​ភ្នំពេញៈ ​ក្រសួងមហាផ្ទៃ​កម្ពុជា​កំពុង​ពិនិត្យ​សេចក្តីព្រាង​អនុស្សរណៈ​នៃ​ការយោគយល់ ​(MoU)​ ស្ដីពី​កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់​ជាមួយ​ក្រសួងមហាផ្ទៃ​នី​ហ្សេ​រី​យ៉ា ដោយ​ឈរលើ​ស្មារតី​នៃ​ជំនួប​រវាង​អតីតរដ្ឋមន្ត្រី​មហា​​ផ្ទៃ លោ​កស ខេង និង​ឯកអគ្គ​​រដ្ឋទូត​នី​ហ្សេ​រី​យ៉ា ដែល​បានរៀបចំ​សេចក្តីព្រាង​បឋម​រួចរាល់​នាពេល​កន្លងទៅ​។​

​យោងតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួង​មហាផ្ទៃ ការពិនិត្យ​នេះ ធ្វើឡើង​កាលពី​ថ្ងៃទី​ ២៥ ខែកញ្ញា ឆ្នាំ​ ២០២៣ ដឹកនាំ​កិច្ចប្រជុំ​ដោយ​លោក ​អ៊ូច ចាន់​ណូ​រ៉ា អនុ​រដ្ឋ​លេខាធិការ​ក្រសួងមហាផ្ទៃ និង​មានការ​ចូលរួម​ពី​អគ្គនាយករង អគ្គលេខាធិការរង អនុប្រធាន​​ក្រុមប្រឹក្សា​នីតិកម្ម អនុប្រធាន​នាយកដ្ឋាន​ព្រមទាំង​មន្ត្រី​ពាក់​ព័ន្ធ​ជាច្រើនរូប​ផង​។

​បើតាម​ក្រសួងមហាផ្ទៃ លោក ​អ៊ូច ចាន់​ណូ​រ៉ា បាន​ត្រួតពិនិត្យ​និង​ផ្តល់យោបល់​លើ​សេចក្តី​ព្រាង MoU នេះ ក្នុងន័យ​បន្ត​ស្មារតី​សេចក្តីព្រាង​បឋម​ជុំវិញ​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួង​មហាផ្ទៃ​កម្ពុជា​​នេ​ហ្សេ​រី​យ៉ា ដែល​សម្រេច​ឡើង​ពី​ជំនួប​រវាង​លោកស្រី Folakemi I.Akinleye ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​នៃ​ប្រទេស​នី​ហ្សេ​រី​យ៉ា និង​លោក ស ខេង អតីតរដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃទី​ ២៨ ខែ​កក្កដា ឆ្នាំ ​២០២២​ កន្លងទៅ​។​

​ជុំវិញ​បញ្ហា​នេះ លោក​ យង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជាបាន​ថ្លែងថា នេះ​ជា​ដំណើរ​ល្អ​ក្នុងការ​ពង្រឹង និង​ពង្រីក​កិច្ចសហ ប្រតិបត្តិការ​ជា​​មួយ​បណ្តា​ប្រទេស​នានា​ក៏​ដូច​កិច្ចសហប្រតិបត្តិការ​ផ្នែក​អនុវត្តន៍​ច្បាប់​ជាមួយ​នី​ហ្សេ​រី​យ៉ា​នេះ​ជា​ដើម ដែលជា​ការបើក​ច្រក​អនុវត្តន៍​ច្បាប់​រវាង​ប្រទេស​ទាំង​ ២​។​

​លោក​បាន​បញ្ជាក់ថា​៖ «​កិច្ចសហប្រតិបត្តិការ​ផ្នែក​ច្បាប់​រវាង​ប្រទេស​ទាំង​ ២​ នេះ​នឹង​ផ្តល់​គុណ​ប្រយោជន៍​ដល់​ប្រទេស​ទាំង​សង​ខាង ពាក់ព័ន្ធ​ច្បាប់​អន្តោប្រវេសន៍ ច្បាប់​ឧក្រិដ្ឋកម្ម​ឆ្លងដែន ចរាចរណ៍​គ្រឿងញៀន សព្វាវុធ និង​បញ្ហា​ផ្សេងៗ​ទៀត​។ ការគិតគូរ​ទុកជាមុន ជា​រឿង​សំខាន់ ដើម្បី​មាន​មូលដ្ឋាន​ច្បាប់​ក្នុងការ​ធ្វើការ​រួមគ្នា​»​។​

​ទោះបី​កម្ពុជា​និង​នី​ហ្សេ​រី​យ៉ា​នៅ​ឆ្ងាយ​ពីគ្នា​ក្តី តែ​លោក​យង់​​ពៅ បាន​គាំទ្រ​ការចុះ​អនុស្សរណៈ​យោគយល់​ផ្នែក​អនុវត្ត​ច្បាប់​នៃ​ក្រសួងមហាផ្ទៃ​ប្រទេស​ទាំង​ ២​ ដើម្បី​អាចធ្វើ​ការរួម​គ្នា​បាន​ទាន់ពេល​វ​នៅពេល​ជួបប្រទះ​បញ្ហា​ណាមួយ​ក្នុង​ពេលខាងមុខ​។​

​ស្រដៀង​គ្នា​នេះដែរ លោក កង ឫទ្ធិ​គី​រី ជា​មេធាវី និង​ជា​សាស្ត្រាចា​រ្យ​ផ្នែក​ច្បាប់​ព្រមទាំង​ជា​អតីត​មេធាវី​តំណាង​ក្នុង​សំណុំរឿង ០១ នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ​(​អ​វ​តក​) បាន​សាទរ​ចំពោះ​កិច្ចសហប្រតិបត្តិការ​ផ្នែក​អនុវត្ត​ច្បាប់​រវាង​ប្រទេស​ទាំង​២ ដោយ​លោក​ថ្លែងថា​តាម​សង្កេតឃើញថា បច្ចុប្បន្ន​មាន​ពលរដ្ឋ​នី​ហ្សេ​រី​យ៉ា​ជាច្រើន​ធ្វើដំណើរ​មកកាន់​កម្ពុជា ដូច្នេះ​កិច្ចសហប្រតិបត្តិការ​នេះ​ជាការ​បង្ការ និង​ការពារ​លើ​ឧក្រិដ្ឋកម្ម ឬ​បទល្មើស​ជាយថាហេតុ​ណាមួយ​កើតឡើង​។​

​លោក​បាន​ប្រាប់ថា​៖ «​ការចុះ ​MoU គឺ​បង្កើន​ភាពងាយស្រួល​ផ្នែក​ច្បាប់​ដល់​ប្រទេស​ទាំង​ ២ ទោះបីជា​នី​ហ្សេ​រី​យ៉ា​នៅ​ឆ្ងាយ​ពី​កម្ពុជា​ឬ​ជា​ប្រទេស​តូចក្តី ដូចជា​បារាំង សហរដ្ឋអាមេរិក​ជាដើម​ក៏​មក​ចុះ MoU ជាមួយ​កម្ពុជា​នោះដែរ ក្នុង​គោលដៅ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​»​។​

​គួររំឭកថា នៅក្នុង​ជំនួប​រវាង​លោ​ក ស ខេង និង​លោកស្រី Folakemi I.Akinleye ​កាលពី​ឆ្នាំ ​២០២២ ​ភាគី​ទាំង ​២ បាន​ព្រមព្រៀង​ពង្រីក​កិច្ចសហ ប្រតិបត្តិការ​រ​វាង​ក្រសួងមហាផ្ទៃ​នៃ​ប្រទេស​ទាំង​ ២ ជាពិសេស​លើ​ការងារ​សន្តិសុខ ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ជាអាទិ៍​អំពើ​ជួញដូរ​មនុស្ស ការជួញដូរ​គ្រឿងញៀន​ខុសច្បាប់ និង​អំពើ​ភេរវកម្ម​ជាដើម​៕