​ភ្នំពេញៈ កម្ពុជា និង​បណ្តា​​ប្រទេសមួយ​ចំនួន​ក្នុង​តំបន់​បាន​​បង្កើន​កិច្ចប្រឹងប្រែង​ក្នុងការ​​ពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រតិ​​ប​ត្តិ​កា​រលើ​វិស័យ​ព័ត៌មាន និង​ការផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំ​​ទូលាយ ដោយ​ក្នុងនោះ​ក៏មាន​ការពង្រឹង​ការប្រយុទ្ធប្រឆាំង​ព័​ត៌​​មាន​ក្លែងក្លាយ​ផងដែរ​។​

​ការប្តេជ្ញា​នេះ ធ្វើឡើង​ក្នុងជំនួប​ទ្វេភាគី​រវាង​លោក នេត្រ​ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​​កម្ពុជា និង​ភាគី​នៃ​បណ្តា​ប្រទេស​ទាំងនោះ​ក្នុងឱកាស​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទទួលបន្ទុក​ព័ត៌មាន​អា​​ស៊ាន​លើក​ទី​១៦ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទទួលបន្ទុក​ព័ត៌មាន​អាស៊ាន​បូក ៣ លើក​ទី​៧ នៅ​ទីក្រុង​ដា​ណា​ង ប្រទេស​វៀតណាម​ពីថ្ងៃ​ទី​ ២១ ដល់​ថ្ងៃទី ​២៤ ខែកញ្ញា​។​

​កិច្ចប្រជុំ​ទាំងនេះ​ធ្វើឡើង​ក្រោម​ប្រធានបទ «​ប្រព័ន្ធ​ផ្សព្វផ្សាយ​៖ ពី​ព័ត៌មាន​ទៅ​ចំណេះដឹង​សម្រាប់​អាស៊ាន​មាន​ភាព​ធន់ និង​ឆ្លើយ​​តប​» ដែល​ផ្តោតលើ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​បណ្តា​ប្រទេស​អាស៊ាន និង​ចិន ជប៉ុន និង​កូរ៉េ ទាក់ទង​នឹង​គម្រោង​មួយចំនួន​ដូចជា ការពង្រឹង​សមត្ថ​​ភាព ការអភិវឌ្ឍ​ធនធានមនុស្ស ការលើកស្ទួយ​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការលើកស្ទួយ​បណ្តាញ​ទំនាក់​​ទំនង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​

​លោក​ នេត្រ ភក្ត្រា កាលពី​ថ្ងៃ​​ទី ​២៣ ខែកញ្ញា ​បាន​ជួប​ជាមួយ​លោក Sun Yeli រដ្ឋមន្ត្រីក្រសួង​​ឃោសនាការ​នៃ​គណៈ​ក​ម្មា​ធិ​​ការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន ដោយ​ភាគី​ទាំង ​២ បាន​គូស​បញ្ជាក់​ពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យនេះ ឱ្យ​កាន់​មាន​ភាព​ទូលំ​​ទូលាយ​ថែមទៀត​។​

​រីឯ​ក្រោយ​ជួប​ជាមួយ​ភាគី​ថៃ លោក នេត្រ ភក្ត្រា បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី ​២៣ ខែកញ្ញា​ថា​៖ «​ខ្ញុំ​បានទទួល​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​សម​ភាគី​ថៃ​ដើម្បី​ពិនិត្យ​លើ​កិច្ច​សហ​ប្រតិ​​ប​ត្តិ​ការ​រវាង​ក្រសួង​ព័ត៌មាន​កម្ពុជា និង​ថៃ និង​ជាពិសេស​លើ​ការ​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយ​»​។​

​ចំណែក​ជំនួប​រវាង​លោក នេត្រ ភក្ត្រា ​និង​លោក Expedito Loro Dias Ximenes រដ្ឋមន្ត្រី​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​ទី​ម័​រ​ខាងកើត​ពីថ្ងៃ​ទី ​២២ ខែកញ្ញា ភាគី​ទី​ម័​រ​ខាងកើត​បានស្នើ​សុំ​កិច្ចសហការ​លើ​ការផ្លាស់ប្តូរ​បទ​ពិសោធន៍​និង​ដំណើរ​ទស្សនកិច្ច​របស់​អ្នកសារព័ត៌មាន​របស់​ទី​ម័​រ​ខាង​កើតមក​​កម្ពុជា ​ដើម្បី​ស្វែងយល់​ពី​វិស័យ​ព័ត៌មាន​នៅ​កម្ពុជា​។

​លោក ​នេត្រ ភក្ត្រា បានប្រកាស​ស្វា​គម​ន៍​ និង​បាន​ត្រៀមខ្លួន​ក្នុងការ​សហការ​​ជាមួយ​ប្រទេស​ទី​ម័​រ​ខាងកើត​។ ជាមួយ​​នោះ​ភាគី​ទាំង ​២ ក៏បាន​ពិភាក្សា​លើ​ការ​​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយ​ក្នុងសម័យ​​ឌីជីថល​ផងដែរ​។​

​ចំណែក​ក្នុងជំនួប​កាលពី​ថ្ងៃទី​ ២២ ខែកញ្ញា លោក នេត្រ ភក្ត្រា និង​លោក ​Ahmad Fahmi bin Mohamed Fadzil រដ្ឋមន្ត្រីក្រសួង​គមនាគមន៍​និង​ឌីជីថល​ម៉ាឡេស៊ី​ក៏បាន​បញ្ជាក់​ពី​កិច្ច​​សហប្រតិបត្តិការ​រវាង​ក្រសួង​ទាំង ​២ ​លើ​ទិដ្ឋភាព​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយ និង​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​លើ​កិច្ចការ​​ព័ត៌មាន​និង​ការផ្សព្វផ្សាយ​ផងដែរ​។

​ចំពោះ​ក្នុងជំនួប​ជាមួយ​សម​ភាគី​ម៉ាឡេស៊ី លោក នេត្រ ភក្ត្រា បាន​លើក​​ឡើង​ថា​៖ «​ក្នុង​បរិបទ​នៃ​សង្គម​ឌីជីថល និន្នាការ​នៃ​ការទទួល​ព័ត៌មាន​របស់​ប្រជា​ពលរដ្ឋ​បច្ចុប្បន្ននេះ​ពី​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទំនើប​ គឺ​បណ្តាញ​ទំនាក់ទំនង​សង្គម​ជាពិសេស​ពី​ហ្វេ​ស​ប៊ុ​ក​ និង​តិកតុក​។​

​ទន្ទឹមនឹង​ការ​ផ្តល់នូវ​ខ្លឹមសារ​សម្បូរបែប និង​មាន​ល្បឿន​លឿន បណ្តាញ​សង្គម​ក៏បាន​ធ្វើឱ្យមាន​បញ្ហា​នៃ​ការបំពុល​ព័ត៌មាន​តាមរយៈ​ការបង្កើត​ព័ត៌មាន​ក្លែងក្លាយ​ដែលមាន​ចេតនា​ទុច្ចរិត​»​។

​លោក​ថ្លែងថា ព័ត៌មាន​ក្លែងក្លាយ​បានធ្វើឱ្យ​ប៉ះពាល់​អវិជ្ជមាន​ដល់​ប្រជា​​ពលរដ្ឋ​ក្នុងការ​ទទួលបាន​ព័ត៌មាន​ត្រឹម​​ត្រូវ និង​ធ្វើឱ្យប៉ះពាល់​ដល់​សង្គម ហើយ​ពេលខ្លះ​បង្កើតជា​បញ្ហា​ចលាចល និង​បំផ្លាញ​កិត្តិយស​បុគ្គល ឬ​ធ្វើឱ្យ​មានការ​​យល់ច្រឡំ​ និង​បាត់បង់​ជំនឿ​ទុកចិត្ត​ផង​​ដែរ ហើយ​ករណីនេះ​ចាំបាច់​ត្រូវ​សហ​​ការ​គ្នា​ក្នុងការ​បង្ការ​និង​ទប់ស្កាត់​ឱ្យ​ខាង​​តែ​បាន​។​

​ក្នុងជំនួប​ទ្វេភាគី​រវាង​លោក នេត្រ ភក្ត្រា និង​លោក ង្វៀន ម៉ាញ់​ហុង រដ្ឋមន្ត្រី​ក្រ​សួង​ព័ត៌មាន​និង​គមនាគមន៍​វៀតណាម កាលពី​ថ្ងៃទី​ ២១ ខែកញ្ញា ភាគី​វៀត​​ណា​ម​បានប្រកាស​ស្វាគមន៍ និង​ត្រៀម​​ខ្លួន​ផ្តល់​ការគាំទ្រ​លើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​តាមរយៈ​ការបញ្ជូន​មន្ត្រី​ទៅ​បណ្តុះបណ្តាល​នៅ​សាលា​បណ្តុះ​​បណ្តាល​វិជ្ជាជីវៈ​សារព័ត៌​មាននៅ​កម្ពុជា​។

​ហ្វេ​ស​ប៊ុ​ក​ដដែល​បញ្ជាក់ថា​៖ «​រដ្ឋ​​មន្ត្រី​ក្រសួង​ព័ត៌មាន​នៃ​ប្រទេស​ទាំង ​២ ​បាន​ឯកភាព​លើ​ការងារ​សម្របសម្រួល​ក​សាង​ច្រក​ព័ត៌មាន​សម្រាប់​ប្រទេស​ទាំង​ ២ ​ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​គ្នា​ទៅវិញ​ទៅ​​មក​ និង​ធ្វើឱ្យ​ពលរដ្ឋ​ទាំង ​២ ​ទទួលបាន​ព័ត៌មាន​ពីគ្នា​ទៅវិញទៅមក​តាមរយៈ​ការសហការ​រៀបចំ​ដំណើរ​ទស្សនកិច្ច​ទៅវិញទៅមក​រវាង​ក្រុម​​អ្នកកាសែត​ខ្មែរ​នៅ​វៀតណាម​​ និង​អ្នកកាសែត​វៀតណាម​មក​​កម្ពុជា ​ដើម្បី​បង្កើន​ការផ្សព្វផ្សាយ​ព័ត៌មាន​ពីគ្នា​ទៅវិញទៅមក​»​។

​ក្នុងឱកាស​នោះ​លោក នេត្រ ភក្ត្រា និង​លោក ង្វៀន ម៉ាញ់​​ហុង បាន​ចុះហត្ថលេខា​លើ​អនុ​​ស្សរណៈ​យោគយល់​គ្នា ស្តីពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ព័​ត៌​​មាន ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សារព័ត៌មាន និង​ការ​​ផ្សព្វផ្សាយ​។​

​រដ្ឋមន្ត្រី​ទទួលបន្ទុក​ព័ត៌មាន​អាស៊ាន និង​អាស៊ាន​បូក ​៣ ​បាន​​ចេញ​សេចក្តីថ្លែងការណ៍​រួម​ដោយ​បញ្ជាក់ថា ក្នុងការ​ឆ្លើយតប​ទៅ​​នឹង​ទិដ្ឋភាព​នៃ​ការផ្លាស់ប្តូរ​យ៉ាង​​ឆាប់រហ័ស​នៃ​ព័ត៌មាន អង្គប្រជុំ​បាន​ជំរុញ​ឱ្យ​វិស័យ​សារព័ត៌មាន និង​ព័ត៌មាន​មាន​ភាព​ធន់ ​និង​ឆ្លើយ​​តប​កាន់តែ​រឹងមាំ​ ដើម្បី​ក្លាយជា​មធ្យោបាយ​សកម្ម​ស​ម្រា​ប់​ការ​សិក្សា​ពេញ ​១ ​ជីវិត និង​លើក​កម្ពស់​ការយល់ដឹង និង​អក្ខរកម្ម​ឌីជីថល​សម្រាប់​ពលរ​ដ្ឋ​អាស៊ាន​។​

សេចក្តីថ្លែងការណ៍​រួម​លើក​​ឡើង​ថា​៖ «​កិច្ចប្រជុំ​បាន​គូស​​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​​ផ្សព្វផ្សាយ​ទាន់ពេលវេលា ត្រឹម​ត្រូវ ផ្អែកលើ​ភ័ស្តុតាង និង​ព័​ត៌​​មាន​ដែល​អាច​ជឿទុកចិត្ត​បាន ដើម្បី​ផ្តល់ដំណឹង​ទៅដល់​សង្គម​កាន់តែ​ប្រសើរឡើង និង​ផ្តល់​សិទ្ធិអំណាច​ដល់​បុគ្គល សហ​​គម​ន៍ និង​សង្គម ព្រមទាំង​បាន​អំពាវនាវ​ឱ្យមាន​ការពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់ ដើម្បី​គាំទ្រ​ដល់​ការបង្កើត​បរិយាកាស​អន​ឡាញ​ដ៏​អំណោយផល​តាមរយៈ​ការជំរុញ​ឧត្តមភាព​នៃ​អក្ខរ​​កម្ម​ព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ព្រមទាំង​ផ្តល់​ទំនាក់​ទំនងជា​សា​​ធារ​ណៈ និង​ជា​យុទ្ធសាស្ត្រ​ប្រ​កប​ដោយ​ប្រសិទ្ធភាព​សម្រាប់​ប្រជាពលរដ្ឋ​»៕