ភ្នំពេញៈ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ា​ណែ​ត និង​លោក​ផា​ទ្រី​ក មើ​ហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី ​២៧ កញ្ញា បាន​ជួប​សំណេះសំណាល​គ្នា ដោយ​ក្នុងនោះ​ភាគី​ទាំង ​២ បាន​ប្តេជ្ញា​រួមគ្នា​បន្ត​ពង្រឹង​នូវ​ទំនាក់​ទំនង​និកិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត ដោយ​ក្នុង​នោះ​លោក​មើ​ហ្វី បាន​សង្កត់ធ្ងន់ថា​«​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ ២ ផ្តោតជាសំខាន់​ទៅលើ​ការ​ការ​ពារ​សេរី​ភាពជា​មូលដ្ឋាន និង​ការអនុវត្ត​គោលការណ៍​សិទ្ធិមនុស្ស​»​។

​ជំនួប​នេះ​ធ្វើឡើង​ប៉ុន្មាន​ថ្ងៃ បន្ទាប់ពី​លោក​ ហ៊ុន ម៉ា​ណែ​ត បាន​ជួបពិភាក្សា​ជាមួយ​លោក​ស្រី​វ៉ិ​ច​តូ​រី​យ៉ា នូ​ល​លែ​ន អនុ​រដ្ឋ​​មន្ត្រី​ការបរទេស​ស្ដីទី​សហរដ្ឋ​​អាមេរិក​នៅ​ទីក្រុង​ញូវយ៉ក អំឡុងពេល​មហាសន្និបាត​លើក​ទី​៧៨ របស់​អង្គការសហប្រជាជាតិ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ពី​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​នៅក្រោយ​ជំនួប​។​

​ក្នុងជំនួប​នេះ​លោក​ ហ៊ុន ម៉ា​ណែ​ត ក៏បាន​ថ្លែងអំណរគុណ​ដល់​ភាគី​អាមេរិក​ដែល​បាន​ផ្តល់ជំនួយ​ដល់​កម្ពុជា​ឡើងវិញ​តាម​រយៈ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ (USAID)​ ក្នុង​ទំហំ​ទឹកប្រាក់ ១៨ ​លាន​ដុល្លារ ដែល​បានប្រកាស​ផ្អាក​ក្រោយ​ការបោះឆ្នោតជាតិ​ខែកក្កដា កន្លងទៅ​។

​លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា៖ «​កម្ពុជា​នឹង​ប្រើប្រាស់​ជំនួយ​នេះ​សម្រាប់​វិស័យ​សំខាន់ៗ​ចំនួន​ ៤៖​ កែលម្អ​ការផ្ដល់សេវា​សុខាភិបាល​ទាំង​ក្នុង​ផ្នែក​រដ្ឋ និង​ផ្នែក​ឯកជន​,​ការពារ​បរិស្ថាន​ប្រកបដោយ​ចី​រ​ភាព​,​ការពារ និង​ការប្រយុទ្ធ​នឹង​ជំងឺរបេង និង​ចុងក្រោយ​គឺ​ការបណ្ដុះបណ្ដាល​ផ្នែក​សហគ្រិន​​ភាព​ដល់​យុវជន​កម្ពុជា​»​។​

​ក្រៅពីនេះ លោក​ ហ៊ុន ម៉ា​ណែ​ត និង​លោក​ ផា​ទ្រី​ក មើ​ហ្វី បាន​ឯកភាពគ្នា​លើ​ការបន្ត​សម្រប​សម្រួល​នីតិវិធី​លើ​ការធ្វើ​មាតុ​ភូមិ​និវត្តន៍​ពលរដ្ឋ​ខ្មែរ ដោយ​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​ដោយ​ការ​ព​ន្លឿ​ន​នីតិវិធី​លើ​ការកំណត់​អត្តសញ្ញាណ និង​ការរៀបចំ​បញ្ជូន​ការធ្វើ​សាមញ្ញ​កម្ម​នីតិវិធី​លើ​ការបញ្ជូន ជាពិសេស​ការរៀបចំ​ផែនការ​គាំទ្រ និង​ធ្វើ​សមាហរណកម្ម​ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើ​មាតុភូមិនិវត្តន៍​អាច​បន្ស៊ាំ​ជា​មួយ​សង្គម​កម្ពុជា​ឡើងវិញ​។​

​ជាមួយគ្នានេះ​ភាគី​កម្ពុជា​បាន​ជម្រាប​ភាគី​អាមេរិក ពី​ការយក​ចិត្ត​ទុកដាក់​លើ​ការរៀបចំ​សម្រួល​សមាសភាព​នៃ​គណៈកម្មការ POW/MIA ចំពោះ​បេសកកម្ម​ស្រាវជ្រាវ និង​ជីក​រុករក​អដ្ឋិធាតុ​ជនជាតិ​អាមេរិក​បាត់​ខ្លួន​ឱ្យទាន់​ពេលវេលា​និង​ជោគជ័យ​ប្រកបដោយ​កាយវិការ​គោរព​ដល់​ក្រុមគ្រួសារ​នៃ​យុទ្ធជន​ដែល​បាន​បាត់​ខ្លួន​។

​ខ្លឹមសារ​នៃ​ជំនួប​បាន​បញ្ជាក់ថា៖ «​កម្ពុជា​ និង​អាមេរិក ​បាន​ពិភាក្សាគ្នា​លើ​ការបន្ត​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ផ្សេងៗ​ទៀត និង​បាន​ប្តេជ្ញាចិត្ត​ក្នុងការ​ពង្រឹង​កិច្ចសហការ​នេះ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត ដើម្បី​ឧ​ត្ត​ម​ប្រយោជន៍​នៃ​ប្រទេស​ទាំង​ ២»​។​

​ជាមួយគ្នានេះ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បានលើកឡើង​ពី​ខ្លឹមសារ​នៃ​កិច្ច​ពិភាក្សា​រវាង លោក​ ផា​ទ្រី​ក មើ​ហ្វី ជាមួយ​លោក ហ៊ុន ម៉ា​ណែ​ត​ថា ប្រកបដោយ​ផ្លែផ្កា ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ទូលំទូលាយ​រួម​នៃ​ប្រទេស​ទាំង​ ២​។​

​សេចក្តីប្រកាស​បន្តថា លោក​ឯកអគ្គរដ្ឋទូត ក៏​លើកឡើង​ពី​ជំនួយ​ដែល​សហរដ្ឋអាមេរិក​ផ្តល់ជូន​កម្ពុជា​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៣ ​ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល​ ៣០​ ឆ្នាំ​ចុង​ក្រោយនេះ​។ ជំនួយ​ភាគច្រើន​ផ្តោតទៅលើ​ការអភិវឌ្ឍ​លើ​វិស័យ​សុខាភិបាល ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​។ លោក​ មើ​ហ្វី សង្កត់ធ្ងន់ថា​៖ «​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង ​២ ផ្តោតជាសំខាន់​ទៅលើ​ការការពារ​សេរី​ភាពជា​មូលដ្ឋាន និង​ការអនុវត្ត​គោល​ការណ៍​សិទ្ធិមនុស្ស​»​។

​លោក​ឯកអគ្គរដ្ឋទូត ក៏បាន​ជំ​រុញឱ្យ​រដ្ឋាភិបាល​កម្ពុ​ជា​ពិ​ចារ​ណា​លើ​នយោបាយ​ការទូត​ប្រកបដោយ​ឯករាជភាព​និង​តម្លាភាព ដោយ​ការថ្លឹងថ្លែង​ជាពិសេស ទៅលើ​ផលប្រយោជន៍​របស់​ប្រជាជន​កម្ពុជា និង​ជំរុញ​ឱ្យ​បង្កើន​សកម្មភាព​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ប្រឆាំង​ឧក្រិដ្ឋកម្ម​បោកប្រាស់​តាម​ប្រព័ន្ធ​អន​ឡាញ​។​

​លោក គិ​ន ភា ប្រធាន​វិទ្យា​​ស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិត្យសភា​កម្ពុជា បាន​សាទរ​ដែលមាន​ជំនួប​បែបនេះ ដែល​បង្ហាញ​ពីស​ញ្ញា​វិជ្ជមាន ប្រសិនជា​ភាគី​ទាំង​ ២ ពិត​ជាមាន​សុច្ឆន្ទៈ​ក្នុងការ​លើកកម្ពស់​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិ​​ការ​រវាង​ប្រទេស​ទាំង​ ២​ ពិតមែន​។

​លោក​បាន​ប្រាប់ថា ទំនាក់​ទំនង​រវាង​ប្រទេស​ ២ រវាង​រដ្ឋាភិបាល​ទាំង​ ២ គឺ​វា​ទាមទារ​ឱ្យមាន​សុច្ឆន្ទៈ និង​ការប្តេជ្ញាចិត្ត​រួមគ្នា មិនអាច​មានតែ​ភាគី​ម្ខាង ហើយ​ភាគី​ម្ខាង​ទៀត មិនមាន​សុច្ឆន្ទៈ មិនមាន​ភាពស្មោះត្រង់ វា​មិន​អាចធ្វើ​ទំនាក់ទំនង​មាន​ភាពប្រសើរ​បានទេ​។​

​លោក​ គិ​ន ភា​ថា៖ «​ជំនួប​នេះ​ល្អ​គឺ​ភាគី​ទាំង​ ២ ​អាច​ស្វែងយល់​ពីគ្នា​ទៅវិញទៅមក ស្វែងយល់​ទៅលើ​ផលប្រយោជន៍​រួម​នៃ​ប្រទេស​ទាំង ​២ អាចមាន​ចំពោះ​គ្នា​ទៅវិញទៅមក​ហើយ​អាច​ស្វែងយល់​ពី​ក្របខ័ណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិ​ការដែល​មិនទាន់​ពេញលេញ ហើយ​យើង​សម្លឹងមើល​ភាគី​ទាំង​ ២ ​អាចធ្វើ​អ្វី​បាន​ជាមួយគ្នា ដែល​នេះ​គឺ​ទាមទារ​ឱ្យមាន​ការជួបគ្នា ទាមទារ​ឱ្យមាន​ការជជែក​គ្នា​ហើយក៏​ទាម​ទារ​ឱ្យមាន​ភាពស្មោះត្រង់ ​គឺ​និយាយ​ត្រង់​ទៅ​ត្រង់​មក​»​។​

​ជាមួយគ្នា​នោះដែរ លោក គិ​ន​ ភា ក៏បាន​លើកឡើង​ដែរ​ថា កម្ពុជាចង់​មាន​ទំនាក់ទំនង​ល្អ ស្មោះត្រង់​ដោយ​គោរព​នូវ​ផល​​ប្រយោជន៍​អធិបតេយ្យ ឯករាជ្យ បូរណភាព​ទឹកដី ការមិន​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ផង​គ្នា​ទៅវិញទៅមក​ជាមួយនឹង​សហរដ្ឋអាមេរិក ប៉ុន្តែ លោក​មិន​ច្បាស់​ទេ​ថា តើ​សហរដ្ឋអាមេរិក ពិត​ជាមាន​ភាពស្មោះត្រង់ មានការ​ប្តេជ្ញាចិត្ត​នៅក្នុង​ទំនាក់ទំនង​របស់ខ្លួន​ជាមួយ​កម្ពុជា​ឬ​យ៉ាង​ណា​។

​លោក​បាន​សង្កត់ធ្ងន់ថា៖ «​បើ​និយាយ​ពី​ជ្រុង​វិជ្ជមាន នៃ​ជំនួប​នេះ ​គឺ​ការដែល​ភាគី​ទាំង​ ២ ​នេះ​បោះដៃ​រកគ្នា​គឺ​គ្រាន់តែ​ចូល​តុ​និយាយ​គ្នា នេះ​គឺជា​ភាព​វិ​ជ្ជ​មាន​មួយ​ស្រាប់​ទៅហើយ​បើសិនជា​យើង​មិន​ជួបគ្នា​សោះតែ​បែរ​​ជា​នាំគ្នា​ផ្ញើ​សារ​តែ​តាម​សារព័ត៌​​មាន​»​។

លោក​ គិ​ន ភា បន្តថា៖ «​ខ្ញុំ​គិតថា ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា​គឺ​ល្មម​ឈប់​ផ្ញើ​សារ​នយោបាយ​តាមរយៈ​សារព័ត៌មាន គួរតែ​ជួបគ្នា​ដោយផ្ទាល់ ហើយ​និយាយ​ពីអ្វី​ដែលជា​កង្វល់​របស់​ខ្លួន​រៀងៗ​ខ្លួន អ្វី​ដែលជា​ផលប្រយោជន៍ ជា​យុទ្ធសាស្ត្រ​របស់ខ្លួន​រៀងៗ​ខ្លួន និង​អ្វីដែល​អាច​លើកស្ទួយ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២​ បាន​។ ឈប់​ផ្ញើ​សារ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​»៕​