ភ្នំពេញៈ រដ្ឋមន្ត្រី​កសិកម្ម និង​ព្រៃឈើ​នៃ​បណ្ដា​ប្រទេស​អាស៊ាន​ប្តេជ្ញាចិត្ត​រួមគ្នា​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ស្បៀង កសិកម្ម និង​ព្រៃឈើ ហើយ​រដ្ឋ​មន្ត្រី​ទាំងអស់​ក៏បាន​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​កិច្ចសហការ​ជិតស្និទ្ធ​ក្នុង​តំបន់ ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម និង​ចាប់យក​ឱកាស​លើ​គោលដៅ​និរន្តរភាព​សន្តិសុខ​ស្បៀង ការគ្រប់គ្រង​ព្រៃឈើ​ប្រកបដោយ​ចីរភាព​។​

​ការបង្ហាញ​ការប្តេជ្ញាចិត្ត​នេះ ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​កសិកម្ម និង​ព្រៃឈើ​អាស៊ាន​លើក​ទី៤៥ ដែល​រៀបចំ​ធ្វើឡើង​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃទី​ ៤ ខែតុលា ឆ្នាំ​ ២០២៣​។ លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក៏បាន​ដឹកនាំ​ប្រតិភូ​កម្ពុជា​ទៅ​ចូលរួម​ដែរ​។ នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងកសិកម្ម​។​

​ហ្វេ​ស​ប៊ុ​ក​ដដែល​នេះ​បាន​បន្តថា នៅក្នុង​កិច្ចប្រជុំ សម​ភាគី​អាស៊ាន​បាន​ពិនិត្យ និង​ឯកភាព​លើ​របាយការណ៍​ស្តីពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​ក្របខ័ណ្ឌ​គោលនយោបាយ ទាក់ទង​លើ​កិច្ច​សហប្រតិបត្តិការ​ចំពោះ​វិស័យ​ស្បៀង កសិកម្ម និង​ព្រៃឈើ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​តាមរយៈ​ក្រុមការងារ​បច្ចេក​ទេស​តាម​វិស័យ និង​អនុវិស័យ ក៏​ដូច​ជា​ត្រួតពិនិត្យ​លើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​សន្ទនា អង្គការ​អន្តរជាតិ និង​ស្ថាប័ន​ពាក់ព័ន្ធ​។​

​រដ្ឋមន្ត្រី​កសិកម្ម​អាស៊ាន បានអនុម័ត​លើ​ឯកសារ​យុទ្ធសាស្ត្រ គោលការណ៍​ណែនាំ និង​ឯកសារ​បច្ចេកទេស​នានា ជាពិសេស​សេចក្តីថ្លែងការណ៍​រួម​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​កសិកម្ម និង​ព្រៃឈើ​អាស៊ាន​លើក​ទី​៤៥ ដែល​ទទួលស្គាល់​ពីសា​រៈ​សំខាន់​នៃ​តម្រូវការ​កិច្ច​សហប្រតិបត្តិ​ការ​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម និង​ការ​ក្តោប​ឱកាស​នៅក្នុង​តំបន់​។​

​រដ្ឋមន្ត្រី​កសិកម្ម​អាស៊ាន បានអនុម័ត​លើ​ឯកសារ​យុទ្ធសាស្ត្រ គោលការណ៍​ណែនាំ និង​ឯកសារ​បច្ចេកទេស​នានា ជាពិសេស​សេចក្តីថ្លែងការណ៍​រួម​នៃ​កិច្ច​​ប្រជុំ​រដ្ឋមន្ត្រី​កសិកម្ម និង​ព្រៃឈើ​អាស៊ាន​លើក​ទី​៤៥ ដែល​ទទួលស្គាល់​ពីសា​រៈ​​សំខាន់​នៃ​តម្រូវការ​កិច្ចសហប្រតិបត្តិការ​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម និង​ការ​ក្តោប​ឱកាស​នៅក្នុង​តំបន់​។​

សេចក្តីថ្លែងការណ៍​រួម​ពី​ទីក្រុង​គូ​ឡា​ឡាំ​ពួ​នេះ បាន​ផ្តោត​សំខាន់​លើ​បញ្ហា​ជាច្រើន​ដូចជា ក្របខ័ណ្ឌ​គោ​លន​យោ​បាយ​ទាក់ទង​នឹង​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​លើ​វិស័យ​ស្បៀង កសិកម្ម និង​ព្រៃឈើ ឆ្នាំ​ ២០២២-២០២៣, ការ​អភិ​វ​ឌ្ឍ​ប្រកបដោយ​ចីរភាព​នៃ​វិស័យ​ស្បៀង កសិកម្ម និង​ព្រៃឈើ​, សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ សុវត្ថិភាព​ចំណី​អាហារ ការគ្រប់គ្រង និង​គុណភាព​ផលិតផល​,​ការរៀបចំ​សម្រាប់​ចក្ខុ​វិស័យ​ក្រោយ​ឆ្នាំ​ ២០២៥ និង​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ស្បៀង កសិកម្ម និង​ព្រៃឈើ និង​ការ​រួមគ្នា​ឆ្ពោះទៅ​មុខជា​មួយ​ដៃគូ​សន្ទនា និង​អង្គការ​អន្តរជាតិ​នានា​។​

​លោក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​​សភា​កម្ពុជា ថ្លែង​ដោយបាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​កសិកម្ម​អាស៊ាន​នេះ ព្រោះ​វា​ជា​ទម្រង់​ពហុភាគី​ដែល​ប្រទេស​ពាក់ព័ន្ធ​ទាំងអស់​រួមគ្នា​ដោះស្រាយ​កង្វល់​រួម​នៅក្នុង​តំបន់ និង​ពិភពលោក ជុំវិញ​បញ្ហា​សន្តិសុខ​ស្បៀង បញ្ហា​កសិកម្ម និង​ព្រៃឈើ​នេះ​។ ខណៈ​តំបន់​អាស៊ាន​សម្បូរ​ទៅដោយ​ប្រទេស​ដែលមាន​សក្តានុពល​កសិក​ម្ម តួយ៉ាង​ប្រទេស​អាស៊ីអាគ្នេយ៍​ដីគោក​ដែល​​រួមមាន​កម្ពុជា​ជាដើម​។​

​លោក​ថ្លែង​ដោយ​មានជំនឿថា អាស៊ាន​អាចរួមចំណែក​ក្នុង​ច្រក​សន្តិ​សុខ​ស្បៀង​សកលលោក ខណៈ​កម្ពុជា វៀតណាម ថៃ មី​យ៉ាន់​ម៉ា​ជាដើម សុទ្ធ​សឹងតែ​ជា​ប្រទេស​នាំចេញ​អង្ករ​ធំ​លំដាប់​អន្តរជាតិ​។ ចំណែក​បញ្ហា​ព្រៃឈើ​ជា​រឿង​សំខាន់​ដើម្បី​តុល្យភាព​បរិស្ថាន ដែល​ទាមទារ​ការខិតខំ​រួមគ្នា​ពី​ដៃគូ​ពាក់ព័ន្ធ​ផងដែរ​។​

​លោក គិ​ន ភា ថ្លែងថា​៖ «​ទោះជា​យ៉ាងណា អាស៊ាន​ត្រូវអនុវត្ត​ប្រកប​ដោយ​លទ្ធផល​ជាក់ស្តែង​ទៅលើ​អ្វី​ដែលជា​សេចក្តីសម្រេច​របស់ខ្លួន ជា​ជាង​គ្រាន់តែ​ធ្វើ​សេចក្តីថ្លែងការណ៍​ក្នុងន័យ​បង្ហាញ​ឆន្ទៈ​នយោបាយ ប៉ុន្តែ​មិនមាន​ការអនុវត្ត​ជាក់ស្តែង​»​។​

​លោក គិ​ន ភា បាន​ថ្លែង​ដោយ​យល់ឃើញថា អាស៊ាន​ត្រូវ​ធ្វើការ​រួមគ្នា​ដើម្បី​ចូលរួមចំណែក​ដោះស្រាយ ខណៈ​សមាជិក​អាស៊ាន​ភាគច្រើន​ជា​ប្រទេស​នាំចេញ​ស្បៀង​ទៅកាន់​ទីផ្សារ​ពិភព​លោក ខណៈ​ប្រទេស​អាស៊ីអាគ្នេយ៍​ដី​កោះ​ក៏បាន​នាំចេញ​ផលិតផល​ក​សិ​​កម្ម​ច្រើន​ដែរ​។ អាស៊ាន​គួរ​ជជែក​គ្នា ផ្លាស់ប្តូរ​បទពិសោធន៍ ធនធាន​បច្ចេក​ទេស ធ្វើយ៉ាងណា​ធានា​កសិកម្ម​ដែល​ធន់​នឹង​ការផ្លាស់ប្តូរ​អាកាសធាតុ ដែល​ការដោះស្រាយ​បញ្ហា​កសិកម្ម​ស្មើនឹង​ដោះស្រាយ​បញ្ហា​សន្តិសុខ​ស្បៀង និង​បរិស្ថាន​។​

​លោក ហេង គឹមហុង ប្រធាន​កម្មវិធី​ផ្នែក​ស្រាវជ្រាវ និង​តស៊ូ​មតិ នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា ​(CYN)​ បាន​ថ្លែង​ដោយ​សង្កេតឃើញថា បញ្ហា​ព្រៃឈើ​ជា​បញ្ហាសំខាន់​ដែល​អាស៊ាន​ត្រូវ​គិតគូរ ខណៈ​ស្ថានភាព​ព្រៃឈើ​នៅ​កម្ពុជា និង​ប្រទេស​ឡាវ​កំពុង​រង​ការគំរាមកំហែង​។​

​លោក​ថ្លែង​ដោយ​ចង់ឱ្យ​អាស៊ាន​ជំរុញឱ្យមាន​ការអនុវត្ត​បែបបទ​បរិស្ថាន​អាស៊ាន ការអនុវត្ត​គោលនយោបាយ​អព្យាក្រឹត​កាបូន ជាពិសេស​ធ្វើ​យ៉ាង​ណា​ជជែក​គ្នា​រក​យន្តការ​ទប់ស្កាត់​ការ​​កាប់បំផ្លាញ​ព្រៃឈើ​នៅក្នុង​បណ្តា​ប្រទេស​រង​ការបំផ្លាញ និង​ប្រទេស​នាំ​ចេញ​ឈើ​ជាដើម និង​ចង់ឱ្យ​អាស៊ាន​ជំរុញ​ដល់​ការអនុវត្ត​កសិកម្ម​ក្សេត្រ​សាស្ត្រ​ដើម្បី​ប្រយោជន៍​និរន្តរភាព​កសិកម្ម និង​បរិស្ថាន​។​

​យោងតាម​សេចក្តីប្រកាស​របស់​អាស៊ាន ក្នុង​កិច្ចប្រជុំ​នេះ​មាន​ការចូល​​រួម​ពី​លោក កៅ គឹមហួន អគ្គលេខា​ធិ​ការ​អាស៊ាន​ផងដែរ​។ កិច្ចប្រជុំ​នេះ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ ដើម្បី​ពិភាក្សា​លើ​វ​ឌ្ឍ​ភាព​នៃ​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​ស្បៀង កសិកម្ម និង​ព្រៃឈើ​ក្របខ័ណ្ឌ​អាស៊ាន ក្នុង​គោលដៅ​ឆ្ពោះទៅរក​ការ​សម្រេចបាន​នូវ​សន្តិសុខ​ស្បៀង ការធ្វើឱ្យ​ប្រសើរឡើង​នូវ​លទ្ធភាព​ទទួលបាន​ទីផ្សារ និង​ផលិតភាព​កសិកម្ម និង​ភាព​ធន់​កសិកម្ម តាមរយៈ​កិច្ចសហការ​ក្នុង​តំបន់​ប្រកបដោយ​និរន្តរភាព ទាំង​ផ្នែក​សាធារណៈ និង​ឯកជន​៕