​ភ្នំពេញៈ អាជ្ញាធរ​ជាតិ​ព្រះវិហារ​ប្រកាស​ផ្អាក​ការចូល​ទស្សនា​រមណីយ​ដ្ឋា​ន​ប្រាសាទ​កោះ​កេរ នៅ​ថ្ងៃទី​ ២៩ ខែកញ្ញា ​ចាប់​​ពី​ម៉ោង ៧ ​ព្រឹក​ដល់​ម៉ោង ១២​ ថ្ងៃត្រង់​ថ្ងៃ ដើម្បី​រៀបចំ​ពិធី​​បួងសួង​កម្រិត​ថ្នាក់ជាតិ ក្នុងឱកាស​នៃ​ការចុះបញ្ជី​រមណីយ​ដ្ឋា​ន​ប្រាសាទ​កោះ​កេរ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។​

​លោក គង់ ពុទ្ធិការ អគ្គ​នាយក​នៃ​អាជ្ញាធរ​ជាតិ​ព្រះ​វិ​ហារ ថ្លែងថា អាជ្ញាធរ​ជាតិ​​ព្រះវិហារ​ចេញ​សេចក្តី​ជូន​ដំណឹង​សុំ​ផ្អាក​ត្រឹមតែ​ ១​ ព្រឹក​នៅ​ថ្ងៃទី ​២៩ ដែលជា​ថ្ងៃ​ប្រារព្ធ​កម្មវិធី​បួងសួង​ប៉ុណ្ណោះ​។​

​លោក​បញ្ជាក់ថា​៖ «​កម្មវិធី​​បួងសួង​នេះ ធ្វើឡើង​ក្នុង​គោល​បំណង​រំឭក​គុណ​ដល់​បុព្វបុរស និង​ព្រះមហាក្សត្រ​ដែល​បាន​កសាង​ប្រាសាទ​នេះ ដើម្បី​រក្សាទុក​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ រហូតដល់​បាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ហើយ​កម្មវិធី​បួងសួង​នេះ​ស្ថិតនៅក្នុង​កម្រិត​រាជរ​ដ្ឋា​ភិ​បាល​ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​កំពូលៗ របស់​ប្រទេស ដែល​តាម​ការគ្រោងទុក គឺមាន​ការ​អញ្ជើញ​ចូលរួម​ជា​អធិបតី​ពី​សំណាក់​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន​»​។

​លោក គង់ ពុទ្ធិការ បាន​ថ្លែង​ឱ្យដឹងទៀតថា ក្រោយ​ពេលដែល​ត្រូវបាន​ចុះបញ្ជី​ចាប់ពី​ថ្ងៃទី​ ១៧ ខែកញ្ញា ឆ្នាំ ​២០២៣ រហូតមកទល់​បច្ចុប្បន្ន​នេះ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​បាន​ចាប់អារម្មណ៍ និង​មក​ទស្សនា​មាន​ចំនួន​ច្រើន​គួរឱ្យកត់សម្គាល់​។

​លោក​បាន​ថ្លែងថា​៖ «​ពួក​គាត់​មក​ទស្សនា​ច្រើន និង​ថតរូប​ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​ពី​រមណីយដ្ឋាន​នេះ​។ និយាយ​ទៅ​មាន​ភាព​មមាញឹក​ដែរ ចាប់ពី​ថ្ងៃទី ១៧ រហូតមក មាន​ភ្ញៀវ​ចេញចូល​ច្រើន​។ យើង​រំពឹង​ដែរ នៅពេល​ក្រោយ​រៀប​ចំ​ពិធីបួងសួង​រួច យើង​នឹង​បន្តការងារ​ថែទាំ រៀបចំ​ការ​អភិ​វ​ឌ្ឍ​ទេសចរណ៍​ទៅតាម​ផែន​ការ​តាម​លទ្ធភាព​ថវិកា​របស់​រាជរដ្ឋាភិបាល និង​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ វិស័យ​ឯកជន ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​នេះ​»​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​កាលពី​ថ្ងៃទី​ ២០ ខែកញ្ញា ថា «​រមណីយ​​ដ្ឋា​ន​ប្រាសាទ​កោះ​កេរ ត្រូវបាន​ដាក់បញ្ចូល ជា​សម្បត្តិ​បេ​តិក​ភណ្ឌ​ពិភពលោក​» ដោយបាន​អំពាវនាវ និង​ជំរុញ​ឱ្យ​បន្ត​ថែរក្សា​វប្បធម៌​ខ្មែរ ដែល​ដូនតា​ជំនាន់​មុន បាន​បន្សល់ទុក​មក​។​

​លោកថ្លែងថា​៖ «​សូម​រក្សា​ការពារ​ឱ្យបាន​គង់វង្ស​ជា​រៀងរហូត ក្រោម​ម្លប់​នៃ​សន្តិភាព ដែលជា​ប្រជាជាតិ និង​ប្រជាជន​ខ្មែរ​គ្រប់​ស្រទាប់​ត្រូវ​សាមគ្គី​គ្នា​ថែរក្សា ទប់ស្កាត់​រាល់​សកម្ម​ភាព ដែល​បង្កើត​ភាពវឹកវរ​បង្កើត​សង្គ្រាម ដើម្បី​ភាព​រីក​ចម្រើន​រុងរឿង​ប្រទេសជាតិ​យើង ទាំង​បច្ចុប្បន្ន និង​អនាគត​»​។​

​នៅ​ថ្ងៃទី​ ១៧ ខែកញ្ញា ឆ្នាំ​ ២០២៣ រមណីយដ្ឋាន​ប្រាសាទ​​កោះ​កេរ ត្រូវបាន​ដាក់បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​រូបិយ​នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ​៕