ភ្នំពេញៈ​តាម​រយៈ​សារ​លិខិត​លោក​នាយ​ក​រដ្ឋមន្ត្រី​ ហ៊ុន​ ម៉ា​ណែត បាន​ចូលរួម​អបអ​រសាទរ​ទិវា​ទេស​ចរណ៍​ពិភ​ពលោក​ឆ្នាំ​២០២៣ ក្រោម​ប្រធាន​បទ​«​ទេសច​រណ៍ និង​ការវិ​និយោគ​បៃ​តង​» នា​ថ្ងៃទី​២៧​ ខែកញ្ញា ​ដោយ​បាន​បញ្ជាក់​ថា ក្រោម​យុទ្ធ​នាកា​រ​ឆ្នាំ​ទស្សនា​កម្ពុជា ​២០២៣​នេះ ​កម្ពុជា​រំពឹង​ទទួល​បាន​ទេស​ចរ​អន្ត​រ​ជាតិ​ប្រមាណ​ ៥​ លាន​នាក់​ កើន​ឡើង​ ១២០ ភា​គរយ​ និង​ទេស​ចរ​ជាតិប្រមាណ ​១៧​ លាន​នាក់ ​និង​ឆ្នាំ​២០២៨​ ទេស​ចរ​អន្តរ​ជាតិ​អាច​កើន​ដល់​ ៨​ លាន​នាក់​។​

​លោក​បាន​លើក​ឡើង​តាមរ​យៈ​សារ​លិខិត​ដដែល​ថា ប្រធាន​បទ​នៃ​ទិវា​ទេស​ចរណ៍​ពិភពលោ​ក​ឆ្នាំ​២០២៣​នេះ​ ពិត​ជា​បាន​គូស​រំលេច​កាន់​តែ​ច្បាស់​ថែម​ទៀត​ពី​តួនាទី​នៃ​វិស័យ​ទេស​ចរណ៍​ ក្នុង​ការ​ទ្រទ្រង់​ការអ​ភិវឌ្ឍ​សេដ្ឋ​កិច្ច​បៃតង ​ក៏ដូចជា​ការគិត​គូរ​ដល់​គំរូ​នៃ​ការ​វិនិ​យោគ​ថ្មី​ដើម្បី​អភិវឌ្ឍ​វិស័យ​ទេស​ចរណ៍​ប្រកប​ដោយ​ភាព​ធន់ បរិ​យាប័ន្ន និង​ចីរ​ភាព​កាន់​តែ​ប្រសើរ​។

​ប្រភព​ដដែលបា​នលើកឡើង​ថា ជាការ​ពិ​តណាស់ក្នុ​ង ​១​ ទសវត្ស​រ៍ ចុ​ងក្រោយ​នេះ ​វិស័យ​ទេស​ចរណ៍​កម្ពុជា​បាន​រីកលូត​លាស់​គួរ​ជាទី​មោ​ទនៈ ប៉ុន្តែ​ជា​អកុស​លការរី​កចម្រើន​វិស័​យនេះ ​ត្រូវបា​ន​បង្អាក់​ស្ទើរ​តែ​ទាំង​ស្រុង​ក្នុង​រយៈ​ពេល​ជាង​៣​ឆ្នាំ​ចុង​ក្រោយ​ ដោ​យសារ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​១៩​ ដែល​បង្ក​ផល​ប៉ះពា​ល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ការអ​ភិវឌ្ឍ​សង្គម​-​សេដ្ឋ​កិច្ច​ នៅ​ទូទាំង​សកល​លោក​។ជាការ​កត់​សម្គាល់ វិស័យ​ទេសច​រណ៍បា​ន​រង​ផល​ប៉ះពាល់​​ធ្ងន់​ធ្ងរ​ជាងគេដែ​ល​បាន​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង​ដល់​ប្រតិបត្តិ​ករ​ជាច្រើន​នៅ​ក្នុង​វិស័យ​នេះ​។​

​រយៈ​ពេល ​៨​ ខែ ឆ្នាំ​២០២៣​នេះ ​កម្ពុជា​បានទ​ទួលភ្ញៀ​វ​ទេសច​រអន្ត​រជាតិ​ចំនួន​ជាង​៣,៥​លាន​នាក់ ​កើនឡើង ​២៥០,​៨ ភាគរយ ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០២២ ​ ក្នុង​កម្រិត ​​៨០ ភា​គរយ នៃ​ឆ្នាំ​២០១៩ មុន​មាន​វិបត្តិ​​ជំងឺ​កូ​វីដ​១៩ ​។ រីឯ​ទេសចរ​ជាតិ​មាន​ប្រមាណ ​១២,៣៨ ​លាន​នាក់ កើន​ឡើង ​៦២,៥​ ភាគ​រយ​។

​លោក ​ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​ថា៖ «​ក្នុង​នាម​ជា​ប្រមុខ​រាជរដ្ឋា​ភិបាលនី​តិកាល​ទី​៧ នៃ​​រដ្ឋសភា ខ្ញុំ​សូម​ប្ដេជ្ញា​បន្ត​នូវ​វីរភាព​គំរូ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ការ​បន្ត​ស្តារ លើក​ស្ទួយ និង​អភិ​វឌ្ឍ វិស័យ​ទេស​ចរណ៍​ឱ្យ​កាន់​តែ​រីក​ចម្រើន​ថែម​ទៀត​»​។

​ដើម្បី​សម្រេច​បាន​ចក្ខុវិ​ស័យ​ទេស​ចរ​ណ៍តាម​រយៈ​ការ​ប្រែ​ក្លាយ​កម្ពុជា ជា​​គោលដៅ​ទេស​ចរណ៍​សកល​ឈាន​មុខប្រកប​ដោយ​ភាព​សម្បូរ​បែប ​លោ​កនាយក​រដ្ឋ​មន្ត្រី​បាន​ផ្តល់​ជា​អនុ​សាសន៍​មួយចំ​នួន ​ដោយ​ក្នុង​នោះ ​ត្រូវ​បង្កើន​កា​រវិនិយោគ​ និង​បន្ត​កសាង​មូល​ធន​មនុស្ស​,បង្កើន​ការវិនិ​យោគ​លើក​កម្ពស់​ប្រសិទ្ធ​ភាព​នៃ​ការ​គ្រប់​គ្រង និង​ការ​អភិវឌ្ឍ​ទេស​ចរណ៍​, ការ​ជំរុញ​បរិវត្ត​កម្ម​ឌីជី​ថល​, បន្ត​ជំរុញ​ចលនា​ទេសចរ​ផ្ទៃ​ក្នុង​និង​បន្ត​ផ្ដល់​កិច្ច​សហ​ការ និង​ជួយ​គាំទ្រ​ដល់​ក្រសួង​ទេស​ចរណ៍​ពី​សំណាក់​ស្ថា​ប័ន​ពាក់​ព័ន្ធ ​និង​ដៃគូ​អភិ​វឌ្ឍ​ន៍ទាំង​អស់​។​

​លោក​បាន​បញ្ជាក់​បន្ថែម​ថា ៖«​សូម​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ ដៃគូ​អភិវឌ្ឍ​ន៍ ផ្នែក​ឯក​ជន ​ជួយ​សហការ​គាំទ្រ​ក្រសួង​ទេស​ចរណ៍ ក្នុង​ការ​បន្ត​ពង្រឹង​ការ​អនុវត្ត​ផែន​ការ​អភិវឌ្ឍន៍​ធន​ធាន​មនុស្ស​ស្រប​តាម​យុទ្ធ​សាស្ត្រ​បញ្ច​កោណ​ ដំណាក់​កាល​ទី​១ ដោយ​ផ្តល់​អាទិ​ភាព​លើ​ការ​បណ្តុះ​បណ្តាល​ជំនាញ​ទេស​ចរណ៍​ដល់​បុគ្គល​បម្រើ​ការងារ​ក្នុង​សេវា​ទេស​ចរណ៍​នៃ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​»​។

​ទាក់​ទង​នឹង​វិស័យ​ទេស​ចរណ៍​នេះដែ​រ ក្រសួ​ងទេសច​រណ៍បាន​និងកំពុង​គិត​គូរ​អនុវត្ត​ការងារ​ស្នូល​ធំៗ​៣រួមមាន​៖​បង្កើត​ផលិត​ផល​ទេស​ចរណ៍​,ជំរុញ​បង្កើន​ឧស្សា​ហកម្ម​ទេស​ចរណ៍ ​ដែលមា​ន​កម្រិត​ស្តង់ដា​​ខ្ពស់ និង​ការខិតខំ​ផ្សព្វ​ផ្សាយ​ទីផ្សារ​ទេសច​រណ៍។ ក៏ប៉ុ​ន្តែការងារ​​ទាំង​នោះគឺ​​ទាមទា​រ​ឱ្យ​ភាគី​ពាក់​ព័ន្ធ​ចូលរួម​សហកា​រ​រៀបចំ​ដើម្បី​ធានា​បាន​នូវ​កិច្ចស​ហការ​ផ្តល់​សេវា​ល្អ មាន​គុណ​ភាព សុវត្ថិ​ភាព និង​ភាព​ទាក់​ទាញ​ ខណៈ​ចាប់ពី​ខែតុលា​ខាង​មុខ​ទៅ​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​ដែល​មក​ទស្សនា​កម្ពុជានឹ​ង​មាន​កំណើន​។​

​ក្នុង​ពេល​ជួប​ជា​មួយ​បណ្តា​សមាគ​ម​និង​ប្រតិប​ត្តិ​ករ​ទេ​សចរណ៍​កាល​ពី​ថ្ងៃទី​​២៦ ខែកញ្ញា លោក​ សុខ សូកេន​ រដ្ឋមន្ត្រី​ក្រសួង​ទេស​ចរណ៍ និង​ភាគី​ពាក់​ព័ន្ធ​ក្នុង​វិស័យ​ឯក​ជន​បាន​លើក​យក​បញ្ហា​គន្លឹះ​ដើម្បី​រួមគ្នា​ដោះ​ស្រាយ ​សហ​ការផ្តល់​សេវា​ទេស​ចរណ៍​ល្អ និង​ផ្សព្វ​ផ្សាយ​ពី​កម្ពុជា ឱ្យ​ក្លាយ​ជា​គោល​ដៅ​ទេសច​រណ៍​មួយ​សំខាន់​របស់​ពិភព​លោក​។ នេះ​បើតាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ទេសច​រណ៍​។​

​ដោយ​ឡែក​ លោក​ ធួន ស៊ីណាន ប្រ​ធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ហៅ​កាត់​(PATA) ប្រចាំ​កម្ពុជា ​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃទី​២៧ ​ខែកញ្ញា​ថា ​នេះ​ជា​ជំនួប​លើកដំ​បូង​របស់​វិស័យ​ឯកជន​​ផ្នែក​ទេសចរ​ណ៍​ជាមួ​យនឹង​រដ្ឋម​ន្ត្រីក្រសួង​ទេសចរណ៍​ថ្មី​ តែ​សមាគ​ម​និង​ប្រតិ​បត្តិ​ករ​ទេស​ចរណ៍ ​មិនទាន់​បាន​ជជែក​គ្នា​ពី​បញ្ហា​អ្វី​នៅ​ឡើយ​ទេ​។​

​បើ​ទោះជា ​លោក​រដ្ឋមន្ត្រី​ក្រសួងទេ​សចរ​ណ៍លើក​ឡើងថា ​ចាប់ពី​​ខែតុលា​​ទៅ ​ភ្ញៀវទេ​សចរ​អន្តរ​ជាតិដែ​លមក​ទស្សនា​កម្ពុជានឹ​ងមាន​កំណើន​ជា​បន្ត​បន្ទាប់​ឡើងវិ​ញក្ដី ​តែ​លោក​ ស៊ីណាន បាន​ថ្លែង​ថា លោក​មិនទា​ន់​អាច​និយាយ​ពី​កំណើ​ន​ភ្ញៀវទេ​សច​រ​នា​ខែតុ​លា​យ៉ាងណា​ទេ​ ដោយ​ត្រូវ​រង់ចាំ​មើល​ពី​ស្ថាន​ភាព​សិន​។​លោក​បាន​បន្ថែម​ថា វិស័យ​ទេសច​រណ៍​ឯកជ​នសព្វថ្ងៃ​ហាក់​មិន​បាន​រួញរា​ក្នុងកា​រ​ផ្សព្វ​ផ្សាយ​ពី​គោល​ដៅ​ទេស​ចរណ៍​របស់​កម្ពុជា​ទៅកាន់​ពិភពលោកដោយ​លើក​ហេតុ​ផល​ដូចៗ​គ្នា​ពី​ការ​ចំណាយ​។​

​លោក​ថា​៖«​ខ្ញុំ​សង្កេត​ឃើញ​ថា ​ប្រតិបត្តិ​ករ​ទេស​ចរណ៍ ឬ​អ្នករកស៊ី​​នៅ​ក្នុង​វិស័យ​ទេស​ចរណ៍​របស់​យើង​ហាក់​នៅ​អង្គុយ​​រង់ចាំ​ភ្ញៀវ ច្រើន​ជាង​រវៀសរវៃ​ទាក់​ទាញ​ភ្ញៀវ ​ដែល​នេះ ​ជា​ផល​វិបាក​មួយ​ក្នុង​វិស័យ​ទេស​ចរណ៍ ​យើង​សព្វ​ថ្ងៃនេះ​។ អ្នក​រកស៊ី​យើង​មួយ​ចំនួន រង់​ចាំតែ​​រដ្ឋាភិ​បាល​ធ្វើ តែ​មិន​ព្រម​ចូល​រួម​បង្កើន​សកម្ម​ភាព​ផ្សព្វ​ផ្សាយ​ទាក់​ទាញ​ដោយ​ខ្លួន​ឯង​»​។​

​លោក ​ធួន​ ស៊ីណាន បាន​បញ្ជាក់​ថា ៖ «​រឿង​នេះ វា​មិន​មែន​ជាការ​ទម្លាក់​បន្ទុក​ទៅខាង​ណា​ទេ រដ្ឋ​ជា​អ្នកចេញ​គោលន​យោបា​យ ឯក​ជន​ជា​អ្នក​ខិតខំ​ផ្សព្វផ្សា​យ ដោ​យ​ត្រូវ​ចូលរួម​ទាំង​អស់​គ្នា​ពី​គ្រប់ភាគី​ពាក់ព័​ន្ធ​ ដោយ​មិនត្រូវ​អង្គុយ​ត្អូញ​ត្អែរ​​នោះទេ​»​។​

​បើតាម​ប្រធាន​សមា​គម​ទេសច​រណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិក​រូបនេះ វិស័យ​ទេស​ចរណ៍​កម្ពុជា​មាន​ការ​ពឹង​ផ្អែក​ខ្លាំង​លើ​ប្រទេសជិត​ខាង​ ដែ​ល​នេះ​ធ្វើឱ្យ​កម្ពុជា​ខាត​បង់​ច្រើន ​ខណៈដែ​ល​វិស័យ​ឯកជន​ក្នុងស្រុក​មិន​ព្រម​បង្កើន​ការ​ប្រកួ​តប្រជែង​នៅលើ​ឆាក​អន្ត​រជាតិ ។​កត្តា​នេះ​មិ​នអាច​ធ្វើឱ្យ​វិស័យ​ទេស​ចរណ៍​កម្ពុជា​ស្មើមុ​ខស្មើមា​ត់​នៅ​លើ​ឆាក​អន្តរ​ជាតិ​បាន​ទេ​៕