ភ្នំពេញៈ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការអប់រំឌីជីថលគឺជាយុទ្ធសាស្ត្រគន្លឹះ១ ក្នុងចំណោមយុទ្ធសាស្ត្រផ្សេងៗទៀត ដើម្បីជំរុញការធ្វើបរិវត្តកម្មនៃប្រព័ន្ធអប់រំ ដោយសារការអប់រំឌីជីថល បានផ្លាស់ប្តូររបៀបរៀនរបស់សិស្ស និងរបៀបបង្រៀនរបស់គ្រូ ព្រមទាំងរបៀបគ្រប់គ្រងរបស់នាយកសាលា ដើម្បីធានានិរន្តរភាពនៃការសិក្សា។
លោកថ្លែងបែបនេះ នៅក្នុងសិក្ខាសាលាស្ដីអំពីប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងសាលារៀន SIS ធ្វើឡើងនៅសាលសន្និសីទសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើនទៀតកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣។
លោក ហង់ជួន ណារ៉ុន បានថ្លែងថា៖«ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតប្រព័ន្ធព័ត៌មានឌីជីថលដូចជា ប្រព័ន្ធគ្រប់គ្រងព័ត៌មានអប់រំ កម្មវិធីគ្រប់គ្រងបុគ្គលិក ប្រព័ន្ធចែកចាយសៀវភៅសិក្សាសាលារៀន ប្រព័ន្ធគ្រប់គ្រងអាហារូបករណ៍ ប្រព័ន្ធតាមដានព័ត៌មាននិស្សិត ប្រព័ន្ធតាមដានសាលា ប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន SIS ប្រព័ន្ធគ្រប់គ្រងបណ្ណាល័យជាដើម »។
លោកថ្លែងថា ការអប់រំឌីជីថល ក៏បានរួមចំណែកដល់ការកាត់បន្ថយវិសមភាពក្នុងការទទួលបានការអប់រំមានគុណភាព ប្រកបដោយសមធម៌ និងបរិយាប័ន្ន ព្រមទាំងធានាឱកាសសិក្សាពេញ១ ជីវិត សម្រាប់ទាំងអស់គ្នាផងដែរ។ ក្រសួងបានសហការជាមួយក្រុមហ៊ុនមិត្តហ្វូន ដាក់ឱ្យប្រើប្រាស់សាកល្បងប្រព័ន្ធព័ត៌មានគ្រប់គ្រងសាលារៀន (SIS) នៅកម្រិតវិទ្យាល័យ ចាប់ពីឆ្នាំ២០២០ និងមកដល់ពេលនេះ មានសាលារៀនចំនួន ២៦៦ សាលា នៅទូទាំងប្រទេសបាននិងកំពុងប្រើប្រាស់ប្រព័ន្ធ SIS នេះ។
លោកថា៖«ប្រព័ន្ធនេះបានផ្ដល់អត្ថប្រយោជន៍ជាច្រើន ដូចជាមុខងារការគ្រប់គ្រងព័ត៌មានសាលារៀន ការសិក្សាតាមអេឡិចត្រូនិក ទំនាក់ទំនង និងព័ត៌មាននានាសម្រាប់ធ្វើសេចក្ដីសម្រេចចិត្ត»។
លោក អ៊ុន ចាន់ដា និងមន្ត្រីនៃមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានថ្លែងដោយ សម្តែងការគាំទ្រក្នុងការពង្រីកការអនុវត្តប្រព័ន្ធព័ត៌មានសាលារៀន SIS នេះ ឱ្យបានដល់សាលារៀនគ្រប់កម្រិតនៅក្នុងខេត្តកំពង់ចាម ដើម្បីប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន ជាអត្ថប្រយោជន៍លើការគ្រប់គ្រងសាលារៀន ការរៀន និងបង្រៀន និងទំនាក់ទំនងជាមួយមាតាបិតាសិស្ស ។
លោក គួច ម៉េងលី ស្ថាបនិកនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានថ្លែងថា ការអប់រំឌីជីថលគឺជាយុទ្ធសាស្ត្រគន្លឹះ១ក្នុងចំណោមយុទ្ធសាស្ត្រផ្សេងៗទៀត ដើម្បីជំរុញការធ្វើបរិវត្តកម្ម នៃប្រព័ន្ធអប់រំ នៅកម្ពុជាឱ្យកាន់តែប្រសើរជាងនេះទៅទៀត ។ លោកថា៖«ការអប់រំបែបឌីជីថលនេះគឺធ្វើបានយ៉ាងទូលំទូលាយនៅបណ្តាប្រទេសមួយចំនួនរួចហើយ សូម្បីតែប្រទេសជិតខាងរបស់យើង។ ចង់ឬមិនចង់កម្ពុជារបស់យើងគួរតែគិតគូរពីគោលនយោបាយអប់រំ១នេះឱ្យបានឆាប់ដើម្បីតាមឱ្យទាន់ប្រទេសទាំងនេះផងដែរ » ។
លោកបន្ថែមថា ការអប់រំឌីជីថលគឺមានភាពស្ទុះឡើងនៅក្នុងវិស័យអប់រំនៅកម្ពុជាគឺអំឡុងពេលដែលប្រទេសកម្ពុជាទទួលរងនូវការរីករាលដាលមេរោគកូវីដ១៩ ដែលកាលនោះសាលាទូទាំងប្រទេសត្រូវបានបិទទ្វារ ហើយសិស្សានុសិស្សទាំងអស់ត្រូវបានបន្តការសិក្សារបស់ពួកគេតាមបណ្តាញអ៊ីនធឺណិតវិញ។ ក៏ប៉ុន្តែការអប់រំបែបឌីជីថលនេះគឺជួបបញ្ហាប្រឈមមួយចំនួនជាពិសេសសាលាដែលនៅតំបន់ដាច់ស្រយាល ដែលសិស្សានុសិស្ស អាណាព្យាបាលពុំទាន់យល់ជ្រាបនៅឡើយអំពីការអប់រំបែបឌីជីថលនេះ ។
លោក គួច ម៉េងលី បញ្ជាក់ថា៖« ការអប់រំឌីជីថលវាទាមទារឱ្យសិស្សានុសិស្សយល់ឱ្យបានទូលំទូលាយផ្នែកបច្ចេកវិទ្យា និងអ៊ីនធឺណិត។ ការអប់រំឌីជីថលគឺជាគោលនយោបាយ១ល្អណាស់សម្រាប់វិស័យអប់រំនៅពេលអនាគត៕