
ប្រជាពលរដ្ឋពិនិត្យឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត ដែលត្រូវបានបិទប្រកាស។ រូបថត គជប
ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ដែលបានចាប់ផ្ដើមបើកដំណើរការនៅតាមឃុំ សង្កាត់ទាំង ១ ៦៥២នៅទូទាំងប្រទេស បានបើកដំណើរការតាមការគ្រោងទុក ពុំមានបញ្ហាប្រឈមណាមួយធ្វើឱ្យរាំងស្ទះឡើយ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ តាមឃុំ សង្កាត់ មានរយៈពេល ១៩ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៩ ខែតុលា គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយក្នុងនោះការិយាល័យចុះឈ្មោះបោះឆ្នោត ក៏នឹងត្រូវផ្អាកដំណើរការ ១ថ្ងៃផងដែរ គឺនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ ដើម្បីឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ និងក្រុមចុះឈ្មោះបោះឆ្នោត ធ្វើការប្រជុំត្រួតពិនិត្យការអនុវត្តការងារ។
គ.ជ.ប បានបន្តថា ៖ «សូមប្រជាពលរដ្ឋខ្មែរដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ឬអ្នកដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ឬអ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅឃុំ សង្កាត់ ដែលសាមីខ្លួនកំពុងរស់នៅ ឬស្នាក់នៅ»។
ប្រសិនបើពិនិត្យឃើញថា មានការកត់ត្រាមិនបានត្រឹមត្រូវ តាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាព សាមីខ្លួន អាចស្នើសុំកែតម្រូវជាមួយក្រុមចុះឈ្មោះបោះឆ្នោត ក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ តាមឃុំ សង្កាត់។
លោកឈីម ចាន់ធឿន ប្រធានលេខាធិការដ្ឋាន រៀបចំការបោះឆ្នោតខេត្តកំពង់ចាម (ល.ខ.បខេត្ត) ប្រាប់ឱ្យដឹងនៅថ្ងៃទី១ ខែតុលាថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ នៅតាមឃុំ សង្កាត់ ទំាង១០៩ ក្នុងខេត្តកំពង់ចាម នាថ្ងៃដំបូងបានបើកដំណើរការគ្រប់ទាំងអស់ចាប់តាំងពីម៉ោង ៧ ព្រឹក មិនមានអ្វីជាឧបសគ្គនោះទេ។
លោកថ្លែងថា ៖ «ទាំងសម្ភារ និងមន្ត្រីចុះឈ្មោះត្រូវបានរៀបចំរួចជាស្រេច ប៉ុន្តែសំខាន់គឺភ្លៀងធ្លាក់ច្រើន បង្កការលំបាកដល់ប្រជាពលរដ្ឋធ្វើដំណើរទៅពិនិត្យ និងចុះឈ្មោះបោះឆ្នោត»។
ទាក់ទិននឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣នេះ លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការនិចហ្វិក ថ្លែងថា ក្នុងដំណើការនេះ ភាគច្រើនប្រជាពលរដ្ឋ មិនសូវជាទទួលបានព័ត៌មាននោះទេ ដែលទាមទារឱ្យគ.ជ.ប គ្រប់លំដាប់ថ្នាក់ និងអាជ្ញាធរពាក់ព័ន្ធផ្សព្វផ្សាយឱ្យបានច្រើន ដើម្បីទាញចំណាប់អារម្មណ៍របស់ពលរដ្ឋចូលរួម។
លោកថ្លែងថា៖ «ខ្ញុំសង្កេតឃើញថា ពលរដ្ឋហាក់មិនសូវជាទទួលបានព័ត៌មានពីដំណើរការសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ព្រោះគាត់យល់ថា ទើបបោះឆ្នោតហើយសោះ ឥឡូវមកចុះឈ្មោះអីទៀតហើយ។ ដូចនេះហើយ បានទាមទារឱ្យមានការផ្សព្វផ្សាយឱ្យបានច្រើន និងទូលំទូលាយ នៅពេលដែលពលរដ្ឋយល់ដឹងហើយនោះ គាត់នឹងចូលរួមទៅពិនិត្យ និងចុះឈ្មោះហើយ»។
ចំណែកលោក សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប ក៏បានប្រាប់ដែរថា ដំណើការការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ត្រូវបានបើកនៅគ្រប់ ១ ៦៥១ ឃុំសង្កាត់ នៅទូទាំងប្រទេស លើកលែងតែ ១ ឃុំតែប៉ុណ្ណោះ គឺការិយាល័យដែលមានលេខកូដ ០៦៧ក្នុងឃុំតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង ដែលមិនអាចដំណើការបាន ដោយសារតែជំនន់ទឹកភ្លៀង។
លោកបន្តថា តែយ៉ាងនេះក្តី ក្រុមចុះឈ្មោះបានរើទៅទីទួលសុវត្ថិភាពចម្ងាយប្រមាណ ១០០ ម៉ែត្រពីសាលាឃុំនោះ។ ដូច្នេះ ទាំង ១ ៦៥២ ឃុំសង្កាត់នៅទូទាំងប្រទេស គឺបានអនុវត្តបានដោយរលូន។
លោកបញ្ជាក់ថា ៖ «ពាក់ព័ន្ធនឹងសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព និងសន្តិសុខវិញ គឺមិនមានអ្វីគួរឱ្យកត់សម្គាល់នោះទេ គឺមានលក្ខណៈល្អប្រសើរ ប្រជាពលរដ្ឋបានធ្វើដំណើរទៅពិនិត្យឈ្មោះ និងចុះឈ្មោះដោយរលូន»៕