ភ្នំពេញៈ មនុស្ស​ជាង ​១០០ នាក់​ស្លាប់ និង​ជាង ​២៥០​ នាក់​របួស និង​ខូចខាត​ផ្ទះ​ជាង​ ១​ ម៉ឺន​ខ្នង ក្នុង​រយៈពេល​ ៩ ​ខែ ក្នុង​ឆ្នាំ ២០២៣ ដែល​បណ្ដាលមកពី​ការប្រែប្រួល​អាកាសធាតុ​បង្កឱ្យមាន​ខ្យល់​កន្ត្រាក់ រន្ទះ​បាញ់ និង​គ្រោះ​អគ្គិភ័យ​ដែល​បានកើត​ឡើង​នៅ​ទូទាំងប្រទេស​។ យោងតាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ​(​គ​.​ជ​.​គ​.​ម​.)​។​

​លោក សុទ្ធ គឹម​កុល​មុន្នី អ្នក​នាំពាក្យ គ​.​ជ​.​គ​.​ម បានឱ្យដឹងថា គ្រោះមហន្តរាយ ៩ ​ខែ ឆ្នាំ​ ២០២៣​ នេះ​មានការ​កើនឡើង​បើ​ធៀប​ ៩​ ខែ ឆ្នាំមុន ជាក់ស្តែង​ឆ្នាំមុន គ្រោះមហន្តរាយ​បង្កឡើង​ដោយ​ខ្យល់​កន្ត្រាក់ រន្ទះ​​បាញ់ និង​អគ្គិភ័យ បាន​បណ្តាលឱ្យ​មនុស្ស​ស្លាប់ ៦៨​ នាក់ ប៉ុន្តែ​ឆ្នាំនេះ​មាន​រហូតដល់ ១០៧ ​នាក់ ចំណែក​ការខូចខាត​ផ្ទះ​សំបែង ឆ្នាំមុន​មានតែ ​៤ ៧៨៣ ​ខ្នង ប៉ុន្តែ​ឆ្នាំនេះ​មាន​រហូតដល់ ១៥ ១៥៦ ​ខ្នង រីឯ​គោក្របី​ឆ្នាំមុន​ងាប់​ចំនួន ៨៤​ ក្បាល ប៉ុន្តែ​ឆ្នាំនេះ មាន​រហូតដល់ ៩៣​ ក្បាល​។

​តាម​អ្នកនាំពាក្យ​ដដែល​នេះ​បានឱ្យដឹងថា គ​.​ជ​.​គ​.​ម ការ​​កើនឡើង​នេះ​ដោយសារ​បញ្ហា​បាតុភូតធម្មជាតិ ជាពិសេស​ការប្រែប្រួល​អាកាសធាតុ​ធ្វើឱ្យមាន​គ្រោះមហន្តរាយ​ដោយ​ធម្មជាតិ​កើតឡើង​កាន់តែ​ញឹក​ញាប់ និង​មាន​ទំហំ​កាន់តែខ្លាំង​ជាង​មុន ដែល​រឿងនេះ​ក៏​ជា​រឿង​ពិភពលោក​ទាំងមូល​ដែល​កំពុង​រងគ្រោះ​ផលប៉ះពាល់​ពី​ការប្រែប្រួល​អាកាសធាតុ​។

លោក​បន្តថា ជាមួយគ្នា​នោះ​បរិមាណ​ទឹកភ្លៀង​កាន់តែច្រើន ធ្វើឱ្យមាន​ជំនន់​ទឹកភ្លៀង ពេល​​ខ្លះ​ក្តៅ​ធ្វើឱ្យ​រាំងស្ងួត ហើយ​បច្ចុប្បន្ន​កម្ពុជា​ក៏បាន​ទទួល​បាតុភូត​ផ្សេងៗ ដូចជា​ផ្គរ រន្ទះ ខ្យល់ព្យុះ ខ្យល់​កន្ត្រាក់ កើតឡើង​កាន់តែច្រើន ដែល​ជះ​ឥទ្ធិពល​ធ្វើឱ្យ​គ្រោះមហន្តរាយ​កាន់តែ​ញឹកញាប់ និង​កាន់តែខ្លាំង​ទៅៗ​។​

​លោក សុទ្ធ គឹម​កុល​មុន្នី បញ្ជាក់ថា ស្ថានភាព​គ្រោះ​​មហន្តរាយ​បានកើត​ឡើងកាន់​​តែ​ញឹកញាប់ និង​កាន់តែ​អាក្រក់​ជាង​មុន ហេតុនេះ​ការត្រៀម​បង្ការ ការកាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ គឺជា​រឿង​ចាំ​បាច់​ដែល​ទាំងអស់គ្នា​ត្រូវតែ​គិតគូរ​យកចិត្តទុកដាក់ ព្រោះ​ប្រទេស​កម្ពុជា ក៏​ជា​ប្រទេស​ដែល​រងគ្រោះ​ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ ហេតុ​នេះ​វិធាន​ការសំខាន់ គឺ​ការ​បន្ស៊ាំ​ខ្លួន​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ ជាពិសេស​ការ​ត្រៀម​បង្ការ កាត់បន្ថយ​គ្រោះ​មហន្តរាយ​ដោយ​ធម្មជាតិ​ជា​រឿង​សំខាន់​ដែល​គ្រប់គ្នា​ត្រូវតែ​ប្រកាន់យក​។

​លោក គឹម​កុល​មុន្នី ថ្លែងថា​៖ «​មិន​ថា​ប្រជាជន​ទេ សូម្បី​អ្នកពាក់ព័ន្ធ ស្ថាប័ន​ជំនាញ ទាំង​អស់​គ្នា​ត្រូវ​ចូលរួម ដើម្បី​ទប់ស្កាត់ និង​បង្ការ​គ្រោះមហន្តរាយ ហើយ​ប្រជាពលរដ្ឋ​ក៏ត្រូវ​យក​ចិត្ត​ទុកដាក់​ចូលរួម​តាមដាន ក៏ដូចជា​ត្រៀមលក្ខណៈ ចាប់ពី​បុគ្គល និង​គ្រួសារ សហគមន៍​ឡើងទៅ ដើម្បី​ធ្វើ​ម៉េច​រួមគ្នា​កាត់បន្ថយ​ផលប៉ះពាល់​នៃ​គ្រោះមហន្តរាយ​នេះ​។ យើង​មិនអាច​លុបបំបាត់​វា​បានទេ តែ​យើង​អាច​ត្រៀម​បង្ការ​បាន​»​។

​ដោយឡែក​ចំពោះ​បញ្ហា​ទឹក​ជំនន់​ដែល​បានកើត​ឡើង​នៅ ​៧ ​រាជធានី​-​ខេត្ត រួមមាន​ខេត្ត​ពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្ត​បន្ទាយ​មាន​ជ័យ និង​ខេត្តកណ្តាល​។

​យោងតាម​របាយការណ៍​ចុងក្រោយ​ស្តីពី​សភាពការណ៍​គ្រោះមហន្តរាយ​ទឹកជំនន់ របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បានឱ្យដឹងថា គ្រោះមហន្តរាយ​ទឹក​ជំនន់​បានកើត​ឡើង​នៅ ​៣០ ​ក្រុង​-​ស្រុក ស្មើនឹង ១២៤​ ឃុំ​សង្កាត់ ធ្វើឱ្យប៉ះពាល់​ប្រជាជន ២៨ ៦៨៧​ គ្រួសារ ប៉ះពាល់​ផ្ទះ​ចំនួន​ ១៥ ៣៩៣ ​ខ្នង បំផ្លាញ​ដំណាំ​ស្រូវ ២១ ៨៥០ ​ហិកតា និង​ដំណាំ​រួមផ្សំ​ ៤ ១៧២ ហិកតា​។

​តាម​ហ្វេ​ស​ប៊ុ​ក​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ត​​រាយ​បាន​បង្ហាញថា កម្លាំង​អន្តរាគមន៍​តាម​រាជធានី​ខេត្ត​បាន​ចុះ​អន្តរាគមន៍​យ៉ាងសកម្ម​ក្នុង​ការជួយ​ជម្លៀស​ប្រជា​ពលរដ្ឋ ដែល​រងគ្រោះ​ដោយ​សារ​ទឹកជំនន់​ឱ្យបាន​ទៅកាន់​ទីទួល​មាន​សុវត្ថិភាព ក្នុងនោះ​ក៏មាន​ការជម្លៀស​អ្នកជំងឺ​ចេញពី​មន្ទីរពេទ្យបង្អែក​តាម​ខេត្ត​ដែល​រងគ្រោះ​ដោយសារ​ទឹក​ជំនន់​ផងដែរ​។

​របាយការណ៍​គ្រោះ​មហន្ត​រាយ​ទឹកជំនន់ របស់ គ​.​ជ​.​គ​.​ម បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី ​៣ ខែតុលា​នេះ កម្លាំង​អន្តរាគមន៍​បាន​ជម្លៀស​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​នៅ​ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តកំពង់ធំ និង​ខេត្ត​បន្ទាយ​មានជ័យ​ជិត​ ២ ០០០ ​គ្រួសារ​។

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ថ្នាក់​ដឹក​នាំ កងកម្លាំង​គ្រប់​ប្រភេទ និង​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ បាន​សហការគ្នា​យ៉ាងសកម្ម​ក្នុងការ​អន្តរាគមន៍​ស​ង្គ្រោះ និង​នាំ​ប្រជាពលរដ្ឋ​ទៅកាន់​ទីទួល​សុវត្ថិភាព ព្រមទាំង​បាន​ជួយ​ដោះស្រាយ​ការលំបាក​ចំពោះមុខ​ផ្សេងៗ​ក្នុងស្ថានភាព​គ្រោះ​ធម្មជាតិ​ជំនន់​ទឹកភ្លៀង​នេះ​។

​លោក​បញ្ជាក់​តាមរយៈ​ហ្វេ​ស​​ប៊ុ​កថា​៖ «​សូម​បងប្អូន អ៊ំ​ពូ​មីង លោកយាយ លោកតា មេត្តា​ចូលរួម​សហការ និង​ចាក​ចេញពី​ទីកន្លែង​ជន់​លិចទៅ​កាន់​ទីទួល​សុវត្ថិភាព ហើយក៏​សូម​មើលថែទាំ​សមាជិកគ្រួសារ ជា​​ពិសេស​កូនចៅ​តូចៗ​ឱ្យនៅ​ឆ្ងាយ​ពី​ទឹក ឬ​ទីកន្លែង​ហា​និ​ភ័យ​នានា​»៕