ភ្នំពេញៈកម្ពុជា​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ពង្រឹង​ការត​ភ្ជាប់​ធុរកិ​ច្ច​ក្នុង​តំបន់​អាស៊ាន​ដើម្បី​ចូល​រួម​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ក្នុងរ​ង្វង់​សមា​ជិក​សហគ​មន៍​សេដ្ឋ​កិច្ច​អាស៊ា​នដើម្បី​សម្រេច​កា​រនាំ​ចេញ​ផលិតផ​ល​ទៅ​កាន់​ទីផ្សារ​ពិភព​លោក​ និង​សម្រេច​កំណើន​សេដ្ឋ​កិច្ច​តំបន់ ហើ​យបាន​ស្នើ​ឱ្យដៃ​គូ​ស្វែងរ​ក​លទ្ធភាព​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា​ដែល​កំពុង​មាន​អំណោយ​ផល​។​

​ការអំ​ពា​វនាវ​ដូច្នេះ​ ធ្វើឡើង​នៅ​ក្នុង​កិ​ច្ចប្រជុំ​កំពូល​ធុរកិច្ច​អាស៊ាន​-​កម្ពុជា និ​ង​ពិធី​ប្រកាស​ជា​ផ្លូវការ​នូវ​សៀវភៅ​ស ឆ្នាំ​២០២៤​របស់​សភា​ពាណិជ្ជ​កម្ម​អឺរ៉ុប​នៅ​កម្ពុជា​នៅ​ថ្ងៃទី​២៨ ​ខែក​ញ្ញា ​ឆ្នាំ​២០២៣ ក្រោ​ម​អធិ​បតី​លោកឧប​នាយក​រដ្ឋ​មន្ត្រី ​​ អូ​ន ព័​ន្ធមុនីរ័ត្ន​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ ​លោក​គិត ​ម៉េង ​ប្រធាន​សភា​ពាណិជ្ជ​កម្ម​កម្ពុជា​និង​ជា​សហ​ប្រធាន​ក្រុម​ប្រឹក្សា​ពិគ្រោះ​យោ​បល់ ធុរ​កិច្ច​អា​ស៊ាន​។​

​បន្ថែម​ពីនេះ​ក៏មាន​វត្តមាន​ចូលរួម​ពី​ឯកអគ្គ​រដ្ឋទូត​បារាំង​ ឯក​អគ្គរ​ដ្ឋទូត​អាល្លឺ​ម៉ង់​ តំណាង​សហ​ភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ​អ្នក​ជំនាញ ​និង​ធុ​រជន​មក​ពី​បណ្តា​ប្រទេស​អាស៊ាន ​អឺរ៉ុប និង​តំបន់​មេគង្គ​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​សភា​ពាណិជ្ជ​កម្ម​កម្ពុជា​។​

​បើ​តាម​សេចក្តី​ប្រកាស ​ក្នុង​កិច្ច​ប្រជុំនោះ​ លោក​គិត​ ម៉េង បាន​ថ្លែង​ថា តំបន់​មេគង្គ​ជា​តំបន់​មាន​សក្តានុ​ពល ​និង​កំណើន​សេដ្ឋ​កិច្ច​ខ្ពស់​ហើយ​ប្រទេស​នី​មួយៗ​​មាន​វប្ប​ធម៌​ស្រដៀង​គ្នា ​មាន​មិត្ត​ភាព​រឹងមាំ​និង​សក្តានុ​ពល​ដោយ​មាន​ធន​ធាន​និង​រចនា​សម្ព័ន្ធ​ឧស្សា​ហ​កម្ម​ ហើយ​សមត្ថ​ភាព​បំពេញ​ឱ្យ​គ្នា​ទៅវិ​ញទៅ​មក​។​

​លោក​លឹម ​ហេង អនុ​ប្រធាន​សភា​ពាណិជ្ជ​កម្ម​កម្ពុជា បា​ន​​ឱ្យដឹង​ថា ​កិច្ច​ប្រជុំ​នេះ​ផ្តោត​សំខាន់​លើ​ការ​តភ្ជាប់​ផ្នែក​ធុរ​កិច្ច​ក្នុង​តំបន់​ដោយ​ផ្តើម​ចេញ​ពី​តំបន់​មេគង្គ​ដែល​មាន​ប្រទេស​ចំនួន​៤ រួមមា​ន ​កម្ពុជា​ វៀ​តណាម ​ឡាវ​ និង​ថៃ ទៅ​កាន់​តំបន់​អា​ស៊ាន ដែល​សង្កត់​ធ្ងន់​ទៅ​លើ​ការ​ធ្វើ​សមាហ​រណ​កម្ម​អា​ស៊ាន​។​

លោក​បាន​បញ្ជាក់​ថា ​ក្រៅពីនេះ ​ភាគី​កម្ពុជា​ក៏​ឆ្លៀត​ស្នើ​ដល់​បណ្តា​ប្រទេស​អា​ស៊ាន​ អឺរ៉ុប និង​អនុ​តំបន់​មេគង្គ​ឱ្យ ស្វែង​រក​លទ្ធ​ភាព​ធ្វើ​ធុរ​កិច្ច​នៅ​កម្ពុជា ​តួយ៉ា​ង​បង្កើត​រោង​ចក្រ ​និង​នាំចេញ​ផលិត​ផល​ទៅ​កាន់​ទីផ្សារ​ពិភព​លោក ក្រោម​យន្តការ​កិច្ច​ព្រ​មព្រៀង​សេរី​នានា​ដែល​កម្ពុ​ជាមាន​ ខណៈ​កម្ពុ​ជា​មាន​វេទិកា​រាជរដ្ឋា​ភិបាល​-​ផ្នែក​ឯក​ជន​ជាប់​ចំណាត់​លេខ​១ នៅ​ទូទាំង​ពិភព​លោក​ដែល​ជា​វេទិកា​ដ៏​មាន​ប្រសិទ្ធ​ភាព​ក្នុងកា​រ​អភិ​វឌ្ឍ​វិស័យ​ឯក​ជន​។​

​លោក​បាន​បន្ត​ថា​៖«​យើង​ឥឡូវ​ធ្វើ​តែ៤​ប្រទេស​សិន តែ​ត​ទៅ​មុខ​ទៀត​យើង​បន្តធ្វើ​បន្ថែម​ជាមួ​យ​បណ្តា​ប្រទេស​សមាជិក​សហ​គមន៍​សេដ្ឋ​កិច្ច​អាស៊ាន​។ នេះ​ជាការ​បោះ​ជំហាន​ក្នុង​ពង្រីក​និង​ការ​តភ្ជាប់​សេដ្ឋ​កិច្ច​សម្រាប់​ទីផ្សារ​ពិភព​លោក ​ដោយ​សារ​អាស៊ាន​មាន​សក្តានុ​ពល​សេដ្ឋ​កិច្ច​ធំ​ក្នុង​លោក​»​។​

​ជាមួ​យ​នេះដែរ​ លោក​លឹម​ ហេង បាន​បង្ហាញ​សុ​ទិ​ដ្ឋ​និយម​ខ្ពស់​ចំពោះ​ការ​តភ្ជាប់​គ្នា​ក្នុង​តំបន់​អាស៊ាន​ជា​មួយ​ដៃគូ ខណៈ​សហ​គមន៍​អាស៊ាន​កំពុង​មាន​សក្តានុ​ពល​សេដ្ឋ​កិច្ច ​បូករួម​ជាមួយ​ដៃគូ​ក្នុង​កិច្ច​ព្រ​មព្រៀង​ជាទី​ផ្សារ​ធំ​ជាង​គេ​ក្នុង​ពិភពលោ​ក​ ជា​ពិសេស​ការ​តភ្ជាប់​ក្នុង​ចំណោម​ប្រទេស​នៃ​កិច្ច​ព្រម​ព្រៀង​ដៃគូ​សេដ្ឋ​កិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់​(RCEP) ដែល​មាន​ប្រទេស​អា​ស៊ាន​១០​ ចិន ​ជប៉ុន ​កូរ៉េ ​អូស្ត្រាលី និង​នូវែល​សេ​ឡង់​៕