ភ្នំពេញៈ​ស្ថា​ប័ន​ពាក់​ព័ន្ធ​ និង​អង្គ​ការ​ដៃគូ​បាន​បើក​កិច្ច​ប្រជុំ​ពិភាក្សា​​រួមគ្នា ​ដើ​ម្បី​ជំរុញ​ការលើក​កម្ពស់​វិស័យ​សន្តិ​សុខ​សាយ​ប័​រ​កម្ពុជា ​ឱ្យ​កាន់​តែ​មាន​ភាព​ធន់​ ដោយ​បាន​ចាត់​ទុក​វិស័យ​នេះ​ថា ​មាន​សំខាន់​ក្នុ​ងការ​កាត់​បន្ថយ​ហានិ​ភ័យ ​ដែល​កើត​ឡើង​ពី​ការ​ប្រើ​ប្រាស់​បចេ្ចក​វិទ្យា​ព័ត៌​មាន​។​

កិច្ច​ពិគ្រោះ​យោ​បល់​នេះ ​រៀប​ចំ​ឡើង​ដោយ​ក្រសួង​ប្រៃស​ណីយ៍​ និង​ទូរគម​នាគមន៍​ស្តីពី«​ការ​វាយ​តម្លៃ​កម្រិត​សន្តិ​សុខ​សាយ​ប័​រ​»នៃ​គម្រោង​លើក​កម្ពស់​ភាព​ធន់​នៃ​សន្តិ​សុខ​សាយ​ប័​រកាលពី​ថ្ងៃទី​២៦ ​ខែកញ្ញា ​ឆ្នាំ​២០២៣ ដោយ​មាន​ការ​ចូល​រួម​ពី​តំណាង​អន្តរ​ក្រសួង ស្ថាប័ន​ពាក់​ព័ន្ធ សា​កល​វិទ្យា​ល័យ មន្ត្រី​ជំនាញ​ និង​អ្នក​ជំនាញ​ជប៉ុន​ដែល​គាំទ្រ​ដោយ​ទីភ្នាក់​ងារ​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​ជប៉ុន ​(JICA)​។ នេះ​បើ​តាម​ក្រសួង​ប្រៃ​សណីយ៍​និង​ទូរ​គមនា​គមន៍​។​

បើ​តាម​ក្រសួង​ នៅ​ក្នុង​ឱកាស​នោះ​ លោក​ខូវ​ មករា​ រដ្ឋ​លេខាធិ​ការ​ក្រសួង​ប្រៃស​ណីយ៍​និង​ទូរគម​នាគមន៍​បាន​ថ្លែង​ថា កិ​ច្ចប្រជុំ​នេះ​គឺ​ដើម្បី​សិក្សា​វាយត​ម្លៃ​កម្រិត​សន្តិ​សុខ​សាយ​ប័​រ​របស់​កម្ពុជា​តាម​រយៈ​ការ​ជួប​ពិភាក្សា​ប្រមូល​ធាតុ​ចូល​ជា​មួយ​សា​កល​វិទ្យា​ល័យ​ ក្រសួង​-​ស្ថាប័ន​រដ្ឋ និង​ឯកជន​ពាក់​ព័ន្ធ​។​

​លោក​បាន​បញ្ជាក់​ថា​៖«​កិច្ច​ពិភាក្សា​នេះបា​ន​ផ្តោត​លើ​ការជំ​រុញ​ការលើក​កម្ពស់​កម្រិត​សន្តិ​សុខ​សាយ​ប័​រ​ដើម្បី​ចូល​រួម​ចំណែក​ធ្វើឱ្យ​លម្អសាយ​ប័​រ​របស់​កម្ពុជា​កាន់​តែ​មាន​ភាព​ធន់​ខ្ពស់ ​សុវត្ថិ​ភាព និង​ភាព​ជឿជា​ក់​ពី​សំណាក់​ប្រជា​ពល​រដ្ឋ ធុរកិច្ច​ជន និង​មន្ត្រី​សា​ធារណៈ​»​។​

​លោក​បាន​បន្ដថា​ កិច្ច​ពិភាក្សា​នេះ ក៏​នឹង​ចូល​រួមចំណែក​ជាមួយ​ដៃគូ​សហ​ប្រតិ​បត្តិការ​ស​ន្តិ​សុខ​សាយ​ប័​រ​ក្នុង​តំបន់ ក៏​ដូច​ជា​អន្តរ​ជាតិ​ដើម្បី​រួមគ្នា​ឆ្លើយ​តប​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​និង​ទាន់​ពេល​វេលា​លើ​ឧប្បត្តិ​ហេតុ​សាយ​ប័​រ ដែល​មាន​លក្ខណៈ​កាន់​តែ​ស្មុគ​ស្មាញ និង​គ្មាន​ព្រំដែន​កំណត់​ផង​ដែរ​។​

ជុំវិញ​រឿង​នេះ​ ប្រធាន​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​លោក​ គិន ​ភា នៅ​ថ្ងៃទី​២៨ ខែ​កញ្ញា ​បាន​គាំទ្រ​ចំពោះ​ការ​ជំរុញ​លើ​សន្តិ​សុខ​សាយ​ប័​រ​ឱ្យ​កាន់​តែខ្លាំង​ដោយ​លោក​ចាត់​ទុក​ថា​មាន​សារៈ​សំខាន់​ណាស់ ​ខណៈ​កម្ពុជា ​និង​ពិភព​លោក​ឈាន​មក​ដល់​បដិ​វត្តន៍​ឧ​ស្សាហ​កម្ម​៤.​០ ដែល​ផ្តោត​ខ្លាំង​លើ​ព័ត៌មាន​វិទ្យា បច្ចេក​វិទ្យា​សម្រាប់​គ្រប​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច និង​សង្គម​។​

​លោក​បាន​បន្ត​ថា​៖«វិស័យ​សាយ​ប័​រគឺជា​វិស័យ​សំខាន់ដែល​ទាម​ទារ​ឱ្យមាន​ការ​គិត​គូរ​ឱ្យមាន​សុវត្ថិ​ភាព​ខ្ពស់ ដើម្បី​បញ្ចៀស​បញ្ហា​ប្រឈម​ពី​ការ​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ ​បទ​ល្មើស​បច្ចេក​វិទ្យា​នានា ​ពិសេស​ឈាន​ទៅ​ធានា​ដល់​សណ្តាប់​ធ្នាប់​សង្គម​ សេដ្ឋ​កិច្ច នយោ​បាយ​ ហើយ​យើង​ក៏​គួរតែ​ជំរុញ​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស​លើ​ផ្នែក​នេះ​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​បន្ថែម​ទៀត ​ដើម្បី​ជំរុញ​វិស័យ​សាយ​ប័​រ​របស់​យើង​ឱ្យ​មាន​សម្ទុះ​ខ្លាំង​»​។​

យ៉ាង​ណា​ក្ដី ​បើតាម​ក្រសួង​ប្រៃស​ណីយ៍​ ការ​លើក​កម្ពស់​កម្រិត​សន្តិសុ​ខ​សាយ​ប័​រតម្រូវ​ឱ្យមាន​ការ​សិក្សា​វាយ​តម្លៃ​អំពី​ស្ថាន​ភាព​បច្ចុប្បន្ន​ និង​ការ​រៀបចំ​ផែន​ទី​បង្ហាញ​ផ្លូវ​សម្រាប់​ការអ​ភិវឌ្ឍ​សមត្ថ​ភាព​សន្តិសុ​ខ​សាយ​ប័​រ ​ដោយ​ផ្អែក​លើ​គំរូ​រង្វាស់​ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​អន្តរ​ជាតិ​។

ក្រសួង​បានប​ន្តថា​ ការវាស់​វែង​នេះនឹង​ផ្តល់​ទិន្នន័​យ​​លក្ខណៈ​វិទ្យា​សាស្ត្រ​ឱ្យ​យើង​សម្រាប់​ការ​កំណត់​ច្បាស់ពី​​ស្ថាន​ភាព​បច្ចុប្ប​ន្ន​ ធៀប​នឹង​ប្រទេស​ក្នុង​តំបន់​និង​អន្តរ​ជាតិ​និង​ការ​កំណត់​គោល​ដៅ យុ​ទ្ធសាស្ត្រ ​សកម្ម​ភាព និង​មធ្យោ​បាយក្នុ​ង​ដំណើរ​អភិវឌ្ឍ​ន៍សមត្ថ​ភាព​និង​ការ​គ្រប់​គ្រង​ហានិ​ភ័យ​ក្នុង​លម្ហសាយ​ប័​រ​កម្ពុជា​ស្រប​តាម​យុទ្ធ​សាស្ត្រ​បញ្ច​កោណ​ដំណាក់​កាល​ទី​១នៃ​រាជ​រដ្ឋា​ភិបា​លនីតិកា​ល​ទី​៧ ​។​

យ៉ាង​ណាមិ​ញ តាមរយៈ​កិច្ច​ប្រជុំ​ពិភាក្សា​ខាង​លើ​ភាគី​ពាក់​ព័ន្ធ​ក៏បាន​បង្ហាញ​ក្តី​សង្ឃឹម​ថា ​កិច្ច​ប្រជុំ​នេះ​នឹង​មានការ​ចូល​រួម​យ៉ាង​សកម្ម​ដើម្បី​ផ្ដល់​ធាតុ​ចូល​ជាក់​ស្តែង​ដែល​នឹង​អាច​ប្រើ​ប្រាស់​ជា​ចំណុច​ចាប់​ផ្ដើម​ដ៏​មាន​សារៈសំខាន់​ក្នុង​ដំណើរ​ការ​លើក​កម្ពស់​ភា​ព​ធន់​សន្តិ​សុខ​សាយ​ប័​រ​របស់​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​ឡើ​ង​ថែម​ទៀត​៕