
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាពេលកន្លងទៅ។ រូបថត STPM
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា រដ្ឋាភិបាលថ្មីមិនទាន់បានសម្រេចជាផ្លូវការនៅឡើយទេចំពោះបញ្ហាប្រមូលពន្ធចំណេញមូលធន នៅដើមឆ្នាំ ២០២៤ ហើយរដ្ឋាភិបាល ក៏មិនបានបង្កើតពន្ធថ្មីណាមួយដើម្បីដាក់បន្ទុកដល់ប្រជាពលរដ្ឋ និងអាជីវករនោះដែរ។ ផ្ទុយទៅវិញរដ្ឋាភិបាលកំពុងពិចារណាលើក្របខ័ណ្ឌពន្ធចាស់ដែលនឹងជជែកជាមួយវិស័យឯកជន នៅខែវិច្ឆិកាខាងមុខ។
ការគូសបញ្ជាក់របស់លោក ហ៊ុន ម៉ាណែត ដូច្នេះ ធ្វើឡើងតាមរយៈសារសំឡេងផ្ញើជូនសមាជិករដ្ឋាភិបាលនិងសាធារណជននៅយប់ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣។ សារនេះ ធ្វើឡើងក្រោយពីមានការជជែកវែកញែកច្រើនលើបញ្ហាពន្ធដារពីរង្វង់សាធារណជនជាពិសេសនៅលើបណ្តាញសង្គម ក្រោយពេលលោកគង់ វិបុល អគ្គនាយកពន្ធដារផ្ដល់បទសម្ភាសន៍អំពីការប្រមូលពន្ធលើចំណេញមូលធន ដែលគ្រោងអនុវត្តនៅដើមឆ្នាំ ២០២៤។
ជុំវិញរឿងនេះ លោក ហ៊ុន ម៉ាណែត អះអាងថា ពន្ធលើចំណេញមូលធននេះមិនមែនទើបបង្កើតថ្មីទេ វាគឺជាគោលការណ៍ចាស់ ហើយខកខានអនុវត្តរយៈពេល ៣ ឆ្នាំមកហើយ ដែលអគ្គនាយកដ្ឋានពន្ធដារ បានពន្យារហើយគ្រោងអនុវត្តនៅដើមឆ្នាំ ២០២៤ ក្នុងករណីគ្មានការបែប្រួល។ យ៉ាងណាក្តីលោកថា រដ្ឋាភិបាលមិនទាន់សម្រេចលើគោលការណ៍នេះ ឬកែសម្រួលយ៉ាងណានោះឡើយ។
លោក ហ៊ុន ម៉ាណែត បន្តថា កិច្ចការងារនេះ លោកបានប្រគល់ភារកិច្ចនេះជូនដល់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក អូន ព័ន្ធមុនីរ័ត្ន តាំងពីថ្ងៃប្រជុំគណៈរដ្ឋមន្ត្រីដំបូងមកម្ល៉េះ ដើម្បីពិភាក្សាជាមួយវិស័យឯកជន ដើម្បីក្តាប់សំណូមពរនានា រួមមានបញ្ហាពន្ធអាករនេះផងដែរ ដើម្បីឱ្យរដ្ឋាភិបាលយកមកពិចារណា និងរៀបចំកែសម្រួល។
លោកសង្កត់ធ្ងន់ថា៖ «សូមកុំមានកង្វល់ទៅលើបញ្ហានេះ ដោយខ្ញុំបានឱ្យអគ្គនាយកដ្ឋានពន្ធដារ បានធ្វើការស្រាយបំភ្លឺអំពីគោលនយោបាយពន្ធដាររបស់យើង ក៏ដូចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តផ្សេងៗ ដែលរដ្ឋាភិបាលកន្លងទៅបានដាក់ចេញរួចមកហើយ។ ទៅមុខទៀត យើងនឹងគិតគូរជាបន្តបន្ទាប់ដើម្បីជួយវិស័យឯកជនរបស់យើង»។
លោកបន្ថែមថា សម្រាប់ជំនួបរវាងលោក និងវិស័យឯកជននៅខែវិច្ឆិកាខាងមុខនឹងពិភាក្សាលើក្របខ័ណ្ឌពន្ធដារដែលមានស្រាប់ ហើយធ្វើការសម្របសម្រួលដាក់ចេញជាវិធានដើម្បីសម្រួលវិស័យឯកជន ដោយគ្មានគោលដៅបង្កើតពន្ធថ្មីណាមួយឡើយ។
ពាក់ព័ន្ធនឹងបញ្ហានេះលោក ហុង វណ្ណៈ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបញ្ជាក់ថា លោក គង់ វិបុល ធ្លាប់លើកឡើងថា គ្រោងយកពន្ធលើចំណេញមូលធននេះ តែមិនមែនដាច់អហង្ការថា ត្រូវតែយកនោះទេ ពោលគឺស្ថិតក្នុងការពិចារណានៅឡើយ ខណៈពលរដ្ឋមានការយល់ច្រឡំ។ លោកថា បញ្ហាពន្ធដារ ជាកាតព្វកិច្ចរបស់ពលរដ្ឋ ដែលកំណត់ដោយច្បាប់រួចរាល់ ដែលពលរដ្ឋត្រូវតែមានភារកិច្ចបង់ពន្ធជូនរដ្ឋ ទោះបីស្ថានភាពសេដ្ឋកិច្ចមិនអំណោយផលក្តី។
ប៉ុន្តែកម្ពុជាមិនទាន់ជាប់គាំងនៅឡើយទេ នៅមានសកម្មភាពនាំចេញ-នាំចូល និងផ្លាស់ប្តូរពាណិជ្ជកម្មជាធម្មតាគ្រាន់តែវិស័យអចលនទ្រព្យជួបបញ្ហាប៉ុណ្ណោះ។ លោកយល់ថា៖«សម្រាប់អ្នកមានបញ្ហា គួរមានយន្តការចរចាជាមួយខាងពន្ធដារ ដើម្បីឱ្យមានការសម្របសម្រួលក្នុងកម្រិតណាមួយ។ ខ្ញុំជឿជាក់ថា នឹងមានដំណោះស្រាយ ជាជាងយើងស្រែកទាមទារ»។
ជុំវិញរឿងពន្ធនេះដែរ អ្នកស្រី កន្និដ្ឋា ដែលត្រូវបានស្គាល់ថា ជាអ្នកផលិតមាតិកាបែបវិភាគនៅលើបណ្តាញសង្គម បានធ្វើការវិភាគនៅក្នុងវីដេអូរបស់ខ្លួន ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈនាពេលថ្មីៗនេះថា អាត្រាពន្ធនៅកម្ពុជាមានអត្រាទាបនៅឡើយបើធៀបនឹងប្រទេសនានាក្នុងពិភពលោក។ ចំណែកពន្ធ ២០% លើចំណេញមូលធន រដ្ឋយកពន្ធនេះពីក្រុមអ្នកមាន ឬអាជីករខ្នាតធំ អ្នកជំនួញធំដុំនោះទេ ហើយរដ្ឋនៅតែបន្ធូរបន្ថយសម្រាប់ពលរដ្ឋក្រីក្រ។
អ្នកស្រីសង្កត់ធ្ងន់ថា៖ «កន្លងមកក្រុមអ្នកមានបានរួចខ្លួនរហូតពីការបង់ពន្ធជូនរដ្ឋពីការចំណេញរកស៊ីរបស់ខ្លួន។ តើបងប្អូនមិនចង់ឱ្យរដ្ឋាភិបាលយកពន្ធពីពួកអ្នកមានដើម្បីយកលុយហ្នឹងទៅកសាងប្រទេសទេឬ? យកលុយហ្នឹងទៅកសាងស្ពាន ថ្នល់ សាលារៀន សម្រាប់បងប្អូនទេឬ?
អ្នកស្រីបន្ថែមថា ច្បាប់ពន្ធដារថ្មីនេះ មិនត្រឹមតែផ្តល់អត្ថប្រយោជន៍សម្រាប់សង្គមជាតិពីការប្រមូលធនធានពីអ្នកជំនួញធំដុំមកកសាងសង្គមជាតិនោះទេ ហើយថែមទាំងអាចទាក់ទាញវិនិយោគពីបរទេសថែមទៀតផង ខណៈអ្នកវិនិយោគខ្លះរង់ចាំកម្ពុជាមានច្បាប់ច្បាស់លាស់ពាក់ព័ន្ធការវិនិយោគ និងវិស័យពន្ធដារនេះ។
ដោយឡែក លោកយង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ថា រដ្ឋគួរពិចារណាបន្ធូបន្ថយកាតព្វកិច្ចពន្ធ ខណៈពលរដ្ឋ ជាពិសេសវិស័យឯកជន កំពុងរងគ្រោះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះចាប់តាំងពីឆ្នាំ ២០២០ ពីវិបត្តិកូវីដ ១៩ និងវិបត្តិសេដ្ឋកិច្ចសកល។
លោកថ្លែងថា៖ «ការចាប់ផ្តើមអនុវត្តពន្ធចំណេញមូលធននៅឆ្នាំ ២០២៤ ជាបន្ទុកមួយធ្ងន់ណាស់ទៅដល់ប្រជាពលរដ្ឋ ខណៈវិស័យឯកជនខ្លះបានបិទទ្វារខ្លះជំពាក់បំណុលធនាគារ ដែលរដ្ឋគួរពិចារណាលើបញ្ហានេះហើយកុំដាក់ពន្ធហួសហេតុពេកដែលធ្វើឱ្យប្រជាពលរដ្ឋមិនសប្បាយចិត្ត។ រដ្ឋគួរទុកពេលឱ្យវិស័យឯកជនកសាងភាពធន់ជាមុនសិន»។
ជាមួយគ្នានេះលោក គិមអេង ស្នើឱ្យរដ្ឋាភិបាលធ្វើការពន្យល់ដល់ប្រជាពលរដ្ឋឱ្យបានជ្រាបពីកាតព្វកិច្ចពន្ធដារ ចៀសវាងការភាន់ច្រឡំណាមួយកើតឡើងហើយសម្រួលអាជីវកម្មទាំងឡាយ ធានាបានលំហូរទេសចរណ៍ជាដើមដើម្បីឱ្យពលរដ្ឋអាចពង្រឹងសេដ្ឋកិច្ចឡើងវិញហើយអាចមានលទ្ធភាពបង់ពន្ធជូនរដ្ឋបាន៕