តំណាង​ធនាគារពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា លោកស្រី Mariam J. Sherman បានបញ្ជាក់​ជំហរ ក្នុង​ការបន្ត​ការគាំទ្រ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សុខាភិបាល ដើម្បី​រួមចំណែក​ក្នុងការ​លើកកម្ពស់​សុខុមាល​ភាព​ប្រជាជន​កម្ពុជា​ឱ្យ​កាន់តែ​ល្អប្រសើរ​។

​ការ​ថ្លែង​របស់​លោកស្រី បាន​ធ្វើឡើង​នៅក្នុង​ជំនួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក ឈាង រ៉ា កាលពី​ថ្ងៃទី​ ២៨ ខែកញ្ញា ឆ្នាំ​ ២០២៣​។

​បើតាម​ក្រសួងសុខាភិបាល នាឱកាស​នោះ លោកស្រី Mariam J. Sherman បានលើកឡើង​អំពី​លទ្ធផល​ដែល​សម្រេចបាន​ក្រោម​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​ជាមួយ​ក្រសួងសុខាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង តាមរយៈ​គម្រោង​មួយចំនួន​ដែល​បាន​អនុវត្ត​កន្លងមក​រួមមាន គម្រោង​គ្រប់គ្រង​ជំងឺ គម្រោង​គាំទ្រ​វិស័យ​សុខាភិបាល​ជំហាន​ទី​១ ទី​២ និង​គម្រោង​លើកកម្ពស់​គុណភាព និង​សមធម៌​សុខាភិបាល​ទាំង​២​ដំណាក់កាល​ជាដើម​។​

​លោកស្រី​បញ្ជាក់ថា​៖ «​ធនាគារពិភពលោក សន្យា​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ គាំទ្រ​ផែនការ​យុទ្ធសាស្ត្រ​សុខាភិបាល និង​ផែនការ​អាទិភាព​របស់​ក្រសួងសុខាភិបាល​ជា​បន្តទៀត​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​»​។

​ឆ្លៀតឱកាស​នោះដែរ លោក ឈាង រ៉ា បាន​ថ្លែងអំណរគុណ ដល់​ធនាគារពិភពលោក ដែល​បានបញ្ជាក់​ជំហរ​បន្ត​គាំទ្រ រួមចំណែក​ជាមួយនឹង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួងសុខាភិបាល​កម្ពុជា​នាពេលនេះ​។​

​លោក​រដ្ឋមន្ត្រី​បន្តថា​៖«​តាមរយៈ​ការបន្ត​គាំទ្រ​របស់​ធនាគារពិភពលោក ក្នុងការ​លើកកម្ពស់​សុ​ខុ​មាល​ភាព​របស់​ប្រជាជន​កម្ពុជា នឹង​ជួយ​ឱ្យ​កម្ពុជា​ឈានទៅ​សម្រេចបាន​នូវ​ការ​គ្របដណ្តប់​សុខភាព​ជាស​កល ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​បញ្ច​កោណ នៃ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ ក្រោម​ការដឹកនាំ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​»​។

​លោក​រដ្ឋមន្ត្រី ក៏បាន​ជម្រាបជូន​ថា ជា​ផែនការ​អាទិភាព​របស់​ក្រសួងសុខាភិបាល​ដែល​ត្រូវ​ចាប់ផ្តើម​អនុវត្ត​ដើម្បី​ពង្រឹង​វិស័យ​សុខាភិបាល​កម្ពុជា​ឱ្យ​កាន់តែខ្លាំង​រួមមាន ការពង្រឹង​សេវា​មណ្ឌល​សុខភាព មន្ទីរពេទ្យបង្អែក​ស្រុក​-​ខេត្ត និង​ជាតិ តាមរយៈ​ការកែលម្អ​អគារ បំពាក់​សម្ភារ​បរិក្ខារ​ពេទ្យ ឱសថ និង​ការបណ្តុះបណ្តាល​បុគ្គលិក​សុខាភិបាល និង​ការបន្ត​ប្រយុទ្ធ​នឹង​ជំងឺមិនឆ្លង​ជាដើម​។

​លោក អំ សំអាត នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ បាន​គាំទ្រ​ឱ្យមាន​ការបន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​គាំទ្រ​លើ​វិស័យ​សុខាភិបាល​រវាង​ដៃគូ​អភិវឌ្ឍន៍​នានា ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​លើ​ការកែលម្អ​បន្ថែម លើ​សេវាសាធារណៈ​ទាំង​រដ្ឋ និង​ឯកជន ពិសេស​លើ​គុណភាព​ព្យាបាល និង​ពង្រឹង​ឧបករណ៍​ពិនិត្យ​ឱ្យមាន​ស្តង់ដា​ឱ្យ​កាន់តែ​ល្អប្រសើរ​។

លោក​ក៏បាន​ជំរុញ​ថា​៖ «​ទន្ទឹមនឹង​ការសហការ​នេះ ក៏​សូម​ជំ​រុញឱ្យ​គ្រូពេទ្យ​ទាំងអស់ ទាំង​នៅ​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន គោរព​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​ជា​គ្រូពេទ្យ​ល្អ ព្រោះ​កន្លងមក​តាមរយៈ​ពាក្យ​សម្តី​លើកទឹកចិត្ត​ដល់​អ្នកជំងឺ គឺ​នៅមានកម្រិត និង​នៅមាន​ចំណុច​ខ្វះខាត​ច្រើន​នៅឡើយ​»​។​

​បើតាម​ក្រសួងសុខាភិបាល ធនាគារពិភពលោក តែងតែ​គាំទ្រ​ក្រសួងសុខាភិបាល​ក្នុង​ការកសាង​ប្រព័ន្ធ​ថែទាំ​សុខភាព ដែលមាន​ភាព​ធន់ និង​រឹងមាំ​នៅ​កម្ពុជា​ដូចជា តាមរយៈ​ការផ្តល់​ហិរញ្ញប្បទាន ក្រោម​ក្របខ័ណ្ឌ​ជំនួយ​សហប្រតិបត្តិការ​បច្ចេកទេស ដល់​វិស័យ​សុខាភិបាល ក្នុងការ​អនុវត្ត​គម្រោង​លើកកម្ពស់​គុណភាព និង​សមធម៌​សុខាភិបាល ដំណាក់កាល​ទី​១ និង​ទី​២, គម្រោង​ឆ្លើយតប​បន្ទាន់​នឹង​ជំងឺ​កូ​វីដ​ ១៩, គម្រោង​អាហារូបត្ថម្ភ​កម្ពុជា និង​គម្រោង​ពង្រឹង​ការបណ្តុះបណ្តាល​មុន​ផ្តល់​សេវា​ជាដើម​៕