​ភ្នំពេញៈ​​លោក ​ហង្ស​ សាមឿន អនុប្រ​ធាន​ទី​២​នៃ​គណៈក​ម្មាធិកា​រ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ ថ្លែង​ថា ប្រព័ន្ធ​ប្រកាស​ព័ត៌​មាន​ឱ្យ​ដឹង​មុន​ត្រូវ​បាន​ចាត់​ទុកជា​យន្តកា​រ​ដ៏​មាន​ប្រសិទ្ធ​ភាពក្នុងការ​ចូល​រួមចំណែ​កដល់​ការកាត់​បន្ថយ​ហានិ​ភ័យ​គ្រោះ​មហន្ត​រាយ​ ការ​បន្ស៊ាំទៅ​នឹង​ការ​ប្រែ​ប្រួ​ល​អាកាស​ធាតុ ​និង​ជួយ​ស​ង្គ្រោះ​អាយុ​ជីវិត​មនុស្ស​ និង​សេដ្ឋកិ​ច្ចជាតិ​។

​លោក​បាន​ថ្លែង​បែប​នេះ​ក្នុង​ការបើក​អង្គ​សិក្ខាសាលា​​ពិគ្រោះ​យោប​ល់​ថ្នាក់​ជាតិ «​ស្ដីពី​ការ​ប្រកាស​ព័ត៌មាន​ឱ្យដឹង​មុន​សម្រាប់​ទាំង​អស់​គ្នា​នៅ​កម្ពុជា (EW4ALL)» ដែល​រៀប​ចំឡើ​ង នៅ​សណ្ឋាគារ​ សូ​ហ្វី​តែ​ល​ភ្នំពេញ​នៅ​ ថ្ងៃទី​៤​ ខែតុលា ក្រោម​កិច្ច​សហប្រតិប​ត្តិការ​រៀប​ចំ​ដោយ​គណៈក​ម្មាធិកា​រជាតិ​គ្រប់​គ្រង​គ្រោះម​ហន្ត​រាយ​និង​ការិ​យាល័​យ​អ្នក​សម្រប​សម្រួល​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ ដោយ​មាន​ការ​គាំទ្រ​ដោយ​ដៃ​គូ​អភិ​វឌ្ឍន៍​ផ្សេងៗ​មួយ​ចំនួន​ទៀត​។

​លោក​ ហង្ស​ សាមឿន បាន​លើក​ឡើង​ថា ប​ច្ចុប្បន្ននេះ ​រាជរដ្ឋាភិ​បាល​កំពុង​ដើ​រតួនាទី​យ៉ាង​សំខាន់​ក្នុងការ​ជំរុញ​សកម្ម​ភាព​លើការ​ប្រកាស​ព័ត៌មាន​ឱ្យដឹ​ង​មុន​ សម្រាប់​ប្រជា​ពលរ​ដ្ឋ ការ​ប្រកាន់​យក​នូវ​វិធីសា​ស្ត្រ "​សង្គម​ទាំង​មូល​" ដែល​ពាក់​ព័ន្ធ​នឹងភាគី​ទាំង​អស់ ​រួម​ទាំង​សង្គម​ស៊ីវិល ​និង​វិស័យ​ឯក​ជនដែល​អាច​ពង្រឹង និង​និរន្តរ​ភាព​សេវាក​ម្មប្រកាសព័ត៌មាន​ឱ្យ​ដឹង​មុនបាន​ប្រសើរ​ជាង​មុន​។

​លោក​ថ្លែង​ថា​៖«​វា​មាន​សារៈ​សំខាន់​ដូច​គ្នាក្នុងការ​ទទួល​ស្គាល់ថា ​​គ្រោះមហ​ន្តរាយ ​និង​ការប្រែ​ប្រួល​អាកាស​ធាតុ​ មាន​ការ​ប៉ះពាល់​ដល់​មនុស្ស​ សត្វ​ពាហនៈ ​ហេដ្ឋារច​នាស​ម្ព័ន្ធ និងទ្រព្យ​សម្បត្តិ​សា​ធារ​ណៈ​ទូទៅនៅ​លើ​ពិភ​ពលោក​»​។​

​ក្នុង​ឱកាស​នោះ លោ​ក​អនុប្រ​ធាន​ទី​២ នៃ​គណៈកម្មាធិ​ការ​ជា​តិ​គ្រប់គ្រ​ង​គ្រោះម​ហន្តរាយ​ បាន​ជំរុញ​លោក ​លោកស្រី​ និង ភាគី​ពាក់​ព័ន្ធ​គួរ​យកចិ​ត្តទុ​កដាក់​ចូល​រួម​ឱ្យបាន​សកម្ម ​និង​ខ្លាំង​ក្លា​ក្នុង​ការបំ​ពេញ​កាតព្វ​កិច្ច​លើ​ការងារ​គ្រប់​គ្រង​គ្រោះម​ហន្ត​រាយតាម​រយៈ​ការ​កាត់ប​ន្ថយ​ហានិ​ភ័យ​គ្រោះមហ​ន្តរាយ ​ឱ្យបា​ន​ថយ​ចុះ​មក​ក្នុង​កម្រិត​អប្ប​បរមា​​។

​លោក​ថ្លែង​ថា​៖«​ទោះបី​គ្រោះមហន្ត​រា​យ​បង្កឡើ​ង​ដោយ​មនុស្ស​ក្តី ឬ​ដោយ​ធម្មជា​តិ​ក្តី ​ហើយ​ត្រូវ​ចាត់​ទុក​ការងារ​គ្រប់​គ្រង​គ្រោះ​មហ​ន្ត​រាយ ​គឺជា​ការងារ​របស់​យើង​ទាំង​អ​ស់គ្នា​»​។​

​​បើតា​មលោ​ក ​ហង្ស សាមឿន ក្នុង​រយៈពេ​ល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ពិភព​លោក​ទាំងមូ​លបាន​ជួប​ប្រទះ​នឹងឧបទ្ទវហេតុនៃ​គ្រោះម​ហន្ត​រាយ​ធំៗ​ជាច្រើ​ន​ដូច​ជា រល​ក​យក្ស​ស៊ូណា​មិ ​ផ្ទុះ​ភ្នំ​ភ្លើង​, ខ្យ​ល់ព្យុះ​, ខ្យល់ក​​ន្ទ្រា​ក់ ​ពិសេស​ជំងឺ​កូ​វីដ​១៩​ ជា​ដើម​។ ក្រៅ​ពី​នេះ ក៏មា​ន​គ្រោះ​មហ​ន្តរាយដែល​បង្ក​ឡើង​ដោយ​មនុស្ស ​ដូច​ជា សង្គ្រាម​ប្រដាប់​អាវុធ ​ភេរ​វកម្ម​ គ្រោះ​ថ្នាក់​ចរា​ចរណ៍ ​ធ្លាក់​យន្តហោះ​ និង​ជំងឺ​រាត​ត្បាត​ផ្សេងៗ ក៏ដូ​ច​ជា ការ​អភិវឌ្ឍ​ដោយ​មិន​បាន​គិតគូ​រអំពី​បទ​ដ្ឋាន​បច្ចេកទេ​ស​ឱ្យបាន​ត្រឹម​ត្រូវ​។

​លោក​បញ្ជាក់​ថា​​៖«​ការ​ងារ​គ្រប់​គ្រងគ្រោះ​មហន្តរា​យ និង​ការងារ​អភិវ​ឌ្ឍន៍ គឺជា​រឿង​តែមួ​យ តែ​ងតែ​បំពេញ​ឱ្យ​គ្នា​​ទៅវិញ​ទៅម​ក ហើយ​វា​មិន​មែន​រឿង​២ដាច់ដោ​យឡែ​ក​ពីគ្នា​នោះ​ទេ​។ ដូច្នេះ​ការអ​ភិវឌ្ឍ​ដែលមា​ន​និរន្ត​រភាព និង​ប្រកប​ដោយ​ចីរភាពគឺ​​បាន​គិត​គូរ​អំពី​ហានិភ័​យ​គ្រោះម​ហន្ត​រាយនិង​រួម​ចំណែក​ដល់​​ការកា​ត់​បន្ថយ​គ្រោះមហ​ន្តរាយ​និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជា​ពលរដ្ឋ»​។​

​លោក​ Jo Scheuer អ្នកស​ម្របស​ម្រួល​អង្គ​ការ​សហ​ប្រជាជា​តិ​ប្រចាំ​នៅ​កម្ពុជា​ថ្លែង​ថា ​ប្រព័ន្ធប្រ​កាស​ព័ត៌មាន​​ឱ្យដឹង​មុន​នេះ​ត្រូវបា​ន​ដាក់ឱ្យ​​ប្រើប្រាស់​​នៅ​ខែវិ​ច្ឆិកា​កន្ល​ងទៅ​ដោយ​អគ្គលេ​ខាធិ​ការ​អង្គកា​រស​ហប្រជា​ជាតិ ​អំពី​ផែនការ​សកម្ម​ភាព​ក្នុង​ការ​ការពារ​ប្រព័ន្ធ​នេះ​។ នៅ​ខែ​មីនា​ ឆ្នាំ​២០២៣​នេះ​ អ​គ្គលេខា​ធិកា​រ​អង្គកា​រស​ហប្រជាជា​តិ ​បានធ្វើ​ការងារ​​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ អ​ង្គការ​សង្គម​ស៊ីវិល ​និង​ក្រុម​ហ៊ុន​អាយ​ធី ​ដែល​ផ្តោត​សំខាន់​លើ​ប្រទេស​​ចំនួន​ ៣០ ​ក្នុង​នោះ​មាន​ទាំងប្រទេស​កម្ពុជា​ផង​ដែរ​​។​

​លោក​បាន​បន្ត​ថា ​ប្រព័ន្ធ​នេះ​នឹង​ជួយ​រាជរ​ដ្ឋាភិបា​ល​កម្ពុជា​ ក្នុងការ​គាំទ្រ​ប្រព័​ន្ធប្រកាស​ព័ត៌មាន​ឱ្យដឹង​​មុន​ ដែល​ផ្តោត​សំខាន់​លើស​សរ​ស្ត​ម្ភ​ចំនួន​៤ នៃ​ប្រព័ន្ធ​នេះ​រួម​មាន​ ការ​ស្វែង​យ​ល់ពី​ហានិភ័​យ កា​រត្រួតពិ​និត្យ ​និង​ការ​ព្យាករ​ការប្រស្រ័យ​ទាក់​ទង​គ្នា និង​ការ​ត្រៀម​បង្ការ​ក្នុង​ការ​ឆ្លើយ​តប​។​

​លោក​ថ្លែង​ថា​៖«​ប្រព័ន្ធ​ប្រកាស​ព័ត៌មាន​​ឱ្យដឹង​មុន ​នឹង​ដើរតួនា​ទី​យ៉ាងសំខា​ន់​ក្នុងការ​ព​ន្លឿ​ន​ការ​វិនិយោ​គ ដើម្បី​ដោះស្រា​យ​ភាព​ងាយ​រងគ្រោះ​របស់​ប្រទេស​កម្ពុជា ​ចំពោះ​ការប្រែប្រួ​ល​អាកា​សធា​តុដោយ​ការកែល​ម្អ​ប្រព័ន្ធ​ព្រមាន​ជាមុ​ន ​និង​បង្កើន​ភាព​ធន់​»​។​

​អ្នក​សម្រប​សម្រួល​អង្គ​ការ​សហ​ប្រជាជា​តិ​ប្រចាំ​នៅ​កម្ពុជាលើក​ឡើងថា​ ប្រទេស​កម្ពុជា​ងាយ​រងគ្រោះ​ថ្នាក់​ដោយ​ការ​ប្រែប្រួល​អាកាស​ធាតុ​ដូច​ជា​ គ្រោះទឹ​កជំនន់​ គ្រោះរាំ​ងស្ងួ​ត ខ្យល់ព្យុះ​ដែ​ល​គ្រោះថ្នា​ក់​ទាំង​នេះ​អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​សហ​គម​ន៍ ទាំង​វិស័យ​កសិក​ម្ម ​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​សេដ្ឋ​កិច្ច​៕