ភ្នំពេញៈ ក្រសួង​ព័ត៌មាន និង​ស្ថាន​ទូត​ថៃ​បាន​ពិភាក្សា​ពី​ការពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ព័ត៌មាន​បន្ថែមទៀត ដើម្បី​ប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​។ នេះ​បើ​យោងតាម​គេហទំព័រ​របស់​ក្រសួង​ព័ត៌មាន​ចេញផ្សាយ​កាលពី​ទី ​២ ខែតុលា​។​

​ក្រសួង​ព័ត៌មាន​បានឱ្យដឹងថា ការ​ជំរុញ​នេះ​ធ្វើឡើង​ក្នុងជំនួប​រវាង​លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​លោក​ឈើ​ត​កៀត អត្ថា​ករ ឯកអគ្គ​រាជទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា និង​សមា​គម​អ្នកសារព័ត៌មាន​ថៃ ដែល​បានមក​ទស្ស​កិច្ច​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​ ២ ខែ​តុលា ឆ្នាំ​ ២០២៣ នៅ​ទីស្តីការក្រសួង​ព័ត៌មាន​។​

​ប្រភព​ដដែល​បាន​ផ្សព្វផ្សាយ​ថា កិច្ចពិភាក្សា​នេះ​បាន​ផ្តោត​សំខាន់​លើ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ព័ត៌មាន​ក្នុង​ក្របខ័ណ្ឌ​ក្រសួង​ព័ត៌មាន​ជាមួយ​ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា និង​សមាគម​សារព័ត៌មាន​ថៃ ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍ ជាពិសេស​រួមគ្នា​ដើម្បី​ប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​។​

​ក្រសួង​លើកឡើងថា​៖ «​បើសិនជា​យើង​ទុកឱ្យ​ព័ត៌មាន​ក្លែងក្លាយ​ទៅមុខ​កាន់តែ​យូរ គឺ​វា​កាន់តែ​បង្ក​ផល​​ប៉ះពាល់​ទៅដល់​សង្គមជាតិ និង​ប្រជា​​ជន​។ ដូច្នេះ​ចាំបាច់​ណាស់​ដែល​ត្រូវ​ចាត់វិធានការ​ឱ្យបាន​ទាន់ពេលវេលា​ទៅលើ​ព័ត៌មាន​ក្លែងក្លាយ​នេះ​»​។​

​លោក​ នេត្រ ភក្ត្រា បាន​លើកឡើងថា កិច្ចសហប្រតិបត្តិការ​លើ​កម្មវិធី​វិទ្យុ​មិត្តភាព​កម្ពុជា​​ថៃ (Twin Radio Cambodia-Thai) នៅតាម​បណ្ដោយ​ព្រំដែន​គឺជា​ផ្នែក​មួយ​យ៉ាងសំខាន់​លើ​ការផ្សព្វផ្សាយ​ព័ត៌មាន​ទាក់ទង​នឹង​ប្រទេស​ទាំង​ ២ ដើម្បីឱ្យ​ប្រជាជន​ដែល​រស់នៅ​បណ្ដោយ​ព្រំដែន​ទទួលបាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ ជាពិសេស​ទាក់ទង​ការអនុវត្ត​ច្បាប់​របស់​ប្រទេស​ទាំង​ ២​ ដើម្បី​ចៀស​ផុតពី​ការចាញ់បោក​មេខ្យល់​ឬ​ចាញ់បោក​អ្វី​ផ្សេងៗ និង​មាន​សុវត្ថិភាព​នៅក្នុង​ការបំពេញ​ការងារ​។​

​ក្រសួង​បាន​បញ្ជាក់ថា​៖ «​ឯកឧត្តម​​អគ្គរាជទូត​ថៃ ក៏បាន​ឯកភាព​ទៅលើ​អ្វីដែល​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មានបានលើកឡើង ហើយ​សន្យា​នឹង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត ដោយ​ក្នុងនោះ​ផ្តោតជាសំខាន់​ទៅលើ​ការពង្រឹង​សមត្ថភាពរ​បស់​ខ្លួន អ្នក​​សារព័ត៌មាន តាមរយៈ​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​គ្នា​រវាង​អ្នក​សារ​ព័ត៌មាន​កម្ពុជា និង​ថៃ ក៏ដូចជា​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​»​។​

​ក្រសួង​បន្តថា តាមរយៈ​លោក ឈើ​ត​ ​កៀត អត្ថា​ករ ក្រសួង​ព័ត៌មាន​ស្នើ​ភាគី​ឱ្យជួយ​បណ្ដុះបណ្ដាល​អ្នកសារព័ត៌មាន​កម្ពុជា​ដើម្បី​ពង្រឹងសមត្ថភាព ដោយ​ក្រសួង​បន្ថែមថា​៖ «​ព្រោះ​យើង​បាន​ផ្ដោតជាសំខាន់​ទៅលើ​សន្តិសុខ​ព័ត៌មាន​ដែលជា​ផ្នែក​សំខាន់​សម្រាប់​ប្រជាជន​កម្ពុជា គឺ​ទី​១ ​ការទទួលបាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ ទី​២ គឺ​ព័ត៌មាន​ដែលមាន​គុណភាព និង​ទី​៣ ​ព័​ត៌​មាន​ដែលមាន​សុវត្ថិភាព គឺ​មិនមាន​បញ្ហា​រឿង​ព័ត៌មាន​ក្លែងក្លាយ​អ្វី​ជាដើម ហើយ​ធ្វើ​ម៉េច​ឱ្យ​សហការគ្នា​ដើម្បី​ទប់​ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​ឱ្យបាន​កុំឱ្យ​កើតមានឡើង​»​។​

​រីឯ​ស្ថានទូត​ថៃ​បានបញ្ជាក់​នៅ​ថ្ងៃទី ​៣ ខែតុលា​ថា ជំនួប​រវាង​ភាគី​ថៃ ជា​​មួយ លោក​រដ្ឋមន្ដ្រី នេត្រ ភក្ត្រា គឺ​ដើម្បី​ផ្សារភ្ជាប់​បណ្តាញ​អ្នក​សារព័ត៌​មាន​រវាង​ប្រទេស​ទាំង ​២ និង​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែក​ផ្សេងៗ​។​

​ស្ថានទូត​ថៃ​បន្តថា​៖ «​ភាគី​ទាំង​សង​ខាង​យល់ឃើញថា អ្នកសារព័ត៌មាន​គឺជា​ឧបករណ៍​សំខាន់​មួយ​សម្រាប់​ទំនាក់ទំនង ផ្សព្វផ្សាយ​ព័ត៌មាន និង​សម្រាប់​បង្កើត​ភាព​យល់ដឹង​ទៅកាន់​ប្រជាជន​ទាំង​នៅក្នុង និង​ក្រៅប្រទេស​។ ដូច្នេះហើយ​ទើប​អ្នកសារព័ត៌មាន​ចាំបាច់​ត្រូវតែមាន​ការយល់ដឹង​អំពី​ខ្លឹមសារ និង​របៀបរបប​ទំនាក់​ទំនង ផ្សព្វផ្សាយ​យ៉ាងច្បាស់​លាស់ និង​សុក្រឹត​...»​។​

​ដោយឡែក​នៅក្នុង​ជំនួប​ជាមួយ​លោក​ នេត្រ ភក្ត្រា កាលពី​ថ្ងៃទី ​២ ខែ​តុលា លោក​ Piyawat Jriyase tapong នាយក​ប្រតិបត្តិ​ពាណិជ្ជកម្ម​ក្រុមហ៊ុន THAICOM ប្រទេស​ថៃ បានបញ្ជាក់​អំពី​ការបន្ត​គាំទ្រ និង​កិច្ច​​សហប្រតិបត្តិការ​រប​ស់​ក្រុមហ៊ុន​នេះ​ចំពោះ​ក្រសួង​ព័ត៌មាន​ដោយ​ជួយ​លើ​ការផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ផ្កាយរណប​ផ្សេងៗ​ទៅកាន់​បណ្ដា​ប្រទេស​ពាក់​​ព័ន្ធ​របស់​ស្ថានីយទូរទស្សន៍​ជាតិ និង​ស្ថានីយទូរទស្សន៍​ឯកជន​មួយចំនួន​។ នេះ​បើ​យោងតាម​ក្រសួង​ព័ត៌មាន​។​

​ក្រសួង​បាន​បញ្ជាក់ថា នៅក្នុង​ជំនួប​នោះ លោក​ នេត្រ ភក្ត្រា បាន​ថ្លែងថា ការងារ​អាទិភាព​រប​ស់​ក្រសួង​ព័ត៌មាន​គឺ​ការពង្រឹង​សមត្ថភាព​ម​ន្ត្រី​ពាក់ព័ន្ធ​នឹង​ជំនាញ​ឌីជីថល និង​ការត្រៀមខ្លួន​នៅក្នុង​ការផ្លាស់ប្តូ​រការ​ផ្សព្វផ្សាយ​ពី​ប្រព័ន្ធ​អាណា​ឡូ​ក​ទៅ​ឌីជីថល​៕