ភ្នំពេញៈ នាយក​រដ្ឋ​មន្ត្រី​ថៃ លោក ​សេដ្ឋា ថា​វីស៊ីន (Srettha Thavisin) បាន​មក​ដល់​កម្ពុជា​ហើយ​នៅ​ព្រឹក​ថ្ងៃទី​ ២៨ ​ខែកញ្ញា ដើម្បី​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​ជាលើក​ដំបូង​ បន្ទាប់​ពី​លោក​បាន​ចូល​កាន់​តំណែង​រយៈ​ពេល​ជាង ​១​ ខែ​។​

​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់ក្រសួង​ការ​បរទេស​កម្ពុជា​បញ្ជាក់​​ថា លោក ថា​វី​ស៊ីន និង​លោកហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋម​ន្ត្រី​កម្ពុជា​នឹង​មាន​ជំនួប​ទ្វេ​ភាគី​ដើម្បី​កំណត់​ទិស​ដៅ​ធ្វើឱ្យ​កាន់តែ​ស៊ី​ជម្រៅ និង​ពង្រីក​បន្ថែម​ទៀត​នូវ​កិច្ច​សហ​ប្រតិ​បត្តិការ​លើ​គ្រប់​វិស័យ ​ដែល​ផ្តល់​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​ក្នុង​ក្រប​ខ័ណ្ឌ​ទ្វេ​ភាគី ​និង​ពហុ​ភាគី​។

ភាគី​ទាំង​២​ក៏​នឹង​ជជែក​អំពី​បញ្ហា​តំបន់ និង​អន្តរ​ជាតិ ដែល​ជា​ផល​ប្រយោ​ជន៍​និង​ក្តី​បារម្ភ​រួម​។​

​លោក​ ថា​វី​ស៊ីន ​នឹង​មាន​ជំនួប​ដាច់​ដោយ​ឡែក​ជាមួយ​លោក ​សាយ ​ឈុំ ​ប្រមុខ​រដ្ឋស្តីទី និង​ជា​ប្រធាន​ព្រឹទ្ធ​សភា លោក​ហ៊ុន ​សែន ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះ​មហា​ក្សត្រ និង​លោកស្រី​ឃួន សុ​ដា​រី ប្រធាន​រដ្ឋ​សភា​៕