ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំពាវនាវឱ្យក្រសួង ស្ថាប័ន បង្កើនការយកចិត្តទុកដាក់ដល់មនុស្សវ័យចាស់ឱ្យបានកាន់តែល្អប្រសើរឡើង ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពពួកគាត់។
តាមរយៈសារលិខិតក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ នាថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៣ លោក ហ៊ុន ម៉ាណែត ថ្លែងថា គ្រប់ក្រសួង ស្ថាប័ន និងអាជ្ញាធរ ត្រូវបង្កើនការយកចិត្តទុកដាក់ និងគាំទ្រតាមគ្រប់មធ្យោបាយ ដើម្បីលើកស្ទួយសុខុមាលភាពមនុស្សវ័យចាស់ឱ្យបានកាន់តែល្អប្រសើរឡើង។
លោកថ្លែងថា៖ «គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់សូមបង្កើនការយកចិត្តទុកដាក់ និងគាំទ្រតាមគ្រប់មធ្យោបាយនៅពេលចុះបំពេញការងារតាមមូលដ្ឋាន សូមឆ្លៀតសួរសុខទុក្ខ និងជួយឧបត្ថម្ភដល់ជនចាស់ជរា ជាពិសេសជនចាស់ជរាពិការដែលមានការលំបាកនៅតាមសហគមន៍»។
លោកអំពាវនាវដល់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិនិងអង្គការនានាជួយបង្កលក្ខណៈងាយស្រួលដល់សមាគមមនុស្សចាស់កម្ពុជាជួយគាំទ្របន្តដល់ការអន្តរាគមន៍ជំរុញសកម្មភាពបង្កើត ជួយពង្រឹង និងពង្រីកសមាគមមនុស្សចាស់នៅតាមសហគមន៍មូលដ្ឋាន ដើម្បីបង្កើនស្មារតីសាមគ្គីជួយគ្នាទៅវិញទៅមករវាងមនុស្សចាស់ទូទៅកម្ពុជា ជាពិសេសមនុស្សចាស់ជរាពិការ មនុស្សចាស់ជរាមានជំងឺ ក្រីក្រគ្មានទីពឹង។
លោកនាយករដ្ឋមន្ត្រីបន្តថា៖ «កាកបាទក្រហមកម្ពុជា មូលនិធិស្ថានីយវិទ្យុ និងទូរទស្សន៍ដៃគូអភិវឌ្ឍន៍ សប្បុរសជន អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិនានា សូមបន្តបង្កើនសកម្មភាពឧបត្ថម្ភគាំទ្រផ្នែកជំនួយមនុស្សធម៌ ទាំងស្បៀង សម្ភារ ថវិកា បច្ចេកទេសសម្រាប់ផ្តល់សេវាសុខុមាលភាពរបស់មនុស្សវ័យចាស់ ដែលបាន និងកំពុងជួបប្រទះការលំបាក ទាំងផ្នែកជីវភាព និងសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត»។
លើសពីនេះ លោកអំពាវនាវដល់គ្រូបង្រៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន បន្តយកចិត្តទុកដាក់ផ្តល់ការអប់រំ សីលធម៌ និងទំនៀមទម្លាប់ល្អៗដល់សិស្ស និស្សិតឱ្យចេះគោរពព្រឹទ្ធាចារ្យ និងចេះថែទាំមនុស្សចាស់ ដោយលោកចាត់ទុកថា ជាប្រពៃណីដ៏ល្អរបស់ប្រជាជាតិខ្មែរ។
លោក ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់គ្រប់គ្រួសារនៅតាមសហគមន៍នីមួយៗបន្តពង្រឹងសីលធម៌ និងទំនៀមទម្លាប់ល្អរបស់ខ្មែរ ជាពិសេសអប់រំកូនចៅ និងក្មេងជំនាន់ក្រោយឱ្យចេះគោរពដំបូន្មានរបស់មាតាបិតា ជីដូនជីតា និងចេះគោរពព្រឹទ្ធាចារ្យ។
លោកថ្លែងថា៖ «សូមជនរួមជាតិយើងទាំងអស់ មេត្តារួមគ្នាជួយបីបាច់ថែរក្សាមនុស្សវ័យចាស់ជរា ព្យាធិ ពិការ ក្រីក្រគ្មានទីពឹង ឱ្យមានកន្លែងស្នាក់នៅបានសមរម្យតាមសហគមន៍នីមួយៗ ដោយអាចកសាងជាមណ្ឌលមនុស្សចាស់ជាពិសេសនៅទីវត្តអារាម វិហារសាសនាដែលអាចជួយផ្ដល់ជាទីជម្រកឬអាហារទៅតាមលទ្ធភាពដែលអាចធ្វើបាន»។
លោកនាយករដ្ឋមន្ត្រីបន្តលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះ ការអភិវឌ្ឍវិស័យសង្គមកិច្ចជាអាទិភាពសំខាន់នៅក្នុងបញ្ចកោណទី១ «ការអភិវឌ្ឍមូលធនមនុស្ស» និងក្នុងមុមទី៤ «ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀងដែលមានគោលដៅកសាង និងអភិវឌ្ឍន៍ប្រព័ន្ធគាំពារសង្គមឱ្យមានលក្ខណៈប្រមូលផ្តុំ និងសង្គតិភាព ទាំងក្នុងប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខ សង្គម និងពង្រឹងប្រព័ន្ធស្បៀងដែលផ្ដល់សន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់ប្រជាជនគ្រប់រូប។
លោក ហ៊ុន ម៉ាណែត លើកឡើងថា ការបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឈរលើស្មារតី «មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់» ហើយការពង្រីកវិសាលភាព នៃប្រព័ន្ធគាំពារសង្គមឈរលើអភិក្រមចំនួន៤ គឺ ទី១ ចីរភាពនៃកម្មវិធី ទី២ លទ្ធភាពអាចទ្រទ្រង់បាននៃថវិកាជាតិ ទី៣ ការធានាបរិយាប័ន្ន និងសមធម៌សង្គមដោយផ្តោតលើកិច្ចអន្តរាគមន៍របស់រដ្ឋលើគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ និងភាពអាចពង្រីកវិសាលភាពនៃប្រព័ន្ធគាំពារសង្គមតាមរយៈការអភិវឌ្ឍជាប្រព័ន្ធ។
លោកលើកឡើងថា សមាគមមនុស្សចាស់ និងសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ដើម្បីថែរក្សាឧត្តមប្រយោជន៍ និងគាំទ្រដល់ស្ថានភាពជីវភាពរស់នៅរបស់មនុស្សវ័យចាស់។ មនុស្សវ័យចាស់ត្រូវទទួលបានការជួយឧបត្ថម្ភគាំទ្រដោយក្រសួង ស្ថាប័នដែលមានសមត្ថកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ កាកបាទក្រហមកម្ពុជា សប្បុរសជននានា និងអង្គការមិនមែនរដ្ឋាភិបាលផងដែរ។
លោក ហ៊ុន ម៉ាណែត បន្ថែមថា៖ «សកម្មភាពប្រកបដោយ សប្បុរសធម៌ទាំងនេះបានឆ្លុះបញ្ចាំងឱ្យឃើញពីវប្បធម៌ជួយឧបត្ថម្ភគាំទ្រគ្នា និងការរួបរួមគ្នាជួយជ្រោមជ្រែងដោះស្រាយទុក្ខលំបាករបស់ជនរួមជាតិ ជាពិសេស មនុស្សចាស់ ជរា ពិការ ក្រីក្រ គ្មានទីពឹង នៅក្នុងសង្គមជាតិយើង»៕