោះ ភាគី​ទាំង​ ២​ សុទ្ធតែ​សម្ដែង​នូវ​ឆន្ទៈ​ក្នុងការ​ធ្វើឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង ​២ «​រឹងរឹត​ពី​ប្រសើរ​» ហើយ​លោក​ពន្យល់ថា​៖ «​បានន័យថា ប្រសើរ​ហើយ​។ ឥឡូវ​ចង់​ធ្វើឱ្យ​រឹងរឹត​ពី​ប្រសើរ​»​។

​លោក ហ្ស​ង់ ហ្វ្រង់​ស័​រ​តាន់ បន្តថា ភាគី​ទាំង​ ២​ មិនទាន់បាន​និយាយ​ពី​វិធី ឬក៏​មធ្យោបាយ​ដើម្បីឱ្យ​ប្រទេស​ទាំង​ ២ ​ចាប់ដៃគ្នា​ឱ្យ​ជាប់​ដើរទៅ​តាម​ទិសដៅ​តែ​ ១ ​នោះទេ ហើយ​ថា​៖ «​ប៉ុន្តែ​ខ្ញុំ​យល់​​ឃើញថា យើង​គួរតែមាន​សុ​ទិដ្ឋិ​​និយម​ចំពោះ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​អាមេរិក​។ កម្ពុជា​តូច ខ្សោយ​។ អាមេរិក​ជា​កំពូល​មហា​​អំណាច​។ កម្ពុជា និង​អាមេរិក​ត្រូវរ៉ូវ​គ្នា និង​ចាប់ដៃគ្នា​រលាក់​យ៉ាង​កក់ក្តៅ​នៅពេលណា​ដែល​យើង​មាន​ប្រយោជន៍​រួមគ្នា​»​។

​លោក​បញ្ជាក់​បន្ថែមថា កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជ​កម្ម​វិ​និ​​យោគ និង​ទំនាក់ទំនង​រវាង​អា​មេ​រិ​ក និង​កម្ពុជា​នៅ​ឆ្នាំ ​២០២២ មាន​ប្រមាណ​ ១៣,៥ ​ប៊ី​លាន​ដុល្លារ ដែលជា​ទំហំ​ដ៏​ធំ ហើយ​អាច​រីក​ធំ​តទៅទៀត​។ នេះហើយ​ជា​កត្តា​កំណត់​ដែល​អាចធ្វើឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ «​បោះពួយ​ទៅមុខ​ល្អ​»​។​

​លោក យង់ ពៅ អគ្គលេខា​​ធិ​ការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ក​ត់​សម្គាល់ថា ការប្រកាស​ផ្តល់​ទឹកប្រាក់ ​១៨ ​លាន​ដុល្លារ​នេះ​ឡើងវិញ​របស់​សហរដ្ឋអាមេរិក ​គឺជា​សញ្ញាណ​វិជ្ជមាន​មួយ​។​ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង ​២ ​ហាក់​មាន​ការមិនយល់​គ្នា​ខ្លះ​នៅ​ចំណុច​មួយចំនួន​។ ទាល់តែ​មានការ​ជួប​ស​ន្ទ​នា​គ្នា និង​បំភ្លឺ​គ្នា​នោះ​ទើប​អាច​យល់​គ្នា​បាន​។​

​លោក​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នា​ថ្ងៃទី ​២៥ ខែកញ្ញា​ថា​៖ «​ដូច្នេះ​ខ្ញុំ​ក៏​ដូច​អ្នកវិភាគ ​ឬ​តាមដាន​ដទៃទៀត​ដែរ គឺ​លើកទឹកចិត្ត​រដ្ឋា​​ភិ​បាល​ទាំង​ ២ ​ឱ្យមាន​ជំនួប​ជា​មួយ​គ្នា បំភ្លឺ​គ្នា​នៅ​ចំណុច​ដែល​ការយល់ឃើញ​ផ្សេងគ្នា​ ដើម្បី​ជា​គុណប្រយោជន៍​នៃ​ទំនាក់ទំនង​ប្រទេស​ទាំង​ ២ និង​ប្រជាជន​ទាំង ​២»​។​

​លោក ហ្ស​ង់ ហ្វ្រង់​ស័​រ​តាន់ បាន​លើកឡើងថា ការវែកញែក​រឿង​មូលដ្ឋាន​យោធា​រាម​នៅ​ខេត្ត​ព្រះសីហនុ គួរ​ត្រូវ​បិទ​បញ្ចប់​ចាប់ពីពេលនេះ​ទៅ ខណៈ​កម្ពុជា​តាមរយៈ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​បញ្ជាក់ប្រាប់​អន្តរជាតិ​ថា កម្ពុជា​មិន​អនុញ្ញាត​ឱ្យមាន​មូលដ្ឋាន​យោធា​បរទេស​នៅ​ទឹកដី​ខ្លួន​ដែល​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​ជាតិ​នោះឡើយ​។​

​លោក​បាន​អះអាងថា ប្រមុខ​​រដ្ឋាភិបាល​កម្ពុជា​លោក ហ៊ុន ម៉ា​​ណែ​ត បាន​ប្រើប្រាស់​សុន្ទរកថា​នា​ឯ​មហាសន្និបាត​អង្គការ​សហ​​ប្រជាជាតិ​ជា​លើកដំបូង ដោយ​បញ្ជាក់​ទៅកាន់​ពិភពលោក​ថា កម្ពុជា​ប្រកាន់​ជំហរ​ឯករាជ្យ ​អព្យាក្រឹត ហើយ​កម្ពុជា​បញ្ជាក់​យ៉ាង​ម៉ឺងម៉ាត់​ថា ខ្លួន​មិន​អនុញ្ញាត​ឱ្យមាន​មូលដ្ឋាន​យោធា​បរទេស​នៅលើ​ទឹកដី​កម្ពុជា​ឡើយ​។​

​លោក ហ្ស​ង់ ហ្វ្រង់​ស័​រ​តាន់ ថ្លែងថា​៖ «​រឿងរ៉ាវ​ជជែក​គ្នា​ជុំវិញ​មូលដ្ឋាន​យោធា​រាម​អស់​រយៈ​​ពេល​ជាច្រើន​ឆ្នាំ​កន្លងមកហើយ ពេលនេះ​គួរតែ​បញ្ចប់ ត្រូវតែ​ចប់ ពីព្រោះ​នេះ​ជា​លើក​ទី​១ ​បង្អស់ នៅលើ​វេទិកា​មហាសន្និបាត​អង្គ​​ការ​សហប្រជាជាតិ ដែល​កម្ពុជា​តាមរយៈ​ស​ម្តេច​ធិបតី ប្រកាស​យ៉ាង​ចំហ​ទៅកាន់​ពិភពលោក ដោយ​យក​ពិភពលោក​ជា​កសិណ​​សាក្សី មិន​អាចមាន​ទៅរួច​ទេ នូវ​មូលដ្ឋាន​យោធា​បរទេស​នៅក្នុង​ប្រទេស​កម្ពុជា​»​។

​លោក​សង្កត់ធ្ងន់ថា បើសិន​ប៉ុន្មាន​ឆ្នាំ​ខាងមុខ កម្ពុជា​អនុ​​ញ្ញាត​ឱ្យមាន​មូលដ្ឋានទ័ព​បរ​​ទេស​ណាមួយ​នៅលើ​ទឹកដី​ខ្លួន​មែន​នោះ អព្យាក្រឹតភាព​របស់​ក​ម្ពុ​ជា​នឹងត្រូវ​បាន​រលាយ ហើយ​ពាក្យសម្តី​ថ្លែង​សារ​របស់លោក​ ហ៊ុន ម៉ា​ណែ​ត នៅ​អង្គការ​សហ​​ប្រជាជាតិ​នា​ខែកញ្ញា ឆ្នាំ​ ២០២៣ នេះ​ក៏​នឹងត្រូវ​រលាយ​ដូចគ្នា​។​

​លោក​បាន​បន្ថែមថា ប្រមុខ​​រដ្ឋាភិបាល​កម្ពុជា​បានប្រកាស​ជំហរ​តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ​លើ​នយោបាយ​ការបរទេស ពង្រឹង​មិត្តភាព​ដែលមាន​ស្រាប់ និង​ពង្រីក​មិត្តភាព​បន្ថែម បើកទ្វារ បើក​បេះដូង​។​

​លោក ប៉ា ចន្ទ​រឿន ប្រធាន​​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា គាំទ្រ​ការប្រកាស​នៅលើ​វេទិកា​របស់​មហាសន្និបាត​អង្គការ​​សហប្រជាជាតិ​ពី​សំណាក់​នាយក​​រដ្ឋមន្ត្រី​កម្ពុជា​ជុំវិញ​ការមិន​អនុ​​ញ្ញាត​ឱ្យមាន​មូលដ្ឋាន​បរទេស​លើទឹក​ដី​កម្ពុជា​នេះ ដែល​នេះ​ជាការ​បញ្ជាក់​ជំហរ​ជា​ផ្លូវការ​នៅលើ​ឆាក​អន្តរជាតិ ប៉ុន្តែ​លោក​ថា លោកខាងលិច​នឹង​នៅតែ​មិន​អស់ចិត្ត​លើ​រឿងនេះ​ទេ​។​

​លោក​ថា ក្រៅពី​ការប្រកាស​ជំហរ​ហើយ កម្ពុជា​គួរពិនិត្យមើល​យន្តការ​ណាមួយ តួយ៉ាង​ការត្រួតពិនិត្យ​ជារួម​ក្នុង​ក្រប​ខ័​ណ្ឌ​អន្តរជាតិ​នៅ​ទីតាំង​មូល​​ដ្ឋា​ន​ទ័ព​រាម​ផ្ទាល់ ដើម្បី​ជម្រះ​មន្ទិលសង្ស័យ​នេះ​បន្ថែម ហើយ​កម្ពុជា​ក៏​អាច​ប្រើប្រាស់​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ជា​សន្ធិសញ្ញា​អន្តរជាតិ​ដែលមាន​ចិន និង​សហរដ្ឋអាមេរិក​ជា​ហត្ថលេខី ដែល​បាន​ធានា​ដែន​អធិបតេយ្យ​​ភាព​កម្ពុជា និង​មិន​អនុញ្ញាត​ឱ្យមាន​មូលដ្ឋានទ័ព​បរទេស​នៅលើ​ទឹកដី​ខ្លួន ជា​យន្តការ​ច្បាប់​អន្តរជាតិ​។​

​គួររំឭកថា កាលពី​ខែមិថុនា ឆ្នាំ​ ២០២២ កន្លងទៅ កម្ពុជា និង​ចិន​បាន​បើក​ការដ្ឋាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​មូលដ្ឋាន​បញ្ជាការដ្ឋាន​ក​ង​ទ័ព​រាម នា​ខេត្ត​ព្រះសីហនុ ដែល​ការ​សាង​សង់​នេះ​នៅក្រោម​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ចិន ព្រមទាំង​មានប​ចេ្ច​ក​ទេស​សាង​​សង់​ដោយ​ក្រុម​កងទ័ព​រំដោះ​​ប្រជាជន​ចិន បានធ្វើ​ឱ្យមាន​ភាពចម្រូងចម្រាស​ក្នុង​រង្វង់​មតិ​អន្តរជាតិ ជាពិសេស​រវាង​សម្ព័ន្ធ​​មិត្ត​អាមេរិក និង​កម្ពុជា បន្ទាប់ពី​កម្ពុជា​សម្រេច​វាយកម្ទេច​អគារ​មួយ​ដែលជា​ជំនួយ​របស់​អាមេរិក​នៅ​មូលដ្ឋានទ័ព​រាម​នេះ ​កាលពី​ខែតុលា ឆ្នាំ ​២០២០​។

ចាប់ពីពេលនោះ​មក​សហ​រដ្ឋ​អាមេរិក​បាន​ចោទ​កម្ពុជា​ថា បានប្រគល់​សិទ្ធិផ្តាច់មុខ​នៃ​មូលដ្ឋានទ័ព​រាម​ឱ្យទៅ​ចិន ខណៈដែល​រដ្ឋា​ភិ​​បាល​កម្ពុជា និង​ចិន​បា​នប​ដិ​​សេធ​ជារឿយៗ​ចំពោះ​ការ​ចោទ​​ប្រកាន់​នេះ និង​ខណៈដែល​តាម​រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជា​បាន​ចែងថា មិន​អនុញ្ញាតឱ្យ​បរទេស​ណាមួយ​ដាក់​មូលដ្ឋានទ័ព​ខ្លួន​នៅលើ​ទឹកដី​កម្ពុជា​បានឡើយ​។​

​លោក អ៊ូ ច័ន្ទ​រ័ត្ន អនុប្រធាន​​គណបក្ស​កែទម្រង់​កម្ពុ​ជាថ្លែងថា ជា​រឿង​ល្អ​ដែល​កម្ពុជា​ប្រកាស​ជំហរ​ជា​អន្តរជាតិ ប្តេជ្ញា​មិនឱ្យ​មាន​មូលដ្ឋានទ័ព​បរទេស​លើ​ទឹកដី​ខ្លួន ដែលជា​កិច្ចសន្យា​ចំហ​សម្រាប់​ប្រទេស​ផ្សេងៗ​ទៀត​ដែល​ព្រួយបារម្ភ​រឿងនេះ​។ លោក​ខាងលិច​ចេះតែ​ទទូច និង​ព្រួយ​​បារម្ភ​ជុំវិញ​លទ្ធភាព​មូលដ្ឋានទ័ព​ចិន​លើ​ទឹកដី​កម្ពុជា​ដោយ​​សារ​កម្ពុ​ជាមាន​ទំនាក់ទំនង​ស្និទ្ធស្នាល និង​ស្អិតល្មួត​ជាមួយ​ចិន​៕