រាជរដ្ឋាភិបាល​កម្ពុជា បាន​ណែ​នាំឱ្យ​រដ្ឋបាល​រាជធានី​-​ខេត្ត រៀបចំ​ទិវា​មនុស្ស​ចាស់​កម្ពុជា និង​ទិវា​មនុស្ស​ចាស់​អន្តរជាតិ​នៅ​ថ្ងៃទី ​១ ខែតុលា ឆ្នាំ ​២០២៣ ឱ្យបាន​អធិកអធម ដើម្បី​រំឭក​ដល់​គុណូបការៈ និង​លើកកម្ពស់​គាំពារ​សុខុមាលភាព​របស់​មនុស្ស​វ័យចាស់ ឱ្យ​កាន់តែ​ប្រសើរឡើង​។​

​ការណែនាំ​នេះ ធ្វើឡើង​តាមរយៈ​សារាចរ​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ចុះ​ថ្ងៃទី​ ២៨ ខែកញ្ញា ឆ្នាំ ២០២៣ ដោយ​គូសបញ្ជាក់ថា ការ​ប្រារព្ធ​ទិវា​នេះ មាន​គោលបំណង​លើកកម្ពស់​កិច្ច​គាំពារ​ដ៏​មាន​ប្រសិទ្ធភាព​សំដៅ​លើកស្ទួយ​សុខុមាលភាព​របស់​មនុស្ស​វ័យចាស់ ឱ្យ​កាន់តែ​ប្រសើរឡើង ហើយ​ទិវា​នេះ​ក៏​បង្ហាញឱ្យឃើញ​ពី​តួនាទី​ដ៏​សំខាន់​របស់​មនុ​ស្សវ័យ​ចាស់ បុព្វការី​ជន​ដែល​បាន​បង្កើត​ធនធាន​ដ៏​មាន​សារៈប្រយោជន៍​ព្រមទាំង​ផ្តល់នូវ​ចំណេះដឹង និង​បទពិសោធន៍​យ៉ាងច្រើន​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។

លោក​បន្តថា​៖ «​រាជរដ្ឋាភិបាល​ចាត់ទុក​ទិវា​មនុស្ស​ចាស់​កម្ពុជា និង​ទិវា​មនុស្ស​ចាស់​អន្តរជាតិ ជា​ទិវា​បុណ្យ​រំឭក​ដល់​គុណូបការៈ របស់​មនុស្ស​វ័យចាស់​កម្ពុជា បុព្វការី​ជន ជីដូន​ជីតា ឪពុកម្ដាយ អ៊ុ ពូ មីង ដែល​បាន​កសាង និង​បន្សល់ទុក​នូវ​កេរ​មរតក​ដ៏​ថ្លៃថ្លា​សម្រាប់​កូនចៅ​ជំនាន់​នេះ​និង​ជំនាន់​ក្រោយៗ​ទៀត​»​។​

​ដើម្បី​រៀបចំ​ទិវា​មនុស្ស​ចាស់​កម្ពុជា​និង​ទិវា​មនុស្ស​ចាស់​អន្តរជាតិ ឱ្យបាន​ទូលំទូលាយ និង​ផ្សព្វផ្សាយ​ឱ្យ​ប្រជាជន​កម្ពុជា​គ្រប់​វ័យ​បាន​យល់ដឹង​កាន់តែច្បាស់​អំពី​អត្ថន័យ​នៃ​ទិវា​នេះ រាជរដ្ឋាភិបាល បានកំណត់​យក​ប្រធានបទ​ឆ្នាំនេះ «​ការជួយ​មនុស្ស​ចាស់​គឺ​ជួយ​យើងទាំងអស់គ្នា​»​។​

​សារាចរក៏បាន​ណែនាំឱ្យ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា គណៈកម្មាធិការ​ជាតិ​កម្ពុជា​ដើម្បី​មនុស្ស​ចាស់​ត្រូវ​សហការ​ជាមួយ​ក្រសួង ស្ថាប័ន ដៃគូ​អភិវឌ្ឍ អង្គការ​មិនមែន​រដ្ឋាភិបាល និង​អង្គការ​អន្តរជាតិ​ដែល​ពាក់ព័ន្ធ​ដើម្បី​អបអរសាទរ​ទិវា​មនុស្ស​ចាស់​កម្ពុជា និង​ទិវា​មនុស្ស​ចាស់​អន្តរជាតិ ថ្ងៃទី​ ១ ខែតុលា ឆ្នាំ​ ២០២៣ ឱ្យបាន​អធិកអធម​។

​សារាចរ​បញ្ជាក់ថា​៖ «​រដ្ឋបាល​រាជធានី ខេត្ត ត្រូវ​រៀបចំ​ពិធី​អបអរសាទរ​ទិវា ដោយ​បង្កលក្ខណៈ​ឱ្យ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់លំដាប់​ថ្នាក់ ព្រះសង្ឃ បព្វជិត លោកយាយ លោកតា ព្រមទាំង​ប្រជាជន​គ្រប់​វ័យ​បាន​ចូលរួមចំណែក​តាម​គន្លង​ប្រក្រតីភាព​ថ្មី ដើម្បី​បង្កើន​ការយល់ដឹង ឱ្យ​កាន់តែ​ទូលំទូលាយ​»​។

​ចំណែក រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ត្រូវ​បន្ត​ផ្តល់​ការអន្តរាគមន៍​ជំរុញ​សកម្មភាព​បង្កើត​សមាគម​មនុស្ស​ចាស់​បន្ថែមទៀត​នៅតាម​សហគមន៍​មូលដ្ឋាន​ឱ្យបាន​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ស្របតាម​ផែនការ​ដែល​បានកំណត់ ឈរលើ ស្មារតី​សាមគ្គីភាព​ជួយ​គ្នា​ទៅវិញទៅមក​រវាង​មនុស្ស​វ័យចាស់​ទូទៅ​។ ជាពិសេស​យកចិត្តទុកដាក់​ជួយ​មនុស្ស​វ័យចាស់ ជរា ពិការ ក្រីក្រ គ្មាន​ទីពឹង ហើយ​ដៃគូ​អភិវឌ្ឍន៍ អង្គការ​មិនមែន​រដ្ឋាភិបាល និង​អង្គការ​អន្តរជាតិ សូម​បន្ត​ជួយ​គាំទ្រ​ដល់​កម្មវិធី​អភិវឌ្ឍន៍​សមាគម​មនុស្ស​ចាស់​ដែលមាន​ស្រាប់​។​

​គួរ​ជម្រាប​ថា ក្នុង​គោលបំណង​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​មនុស្ស​វ័យចាស់​កម្ពុជា រាជរដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មាធិកា​រ​ជាតិ​កម្ពុជា​ដើម្បី​មនុស្ស​ចាស់ កាលពី​ឆ្នាំ​ ២០១១ ដើម្បី​អនុវត្ត​នូវ​តួនាទី​និង​ភារកិច្ច​ដែលមាន​ជាអាទិ៍ រៀបចំ​គោលនយោបាយ​ដើម្បី​លើកស្ទួយ​សុខុមាលភាព​របស់​មនុស្ស​វ័យចាស់ រៀបចំ​ទិវា​មនុស្ស​ចាស់​នៅ​កម្ពុជា​ដោយ​កំណត់​យក​ថ្ងៃទី​ ១ ខែតុលា ជា​រៀងរាល់ឆ្នាំ រួមជាមួយ​ទិវា​មនុស្ស​ចាស់​អន្តរជាតិ​៕