ភ្នំពេញៈ ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការលុបបំបាត់​ការយកពន្ធ​ត្រួតគ្នា​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល (Double Taxation Agreement-DTA)​ ជាមួយ​ប្រទេស​ចំនួន ១១ រួចហើយ ដោយ​ក្នុងចំណោម នេះ មាន DTA ចំនួន ៩ កំពុងមាន​ប្រសិទ្ធភាព​អនុវត្ត​។​

​សម្រាប់ DTA រវាង​កម្ពុជា​-​តំបន់​រដ្ឋបាល​ពិសេស​ម៉ា​កាវ នឹងមាន​ប្រសិទ្ធភាព​អនុវត្ត​នៅ ខែមករា ឆ្នាំ​២០២៤ និង DTA រវាង​កម្ពុជា​-​តួ​ក​គី កំពុងស្ថិត​ក្នុងដំណាក់កាល​បញ្ចប់​នីតិវិធី​ចាំបាច់​នានា​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២៣ ស្តីពី​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់ និង​អនុក្រឹត្យ​ស្ដីពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ខេត្ត​ព្រះសីហនុ​។​

​សេចក្តីប្រកាស​ព័ត៌មាន​បាន​បន្តថា ការចរចា DTA ជាមួយ​ប្រទេស​ជា​ដៃគូ​វិនិយោគ​សំខាន់ៗ ធ្វើឡើង​ដើម្បី​បំពេញ​កាតព្វកិច្ច​ក្រោម​ក្របខ័ណ្ឌ​អាស៊ាន ទាក់ទាញ និង​សម្រួល​ការវិនិយោគ​និង​ពាណិជ្ជកម្ម​អន្ដរជាតិ ព្រមទាំង​ទប់ស្កាត់ និង​បង្ក្រាប​ការ​គេចវេះ​ពន្ធ​ទាំង​ក្នុង​ក្របខ័ណ្ឌ​ជាតិ និង​អន្តរជាតិ​។​

​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​នេះ លោក រ័ត្ន មុនី អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បានឱ្យដឹងថា DTA ចំនួន ១១ នោះ​រួមមាន​ជាមួយ សិង្ហ​បុរី ចិន ថៃ ប្រ៊ុយណេ វៀតណាម ឥណ្ឌូនេស៊ី តំបន់​រដ្ឋបាល​ពិសេស​ហុងកុង ម៉ាឡេស៊ី កូរ៉េខាងត្បូង តំបន់​រដ្ឋបាល​ពិសេស​ម៉ា​កាវ និង​សាធារណរដ្ឋ​តួ​ក​គី​។

​លោក​បាន​បញ្ជាក់ថា​៖«DTA រវាង​កម្ពុជា​-​តំបន់​រដ្ឋបាល​ពិសេស​ម៉ា​កាវ នឹងមាន​ប្រសិទ្ធភាព​អនុវត្ត​នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២៤​ខាងមុខ ខណៈ​DTA រវាង​កម្ពុជា​-​តួ​ក​គី កំពុងតែ​ស្ថិតក្នុង​ដំណាក់កាល​បញ្ច​ប់​នីតិវិធី​ចាំបាច់​នានា ដើម្បីឱ្យ​កិច្ចព្រមព្រៀង​នេះ​ចូល​ជា​ធរមាន និង​មាន​ប្រសិទ្ធភាព​អនុវត្ត​»​។​

​លោក ក៏បាន​លើកឡើង​ពី​សារៈសំខាន់​នៃ​ច្បាប់​និង​អនុក្រឹត្យ​ស្ដីពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​ក្របខ័ណ្ឌ​គតិយុត្ត​ដែលមាន​ភាព​អំណោយផល​សម្រាប់​ការទាក់ទាញ​ការវិនិយោគ និង​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ​សម្រាប់​ការវិនិយោគ​ឱ្យមាន​តម្លាភាព ភាព​គ្រប់​ជ្រុងជ្រោយ ភាព​ប៉ាន់ប្រមាណ​ទុកជាមុន​បាន ដោយ​គ្មាន​ការរើសអើង​និង​ការប្រកួតប្រជែង​ដោយ​ស្មើភាព ដើម្បី​ទាក់ទាញ​និង​លើកកម្ពស់​ការវិនិយោគ​សំដៅ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​នៅ​កម្ពុជា​។​

​លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​ប្រាប់ឱ្យដឹង​ដែរ​ថា កិច្ចព្រមព្រៀង​មិន​យកពន្ធ​ត្រួតគ្នា​នេះ មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​អ្នកវិនិយោគ ជាពិសេស​ប្រទេស​ដែលមាន​ពាណិជ្ជកម្ម​ធំៗ​ជាមួយ​កម្ពុជា គឺ​ទាមទារ​ឱ្យមាន​កិច្ចព្រមព្រៀង​នេះ​។​

​លោក​បាន​បញ្ជាក់ថា​៖«​នៅពេល​ដែលមាន​កិច្ចព្រមព្រៀង​នេះ វិនិយោគិន​ដែល​ចង់​បង្វិល​ប្រាក់ចំណេញ​ឱ្យ​ប្រទេស​គេ​វិញ គឺ​ត្រឹមតែ​១០​ភាគរយ​ប៉ុណ្ណោះ តែបើ​គ្មានទេ​ត្រូវ​បង់​ដល់​១៤​ភាគរយ​។ ដូចនេះ​នៅពេលដែល​កម្ពុជា មាន​កិច្ចព្រមព្រៀង​នេះ ជាមួយ​ប្រទេស​នានា​កាន់តែច្រើន នឹង​អាច​ទាក់ទាញ​ការវិនិយោគ​បន្ថែមទៀត​ដែរ​»​។​

​តួ​ក​គី គឺជា​ដៃគូ DTA ទី​១ ដែល​កម្ពុ​ជាមាន​ជាមួយ​ប្រទេស​នៅ​តំបន់​អឺរ៉ុប និង​ក៏​ជា​សមាជិក G20 ទី​៤ ដែល​កម្ពុ​ជាមាន DTA ជាមួយ​ផងដែរ​។ កិច្ចព្រមព្រៀង​ស្តី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា​នេះ គឺជា​ការបែងចែក​សិទ្ធិ​ក្នុងការ​យកពន្ធ​រវាង​គូភាគី នៃ​យុត្តាធិការ​ជា​ហត្ថលេខី ដែល​ម្ខាង​អាច​កម្រិត​ផ្នែក​ខ្លះ​នៃ​ការអនុវត្ត​ច្បាប់​និង​បទ​ប្បញ្ញត្តិ​ក្នុងស្រុក​ស្ដីពី​ពន្ធដារ ហើយ​នៅក្នុង​ដំណាក់កាល​នៃ​ការអនុវត្ត ដំបូង​អាចមាន​ផលប៉ះពាល់​ផ្ទាល់​ដល់​ចំណូល​ពន្ធ​របស់​ប្រទេស ដោយសារ​ការកាត់បន្ថយ​អត្រាពន្ធ​កាត់​ទុក​ដែល​ត្រូវអនុវត្ត​ចំពោះ​អ្នក​ជាប់ពន្ធ​អ​និវាស​ន​ជន​និង​ការបែងចែក​សិទ្ធិ យកពន្ធ​លើ​ប្រភេទ​ប្រាក់ចំណូល​មួយចំនួន​ឱ្យ​ប្រទេស​និវាសនដ្ឋាន​៕