គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នឹងចាប់ផ្តើមធ្វើការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅតាមសាលាឃុំ សង្កាត់ ឬនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស។
ក្នុងឱកាសនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ នេះ គ.ជ.ប បានអំពាវនាវចំពោះប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២២ អញ្ជើញទៅពិនិត្យមើលឈ្មោះរបស់ខ្លួនដែលបិទផ្សាយនៅតាមសាលាឃុំ សង្កាត់ និងនៅទីប្រជុំជនមួយចំនួនក្នុងឃុំ សង្កាត់ ឬចូលពិនិត្យមើលតាមគេហទំព័ររបស់ គ.ជ.ប voterlist.nec.gov.kh ឬកម្មវិធីទូរសព្ទដៃ (App) NEC KH ដើម្បីឱ្យប្រាកដថាខ្លួនពិតជាមានឈ្មោះ និងទិន្នន័យត្រឹមត្រូវនៅក្នុងបញ្ជីបោះឆ្នោត។
បើតាមសេចក្តីអំពាវនាវដែលចុះហត្ថលេខាដោយ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៅថ្ងៃទី២៩ ខែកញ្ញា បញ្ជាក់ថា ក្នុងករណីឈ្មោះ ឬទិន្នន័យរបស់បងប្អូនពុំត្រឹមត្រូវ បងប្អូនត្រូវស្នើសុំទៅក្រុមចុះឈ្មោះបោះឆ្នោត ដើម្បីធ្វើការកែតម្រូវឱ្យបានត្រឹមត្រូវទៅតាមឯកសារសំអាងច្បាស់លាស់។
នៅក្នុងលិខិតបញ្ជាក់ថា ក្នុងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ នេះ ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក, ប្រជាពលរដ្ឋខ្មែរដែលទើបគ្រប់អាយុ ១៨ឆ្នាំ គឺអ្នកដែលកើតមុន ឬត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០០៦ ឬប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី។
ពលរដ្ឋដែលត្រូវបានរៀបរាប់ក្រោមលក្ខខណ្ឌខាងលើនេះ សូមអញ្ជើញ ទៅចុះឈ្មោះបោះឆ្នោតតាមប្រតិទិនរបស់ក្រុមចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ ដែលសាមីខ្លួនកំពុងរស់នៅ។
ទន្ទឹមនឹងនេះ លោក ប្រាជ្ញ ចន្ទ ក៏បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ រួមមាន គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល អង្គភាពសារព័ត៌មាននានា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាជួយផ្សព្វផ្សាយខ្លឹមសារនៃសេចក្តីអំពាវនាវនេះ ជូនប្រជាពលរដ្ឋខ្មែរឱ្យបានយល់ជ្រួតជ្រាប និងជួយជំរុញឱ្យប្រជាពលរដ្ឋទៅពិនិត្យមើលបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលា។
លោក សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋខ្មែរ និងភាគីពាក់ព័ន្ធទាំងអស់ នឹងចូលរួមសហការតាមការអំពាវនាវក្នុងស្មារតីទទួលខុសត្រូវខ្ពស់ដោយគោរពតាមច្បាប់ជាធរមាន ដើម្បីឱ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ប្រព្រឹត្តទៅដោយរលូនក្នុងបរិយាកាសស្ងប់ស្ងាត់ មានសន្តិសុខ សុវត្ថិភាព មានសណ្តាប់ធ្នាប់ និងរបៀបរៀបរយល្អ។
ជាមួយគ្នានេះ លោក មាន សទិ សមាជិក គ.ជ.ប បានឱ្យដឹងថា ក្នុងរយៈពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនេះ ក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) ត្រូវបិទការិយាល័យចុះឈ្មោះបោះឆ្នោត ចំនួន១ លើក ដើម្បីបើកកិច្ចប្រជុំជាមួយក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) ត្រួតពិនិត្យការអនុវត្តការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។ លោកបន្ថែមថា ក្នុងករណីមានការប្រែប្រួល ប្រតិទិនការងារ ក្រុមប្រឹក្សាឃុំ សង្កាត់ និងក្រុមចុះឈ្មោះបោះឆ្នោត ត្រូវជម្រាបជូនដំណឹងទៅគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងប្រជាពលរដ្ឋផងដែរ៕