ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធនាគារ បានសម្រេចដាក់ចេញនូវវិធានការធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីពន្ធនាគារជាទូទៅ និងជនជាប់ឃុំ ដែលមានការសង្ស័យប្រើប្រាស់គ្រឿងញៀនក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដើម្បីធានាប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់នៅតាមពន្ធនាគារនានា គ្មានចរាចរណ៍គ្រឿងញៀន។
លោក ឈន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានចុះហត្ថលេខាលើសេចក្តីណែនាំស្តីពីការចុះប្រតិបត្តិការធ្វើតេស្តទឹកនោមរកសារធាតុញៀនលើមន្ត្រីពន្ធនាគារទូទាំងប្រទេស និងជនជាប់ឃុំដែលមានការសង្ស័យប្រើប្រាស់គ្រឿងញៀន ក្រោយពីលោក ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៣ បានផ្ដល់អនុសាសន៍នៅក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃឱ្យគ្រប់អង្គភាពត្រូវរឹតបន្តឹងចំពោះបញ្ហាគ្រឿងញៀន។
សេចក្ដីណែនាំនេះបានបញ្ជាក់ថា៖ «ក្នុងន័យនេះដើម្បីធានាប្រសិទ្ធភាពការអនុវត្តការងាររបស់មន្ត្រីពន្ធនាគារនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានការជឿទុកចិត្តពីមជ្ឈដ្ឋានទូទៅ អគ្គនាយកដ្ឋានពន្ធនាគារ បានសម្រេចដាក់ចេញនូវវិធានការ ធ្វើតេស្តរកសារធាតុញៀន លើមន្ត្រីពន្ធនាគារទូទាំងប្រទេស និងជនជាប់ឃុំដែលមានការសង្ស័យប្រើប្រាស់គ្រឿងញៀនក្នុងក្របខ័ណ្ឌទូទាំងប្រទេសបន្ទាប់ពីសេចក្ដីណែនាំនេះត្រូវបានដាក់ចេញ»។
ប្រភពដដែលបានឱ្យដឹងទៀតថា សម្រាប់ការចុះប្រតិបត្តិការធ្វើតេស្តរកសារធាតុញៀននេះ នឹងដឹកនាំចុះអនុវត្តផ្ទាល់ដោយអគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយមន្ត្រីពេទ្យ ពន្ធនាគារគោលដៅនីមួយៗ ដោយមិនមានការជូនដំណឹងជាមុនក្នុងករណីរកឃើញថា មន្ត្រីពន្ធនាគារមានចេតនា គេចវេះក្នុងការមិនចូលរួមសហការធ្វើតេស្ដ ឬរកឃើញមានសារធាតុញៀន អគ្គនាយកដ្ឋានពន្ធនាគារ នឹងគោរពស្នើសុំគោលការណ៍សម្រេចពីក្រសួង ដើម្បីអនុវត្តវិធានការរដ្ឋបាលនានា និងវិធានការផ្លូវច្បាប់ជាធរមាន។
លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក បានឱ្យដឹងនៅថ្ងៃទី ២៨ ខែកញ្ញានេះថា ការធ្វើប្រតិបត្តិការចុះត្រួតពិនិត្យរកសារធាតុញៀននៅក្នុងស្ថាប័ននីមួយៗ វាគឺជារឿងមួយផ្នែកតូចនោះទេ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺអាជ្ញាធរ កម្លាំងសមត្ថកិច្ចត្រូវធ្វើយ៉ាងណាឱ្យមានវិធានការយ៉ាងម៉ឺងម៉ាត់ បង្ក្រាបការជួញដូរ ឬទប់ស្កាត់ការចរាចរគ្រឿងញៀននៅក្នុងប្រទេសកម្ពុជា។
លោកថ្លែងថា៖ «អ្វីដែលសំខាន់នោះ គឺការផ្ដន្ទាទោសទៅដល់អ្នកដែលចែកចាយគ្រឿងញៀន ប៉ុន្តែបើរឿងពិនិត្យទឹកនោមទៅលើអ្នកដែលមានសារធាតុញៀនអី គឺវាមិនអាចទប់ស្កាត់បញ្ហាគ្រឿងញៀនឱ្យមានប្រសិទ្ធភាពប៉ុន្មាននោះទេ ពីព្រោះអ្នកដែលពិនិត្យឃើញហ្នឹង គឺសុទ្ធតែជាជនរងគ្រោះទេ។ ដូច្នេះរឿងសំខាន់ គឺសមត្ថកិច្ចត្រូវចាប់ និងបង្ក្រាបអ្នកដែលជួញដូរឱ្យបានម៉ឺងម៉ាត់ ទើបជាការប្រសើរ»។ លោកថា មិនត្រូវលើកលែង ទោះបីជាបុគ្គលនោះមានអំណាច ឬបុណ្យស័ក្ដិធំយ៉ាងណាក៏ដោយ។
លោក ស ខេង អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងនៅខេត្តកណ្តាល ខែធ្នូ ឆ្នាំ ២០២២ ថា នៅតាមពន្ធនាគារ ទូទាំងប្រទេស មានជនជាប់ឃុំចំនួន ៣៧ ០០០ នាក់ ក្នុងនោះអ្នកជាប់ឃុំពាក់ព័ន្ធបទល្មើសគ្រឿងញៀនមាន ២ ម៉ឺននាក់ ដែលស្មើជាង ៥០ ភាគរយ៕