ភ្នំពេញៈ​​មន្ត្រី​អាជ្ញាធរ​មីន បា​ន​អះអាងថា​ ក្នុង​រយៈ​ពេល​ ៩​ ខែ ឆ្នាំ​២០២៣​នេះ ​ជនរ​ងគ្រោះ​ដោយ​សារ​យុទ្ធភ​ណ្ឌ​គ្រឿង​ផ្ទុះ​មាន​ជិត ​៣០ ​នាក់ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ ក្នុង​ឆ្នាំ​មុន​មាន​ការ​ថយ​ចុះ​ប្រមាណ​៣៣​ ភាគ​រយ​ ដែលលទ្ធ​ផល​នេះ​កើ​តឡើង​​ពី​ការ​ខិតខំ​​រប​ស់រាជ​រដ្ឋាភិបា​ល និងផ្នែ​កពាក់​ព័ន្ធក្នុ​ងការផ្សព្វ​ផ្សាយពីកិ​ច្ចការ​ទាំងនេះ​។​

​លោក​ឡាង ​កុសល ​មន្ត្រី​អាជ្ញា​ធរ​មីន​បាន​ឱ្យដឹង​នៅ​ថ្ងៃទី​៤ ខែតុលា​ថា គិត​ចាប់ពី​ខែមករា​ រហូត​ដល់ខែ​កញ្ញា ឆ្នាំ​២០២៣​នេះ ​ជន​រង​គ្រោះ​ថ្នាក់​ដោយ​សារ​យុទ្ធ​ភណ្ឌ​គ្រឿង​ផ្ទុះ​មាន​ចំនួន ​២៧ ​នាក់ ​ក្នុង​នោះ​ជនរង​គ្រោះ​ដោយ​សារ​មីន​មាន​ចំនួន​ ១៣​ នាក់ និង​ជន​រង​គ្រោះ​ដោយ​សារ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​មាន​ចំនួន​ ១៤​ នាក់​។

​លោក​បានបន្ត​ថា ​ជនរង​គ្រោះ​ពី​មីន ​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​មាន​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន​ដូច​ជា​ ​ខេត្ត​បន្ទាយ​មាន​ជ័យ ​​​ឧត្តរ​មាន​ជ័យ​​ បាត់​ដំបង​ រតនគិរី​ ព្រះវិហារ​ សៀមរាប​ ត្បូងឃ្មុំ​ ពោ​ធិ៍សាត់​ កំ​ពង់ឆ្នាំង​ ក្រចេះ​ និង​ខេត្ត​តាកែវ​។​

​លោក​ ឡាង ​កុសល ​បាន​បញ្ជាក់​ថា​៖ «​ក្នុង​រ​យៈពេ​ល​៩​ខែ​នេះ ​មាន​ខេត្ត​ចំនួន​៤ ដែល​រងគ្រោះថ្នា​ក់​ដោយ​សា​រ​យុទ្ធ​ភណ្ឌ​គ្រឿង​ផ្ទុះ​ច្រើន​ជាង​គេគឺ​​ខេត្ត​បន្ទាយ​មានជ័​យ ឧ​ត្ត​រ​មានជ័យ ​បាត់​ដំបង និង​ខេត្ត​រតនគិរី​»​។​

​បើតា​ម​លោក ឡា​ង កុ​សល បើ​ប្រៀបធៀ​ប​រ​យៈពេល​ដូចគ្នា​ទៅនឹ​ង​ឆ្នាំ​២០២២ ជន​រងគ្រោះ​ថ្នាក់​ដោយ​សា​រ​យុទ្ធ​ភណ្ឌ​គ្រឿងផ្ទុះ​​មាន​ចំនួន​៤០​នាក់ ​ដូច្នេះ​អាច​វាយត​ម្លៃ​បាន​ថាជ​នរ​ងគ្រោះ​ថ្នាក់​ដោយសា​​រ​យុទ្ធ​ភណ្ឌ​គ្រឿង​ផ្ទុះ​ក្នុង​ឆ្នាំ​២០២៣​នេះ មាន​ការ​ថយ​ចុះ​ចំនួន ​១៣​ នាក់ ឬ​ស្មើ​នឹង​ ៣៣ ​ភាគ​រយ​។​

​លោក​បាន​បន្ត​ថា៖«​សកម្ម​ភាព​គ្រោះ​ថ្នាក់​ផ្សេងៗ​រវាង​ឆ្នាំ​២០២៣និង​ឆ្នាំ​២០២២ គឺ​បង្ហាញ​ថា ​ក្នុង​ឆ្នាំ​២០២២ ការ​លេង​ឬ​ច្នៃ​គ្រាប់​មាន​ជន​រងគ្រោះ​ថ្នាក់​ចំនួន​១៣​នាក់ ​ប៉ុន្តែ​ឆ្នាំ​២០២៣ ​មាន​តែ ១០​ នាក់​។ ចំណែក​ការ​សម្អាត​ដី​សម្រាប់​ធ្វើ​កសិក​ម្ម ក្នុង​ឆ្នាំ​២០២២ ​មាន​ជនរង​គ្រោះ​ថ្នាក់​ចំនួន​ ៩ ​នាក់ ប៉ុន្តែ​ឆ្នាំ​២០២៣ ​មាន​តែម្នាក់​»​។​

​លោក​បន្ថែម​ថា ចំណែក​ការរក​ស្បៀង​អាហា​រ​ដែល​ធ្វើឱ្យ​រងគ្រោះ​ដោយ​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​វិញ​ក្នុង​ឆ្នាំ​២០២២ មាន​ជន​រង​គ្រោះ​ថ្នាក់​ម្នាក់ ​ប៉ុន្តែ​ឆ្នាំ​២០២៣ មាន​ជន​រង​គ្រោះកើ​ន​ដល់​៣​នាក់​។​

​លោក​ទេសរ​ដ្ឋម​ន្ត្រី លី ធុជ អនុ​ប្រធាន​ទី​១នៃ​អាជ្ញា​ធរ​មីន បា​នលើកឡើ​ង​ឱ្យដឹ​ងថា​ ការថយ​ចុះ​ចំនួន​ជនរង​គ្រោះ​ដោយ​សារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នេះ​កើត​ឡើង​ពី​ការ​ខិតខំ​ប្រឹង​ប្រែង​រប​ស់រាជ​រដ្ឋាភិ​បាលដែ​ល​បាន​ផ្សព្វ​ផ្សាយ​ពី​គ្រោះ​ថ្នាក់​នៃ​គ្រាប់មី​ន​នៅតាម​សហគ​មន៍​មូល​ដ្ឋាន​ ដោយ​មាន​អាជ្ញាធរ​មីន ​សហ​ការ​ជា​មួយ​ក្រសួង​អប់រំ​ ព្រម​ទាំង​កង​កម្លាំង​នគរបា​លជា​តិ ហើយ​និង​មាន​អង្គភាព​ស៊ីម៉ាក់​ អង្គ​ភាព​មួក​ខៀវ រួម​ទាំង​អាជ្ញាធ​រ​ផែនដី​​ផង​ដែរ បាន​ចូល​រួម​ផ្សព្វ​ផ្សាយ​ទៅ​លើ​កិច្ច​ការ​ទាំង​នេះ​។

​លោក​បន្ត​ថា ប្រជា​ពល​រដ្ឋ​នៅតា​ម​មូល​ដ្ឋាន ​ពួកគាត់​ក៏បាន​ដឹង និង​មាន​ការ​យល់​កាន់តែច្បា​ស់​ពី​គ្រោះថ្នា​ក់​នៃ​គ្រាប់មី​ន ពិសេ​ស​ជា​រៀងរា​ល់ឆ្នាំ​ នាយ​ករ​ដ្ឋមន្ត្រី​កម្ពុ​ជា តែងតែ​មាន​សារ​ផ្សព្វ​ផ្សាយ​ក្នុងឱកា​ស​ទិវា​យល់​ដឹង​អំពី​សំណល់​ជាតិ​​ផ្ទុះ​ពី​សង្គ្រាម​ជា​ដើម​។​

​លោក​លី ធុជ ​បាន​ថ្លែងថា​​៖«​អ៊ីចឹង​សរុប​សេចក្ដី​មក​ការថយ​ចុះ​នេះមាន​​ទាំង​កិច្ចខិ​តខំ​ប្រឹងប្រែ​ង មាន​មធ្យោ​បាយ​ជា​ថវិកា ​ជា​ធនធា​នម​នុស្សដែ​ល​រាជរ​ដ្ឋា​ភិបាល​បាន​នាំមក​សន្តិភាព ​ហើយនិ​ង​ពុះពារ​ខិតខំ​សង្គ្រោះ​ប្រជាព​លរដ្ឋ និង​​អត្រា​ការស្លា​ប់ ​ដោយសា​រ​បញ្ហា​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​»​។

​ក្រៅពី​នេះ ​សម​ទ្ធិ​ផល​ទាំង​នោះវា​ក៏​កើត​ឡើង​​ពី​អាជ្ញាធរ​មីនដែ​ល​បានរៀបចំ​​កំណត់​តំបន់​ដែល​ជា​គោលដៅ​​គ្រោះថ្នាក់​​​ណាមួ​យ​ដែល​កំពុងមា​ន​វត្ត​មាន​គ្រាប់រំ​សេវគឺ​អាជ្ញាធរ​តែងតែ​ដាក់​ស្លាកស​ញ្ញា​ហាម​ឃាត់​កុំឱ្យ​ប្រជា

ពលរដ្ឋ​ចុះទៅ​ឬក៏​ចូល​ទៅ​តំបន់​ទាំង​នោះ​ផង​ដែរ​។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក​ទេសរ​ដ្ឋមន្ត្រី​លី ធុជ​​ ៕