ភ្នំពេញៈ លោក ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​កម្ពុជា បានសម្រេច​បន្ថែម ២ ដុល្លារ ទៅលើ​តួលេខ ២០២ ដុល្លារ ដែលជា​លទ្ធផលបោះឆ្នោត​របស់​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ២០២៤ ដែលធ្វើ​ឱ្យប្រាក់ឈ្នួល​អប្បបរមា​ថ្មី​សម្រាប់​ឆ្នាំ២០២៤ គឺ ២០៤ ដុល្លារ ក្នុង ១ ខែ។

តាមរយៈ​បណ្តាញសង្គម​តេឡេក្រាម លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានឱ្យដឹង​ថា ​តាមរបាយ​ការណ៍​របស់​លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពី​លទ្ធផល​បោះឆ្នោត​របស់​ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា លើ​តួលេខ​ចំនួន ៣ គឺ​តួលេខ ២០២ ដុល្លារ, តួលេខ ២០៤ ដុល្លារ, និងតួលេខ ២១៣ ដុល្លារ ក្នុងនោះ តួលេខ ២០២ ដុល្លារ ទទួលបាន​សំឡេង ៤៦ លើ ៥១ សំឡេង និងតួលេខ ២១៣ ដុល្លារ ទទួលបាន​សំឡេង ៥ លើ ៥១ សំឡេង។

តាមរយៈសំឡេង​បោះឆ្នោត​លើតួលេខ​នីមួយៗ និងយោងតាម​ច្បាប់​ស្តីពី​ប្រាក់ឈ្នួល​អប្បបរមា ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា​នឹងកំណត់​តួលេខ ២០២ ដុល្លារ ជាតួលេខ​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ២០២៤។

លោកនាយក​រដ្ឋមន្ត្រី​លើកឡើង​ថា លោកបាន​តាមដាន​យ៉ាងយក​ចិត្តទុក​ដាក់​លើការពិភាក្សា​ប្រាក់ឈ្នួល​អប្បបរមា​នេះ​តាំងពី​ពេលចាប់​ផ្តើម​មកម៉្លេះ លោកបញ្ជាក់​ថា៖«​ការជួយ​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ រួមទាំង​បងប្អូន​កម្មករ​និយោជិត​គឺជាអាទិភាព​ខ្ពស់​បំផុត​របស់​រាជរដ្ឋាភិបាល។ ឈរលើ​មូលដ្ឋាន​នៃលទ្ធភាព​ជាក់ស្តែង ដែល​រាជរដ្ឋាភិបាល​អាចសម្រួល​ជូនទៅ​ភាគី​និយោជក ខ្ញុំបាន​សម្រេច​បន្ថែម ២ ដុល្លារ ទៅលើ​តួលេខ ២០២ ដុល្លារ ដែលជា​លទ្ធផល​បោះឆ្នោត​របស់​ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា​ខាងលើ»។

បើតាម​លោក ហ៊ុន ម៉ាណែត ប្រាក់ឈ្នួល​អប្បបរមា​ថ្មី​សម្រាប់​ឆ្នាំ២០២៤ គឺ ២០៤ ដុល្លារ ក្នុង ១ ខែ។ លោក​នាយក​រដ្ឋមន្ត្រី​បានស្នើ​ឱ្យ​ក្រសួង​ការងារ និងបណ្តុះបណ្តាល​វិជ្ជាជិវៈ ធ្វើ​ការផ្សព្វផ្សាយ​និងជូន​ដំណឹង​ដល់បង​ប្អូន​កម្មករ និយោជិត ក៏ដូចជា​សាធារណជន​ឱ្យបាន​ជ្រាប​ជាព័ត៌មាន​ផងដែរ។

ទន្ទឹមនឹង​ការដំឡើង​ប្រាក់ឈ្នួល​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បញ្ជាក់​បន្ថែម​ថា លោកនឹង​បន្តជំរុញ​ដល់​ក្រសួង ស្ថាប័ន អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​តាមដាន និងដាក់​វិធានការ​បន្ថែម ដើម្បី​ពិនិត្យ​លទ្ធភាព​កាត់បន្ថយ​បន្ទុក​ចំណាយ​របស់​កម្មករ​និយោជិត។ ជាមួយគ្នានោះ លោក នឹង​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​វិស័យ​ឯកជន​មួយ​នៅ​ខែវិច្ឆិកា ខាងមុខ ដើម្បី​កែលម្អ​បរិយាកាស​វិនិយោគ និងការធ្វើ​ធុរកិច្ច​នៅ​កម្ពុជា សំដៅ​បង្កើនភាព​ប្រកួតប្រជែង និងទាក់ទាញ​ទុន​វិនិយោគ​បន្ថែម និងបង្កើត​ការងារថ្មីៗ​ជូន​ប្រជាពលរដ្ឋ។

លោកថ្លែង​ថា៖«ខ្ញុំ​សូម​អរគុណ និង​សូមកោត​សរសើរ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ ជាពិសេស​ភាគី​តំណាង​បងប្អូន​កម្មករ​និយោជិត និងតំណាង​និយោជក ដែលបាន​ខិតខំ​ប្រកប​ដោយ​វិជ្ជាជីវៈ និង​ស្មារតី​រួមក្នុង​ការពិភាក្សា​ប្រាក់ឈ្នួល​អប្បបរមា​ឆ្នាំនេះ»៕