ភ្នំពេញៈ រដ្ឋាភិបាល​អូស្ត្រាលី តាមរយៈ​ស្ថានទូត​បានប្រកាស​ផ្តល់ជំនួយ​ជា​ថវិកា​ចំនួន ៧,៩​ លាន​ដុល្លារ​អូស្ត្រាលី​ (៥ លាន​ដុល្លារ​អាមេរិក​)​ ដល់​អង្គការ​មិនមែន​រដ្ឋាភិបាល​អូស្ត្រាលី​ចំនួន​ ២៦ ​ដែល​ធ្វើការ​ក្នុង​ភាពជា​ដៃគូ​ជាមួយ​អង្គការ​ក្នុងស្រុក​នានា​ដើម្បី​អនុវត្ត​គម្រោង​ជួយ​ដល់​សហគមន៍​ចំនួន​ ៤៩ តាម​បណ្តា​ខេត្ត​នៅ​ទូទាំងប្រទេស​កម្ពុជា​។​

​លោក Andreas Zurbrugg ឯកអគ្គរដ្ឋទូត​រង​អូស្ត្រាលី​ប្រចាំ​កម្ពុជា បានប្រកាស​ពី​ការផ្តល់​ជំនួយ​នេះ​នៅ​ថ្ងៃទី ​៣ ខែតុលា ក្នុង​វេទិកា​ស្តីពី​ «​កិច្ច​ពិគ្រោះ​យោ​ប​ល់រ​បស់​អង្គការ​មិនមែន​រដ្ឋា​ភិ​បាល​អូស្ត្រាលី​-​កម្ពុជា សម្រាប់​ឆ្នាំ ​២០២៣»​ ដល់​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ជាង ​៧០ ​ស្ថាប័ន​។​

​លោក Zurbrugg បាន​ថ្លែងថា អូស្ត្រាលី​ផ្ដល់​តម្លៃ​ខ្ពស់​ចំពោះ​ជំនាញ និង​បណ្តាញ​នានា​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​ទូទាំងប្រទេស​កម្ពុជា ព្រមទាំង​ការរួម​ចំណែក​របស់​ពួកគេ​ក្នុងការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​កន្លងមកនេះ​។

​ក្នុងនាម​ជា​ផ្នែក​មួយ​នៃ​សង្គម​ស៊ីវិល អង្គការ​ទាំងនោះ​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​បំពេញ​តួនាទី​របស់​រដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍ ជាពិសេស​សម្រាប់​សហគម​ន៍​នៅតាម​ទី​ដាច់ស្រយាល និង​ងាយ​រងគ្រោះ​នានា​។​

​លោក​បាន​ថ្លែងថា​៖ «​កិច្ច​ពិគ្រោះ​យោបល់ ជា​ផ្នែក​មួយ​នៃ​កិច្ចពិភាក្សា​ជា​បន្តបន្ទាប់ ដែល​យើង​នឹង​អនុវត្ត​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ ដោយ​យើង​បង្កើត​ផែនការ​ភាពជា​ដៃគូ​អភិវឌ្ឍន៍​ថ្មី​មួយ​ដើម្បី​កំណត់​ទិសដៅ​រយៈពេល​វែង​នៃ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​របស់​យើង​ជាមួយ​ប្រទេស​កម្ពុជា​។​យើង​នឹងចូលរួម​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ស្ថាប័ន​អប់រំ ធុរជន សង្គម​ស៊ីវិល និង​ដៃគូ​អភិវឌ្ឍន៍​នានា​ដើម្បី​ស្វែងរក​មតិ យោបល់ និង​ទស្សនៈ​របស់​ពួកគេ​»​។​

​ស្ថានទូត​អូស្ត្រាលី​បញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នោះ ថា ជិត​ ៥០ ​ឆ្នាំកន្លងមក កម្មវិធី​សហ​​ប្រតិបត្តិការ​អង្គការ​មិនមែន​រដ្ឋាភិបាល​អូស្ត្រាលី (ANCP)​ បានផ្តល់​ជំនួយ​ប្រចាំឆ្នាំ​ដល់​អង្គការ​មិនមែនរ​ដ្ឋា​ភិ​បាល​អូស្ត្រាលី​នានា ក៏ដូចជា​អង្គការ​ដៃគូ​ក្នុងស្រុក​ផងដែរ ដើម្បី​អនុវត្ត​គម្រោង​ប្រកបដោយ​ប្រសិទ្ធភាព ដែល​ផ្តល់​ផលប្រយោជន៍​ផ្ទាល់​និង​ពិតប្រាកដ​ដល់​សហគម​ន៍​។​

​ក្រៅពី​ការទទួលបាន​ជំនួយ​ពី​កម្មវិធី​ ANCP ដៃគូ​អង្គ​ការមិន​មែនរដ្ឋាភិបាល​អូស្ត្រាលី​ក៏​រក​ជំនួយ​ពី​សហគមន៍​អូស្ត្រាលី​និង​ជំនួយ​ពី​សាធារណៈ ក៏​ដូច​ជំនួយ​ដោយ​ស្ម័គ្រចិត្ត​ផងដែរ​។​កាលពី​ខែ​មុន រដ្ឋាភិបាល​អូ​ស្ត្រា​លី​បានចេញ​ផ្សាយ​គោ​លន​យោ​​បាយ​អភិវឌ្ឍន៍​អន្តរជាតិ​ថ្មី​មួយ​ដែល​កំណ​ត់គោ​ល​ដៅ​ជាង​ ៣០​ ដើម្បី​ផ្ដល់​កម្មវិធី​ប្រកបដោយ​ប្រ​សិទ្ធ​ភាព ឆ្លើយតប​នឹង​តម្រូវការ តម្លាភាព និង​គណនេយ្យភាព​។ គោលនយោបាយ​នេះ​បាន​បញ្ចូល​វិធីសាស្ត្រ​ពង្រឹង​ផែនការ​យុទ្ធ​សាស្ត្រ​របស់​ប្រទេស​តាមរយៈ​ផែន​ការ​ភាពជា​ដៃគូ​អភិវឌ្ឍន៍​ថ្មី​។​

​សេចក្តីប្រកាស​បានបញ្ជាក់​ថា​៖ «​ផែនការ​ភាពជា​ដៃគូ​អភិវឌ្ឍន៍​គឺជា​ឱកាស​មួយ​សម្រាប់​ពួកយើង​ក្នុងការ​វាយតម្លៃ ស្តាប់​ដៃគូ​នានា​របស់​យើង​និង​ធ្វើ​ការកំណត់​ដើម្បី​ធានាថា យើង​កំពុង​ឆ្លើយតប​ទៅនឹង​បញ្ហា​ធំៗ​នានា​ដែល​យើង​កំពុង​ប្រឈម​នៅ​កម្ពុជា​និង​បង្កើន​ប្រ​សិទ្ធ​ភាព​នៃ​កម្មវិធី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​របស់​យើង​»៕