
សិក្ខាកាមកម្ពុជា និងអ្នកចូលរួមថតរូបអនុស្សាវរីយ៍ក្រោយបញ្ចប់វគ្គសិក្សាទទួលបានសញ្ញាបត្រ។ រូបថត Ly Thuch FB
ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិអេស្កាប់ (គ.ជ.អ.ស) បានប្រគល់សញ្ញាបត្រដល់សិក្ខាកាមកម្ពុជាចំនួន ៣៤ រូប ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពីពាណិជ្ជកម្មឌីជីថលឆ្លងព្រំដែនរវាងចិន-កម្ពុជា សម្រាប់បុគ្គលិកគ្រប់គ្រងកម្រិតមធ្យមនៅមហាវិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវៈឆុងឈីង កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៣។ សិក្ខាកាមកម្ពុជាទាំងនោះ មកពីស្ថាប័នរដ្ឋ វិស័យឯកជន និងគ្រឹះស្ថានឧត្តមសិក្សា។
លោក លី ធុជ ថ្លែងថា កម្មវិធីប្រគល់សញ្ញាបត្រនេះក៏មានការចូលរួមពីលោក HE Jiប្រធានមហាវិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវៈឆុងឈីង នៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ។
អាជ្ញាធរមីន បានបន្តថា ក្រោមការសម្របសម្រួលរបស់គណៈកម្មាធិការជាតិសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហិ្វក (NC-ESCAP) ចាប់តាំងពីឆ្នាំ២០១៩ កម្ពុជា សហការជាមួយមហាវិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវៈឆុងឈីង បានបញ្ជូនសិក្ខាកាមកម្ពុជាប្រមាណជិត ១០០នាក់ ដើម្បីទទួលបានការបណ្តុះបណ្តាលជំនាញចំនួន៣លើកផងដែរ។
ប្រភពដដែលបន្តថាជាមួយគ្នានោះ ក៏មានការរៀបចំឱ្យមានការចុះអនុស្សរណៈនៃការយោគយល់គ្នាមួយចំនួនទៀត រវាងស្ថាប័នរដ្ឋ វិស័យឯកជនកម្ពុជា ជាមួយនឹងមហាវិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវៈឆុងឈីង ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំវិជ្ជាជីវៈ។
លោកទេសរដ្ឋមន្ត្រី លី ធុជ បានសរសេរលើហ្វេសប៊ុកថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនៃមហាវិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវៈឆុងឈីង ក៏ដូចជារដ្ឋបាលប្រជាជនក្រុងឆុងឈីង និងគណៈកម្មាធិការអប់រំក្រុងឆុងឈីង ដែលតែងតែចំណាយពេលវេលា និងធនធាន ក្នុងការចូលរួមបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា រយៈពេលកន្លងមក និងនាពេលអនាគត។
លោកថា៖ «ទីក្រុងឆុងឈីង គឺជាដៃគូកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ក្នុងវិស័យអប់រំវិជ្ជាជីវៈជាមួយប្រទេសកម្ពុជា។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា រយៈពេល ២០ថ្ងៃនៃវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមកម្ពុជាទាំងអស់នឹងទទួលបានការសិក្សាស្វែងយល់បន្ថែមអំពីវប្បធម៌ សេដ្ឋកិច្ច សង្គមកិច្ច បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ពីសាធារណរដ្ឋប្រជាមានិតចិន ដែលជាប្រទេសមានសក្តានុពលខ្លាំងសម្រាប់ការសិក្សារៀនសូត្រ ទទួលបទពិសោធន៍ ចំណេះដឹង និងជំនាញគ្រប់បែបយ៉ាង ក្នុងការចូលរួមដល់កិច្ចការអភិវឌ្ឍន៍នានានៅកម្ពុជា»។
ក្នុងឱកាសនោះដែរ លោកក៏បានណែនាំឱ្យសិក្ខាកាមទាំងអស់ ត្រូវបន្តចូលរួមកសាងចំណងមិត្តភាពកាន់តែជិតស្និទ្ធជាមួយប្រទេសនិងប្រជាជនចិន ដែលជាមរតកប្រវត្តិសាស្ត្ររយៈពេល៦៥ឆ្នាំ បន្សល់ទុកតាំងពីព្រះករុណាព្រះបាទនរោត្តម សីហនុ និងអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំងត្រូវចូលរួមបន្តពង្រឹងចំណងមិត្តភាពកាន់តែរឹងមាំរវាងកម្ពុជា-ចិន។
ដោយឡែក ក្នុងដំណើរទស្សនកិច្ចនាប្រទេសចិននោះដែរ កាលពីថ្ងៃទី២៧ ខែកញ្ញា លោក លី ធុជ ក៏បានចូលរួមថ្លែងសុន្ទរកថាក្នុងវេទិកាចិន(ឆុងឈីង)-អាស៊ាន ស្តីពីការអភិវឌ្ឍគុណភាព និងកិច្ចសហប្រតិបត្តិការអប់រំវិជ្ជាជីវៈ ដែលរៀបចំដោយរដ្ឋាភិបាលប្រជាជនក្រុងឆុងឈីង និងគណៈកម្មាធិការអប់រំក្រុងឆុងឈីង។ លោកបានថ្លែងថា៖ «ទីក្រុងឆុងឈីង នៃសាធារណរដ្ឋប្រជាមានិត គឺជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ និងបានបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំវិជ្ជាជីវៈជាមួយប្រទេសកម្ពុជា»។
លោក លី ធុជ បានបន្ថែមថា ការរៀបចំវេទិកាចិន-អាស៊ាននេះ បានបង្ហាញពីកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងមានវិសាលភាពទូលំទូលាយជាងមុនរវាងប្រទេសចិន និងអាស៊ានក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលនឹងអាចឈានដល់ការលើកកម្ពស់ថ្មី ក្នុងការផ្លាស់ប្តូរពាណិជ្ជកម្ម វប្បធម៌ និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងទីក្រុងឆុងឈីង»៕