ភ្នំពេញៈ មជ្ឈមណ្ឌល​ធនធាន របស់ អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​.)​ ត្រូវបាន​បើកសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ កាលពី​ថ្ងៃទី ​២៧ ខែ​ កញ្ញា ដែល​នេះ​ជា​ចំណុច​ស្នូល​នៃ​កេរ​​ដំណែល​របស់ អ​.​វ​.​ត​.​ក​. និង​ជាម​ជ្ឈ​មណ្ឌល​សម្រាប់​សាធារណជន​ក្នុងការ​​សិក្សា​ស្រាវជ្រាវ និង​ស្វែងរក​ព័ត៌មាន បន្ទាប់ពី​ការបញ្ចប់​ដំណើរការ នីតិវិធីតុលាការ​។

​ពិធី​សម្ពោធ​នេះ មានការ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុ​ជាម​ន្ត្រី​ស្ថានទូត​ប្រចាំ​កម្ពុជា និង​សហ​ប្រ​ធាន​នៃ​ក្រុម​មិត្ត អ​.​វ​.​ត​.​ក​. រួមមាន លោក​អ៊ូ អ៊ិ​ណុ អាត់​ស៊ូ​ស៊ី ឯកអគ្គរាជទូត​ជប៉ុន​លោក ហ្សា​ក់ ប៉ឺ​ឡេ​ (Jacques PELLET)​ ឯកអគ្គរដ្ឋទូត​បារាំ​ង​, លោក​ Joseph SCHEUER អ្នកសម្របសម្រួល​អង្គ​ការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​, ឯកអគ្គ​រដ្ឋ​ទូត​អាល្លឺម៉ង់ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ខាងត្បូង និង​សមាជិក​ដៃគូ​អនុវត្ត​ន៏​ដទៃទៀត​ផងដែរ​។

មជ្ឈមណ្ឌល​ធនធាន​នេះ មាន​សមាសភាព​សំខាន់ៗ ចំនួន ​៦ ដែល​រួមមាន​បណ្ណាល័យ និង​កន្លែង​ស្រាវជ្រាវ​, គេហទំព័រ​ថ្មី​ដែល​កំពុង​កែលម្អ និង​ធ្វើ​បច្ចុប្បន្នភាព​ប្រកបដោយ​ភាព​ច្នៃប្រឌិត​, និ​ហិត​ដ្ឋា​ន​បណ្ណសារ​, បន្ទប់​ប្រើប្រាស់​ពហុ​បំណង​សម្រាប់​រៀបចំ​សិក្ខាសាលា​និង​តុលាការ​និម្មិត​, បន្ទប់​ពិគ្រោះ​យោ​ប​ល់ និង​តាំងពិព័រណ៍ និង​ឧទ្យាន​សម្រាប់​ការចងចាំ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ អ​.​វ​.​ត​.​ក​.​។​

​លោក ក្រាញ់ តូ​នី ប្រធាន​រដ្ឋបាល​ស្តីទី​នៃ អ​.​វ​.​ត​.​ក​. ថ្លែងថា អ​.​វ​.​ត​.​ក​. មាន​មោទនភាព​ក្នុងការ​សម្ពោធ​មជ្ឈមណ្ឌល​ធនធាន និង​ប្រកាស​ផ្សព្វផ្សាយ​វី​ដេ​​អូ​ខ្លី​អប់រំ ជា​ស៊េរី​។ លោក​មានប្រសាសន៍ថា​៖ «​ការបង្កើត​មជ្ឈមណ្ឌល​ធនធាន អ​.​វ​.​ត​.​ក​. គឺ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ក្នុងការ​អនុវត្ត​ការងារ​ផ្សព្វផ្សាយ និង​អប់រំ​ពាក់ព័ន្ធ​នឹង​ដំណើរការ​ជំនុំ​ជម្រះក្តី និង​ការងារ​គ្រប់គ្រង​បណ្ណសារ​ឱ្យបាន​ទូលំ​​ទូលាយ​ដល់​សាធារណជន និង​តាមដាន​ការអនុវត្ត​គម្រោង​នានា ដែល​បានសម្រេច​ផ្តល់​ឱ្យដល់​ដើម​បណ្តឹងរដ្ឋប្បវេណី និង​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម​»​។​

​លោក វ​ង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​របស់​រាជរ​ដ្ឋា​ភិ​បាល​ទទួលបន្ទុក​ការ​អនុ​​វត្ត​មុខងារ​សេសសល់​របស់​អ​.​វ​.​ត​.​ក​. ដែលជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​នេះ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដែល អ​.​វ​.​ត​.​ក​. សម្រេចបាន​ទាំង​ផ្នែក​យុ​ត្តា​ធិ​ការ និង​មិនមែន​យុត្តាធិការ​។​

​លោក​ក៏បាន​អរគុណ​ដល់​ភាគី​អង្គការសហប្រជាជាតិ និង​សហគមន៍​អន្តរជាតិ ដែល​បានផ្ដល់​ការគាំទ្រ​ដល់​ដំណើរការ​កាត់សេចក្ដី​ទៅដោយ​រលូន ទាន់ពេលវេលា និង​ទទួលបាន​ជោគជ័យ​។

យោងតាម​ការប្រកាសរ​បស់​អង្គភាព​អ្នកនាំពាក្យ​រាជ​​រដ្ឋាភិបាល លោក វ​ង្សី វិស្សុត បាន​ថ្លែងថា៖ «​ខ្ញុំ​គិតថា នេះ​ជា​ជោគជ័យ​រួម​របស់​រាជរដ្ឋាភិបាល​,​អង្គការសហប្រជាជាតិ​និង​សហគមន៍​អន្តរជាតិ ដែល​បានធ្វើឱ្យ​សាលាក្តី​កូនកាត់​នេះ ក្លាយជា​តុលាការ​គំរូ​មួយ សម្រាប់​ឱ្យ​ប្រទេស​នានា​ក្នុង​តំបន់ និង​សកលលោក​សិក្សា និង​យក​ធ្វើជា​គំរូ​ក្នុងការ​បង្កើត​តុលាការ​វិនិច្ឆ័យ​ទោស ចំពោះ​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​នាពេល​អនាគត ក្នុង​បុព្វហេតុ​ស្វែងរក​សន្តិភាព​ក្រោយ​សង្គ្រាម ឬ​ជម្លោះ​រ៉ាំរ៉ៃ​ផ្ទៃក្នុង​»​។

​ទោះបីជា​ដំណើរការ​ជម្រះក្ដី​របស់ អ​.​វ​.​ត​.​ក​. ត្រូវបាន​បិទ​បញ្ចប់​ជា​ស្ថាពរ​ក្ដី តែ​រាជរដ្ឋាភិបាល និង​អង្គការ​សហ​ប្រជា​ជាតិ បាន​បន្ត​ផ្ដល់​ការគាំទ្រ​ដល់​ការអនុវត្ត​ការងារ​សេសសល់​របស់ អ​.​វ​.​ត​.​ក​. ដោយ​អនុលោម​តាម «​កិច្ចព្រមព្រៀង​បន្ថែម​ស្តីពី​ការរៀបចំ​ក្នុងពេល​អន្តរកាល និង​ការបញ្ចប់​ការងារ​របស់​អង្គជំនុំជម្រះ​​វិសាមញ្ញ​» ដែល​បាន​ឯកភាពគ្នា​កាលពី​ឆ្នាំ ​២០២១​។​

​លោក វ​ង្សី វិស្សុត បន្តថា ការបង្កើតឱ្យមាន «​មជ្ឈមណ្ឌល​ធនធានរ​បស់ អ​.​វ​.​ត​.​ក​.» ក្នុង​គោលបំណង​ថែរក្សា និង​លើក​​កម្ពស់​កេរដំណែល ពាក់ព័ន្ធ​នឹង​បណ្ណសារ​នៃ​អង្គជំនុំជម្រះ​របស់​សាលាក្ដី​ខ្មែរក្រហម ដើម្បី​អនុញ្ញាតឱ្យ​សាធារណជន​អាច​ចូល​មើល និង​សិក្សា​ស្វែងយល់​ពី​ប្រវត្តិ​សាស្ត្រ​ដ៏​ខ្មៅ​ងងឹត​របស់​កម្ពុជា​ឱ្យ​កាន់​តែ​ទូលំទូលាយ​បន្ថែមទៀត​។​

​នាឱកាស​នោះដែរ លោក​ ហ្សា​ក់ ប៉ឺ​ឡេ ដែលជា​សហប្រធាន «​ក្រុម​មិត្ត អ​.​វ​.​ត​.​ក​» ជាមួយ​ឯកអគ្គរាជទូត​ជប៉ុន បាន​រំឭក​ពី​ការប្រកាន់​ខ្ជាប់​របស់​ប្រទេស​បារាំង​ប្រឆាំង​និ​ទណ្ឌ​ភាព និង​ការគាំទ្រ អ​.​វ​.​ត​.​ក ចាប់តាំងពី​ពេលដែល​ស្ថាប័ន​នេះ​ត្រូវបាន​បង្កើតឡើង​។ កេរ​មរតក​របស់​អ​.​វ​.​ត​.​ក ត្រូវតែ​ទទួលបាន​ការថែរក្សា​ដើម្បី​ចូលរួមចំណែក​ធ្វើឱ្យ​ការចងចាំ​អំពី​ជន​រងគ្រោះ មិនត្រូវ​បាន​គេ​បំភ្លេច និង​ដើម្បី​ចៀសវាង​កុំឱ្យ​ភាព​សាហាវព្រៃផ្សៃ វិល​ត្រឡប់មក​សាជាថ្មី​។​

​យោងតាម អ​.​វ​.​ត​.​ក​.​នា​ពិធី​នោះ​ក៏មាន​ការប្រកាស​ដាក់ឱ្យ​ដំណើរការ​ផ្សព្វផ្សាយ​កម្ម​វិធី​វីដេអូ​ខ្លី​អប់រំ ជា​ស៊េរី ដែល​ខ្លឹមសារ​នៃ​វីដេអូ​អប់រំ​នេះ គឺ​ដកស្រង់​ចេញពី​ឯកសារ កំណត់ត្រា និង​បណ្ណសារ ដែល​រំលេច​នូវ​ប្រធានបទ​ជាច្រើន​ទាក់ទង​នឹង​ការជំនុំជម្រះ​ក្តី និង​ការស៊ើបអង្កេត​ក្តី​ក្នុង​រយៈពេល ​១៦​ ឆ្នាំ​៕