​ភ្នំពេញៈ អាជ្ញាធរ​ជាតិ​អប្សរាឱ្យដឹងថា ជាគោលការណ៍​ការថតរូប​ភាព ឬ​វីដេអូ សម្រាប់​ចង​ក្រង​ជា​អនុស្សាវរីយ៍​ផ្ទាល់ខ្លួន ឬ​លក្ខណៈ​ទេសចរណ៍ នៅតាម​ប្រាសាទ​នានា​ក្នុង​រមណីយ​​ដ្ឋា​ន​អង្គរ គឺ​មិនមាន​ការហាម​ឃាត់ ហើយក៏​មិនមាន​ការបង់ប្រាក់​ដែរ​។​

​អាជ្ញាធរ​ជាតិ​អប្សរា បានប្រកាស​ដូចនេះ បន្ទាប់​ពីសា​ធារ​ណ​ជន ជាពិសេស​អ្នក​ចូលចិត្ត​ថតរូប បាន​បញ្ចេញមតិ​នៅលើ​បណ្តាញ​សង្គម ដោយ​លើក​ឡើង​ថា អាជ្ញាធរ​ជាតិ​អប្សរា មានការ​រឹតត្បិត​ចំពោះ​ការថត​វីដេអូ ឬ​ថតរូប​នៅតាម​ប្រាសាទ​នានា​ក្នុង​រមណីយដ្ឋាន​អង្គរ ទោះបីជា​ពួកគេ​ថត​បែប​លក្ខណៈ​អាពាហ៍ពិពាហ៍​ទេសចរណ៍ ឬ​ចងក្រង​ជា​អនុស្សាវរីយ៍​ផ្ទាល់​ខ្លួន​ក្តី​។​

​អាជ្ញាធរ​ជាតិ​អប្សរា បានបញ្ជាក់​តាមរយៈ​សេចក្តី​ជូន​ដំណឹង​ចុះ​ថ្ងៃទី​ ២៦ ខែកញ្ញា​ថា ជាគោលការណ៍ មិនមាន​ការ​ហាមឃាត់​ទេ ចំពោះ​ការថត​រូបភាព ឬ​វីដេអូ សម្រាប់​ចង​ក្រង​ជា​អនុស្សាវរីយ៍​ផ្ទាល់ខ្លួន ឬ​លក្ខណៈ​ទេសចរណ៍ ដើម្បី​ផ្សព្វផ្សាយ​សិល្បៈ និង​វប្បធម៌ ឱ្យ​ពិភពលោក​បាន​ស្គាល់​ពី​ភាព​ទាក់ទាញ និង​សម្បត្តិ​​វប្បធម៌​ដ៏​អស្ចារ្យ​របស់​កម្ពុជា​។​

​ប្រភព​ដដែល​បន្តថា​៖ «​ជាក់​​ស្តែង ការថត​រូបភាព និង​វីដេអូ តាម​ទម្រង់​ទាំងនេះ ត្រូវបាន​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ បង្ហោះ​ផ្សព្វផ្សាយ​នៅតាម​បណ្តាញ​សង្គម​នានា ដូចជា​ហ្វេ​ស​ប៊ុ​ក​,​តិកតុក និង​បណ្ដាញ​សង្គម​ជាច្រើន​ផ្សេងទៀត​រួចមកហើយ​»​។​

​ដោយឡែក​ក្នុង​គោលបំណង​កុំ​ឱ្យមាន​កំហុសឆ្គង​ដោយ​អ​ចេតនា​កើតចេញពី​ការ​ផ្សព្វ​ផ្សាយ និង​អាចធ្វើឱ្យ​ប៉ះពាល់​គុណ​តម្លៃ​នៃ​ប្រាសាទបុរាណ មរតក​មិនអាច​កាត់ថ្លៃ​បាន​របស់​បុព្វបុរស​ខ្មែរ និង​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ និង​សាធារណជន​ទាំងអស់ តម្រូវឱ្យ​ដាក់ពាក្យ​ស្នើសុំ​មក​អាជ្ញាធរ​ជាតិ​អប្សរា ចំពោះ​គោលបំណង​មួយចំនួន​ដើម្បី​អនុញ្ញាតឱ្យ​មន្ត្រី​ជំនាញ​មានលទ្ធភាព​ពិនិត្យ​ជាមុន នូវ​ទិដ្ឋភាព​បច្ចេកទេស និង​សម្ភារ​ប្រើប្រាស់​ជាដើម​។​

​អាជ្ញាធរ​ជាតិ​អប្សរា​បាន​លើកឡើងថា លក្ខខណ្ឌ​ដែល​ត្រូវឱ្យ​ដាក់ពាក្យ​ស្នើសុំ​ជាមុន​នោះ​រួមមាន ការថត​រូបភាព ថត​ភាពយន្ត ឬ​វីដេអូ ក្នុង​គោល​បំណង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ផលិតផល ឬ​បង្កើត​អាជីវកម្ម​នានា និង​ការប្រកប​អាជីវកម្ម​ថត​សម្លៀកបំពាក់​ប្រពៃណី​បុរាណ (​ថតរូប​មុន​អាពាហ៍ពិពាហ៍​) ដើម្បី​ពិនិត្យ ភាពសមស្រប​នៃ​សម្លៀកបំពាក់​ប្រពៃណី​បុរាណ ហើយ​ការថត​បែបនេះ មិនមាន​ការបង់ប្រាក់​ទេ​។

​ពាក់ព័ន្ធ​ការថត​នៅក្នុង​រមណីយ​ដ្ឋា​ន​អង្គរ​នេះដែរ តារាចម្រៀង​អ្នកនាង ទេព បូ​ព្រឹក្ស បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​មុន​ពេលដែល​អាជ្ញាធរ​ជាតិ​អប្សរា ចេញផ្សាយ​សេចក្តី​ជូន​ដំណឹង​ថា​៖ «​បើសិនជា​ផ្តល់ឱកាស​ឱ្យ​ខ្ញុំ​បាន​ថត MV បទ​ទេវរាជ និង​មហានគរ​នៅ​ប្រាសាទអង្គរវត្ត​បាន ពួក​ខ្ញុំ​នឹងមិន​ធ្វើឱ្យ​អ្នក​ទាំងអស់គ្នា​ខក​បំណង​ឡើយ​»​។​

​លោក ហូ វណ្ឌី ប្រធាន​ក្រុម​ប្រឹក្សា​ភិ​បាល​សមាគម​ទេស​ចរណ៍​កម្ពុជា​បាន​ថ្លែង ការជូន​ដំណឹង​ជាថ្មី​របស់​អាជ្ញាធរ​ជាតិ​អប្សរា បង្ហាញ​ពី​ការបន្ធូរបន្ថយ​ការ​រឹតបន្តឹង​ជុំវិញ​ការចូលទៅ​ថតរូប ឬ​វីដេអូ​នានា ក្នុង​រមណីយដ្ឋាន​អង្គរ​។

​លោក ហូ វណ្ឌី បាន​ថ្លែងបន្តថា​៖ «​ពីមុនមក​សាធារណជន​តែង​ត្អូញត្អែរ ពី​ការ​រឹតបន្តឹង​ក្នុងការ​ថតរូប តែ​ការជូនដំណឹង​ថ្មី​នេះ គឺជា​ការបើក​ច្រក​ដល់​សាធារណជន ដោយ​មិនចាំបាច់​សុំ​លិខិត​ស្មុគស្មាញ​នោះទេ​។ ប៉ុន្តែ​បើ​ថតរូប​លក្ខណៈ​ធ្វើ​អាជីវកម្ម ឬ​ថតកុន​អី ពិតណាស់​ត្រូវ​មានការ​សុំច្បាប់​»​។​

​លោក ​ហូ វណ្ឌី បាន​ថ្លែង​បន្ថែមទៀតថា ជាមួយនឹង​ការ​​បន្ទន់ឥរិយាបថ​រប​ស់​អាជ្ញាធរ​ជាតិ​អប្សរា​នេះ នឹង​ជំរុញ​ដល់​សាធារណជន​ឱ្យ​ចូលមក​ថតរូប​ស្អាតៗ​ក្នុង​បរិវេណ​អង្គរ បង្កើន​ការផ្សព្វផ្សាយ​តាម​វិធី​​សាស្ត្រ​របស់​ពួកគេ​នៅលើ​បណ្តាញ​សង្គម ដែល​នឹង​ជួយ​លើកទឹកចិត្ត​ភ្ញៀវទេសចរ​ត្រឡប់មកវិញ​៕