
ក្មេងៗកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ នាពេលកន្លងទៅ។ រូបថត ហុង មិនា
ភ្នំពេញៈ លោក ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអំពាវនាវឱ្យអាជ្ញាធររាជធានី-ខេត្តទាំងអស់ ត្រូវបន្តពង្រឹងការអនុវត្តវិធានការសុខាភិបាលនានា ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺគ្រុនឈាមឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ខណៈលោកបានថ្លែងអំណរគុណចំពោះអាជ្ញាធរពាក់ព័ន្ធដែលបានដាក់ចេញវិធានការកន្លងមក។
បើយោងតាមលិខិតដែលបានចុះហត្ថលេខាដោយលោក ឈាង រ៉ា កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះក្រុមការងារឆ្លើយតបបន្ទាន់ នៃក្រសួងសុខាភិបាល សហការជាមួយមន្ដ្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់នៅតាមមូលដ្ឋានរាជធានី-ខេត្ដ បានចាត់វិធានការ និងឆ្លើយតបយ៉ាងសកម្មក្នុងការទប់ស្កាត់ជំងឺគ្រុនឈាម។
លោក ឈាង រ៉ា លើកឡើងថា ក្នុងនាមក្រសួងសុខាភិបាល លោកសូមសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំរាជធានី-ខេត្ដប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ដ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្ដិ មន្ដ្រីបុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋទាំងអស់ដែលបានសហការគ្នាយ៉ាងជិតសិ្នទ្ធ និងចូលរួមយ៉ាងសកម្មបំផុតក្នុងការឆ្លើយតប និងទប់ស្កាត់ទាន់ពេលវេលានូវការរីករាលដាលនៃជំងឺគ្រុនឈាម។
យ៉ាងណាក្តីលោក ឈាង រ៉ា បានអំពាវនាវដល់អាជ្ញាធររាជធានី-ខេត្ត ព្រមទាំងប្រជាពលរដ្ឋទាំងអស់ត្រូវបន្ដពង្រឹងការអនុវត្ដវិធានការសុខាភិបាលនានា។ លោកថ្លែងថា៖ «សូមចូលរួមទប់ស្កាត់ឱ្យបាននូវការឆ្លងរាលដាលជំងឺគ្រុនឈាមឱ្យមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងលើកកម្ពស់ការយល់ដឹង អំពីវិធានការបង្ការជំងឺឆ្លងនានាតាមរយៈបង្កើនការអប់រំផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ ទៅដល់បុគ្គលគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល»។
លោក វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានឱ្យដឹងនៅថ្ងៃទី ២៨ ខែកញ្ញាថា ក្នុងនាមជាថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត គឺលោកពិតជាអបអរសាទរ ដែលថ្នាក់ដឹកនាំក្រសួងបានចេញលិខិតសរសើរបែបនេះ ខណៈដែលកន្លងមករាល់វិធានការនានារបស់ក្រសួង គឺអាជ្ញាធរខេត្ត និងមន្ត្រីសុខាភិបាលទាំងអស់ បានអនុវត្តជាប្រចាំ និងដោយយកចិត្តទុកដាក់ណាស់។
លោកថ្លែងថា៖ «តាមរយៈលិខិតនេះធ្វើឱ្យពួកយើងមានទឹកចិត្តកាន់តែខ្លាំងក្លាបន្ថែមទៀតក្នុងការបម្រើប្រជាពលរដ្ឋ ដោយសារការខិតខំរបស់យើងកន្លងមកមិនទុកថា ជាការអសារបង់នោះទេ ដោយថ្នាក់ដឹកនាំក្រសួងក៏បានដឹង ហើយប្រជាពលរដ្ឋក៏គាត់ទទួលផលពីហ្នឹងដែរ»។ លោកបន្ថែមថា ចំពោះការងារទប់ស្កាត់ជំងឺគ្រុនឈាមនេះ គឺមន្ត្រីសុខាភិបាលតែងតែអនុវត្តវិធានការរបស់ក្រសួងជាមុន ដើម្បីការពារប្រជាពលរដ្ឋ ខណៈដែលជំងឺនេះ មិនទាន់ផ្ទុះឡើងក្នុងខេត្តនេះទេ។
លោកថា៖ «មានន័យថា មិនមែនជំងឺនេះផ្ទុះហើយ ទើបមន្ត្រីសុខាភិបាលចុះមកអន្តរាគមន៍ព្យាបាល និងអប់រំផ្សព្វផ្សាយប្រជាពលរដ្ឋនោះទេ គឺយើងធ្វើតាំងពីមុនមានបញ្ហាកើតឡើង»។
ដោយឡែក លោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ក៏បានឱ្យដឹងដែរថា ក្រុមការងារបានពង្រីកការផ្សព្វផ្សាយអប់រំទៅដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទាំងអស់ ឱ្យចេះអនាម័យ សម្អាតបរិស្ថានជុំវិញលំនៅឋានរបស់ខ្លួន និងចុះដាក់ថ្នាំអាប៊ែតជាប្រចាំនៅតាមខ្នងផ្ទះប្រជាពលរដ្ឋ។ ក្រៅពីនេះ លោកក៏បានណែនាំឱ្យមន្ត្រីសុខាភិបាលនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យទាំងអស់នៅក្នុងខេត្ត ត្រូវពង្រឹងសមត្ថភាពការងារធ្វើរោគវិនិច្ឆ័យ និងផ្ដល់ការព្យាបាលដោយមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «ក្នុងនាមជាប្រធានមន្ទីរសុខាភិបាល យើងតែងតែពង្រឹងលើការងារចូលរួមផ្សព្វផ្សាយអប់រំនៅក្នុងសហគមន៍ក៏ដូចជាការពង្រឹងសមត្ថភាពក្នុងការព្យាបាលនៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពផងដែរ»។
ជាមួយគ្នានេះដែរ លោកក៏សំណូមពរឱ្យប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្ត្រីសុខាភិបាល ដើម្បីឱ្យការងារទប់ស្កាត់ការរាតត្បាតជំងឺគ្រុនឈាម និងជំងឺឆ្លងផ្សេងៗទៀត កាន់តែមានប្រសិទ្ធភាពខ្ពស់។
គួរជម្រាបថា ក្នុងរយៈពេលជាង ៨ ខែ ឬរយៈពេល ៣៥ សប្តាហ៍ ឆ្នាំ ២០២៣ នេះកម្ពុជាមានអ្នកកើតជំងឺគ្រុនឈាមជិត ២ ម៉ឺននាក់ ក្នុងនោះមានអ្នកស្លាប់ជាង ៣៤ នាក់ដែលចំនួននេះកើនឡើង ២ ដង បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២។ នេះបើតាមលោកលាង ឫទ្ធាប្រធានកម្មវិធីជាតិប្រយុទ្ធជំងឺគ្រុនឈាមនៃក្រសួងសុខាភិបាល៕