
សកម្មភាពវេចខ្ចប់ត្រីងៀត។ រូបថត Yousos Adoulrashim
ភ្នំពេញៈ ការលក់ផលិតផលកែច្នៃពីផលិតផលជលផល នៃសិប្បកម្មកែច្នៃត្រី សំណាង សុធានិងសហគ្រាសកែច្នៃត្រីងៀត Home Taste Food ទទួលបានកំណើននៃការបញ្ជាទិញពីអតិថិជនថ្មីៗបន្ថែមទៀត ក្រោយក្រសួងកសិកម្ម និងអង្គការយូនីដូ សហការគ្នាក្នុងការដឹកនាំអ្នកសារព័ត៌មានចុះទៅទស្សនកិច្ចដោយផ្ទាល់ ដើម្បីផ្សព្វផ្សាយពីការអនុវត្តស្តង់ដាចំណីអាហារនៅសិប្បកម្មទាំងនេះ។
លោក យន់ សំណាង ម្ចាស់សិប្បកម្មកែច្នៃត្រី សំណាង សុធា បានប្រាប់ឱ្យដឹងនៅថ្ងៃទី១ ខែតុលាឆ្នាំ២០២៣ថា ថ្មីៗនេះ ពោលគឺចាប់តាំងពីក្រុមការងារក្រសួងកសិកម្ម និងអង្គការយូនីដូ បាននាំអ្នកសារព័ត៌មានមកដល់សិប្បកម្មដោយផ្ទាល់មក លោកសង្កេតឃើញថា ការលក់ផលិផលតកែច្នៃដូចជាត្រីងៀតជាដើម មានកំណើនក្នុងរង្វង់១០ភាគរយ ដែលសុទ្ធសឹងតែជាអតិថិជនថ្មីៗ។
លោកបានបញ្ជាក់ថា៖«បើតាមខ្ញុំមើលទៅការលក់ដែលកើនឡើងប្រមាណ១០ភាគរយនេះ សុទ្ធតែជាអតិថិជនថ្មីៗ ដែលគាត់បានខលមកកុម្ម៉ង់ទិញ។អតិថិជនថ្មីៗ ដែលបានបញ្ជាទិញទាំងនោះ គឺសម្រាប់យកទៅបរិភោគ មិនមែនជាអ្នកលក់បន្តឡើយ។ ខ្ញុំយល់ថា ការដែលផលិតផលរបស់យើងមានស្ដង់ដាបច្ចេកទេស អនាម័យខ្ពស់ ស្របតាមនិមិត្តសញ្ញា គុណភាពផលិតផលជលផលកម្ពុជា (CQS) មិនត្រឹមតែលក់បានតម្លៃខ្ពស់ទេ ថែមទាំងមានកំណើននៃការលក់ជាបន្តបន្ទាប់»។
អ្នកស្រីម៉ូ នីដា ជាអតិថិជនថ្មីរបស់សិប្បកម្មកែច្នៃត្រី សំណាង សុធា ដែលបានទិញត្រីកន្ធរប្រឡាក់ងៀត, ត្រីកំភ្លាញ និងប្រហុកសាច់ ពីសិប្បកម្មនេះ បានប្រាប់ឱ្យដឹងដែរថា ក្រោយពីបានភ្លក្សរសជាតិផលិតផលពីខាងសិប្បកម្មសំណាង សុធា ដែលកូនរបស់អ្នកស្រីបានទិញផ្ញើ និងបានឃើញពីការផ្សព្វផ្សាយថា សិប្បកម្មនេះមានការកែច្នៃស្ដង់ដាបច្ចេកទេស អនាម័យខ្ពស់មក អ្នកស្រីក៏បានបញ្ជាទិញភ្លាមៗ ដោយមួយចំណែកសម្រាប់បរិភោគ និងមួយចំណែកសម្រាប់ផ្ញើកូននៅសហរដ្ឋអាមេរិកផងដែរ។
អ្នកស្រីបានបញ្ជាក់ថា៖«ខ្ញុំធ្លាប់ភ្លក្សម្តងនៅសៀមរាប ក្រោយមកខ្ញុំឃើញគេផ្សាយពីសិប្បកម្មនេះនៅតាមទូរទស្សន៍ថា មានអនាម័យ មានស្តង់ដាត្រឹមត្រូវ ទើបខ្ញុំសាកកុម្ម៉ង់ទិញដើម្បីទុកហូបខ្លួនឯងផងនិងផ្ញើទៅកូននៅអាមេរិកផង។តម្លៃប៉ុណ្ណឹងសម្រាប់ខ្ញុំគឺសមរម្យហើយ តែបើសិនជាខាងសិប្បកម្មគាត់លក់ធូរជាងហ្នឹងបន្តិចទៀត អ្នកក្នុងស្រុកនឹងជួយទិញហូបកាន់តែច្រើន»។
មិនត្រឹមតែសិប្បកម្មកែច្នៃត្រី សំណាង សុធាប៉ុណ្ណោះទេ ដែលមានកំណើននៃការលក់,សហគ្រាសកែច្នៃត្រីងៀត Home Taste Food របស់ អ្នកស្រី ស៊ឹម សេរីររ័ត្ន ក៏លក់បានច្រើនជាងមុនចន្លោះពី១០ទៅ១៥ភាគរយដែរ ។
អ្នកស្រី ស៊ឹម សេរីររ័ត្ន បានប្រាប់ថា ចាប់តាំងពីមានក្រុមសារព័ត៌ជួយផ្សព្វផ្សាយមក ឃើញថា ការលក់មានការប្រសើរឡើងជាងមុន ដោយការលក់មានការកើនឡើងពី១០ ទៅ ១៥ភាគរយ ភាគច្រើនជាអតិថិជនថ្មីៗ។
អ្នកស្រីបានបញ្ជាក់បែបនេះថា៖«អតិថិជនថ្មីៗទាក់ទងមកសួរព័ត៌មានលម្អិតអំពីផលិតកម្ម និងតម្លៃលក់រាយ និងបោះដុំហើយក៏មានអតិថិជនថ្មីៗទាក់ទងមកដើម្បីទិញយកទៅបរិភោគ និងទិញយកទៅផ្ញើបងប្អូននៅស្រុកក្រៅផងដែរ។យើងរីករាយនូវលទ្ធផលដ៏ល្អនេះ និងអរគុណខាងក្រសួងកសិកម្ម ក៏ដូចជាអង្គការយូនីដូ ចំពោះការគាំទ្រនាពេលកន្លងមកដែរ»។
លោកស្រី ឃឺម ចរិយា អ្នកសម្របសម្រួលវិស័យឯកជនគម្រោង CAPFish-Capture បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មាននៅពេលថ្មីៗមកនេះ បានផ្តល់ផលប្រយោជន៍ជាច្រើនលើការជួយជំរុញ ម៉ាកយីហោរបស់សហគ្រាសដែលបានទៅទស្សនា និងបានជួយលើកស្ទួយព្រមទាំងផ្សព្វផ្សាយ ផលិតផលរបស់សហគ្រាស ទាំងនោះ ទៅដល់សាធារណជន និងទីផ្សារនានាផងដែរ។
លោកស្រីបានបន្ថែមថា ដំណើរទស្សនកិច្ចនេះក៏បានជួយបង្កើនភាពជឿជាក់របស់សហគ្រាសក្នុងការប្រកួតប្រជែងទីផ្សារ និងកសាងទំនុកចិត្តដល់អ្នកប្រើប្រាស់ទំនិញនិងផលិតផលប្រកបដោយអនាម័យនិងស្តង់ដាសុវត្ថិភាពនៅកម្ពុជា។
លោកស្រីអះអាងថា៖«ដំណើរទស្សនកិច្ចនេះបានបង្ហាញពីជោគជ័យនៃកិច្ចសហការនិងភាពជាដៃគូជាមួយអ្នកពាក់ពន្ធ័ដែលធ្វើការលើសុវត្ថិភាពចំណីម្ហូបអាហារចេញពីផលិតផលជលផលព្រមទាំងបង្ហាញភាពជាម្ចាស់របស់រដ្ឋាភិបាលក្នុងការជំរុញអាជីវកម្មផលិតកម្មជលផល»។
លោក សេតធី ស៊ីថារ៉ាម៉ា ធមបាធូ ប្រធានគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFish-Capture)ធ្លាប់បាននិយាយថា អង្គការ UNIDO តាមរយៈគម្រោង (CAPFish-CAPTURE) នឹងធ្វើការសហការជាមួយរដ្ឋបាលជលផល និងស្ថាប័នអនុវត្តច្បាប់ពាក់ព័ន្ធ ក្នុងការរៀបចំបង្កើតលក្ខខណ្ឌសមស្របសម្រាប់អាជ្ញាធរមានសមត្ថកិច្ច ឱ្យមានលទ្ធភាពអនុវត្តប្រព័ន្ធត្រួតពិនិត្យមួយ ដែលសមស្របតាមលក្ខខណ្ឌតម្រូវទីផ្សារអន្តរជាតិ។
អង្គការ UNIDO- CAPFishក៏សហការជាមួយ អ្នកពាក់ព័ន្ធសំខាន់ៗ ដែលរួមមាន៖ ក្រុមអ្នកផលិត ផ្នែកឯកជន ដើម្បីធានាការអនុវត្តគោលការណ៍សុវត្ថិភាពអាហារបានល្អ និងបង្កើនភាពប្រកួតប្រជែងទាំងក្នុងទីផ្សារថ្នាក់តំបន់ និងអន្តរជាតិ។
« អង្គការ UNIDO មានគោលដៅ និងក្តីស្រមៃថា នឹងនាំយកផលិតផលជលផលកម្ពុជា ទៅទីផ្សារអន្តរជាតិ រួមទាំងសហភាពអឺរ៉ុប ក្នុងឆ្នាំ២០២៤ »។នេះជាការបញ្ជាក់បន្ថែមរបស់លោក សេតធី ស៊ីថារ៉ាម៉ា ធមបាធូ៕