​ភ្នំពេញៈ លោក​ អ៊ុម រម្យ​ណី រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បានឱ្យដឹងថា ក្រសួង​បាននិងកំពុង​សិក្សា​នៅតាម​សាលារៀន​រដ្ឋ​ចំនួន​ ៨ ​ទៀត ដើម្បីឱ្យ​អនុវត្ត​កម្មវិធីសិក្សា​សាលា​ជំនាន់​ថ្មី ​(NGS) ខណៈដែល​បច្ចុប្បន្ន​មាន​សាលា​ចំនួន​ ១១ ​ហើយ ដែល​កំពុង​អនុវត្ត​កម្មវិធីសិក្សា​សាលា​ជំនាន់​ថ្មី​បែប​ទំនើប​នេះ​។​

​នៅក្នុង​កម្មវិធី​គំនិត​ផ្តួចផ្តើម​ភាពជា​ដៃគូ​រៀនសូត្រ​រវាង​សាលា​ជំនាន់​ថ្មី និង​សាកលវិទ្យាល័យ​គ្រប់គ្រង​អាស៊ី​បូព៌ា នៅ​ព្រឹក​ថ្ងៃទី​ ២៦ ខែកញ្ញា ឆ្នាំ​ ២០២៣​ លោក អ៊ុម រម្យ​ណី បាន​ថ្លែងថា សាលា​ជំនាន់​ថ្មី​ទាំង​ ១១​ សាលា ​ដែល​បាននិងកំពុង​ដាក់ឱ្យអនុវត្ត​នេះ បានទទួល​ជោគ​ជ័យ​ស្ទើរតែ​ ១០០ ភាគរយ ទៅតាម​គោលដៅ​ដែល​ក្រសួង​បានកំណត់​។​

​សាលារៀន​មួយ មុននឹង​អាច​វាយតម្លៃ​បាន​ថា ជា​សាលា NGS ពេញ​លក្ខ​ណៈ​លុះត្រា​គោរព​ទៅតាម​គោលការណ៍​មូលដ្ឋាន ដែលជា​សូចនា​ករទាំង ២១ ​របស់​សាលា​។ តាម​គោលនយោបាយ​របស់​ក្រសួង ក្រសួង​ក៏​កំពុងតែ​រៀបចំ​សាលា ​៨​ សាលា​ទៀត នៅ​រាជធានី​និង​ខេត្ត​សំខាន់ៗ​ដូចជា រាជធានី​ភ្នំពេញ ខេត្តបាត់ដំបង ស្វាយរៀង និង​ខេត្ត​មួយចំនួនទៀត ដើម្បីឱ្យ​សាលា​ទាំងអស់ នេះ​ក្លាយទៅជា​សាល​ដែលមានលក្ខណៈ​ស្វ័យភាព ក្នុងការ​រៀបចំ​គ្រប់​គ្រង​សាលា​ដោយ​ខ្លួនឯង ធានាបាន​នូវ​គុណភាព​មួយ​ខ្ពស់ សម្រាប់​ជា​គ្រឹះ​ស្ថាន​ក្នុង​សិក្សា​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ឬក៏​ការចាប់យក​ឱកាស​ការងារ​ល្អ​។​

​លោក​បញ្ជាក់ថា​៖ «​សាលា ​៨ ត្រូវបាន​ជ្រើសរើស​រួច​ហើយ និង​កំពុងតែ​ចេញ​​ដំណើរ​ដែរ ដែល​ឯកឧត្តម​ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ​នឹង​ប្រកាស​ដាក់ឱ្យ​ដំណើរការ ក្នុងពេល​ឆាប់ៗ​ខាងមុខ​។ នៅពេលនោះ​ហើយ​ក្រុមការងារ​ជំនាញ​របស់​ក្រសួង​អប់រំ​នឹង​ចុះទៅ​បញ្ជ្រាប និង​បណ្តុះបណ្តាល​ដល់​ធន​ធាន​មនុស្ស ដែលមាន​ស្រាប់​នៅតាម​សាលា​ទាំងនោះ​»​។​

​បើតាម​លោក រម្យ​ណី ថវិកា​ដែល​ខាង​គម្រោង​ធនាគារអភិវឌ្ឍន៍អាស៊ី ​(ADB) អាចជួយ​បាន​គឺ​ក្នុង​កម្រិត​មួយ​សម្រាប់​ប្រើប្រាស់​ក្នុងពេល​ចាប់​អនុវត្ត​គម្រោង ដូចជា​ការចំណាយ​លើ​សម្ភារ​បរិក្ខារ​ជា​ដើម ប៉ុន្តែ​សម្រាប់​និរន្តរភាព​នៃ​ដំណើរ​​ការ​សាលា​ជំនាន់​ថ្មី​នេះ រាជរដ្ឋាភិបាល​បាន​វិនិយោគ​ស្ទើរតែ​ទាំងស្រុង​។​

​ក្រោម​គំនិត​ផ្តួចផ្តើម​ភាពជា​ដៃគូ​រៀន​សូត្រ រវាង​សាលា​ជំនាន់​ថ្មី​និង​សាកល​វិទ្យាល័យ​គ្រប់គ្រង​អាស៊ី​បូព៌ា លោក​សាស្ត្រាចារ្យ James Chua សាកល​វិទ្យា​ធិ​ការ នៃ​សាកលវិទ្យាល័យ​គ្រប់​គ្រង​អាស៊ី​បូព៌ា​បាន​ថ្លែង​ដែរ​ថា នេះ​ជា​លើកដំបូង​នៅក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា​ដែល​សាលារៀន​ជំនាន់​ថ្មី​ចំនួន ៥ បានរួម​សហការ​ជាមួយ​សាកលវិទ្យាល័យ​គ្រប់គ្រង​អាស៊ី​បូព៌ា ដើម្បី​ផ្តល់​ការអប់រំ​ប្រកបដោយ​គុណភាព​តាមរយៈ​អាហារូបករណ៍ និង​ការគាំទ្រ​ផ្សេងៗ​។

​លោក​បញ្ជាក់ថា​៖ «​សាកលវិទ្យាល័យ​គ្រប់គ្រង​អាស៊ី​បូព៌ា​នឹង​សហការ​ជាមួយ​សាលា​ជំនាន់​ថ្មី​ចំនួន​ ៥ ក្នុងការ​អនុវត្ត​សកម្មភាព​ស្នូល​ទាំង ​៤ គឺ អាហារូបករណ៍ ការឧបត្ថម្ភ​, ការគាំទ្រ​និង​ការចែករំលែក​ដែល​ហៅថា 4S ក្នុង​កិច្ច​សហប្រតិបត្តិ​ការ​នេះ​។ គំនិត​ផ្តួចផ្តើម​នេះ​នឹងត្រូវ​អនុវត្ត​រយៈពេល​ ៥ ​ឆ្នាំ ជាមួយនឹង​ការចំណាយ​ប្រមាណ​ ៥ ​លាន​ដុល្លារ​អាមេរិក​»​។​

​ជាមួយគ្នា​នោះដែរ លោក សៅ ចន្ថា នាយក​វិទ្យាល័យ​សម្តេច​អគ្គ​ធម្ម​ពោធិ​សាល​ជាស៊ីម ព្រែក​អញ្ចាញ បាន​ប្រាប់ឱ្យដឹង​ដែរ​ថា ការរីក​ធំធាត់​នៃ​កម្មវិធីសិក្សា​សាលា​ជំនាន់​ថ្មី​នៅតាម​គ្រឹះស្ថានសិក្សា​រដ្ឋ​នានា គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​ការពង្រឹង​វិស័យ​អប់រំ​កម្ពុជា​។​

​លោក​និយាយថា៖ «​ខ្ញុំ​គិតថា ការរីក​ធំធាត់​លើ​កម្មវិធីសិក្សា​សាលា​ជំនាន់​ថ្មី​នេះ ពិតជា​ផ្តល់នូវ​អត្ថប្រយោជន៍ និង​ផ្តល់នូវ​ភាពរឹងមាំ​ក្នុង​វិស័យ​អប់រំ​របស់​យើង​ពី​ពេលនេះ​ទៅ​អនាគត​។ សាលា​ជំនាន់​ថ្មី គឺជា​ការផ្លាស់ប្តូរ​បរិ​បទ និង​ផ្នត់គំនិត​ថ្មី​សម្រាប់​វិស័យ​អប់រំ​ដែល​យើង​សង្ឃឹមថា នឹងមាន​ការរីកចម្រើន ហើយ​សមត្ថភាព​ចំណេះដឹង ដែល​សិស្ស​ទទួលបាន​សមស្រប​នឹង​ពេលវេលា យុគសម័យ​ថ្មី​របស់​យើង​»​។​

​បើតាម​ក្រសួង​អប់រំ បច្ចុប្បន្ន​សាលា​ជំនាន់​ថ្មី​មាន ​១១ ​សាលា ដែល​បាននិងកំពុង​ដំណើរកា​រ ក្នុងនោះ​មាន​សាលាបឋមសិក្សា​ចំនួន​ ៤ និង​សាលា​មធ្យម​សិក្សា​ចំនួន​ ៧​។ សាលាបឋមសិក្សា​ទាំង​ ៤ មាន​៖ សាលាបឋមសិក្សា​ហ៊ុន សែន កំពង់ចាម ទី​រួម​ខេត្តកំពង់ចាម​, សាលាបឋមសិក្សា​ព្រះរាជអគ្គមហេសី ក្នុងស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​, សាលាបឋមសិក្សា​អង្គរ​បាន ស្រុក​កងមាស ខេត្តកំពង់ចាម និង​សាលាបឋមសិក្សា​ស្វាយជ្រំ នៅ​ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយ​រៀង​។

ចំណែកឯ​សាលា​មធ្យមសិក្សា​ទាំង​ ៧ រួមមាន​៖ វិទ្យាល័យ​ព្រះស៊ីសុវត្ថិ នៅ​ខណ្ឌដូនពេញ ក្នុង​រាជធានី​ភ្នំពេញ​, វិទ្យាល័យ ហ៊ុន សែន កំពង់ចាម ទី​រួម​ខេត្តកំពង់ចាម​, វិទ្យាល័យ​ព្រែកលៀប នៅ​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ​, វិទ្យា​ល័យ​សម្ដេច ជា ស៊ីម ព្រែក​អញ្ចាញ នៅមុខ​កំពូល​ខេត្តកណ្ដាល​, វិទ្យាល័យ ហ៊ុន សែន ពាមជីកង ខេត្តកំពង់ចាម និង​វិទ្យាល័យ​ព្រះ​យុគន្ធរ រាជធានី​ភ្នំពេញ​។​

​សូមជម្រាបថា រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​កម្មវិធី​សាលា​ជំនាន់​ថ្មី ផ្ដោតទៅលើ​មុខវិជ្ជា​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា​ (STEM) ដើម្បី​ជំរុញឱ្យមាន​អ្នកជំនាញ​ខាង​វិទ្យាសាស្ត្រ កាន់តែច្រើន​នៅ​កម្ពុជា​។ កម្មវិធី​នេះ ត្រូវបាន​ក្រសួង​អប់រំ ដាក់ឱ្យអនុវត្ត​សាកល្បង​នា​ឆ្នាំ​ ២០១៥​ មក​៕