ភ្នំពេញៈ លោក ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​ប្រមាណ​ជិត ​២ ​ម៉ឺន​នាក់ ​មកពី​រោង​ចក្រ​សហគ្រាស​នានា កាលពី​ម្សិលមិញ នៅ​រាជធានី​ភ្នំពេញ បាន​ថ្លែងថា រាជ​រដ្ឋា​ភិ​បាល​នៅតែ​បន្ត​ដំឡើង​ប្រាក់ខែ ទោះបី​ក្រុម​​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​អប្បបរមា និង​ភាគី​ពាក់ព័ន្ធ​បានសម្រេច​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​បាន​ចំនួន​ត្រឹម​ ២០៤ ​ដុល្លារ ​ក្នុង​ ១​ ខែ ក្នុង​ឆ្នាំ​ ២០២៤ ក៏ដោយ​។​

​លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​បញ្ជាក់ថា ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្ម​ករ​និយោជិត​មិនទាន់​គ្រប់គ្រាន់​ទេ ដែលជា​ហេតុនាំឱ្យ​រាជរដ្ឋាភិបាល​នៅតែ​បន្ត​ប្តេជ្ញា​ចិត្ត​ដំឡើង​ជូន​ពួកគាត់​ទោះបី​ជាមាន​ចំនួន​តិចតួច​ក៏ដោយ ប៉ុន្តែ​ប្រសើរ​ជាង​មិនបាន​ឡើង​សោះ​។​

​លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​៖ «​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​មានការ​វាយប្រហារ​លើ​ការ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ដែល​ដំឡើង​បានតែ​ ៤ ​ដុល្លារ ប៉ុន្តែ​យើង​ត្រូវ​យល់ថា កាលៈទេសៈ​នេះ​ជា​កាលៈទេសៈ​ដែល​យើង​លំបាក​ទាំងអស់គ្នា ហើយ​ការ​ដោះស្រាយ​នេះ​គឺ​ចេញ​តាម​រូបមន្ត ចែកគ្នា​រស់ ជួយ​គ្នា​រស់ ដើម្បី​យើង​ខ្លាំង​ទាំងអស់គ្នា ទើប​ប​យើង​ចេញ​បាន​លទ្ធផល​ ២០៤​ ដុល្លារ​សម្រាប់​ប្រាក់​​ឈ្នួល​ឆ្នាំ ​២០២៤»​។​

​លោក​បានលើកឡើង​ទៀតថា​៖ «​រាជរដ្ឋាភិបាល​យល់​ពី​ការលំបាក​ទាំងសងខាង (​កម្ម​​ករ និង​និយោជក​) ដែល​ភាគី​ទាំង ​២​ នេះ​ផ្គុំ​គ្នា​បានជា​ឆ្នាំង​បាយ និង​អង្ករ​ក្នុង​ឆ្នាំង ហើយ​ឆ្នាំងបាយ​មាន​អង្ករ​ក្នុង​ឆ្នាំង ធ្វើឱ្យ​ផ្ទះ​សម្បូរ​សប្បាយ និង​ធ្វើឱ្យ​ប្រទេសជាតិ​សម្បូរ​សប្បាយ​ដែរ​»​។​

​លោក ហ៊ុន ម៉ា​ណែ​ត ថ្លែងថា គោលនយោបាយ​របស់​គ​ណបក្ស​ប្រជាជន​កម្ពុជា គឺ​មិន​ថយក្រោយ ហើយក៏​មិន​បោះបង់ចោល​នូវ​អ្វីដែល​បានធ្វើ​ដល់​កម្មករ​កម្មការិនី មកដល់​ម៉ោង​នេះ ហើយ​មានតែ​ខិតខំ​ធ្វើឱ្យ​ប្រសើរឡើង​ជាងនេះទៀត​។​

​លោក​បាន​ថ្លែងថា​៖ «​នៅពេលដែល​សេដ្ឋកិច្ច​លើ​ពិភព​​លោក​មាន​ថយ គ្រប់​ប្រទេស​ទាំងអស់​មានការ​ប៉ះពាល់​ទាំង​អស់ ការបញ្ជាទិញ​ក៏​ថយ​។ យើង​ត្រូវ​ទទួលស្គាល់​ទាំងអស់គ្នា មិនចាំបាច់​លាក់​ទេ ហើយក៏​មិនមែន​តែ​ខ្មែរ​ដែរ​ដែល​ប៉ះពាល់ តែ​គ្រប់​ប្រទេស​ទាំងអស់​»​។​

​លោកនាយក​រដ្ឋមន្ត្រី​បាន​បន្តថា ទោះបីជា​មានការ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​តិច​ក៏ដោយ តែ​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ប្តេជ្ញាចិត្ត​ដំឡើង​ជូន​កម្មករ ខណៈដែល​ក្រុមហ៊ុន​មានការ​ប្រឈម​នឹង​ការប្រកួតប្រជែង មិនថាតែ​នៅក្នុង​ប្រទេស​កម្ពុជា​ទេ តែ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ដូចជា ឡាវ វៀតណាម ឥណ្ឌូនេស៊ី បង់​ក្លា​ដែ​ស ភូមា ឥណ្ឌា ស្រីលង្កា និង​មាន​បណ្តា​ប្រទេស​មួយចំនួនទៀត​។​

​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​កម្មការិនី​ក្នុងប្រទេស​កម្ពុជា មាន​អត្រា​ខ្ពស់ជាង​បណ្តា​ប្រទេសមួយ​ចំនួន​ដូចជា ប្រទេស​ឡាវ​មាន​ចំនួន​ ៩០​ ដុល្លារ ​ក្នុង​ ១ ​ខែ​, ប្រទេស​វៀត​ណា​ម​ចន្លោះ​ពី​ ១៥៤ ​ដុល្លារ​ទៅ​ ១៩៨ ដុល្លារ​, ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ពី​ ១៣០ ​ដុល្លារ​ទៅជា​ង​ ៣០០​ ដុល្លារ​, ប្រទេស​បង់​ក្លា​ដែ​ស ចំនួន​ ៧៤​ ដុល្លារ​, ប្រទេស​ភូមា ចំនួន​ ៦៩ ​ដុល្លារ​, ប្រទេស​ឥណ្ឌា ចំនួន​ ១៣៤-១៩៥​ ដុល្លារ និង​ប្រទេស​ស្រីលង្កា ចំនួន ​៤០​ ដុល្លារ​ ក្នុង ១​ ខែ​។​

​លោក ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា៖ «​រាជរដ្ឋាភិបាល​ឮ​ការព្រួយបារម្ភ​របស់​និយោជក ហើយ​យើង​ក៏​ឮ​ការព្រួយបារម្ភ​របស់​ក​ម្មករ​កម្មការិនី​ដែរ តែ​យើង​ក៏​មើ​លពី​ប្រទេស​ប្រកួត​ប្រជែង​ជាមួយ​យើង​មួយចំនួន​ដែល​គេ​មិនមាន​ដំឡើង​ប្រាក់​ឈ្នួល​ដែរ​។ អ៊ីចឹង អ្វីដែល​យើង​បាន​នេះ ទោះ​មិនបាន​ដូច​អ្វីដែល​យើង​រំពឹងទុក តែ​វា​ក៏​ច្រើន​ហើយ ហើយ​ខ្ញុំ​គិតថា កម្មករ​នៅ​ប្រទេស​ទាំងនោះ​នឹង​ថា កម្មករ​ខ្មែរ​សំណាង​ណាស់​ដែល​ប្រាក់ខែ​ខ្ពស់​ហើយ រដ្ឋា​ភិ​​បាល​ដំឡើង​ឱ្យ​ថែមទៀត​»​។​

​លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​ថ្លែងថា ការដំឡើង​ប្រាក់​ឈ្នួល​ចំនួន ៤​ ដុល្លារ​បន្ថែម​សម្រាប់​ឆ្នាំ ២០២៤ ​ជា​ចំនួន​មួយ​ដែល​តិច ដែល​យ៉ាងហោចណាស់​ក៏​ឡើង​បាន​ ២១៣​ ដុល្លារ​ដែរ​។​

​លោក​បាន​បន្តថា ការដំឡើង​ប្រាក់​ឈ្នួល​គឺ​បាន​ដំឡើង និង​បញ្ចប់​រួចរាល់​ហើយ​ដែរ ហើយ​អ្វីដែល​ភាគី​សហជីព​ត្រូវធ្វើ​ទៀត​គឺ ស្នើ​សុំឱ្យ​រដ្ឋាភិបាល​ពិចារណា​ជួយ​លើ​បញ្ហា​ផ្សេងៗ​ទៀត​ដូចជា ការផ្តល់​អាហារ​ថ្ងៃត្រង់ សោហ៊ុយ​ធ្វើដំណើរ និង​ការបញ្ចុះ​ថ្លៃ​សម្ភារ​ប្រើប្រាស់​ផ្សេងៗ​ទៀតផង​ដែរ​។​

​លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃទី ​២ ខែតុលា បានឱ្យដឹង​តាមរយៈ​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថា នៅក្នុង​សភាពការណ៍​ដែល​សេដ្ឋកិច្ច ពិភពលោក​កំពុង​ប្រឈម​ជា​មួយ​នឹង​ការធ្លាក់ចុះ ការដំឡើង​បាន​បៀវត្សរ៍​ដល់ក​ម្មករក​ម្ម​ការិនី គឺជា​រឿង​ល្អ តែ​អ្វីដែល​សំខាន់​ជាងនេះទៀត ក្នុងពេល​វេលា​ដ៏​លំបាក​នេះ គឺ​ត្រូវខិតខំ​រក្សា​ការងារ​ធ្វើ​ផង និង​បង្កើត​ការងារ​ថ្មី​ផង​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​សូម​អបអរសាទរ​ជាមួយ​រាជ​​រដ្ឋាភិបាល កម្មករ​-​កម្មការិនី ក៏ដូចជា​ស្ថាប​ន័​ពាក់ព័ន្ធ​ដែល​រក្សាបាន​នូវ​ចំណុច​សំខាន់​ ៣ ​គឺ​ទី​១ ដំឡើង​បាន​បៀវត្សរ៍ ទោះ​ច្រើនក្តី​តិចក្តី​, ទី​២ រក្សាបាន​ការងារ​ធ្វើ និង​ទី​៣ បង្កើតបាន​ការងារ​ថ្មី​។ បៀវត្សរ៍​ឡើង​បាន​តិច​ប្រសើរ​ជាង​បាត់បង់​ការងារ​ធ្វើ ដែល​នឹង​បាត់បង់​ប្រាក់ចំណូល​ទាំងស្រុង​»​។​

​កាលពី​ថ្ងៃទី​ ២៨ ខែកញ្ញា ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា បានសម្រេច​ដំឡើង​ប្រាក់​ឈ្នួល​ដល់ក​ម្មករ​និ​យោ​ជិត​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ និង​កាបូប​សម្រាប់​ឆ្នាំ ​២០២៤ ចំនួន​ ២ ​ដុល្លារ និង​បន្ថែមចំនួន​ ២​ ដុល្លារ​ពី​រាជរដ្ឋាភិបាល ធ្វើឱ្យ​ប្រាក់​ឈ្នួល​ដែល​កម្មករ​នឹង​ទទួលបាន​មាន​ចំនួន ​២០៤​ ដុល្លារ​ ក្នុង​ ១ ​ខែ ចាប់​ដើមខែ​មករា ឆ្នាំ​ ២០២៤៕