ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ជំហរ​ជាថ្មី​ថា ទោះបី​កម្ពុ​ជាមាន​រាជ​រដ្ឋាភិបាល​ថ្មី ប៉ុន្តែ​គោ​លន​យោ​បាយ​ការបរទេស ជាពិសេស ក្នុង​ទំនាក់ទំនង​រវាង​កម្ពុ​ជា​-​អង់គ្លេស គឺ​មិន​ប្រែប្រួល​ឡើយ ហើយ​លោក​សង្ឃឹមថា ផ​លិ​​ត​ផល​កម្ពុជា​នឹង​អាច​ពង្រីក​ទីផ្សារ​នាំចេញ​ទៅកាន់​ចក្រ​​ភព​អង់គ្លេស​បន្ថែមទៀត​។​

​ការបញ្ជាក់​ជំហរ​បែបនេះ​របស់លោក​ ហ៊ុន ម៉ា​ណែ​ត ធ្វើឡើង​នៅក្នុង​ជំនួប​ជាមួយ​ឯកអគ្គរាជទូត​នៃ​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា​លោក​ ដូ​មី​និ​ច វីល្លៀម កាលពី​ថ្ងៃទី​ ៤ ខែតុលា ឆ្នាំ ​២០២៣ នៅឯ​វិមាន​សន្តិភាព​។

​នៅ​ថ្ងៃ​ដដែល​នោះដែរ លោក ហ៊ុន ម៉ា​ណែ​ត ក៏មាន​ជំនួប​ដាច់​ដោយឡែក​ផ្សេងៗ​គ្នា​ទៀត ជាមួយនឹង​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អ៊ិ​ស្លាម​ប៉ា​គី​ស្ថាន​ប្រចាំ​កម្ពុជា​លោក​ ហ្សា​ហៀ​រូ​ឌី​ន បា​បា ថា​ហ៊ីម​,​ ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​លោកស្រី ដេ​វី​យ៉ា​នី អ៊ុ​តាំ ខូ​ប្រា​ហ្គេ​ត និង​ឯកអគ្គរដ្ឋទូត​គុយបា ប្រចាំ​កម្ពុជា​លោកស្រី លី​យូ​កា រ្រូ​ឌី​ហ្គេ​ស បារី​យ៉ូ​ស ដើម្បី​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ក៏ដូចជា​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​ឱ្យ​កាន់តែ​ប្រសើរ​ថែមទៀត​។

​យោងតាម​ខ្លឹមសារ​នៃ​ជំនួប​ដែល​ត្រូវបាន​ចែកចាយ​តាម​តេ​ឡេ​ក្រាម​របស់លោក ហ៊ុន​ ម៉ា​ណែ​ត បានឱ្យដឹងថា លោក ដូ​មី​និ​ច វីល្លៀម បាន​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ​ខួប​លើក​ទី​៧០ ​នៃ​ចំណង​ការទូត​កម្ពុជា​-​អង់គ្លេ​ស ស្រប​ពេលដែល​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង ​២ កំពុងមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ​។​

​លោក​ ហ៊ុន ម៉ា​ណែ​ត ក៏បាន​ស្នើឱ្យ​មានការ​ពិនិត្យ​លទ្ធភាព នៃ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ចំនួន ២ នៅក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ ពោលគឺ វិស័យសេដ្ឋកិច្ច​បៃតង និង​វិស័យ​ថា​ម​ពល​កកើត​ទ្បើង​វិញ ហើយ​លោក​ក៏បាន​បង្ហាញ​នូវ​ក្តី​សង្ឃឹមថា កិច្ច​សហប្រតិបត្តិការ​កម្ពុ​ជា​-​អង់គ្លេស នឹង​កាន់តែ​រីកចម្រើន​ទ្បើង​ថែម​​ទៀត នៅ​គ្រប់ផ្នែក និង​គ្រប់​វិស័យ រួមទាំង​ផ្នែក​នយោបាយ​ផងដែរ​។

​លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​រាជ​រដ្ឋា​ភិ​បាល និង​ប្រជាជន​អង់គ្លេស ចំពោះ​ការរីកចម្រើន​នៃ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រ​ទស​ទាំង ​២ ជាអាទិ៏ការឧបត្ថម្ភ​គាំទ្រ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​ ១៩ ​ការគាំទ្រ​ដល់​កិច្ចដំណើរការ​កាត់​ក្តី​អតីត​មេដឹកនាំ​ខ្មែរក្រហម រហូតដល់​ទីបញ្ចប់ ការប្តេជ្ញា​បន្ត​គាំទ្រ​ដំណើរការ​បោសសម្អាត​មីន​នៅ​កម្ពុជា ដើម្បី​រួមចំណែក​សម្រេចបាន​នូវ​ចក្ខុវិស័យ​កម្ពុជា​អស់​មីន​ឆ្នាំ​ ២០២៥ ជាដើម​។

​លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​បញ្ជា​ក់នូវ​ជំហរ​គាំទ្រ​របស់​កម្ពុជា​លើ​វិស័យសេដ្ឋកិច្ច​បៃតង និង​ថាមពល​កកើត​ទ្បើង​វិញ ព្រមទាំង​បាន​សម្តែង​នូវ​ក្តី​រីករាយ​ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រ​ទស​ទាំង​ ២ លើ​វិស័យ​ទាំងនេះ​នាពេលខាងមុខ​។

​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​​កម្ពុជា លោក គិ​ន ភា បាន​ថ្លែងថា​ក្នុង​ក្របខ័ណ្ឌ​គោលនយោបាយ​ការបរទេស​កម្ពុជា ជារួម​គឺ​មិន​មានការ​ផ្លាស់ប្តូរ​ទេ ទាំង​ក្នុង​ក្រប​ខ័​ណ្ឌ​ទំនាក់ទំនង​ទ្វេភាគី​ក៏ដូចជា​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា​ក្នុង​យន្តការ​ពហុភាគី​។

​លោក​ថ្លែងថា​៖ «​កម្ពុជា​នៅតែ​ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ​ការបរទេស​ឯករាជ្យ ដែល​ពឹង​ផ្អែកលើ​ច្បាប់​អព្យាក្រឹត មិន​ចូលបក្ស​សម្ព័ន្ធ​។ មួយវិញទៀត ការ​ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ​ពហុភាគី​និយម ជា​ចំណុច​ស្នូល​ហើយ​ជា​យុទ្ធសាស្ត្រ​នៃ​គោល​​នយោបាយ​ការបរទេស​យើង គឺ​ដើម្បី​ធានា​នូវ​ផលប្រយោជន៍​ស្នូល​របស់​កម្ពុជា​ដែលមាន​សន្តិ​ភាព ស្ថិរភាព​នយោបាយ​ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី និង​ការអភិវឌ្ឍ​»​។

​លោក គិ​ន ភា បន្តថា សម្រាប់​អាណត្តិ​នេះ រាជរដ្ឋាភិបាល​កម្ពុជា នឹងមាន​វិធី​សាស្ត្រ​ការទូត​ដែលមាន​លក្ខណៈ​វៃឆ្លាត មាន​ភាពបត់បែន និង​មាន​លក្ខណៈ​ជាក់ស្តែង​និយម ហើយ​គឺជា​ការទូត​ដែល​ផ្តោតទៅលើ​សេដ្ឋកិច្ច​។ លោក​ថា​៖«​ដូច្នេះហើយ​រាល់ពេល​មាន​ជំនួប​តែង​និយាយ​លើ​ទិដ្ឋភាព​នយោបាយ​ខ្លះ​ប៉ុន្តែ​ផ្តោត​ខ្លាំង​ទៅ​បញ្ហា​សេដ្ឋ​កិច្ច ការវិនិយោគ ការផ្លាស់ប្តូ​រពា​ណិ​ជ្ជ​កម្ម ការជំរុញ​លំហូរ​ភ្ញៀវ​ទេសចរ និង​ការ​ផ្តល់ជំនួយ​»​។​

​ដោយឡែក​ក្នុងជំនួប​ជាមួយ​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អ៊ិ​ស្លាម​ប៉ា​គី​ស្ថាន​វិញ លោក ហ៊ុន​ ​ម៉ា​ណែ​ត ក៏បាន​លើកឡើង​ពី​ជំហរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​ ៧ ក្នុង​ការបន្ត​អនុវត្ត​នូវ​គោលនយោបាយ​នៃ​ការរក្សា​ទំនាក់ទំនង និង​កិច្ច​សហ​ប្រតិ​​ប​ត្តិ​ការល្អ​ជាមួយ​សាធារណរដ្ឋ​អ៊ិ​ស្លាម​ប៉ា​គី​ស្ថាន​ព្រមទាំង​សង្ឃឹមថា ប្រទេស​ទាំង​ ២ ​នឹង​អាច​ពង្រឹង និង​ពង្រីក​កាន់តែ​ប្រសើរឡើង​ថែមទៀត​។

បើតាម​បណ្តាញ​តេ​ឡេ​ក្រាម​លោក​ហ៊ុន ម៉ា​ណែ​ត ឯកអគ្គរដ្ឋទូត​លោក ហ្សា​ហៀ​រូ​ឌី​ន បា​បា ថា​ហ៊ីម ក៏បាន​បង្ហាញ​នូវ​ក្តីសង្ឃឹម​ដែរ​ថា កិច្ច​សហ​ប្រតិបត្តិការ​កម្ពុជា​-​ប៉ា​គី​ស្ថាន​នឹង​កាន់តែ​ត្រូវបាន​លើកកម្ពស់​ប្រសើរឡើង​បន្ថែមទៀត ជាពិសេស​ស្រប​ពេលដែល​កន្លងមក ប្រទេស​ទាំង​ ២​ មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយគ្នា​នៅក្នុង​វិស័យ​ជា​ច្រើន​។

​ឆ្លៀតឱកាស​នោះដែរ ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អ៊ិ​ស្លាម​ប៉ា​គី​ស្ថាន ប្រចាំ​កម្ពុជា​លោក ហ្សា​ហៀ​រូ​ឌី​ន បា​បា ថា​​ហ៊ីម ក៏បាន​ស្នើ​ដល់​លោក ហ៊ុន​ ម៉ា​ណែ​ត ឱ្យ​បង្កើត​ស្ថាន​ឯកអគ្គ​​រាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​អ៊ិ​ស្លាម​ប៉ា​គី​ស្ថាន ដើម្បី​ជួយ​សម្រួល​ដល់​យន្តការ​ផ្សេងៗ ជាពិសេស​ដើម្បី​បម្រើឱ្យ​វិស័យ​ពាណិជ្ជកម្ម និង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​។​

​ជាការ​ឆ្លើយតប​លោក ហ៊ុន​ ម៉ា​ណែ​ត បាន​ឯកភាព​ចំពោះ​ការស្នើ​នៃ​ការបង្កើត​ស្ថាន​ឯក​​អគ្គរាជទូត​កម្ពុជា​ប្រចាំ​សា​ធារ​ណ​រដ្ឋ​អ៊ិ​ស្លាម​ប៉ា​គី​ស្ថាន​៕