ភ្នំពេញ : នៅក្នុង​បរិយាកាសបែប​ច្នៃ​ប្រឌិត​នៃសារមន្ទីរ​ដ៏​តូច​ចង្អៀត​ Metaestetica Lab@Museum ពិព័រណ៍​សិល្បៈ​ឆ្លុះ​បញ្ចាំងពី​​អតីតកាល និង​បច្ចុប្បន្ន​កាល​ត្រូវ​បាន​រៀបចំ​ឡើង​​។​

ពិព័រណ៍ ​«(​ទស្សនវិស័យ​) លើ​អនាគតកាល​​សម្រាប់​ថ្ងៃនេះ» ​បង្កើត​ឡើងវិញ​នូវ​ទស្សនៈ​ថ្មី​អំពី​អនាគត​ចំពោះ​​សិល្បៈ​សហ​សម័យ​នៅ​កម្ពុជា ហើយ​សារមន្ទីរ​បើកទ្វារ​​ជា​រៀងរាល់ថ្ងៃ​ចាប់ពី​ម៉ោង ១០ ព្រឹកដល់ម៉ោង ១១​ យប់​​សម្រាប់​អ្នក​​ស្វែងយល់ និង​ចូលរួម​ជាមួយ​​ស្នាដៃ​សិល្បៈ​ប្រកបដោយ​ចក្ខុវិស័យ​ទាំងនេះ​។​

​នៅទីនេះ បង្អួ​ច​ឈើ​ចាស់​ពណ៌​ទឹក​សមុទ្រ​ ត្រូវបាន​ដាក់​តាំង​ក្នុង​ស៊ុម​ ដែល​បាន​ប្រែក្លាយជា​ស្នាដៃ​ថ្មី​នៃ​សិល្បៈ​សហ​សម័យ​។ ​​វា​ព្យួរ​​​នៅលើ​ជញ្ជាំង​វិចិត្រសាល ​ជា​សក្ខីភាព​មួយ​ចំពោះ​ភាព​ទាក់ទាញ​​អ្នកទស្សនា​ឱ្យ​ចាប់ ផ្តើម​ដំណើរ​កម្សាន្ត​តាម​ពេលវេលា​។​

​ស្នាដៃ​បង្អួច​ចាស់​ក្នុង​ស៊ុម​ព្យួរ​លើ​ជញ្ជាំង​នេះកើត​ចេញ​ពី​គំនិត​សិល្បករ សួស សូ​ដាវី ដែល​ដកស្រង់​ក្នុង​ព្រឹត្តិការណ៍ A-N-T-O-P-I-A Phnom Penh 2023 នៅ​ Seekers រៀបចំ​ដោយ Metaestetica Lab និង Meta House ដោយ​បាន​សរសេរ​ថា​៖​ «​នៅ​ពេល​ដែល​អ្នក​ក្រឡេក​មើលទៅ​ក្រៅ​បង្អួច អ្នក​អាច​មើល ឃើញ​ពិភពលោក»​។

Metaestetica Lab@Museum គឺជា​ការខិតខំ​ប្រឹង​ប្រែង​ប្រកប​ដោយ​មហិច្ឆតា​ក្នុង​គោលបំណង​បង្កើត​សារមន្ទីរ​សិល្បៈ​សហ​សម័យ​តែ១គត់​នៅក្នុង​រាជធានី​ភ្នំពេញ​។​ ​

ពិព័រណ៍​សហសម័យ​ ត្រូវបាន​បង្កើតឡើង និង​គ្រប់គ្រង​ដោយ លោក កាឡូ សាន់តូរ៉ូ ​ជា​អ្នក​ទស្សនវិស័យ​នៅ​ពីក្រោយសារមន្ទីរ​ទំហំ​បន្ទប់​តែ ១០​ ម៉ែត្រការ៉េ​នៅក្នុង​មជ្ឈមណ្ឌល​វប្បធម៌​កម្ពុជា​-​អាល្លឺម៉ង់ ​​​​ដែល​គេ​ស្គាល់​ថា «Meta House» ដែល​បាន​ទទួល​ការ​​ឧបត្ថម្ភ​​​ពី​​សមាគម​ធុរកិច្ច​អ៊ីតាលី​-​កម្ពុជា (ICBA)​។​

លោក សាន់តូរ៉ូ​​ បាន​និយាយថា៖​ «បន្ទប់​តូច​ក្នុង​វិចិត្រសាល​ ត្រូវបាន​ប្រើប្រាស់​ជាសារមន្ទីរ​បណ្ដោះ​អាសន្ន ​Metaestetica Lab ដោយ​​ស្វាគមន៍​​រាល់​កិច្ច​សន្ទនា​​​អំពី​អត្ថន័យ និង​សារៈសំខាន់​នៃ​សិល្បៈ ក៏ដូចជា​ ​វប្បធម៌​ទាក់ទង​នឹង​ជីវិត​រស់នៅ និង​បទពិសោធន៍​ឌីជីថល​នៅក្នុង​សង្គម​សហ​សម័យ​ចម្រុះ​របស់​យើង»។​

​លោក​និយាយថា វា​រួមបញ្ចូល​ទាំង​ការស្រាវជ្រាវ ការចែករំលែក​ចំណេះដឹង សិក្ខាសាលា និង​ការបង្ហាញ​ពី​ការ​រកឃើញ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ​។ វា​បង្ហាញពី​ស្នាដៃ​​វីដេអូ ការបោះពុម្ព ការដំឡើង និង​ការងារ​សិល្បៈ​ដ៏​ល្អ​តាមរយៈ​ការចូល​រួម​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ និង​ការសម្តែង​ផ្ទាល់​។​

​នៅ​ផ្នែក​ខាងឆ្វេង​នៃ​ច្រកចូល​មាន​ផ្ទាំងគំនូរ​ដែល​ពិតជា​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នក​ដែល​ឆ្លងកាត់​។​ «សម្រែក​» របស់សិល្បករ​ តូ វុត្ថា ដើមឡើយ​មាន​ឈ្មោះថា «​អ្នកទោស​» នៅពេលដែល​វា​ត្រូវបាន​ដាក់តាំង​បង្ហាញ​នៅ​វិទ្យាស្ថាន​បារាំង​​​ឆ្នាំ ២០២៣​ គឺជា​ស្នាដៃ​​ដ៏​ទាក់ទាញ​មួយ​។​

​គំនូរ​ប្រេង​១​ម៉ែត្រ​កន្លះ​បួន​ជ្រុង​​ បង្ហាញ​ពីទម្រង់​មុខមនុស្ស​​ ដែល​​ហាក់ដូចជា​បាន​បញ្ចេញ​ការឈឺចាប់ និង​កំហឹងរក្សា​ទុក​​ជាច្រើន​ឆ្នាំ​។ អ្វីដែល​ធ្វើឱ្យ​គំនូរ​នេះ​កាន់តែ​ចាប់អារម្មណ៍​គឺ​ការផ្លាស់ប្តូរ​របស់​វា​ក្នុង​រយៈពេល​១ទសវត្សរ៍​។​

​​ស្នាដៃ​លោក វុត្ថា ស្វាគមន៍​​អ្នកទស្សនា​ឱ្យ​​គិត​អំពី​ការវិវត្ត​នៃ​អត្តសញ្ញាណ​របស់​បុគ្គល​ម្នាក់ និង​​ការ​បំបែក​ចេញពី​ស្រមោល​នៃ​អតីត​កាល ដែលជា​​​ការផ្លាស់ប្តូរ​គួរ​ឱ្យ​កត់​សម្គាល់​នូវ​បញ្ហា​​នៃ​ការឈឺចាប់ និង​ភាព​ធន់​។​

​ស្នាដៃ​សិល្បៈ​របស់លោក ឈឹម សុធី មាន​ចំណងជើង​ថា «ផលប៉ះពាល់​» ជាការ​ឆ្លុះបញ្ចាំង​​​លើ​ដំណើរ​ដ៏​ច្របូក​ច្របល់​របស់​ប្រទេស​កម្ពុជា​ក្នុង​សតវត្សរ៍​ទី ២១​។​

កើតចេញពី​លទ្ធផល​នៃ​សង្គ្រាមស៊ីវិល​ដ៏​បំផ្លិចបំផ្លាញ ប្រទេស​កម្ពុជា​នៅតែ​ជា​ដំណាក់កាល​នៃ​ជម្លោះ​សង្គម​ដ៏​ជ្រាលជ្រៅ​។​ ​នៅក្នុង​រូបភាព​ទម្រង់​មនុស្ស​​ចម្រុះ​នេះ ដែលមាន​ទំហំ១​ម៉ែត្រ​បួន​ជ្រុង​​ ​បាន​បង្ហាញ​ពី​ភាព​ស្មុគ​ស្មាញ​ដ៏​ប្រទាក់​ក្រឡា​។

​​ក្នុងចំណោម​រូបភាព​​ដ៏​ស្មុគស្មាញ​នេះ អ្នក​ទស្សនា​អាច​មើល​ដឹង​ពី​មនុស្ស​ម្នាក់ស្លៀក​​ខោ​ខូវប៊យ​ពណ៌​ខៀវ​ ​ជា​និមិត្តរូប​នៃ​ការភ្ជាប់​ទំនាក់​ទំនង​ផ្ទាល់ខ្លួន​របស់​វិចិត្រករ​ទៅនឹង​ទេសភាព​ទីក្រុង​ដែល​កំពុង​វិ​វត្ត​។​

ពិព័រណ៍ ​«(​ទស្សនវិស័យ​) លើ​អនាគតកាល​​សម្រាប់​ថ្ងៃនេះ» មាន​ទីតាំងនៅ Meta House ផ្ទះ​លេខ ៤៨ ផ្លូវ ២២៨ បង្ហាញ​ពី​ស្នាដៃ​ដ៏​គួរឱ្យ​​ចាប់អារម្មណ៍​របស់​សិល្ប​ករ​ដែលមាន​ទេពកោសល្យ រួមមាន សួស សូ​ដាវី​ លោក​ឈឹម សុធី លោក​​ តូ វុត្ថា​ លោក​ គុន វណ្ណៈ លោក វុទ្ធ លីណូ លោក លីម សុខចាន់​លីណា​ លោក ភេន រ៉ូប៊ីន លោក យ៉េន អេនធារ័ក្ស​, Ernst Altmann, Gregory Gosselin រូមទាំង​លោក កាឡូ សាន់តូរ៉ូ​ ក៏ដូចជា​សិល្បករ​ច្រើន​ទៀត​ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ A-N-T-O-P-I-A ភ្នំពេញ​៕