ភ្នំពេញៈ ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្ដសត្វព្រៃ (Wildlife Alliance)​ បានបង្ហាញពីការប្តេជ្ញាថា នឹងរួមគ្នាបន្តពង្រឹងចំណងជាដៃគូអភិវឌ្ឍន៍ និងចូលរួមគាំទ្រក្នុងយុទ្ធសាស្ត្រចក្រារបស់ក្រសួងដើម្បីឈានទៅលើកកម្ពស់កិច្ចការពារបរិស្ថានឱ្យកាន់តែមាននិរន្តរភាព។

យោងតាមហ្វេសប៊ុករបស់ក្រសួងបរិស្ថាន ការប្តេជ្ញារបស់ភាគីទាំង២នេះ ត្រូវបានធ្វើឡើងតាមរយៈជំនួបពិភាក្សាការងាររវាងលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកស្រី SuwannaGauntlett នាយិកាប្រតិបត្តិនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(Wildlife Alliance)កាលទី២៥ ខែកញ្ញា ឆ្នាំ២០២៣។

ក្រសួងបានបញ្ជាក់ថា យុទ្ធសាស្ត្របញ្ចកោណដើម្បីកិច្ចការពារបរិស្ថានរបស់ក្រសួងបរិស្ថានរួមមាន យុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិកនៅតាមសាលារៀន តាមបណ្តារោងចក្រផ្សេងៗ និងការផ្តល់ដើមឈើចំនួនជាង១លានដើមជូនប្រជាពលរដ្ឋដែលមានតម្រូវការដាំ និងការលើកស្ទួយជីវភាពប្រជាសហគមន៍ តាមរយៈការជំរុញឱ្យមានក្រុមហ៊ុនវិនិយោគនៅក្នុងតំបន់ ដែលអាចជួយឱ្យប្រជាពលរដ្ឋរកចំណូលបានផងដែរ។

នាឱកាសនោះ លោក អ៊ាង សុផល្លែត បានថ្លែងអំណរគុណចំពោះអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក្នុងកិច្ចសហការ និងភាពជាដៃគូអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលនាកន្លងមក ដោយលោកអះអាងថា ក្រសួងបាននិងកំពុងអនុវត្តនៅក្នុងដំណាក់កាលទី១នៃយុទ្ធសាស្ត្របញ្ចកោណដើម្បីលើកកម្ពស់ការអភិរក្សនិងថែរក្សាបរិស្ថាននៅកម្ពុជាផងដែរ។

លោក អ៊ាង សុផល្លែត បានបន្តថា ក្រៅពីយុទ្ធសាស្ត្រទាំងអស់នេះក្រសួងក៏បានជំរុញឱ្យមានការដាំដុះដំណាំហូបផ្លែ ដាំស្រូវ និងដំណាំរួមផ្សំផ្សេងៗទៀត ដោយលោកបញ្ជាក់ថា ការធ្វើបែបនេះជាលទ្ធផល ប្រជាពលរដ្ឋមិនចូលព្រៃរកអនុផលព្រៃឈើដូចមុន ហើយពួកគាត់ក៏អាចមានហូបចុកនិងជីវភាពល្អប្រសើរផងដែរ។

ជាការឆ្លើយតប លោកស្រីSuwannaGauntlettបានសម្តែងមោទនភាពចំពោះលទ្ធផលដែលសម្រេចបានលឿន និងឆាប់រហ័សនេះ។ លោកស្រី បានបញ្ជាក់ថា៖«អង្គការនឹងបន្តជដៃគូអភិវឌ្ឍន៍ជាមួយក្រសួងបរិស្ថានបន្តទៀត ហើយនឹងចូលរួមគាំទ្រ ក្នុងយុទ្ធសាស្ត្រចក្រារបស់ក្រសួងដែលបានដាក់ចេញដើម្បីជំរុញការអភិវឌ្ឍលើកិច្ចការពារបរិស្ថានថែមទៀត»។

យ៉ាងណាមិញ ដើម្បីជំរុញឱ្យកិច្ចការពារបរិស្ថានកាន់តែមានប្រសិទ្ធភាព នាយិកាប្រតិបត្តិនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួននាពេលកន្លងមកនិងបានស្នើលោករដ្ឋមន្ត្រីឱ្យជួយសម្របសម្រួល និងជំរុញការអនុវត្តច្បាប់គ្រប់គ្រងតំបន់ការពារផងដែរ។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត បានគាំទ្រចំពោះសកម្មភាពបន្តកិច្ចសហការពីអង្គការក្រៅរាជរដ្ឋាភិបាល ដោយលោកចាត់ទុកការលើកកម្ពស់បរិស្ថាននៅកម្ពុជាថាជារឿងចាំបាច់។

លោកបានបញ្ជាក់ថា៖«បញ្ហាបរិស្ថានមិនមានតែកម្ពុជាទេដែលបានយកចិត្តទុកដាក់ សូម្បីតែពិភពលោកក៏កំពុងផ្តោតខ្លាំងលើការប្រែប្រួលអាកាសធាតុជាដើម ហេតុនេះដើម្បីឱ្យកិច្ចអភិរក្សបរិស្ថានមានប្រសិទ្ធភាព លុះត្រាតែមានការបើកឱកាសឱ្យគ្រប់ភាគីពាក់ព័ន្ធអាចបញ្ចេញយោបល់ និងស្តាប់យោបល់គ្នាទៅវិញទៅមកជុំវិញបញ្ហាបរិស្ថាន ហើយដោះស្រាយរួមគ្នា»។

ក្រសួងបរិស្ថានធ្លាប់បានលើកឡើងដែរថាដើម្បីសម្រេចបាននូវគោលបំណងជាយុទ្ធសាស្ត្រក្នុងកិច្ចការពារបរិស្ថាននៅកម្ពុជាឱ្យមានប្រសិទ្ធភាព ក្រសួងបាននិងកំពុងបន្តការធ្វើទំនើបកម្មស្ថាប័ន កែសម្រួលរបៀបរបបការងារ រដ្ឋបាលទំនើប និងការគ្រប់គ្រងហិរញ្ញវត្ថុ ធ្វើប្រតិភូកម្ម អំណាចនិងផ្ទេរមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ។

តាមរយៈសកម្មភាពទាំងនេះ ក្រសួងបរិស្ថាន ជឿជាក់ថា ប្រទេសកម្ពុជានឹងអាចសម្រេចចក្ខុវិស័យឆ្នាំ២០៣០ ក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់និងចក្ខុវិស័យឆ្នាំ២០៥០ក្លាយទៅជាប្រទេសមានប្រាក់ចំណូលខ្ពស់៕